ភ្នំពេញ —សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​សុក្រ​នេះ​បាន​សម្រេច​លើក​ពេល​កាត់ទោស​លោក James Ricketson​ ផលិតករ​ភាពយន្ត​ឯកសារ​សញ្ជាតិ​អូស្ត្រាលី​ដែល​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​«ចារកម្ម»។



អ្នកផ​លិតភាពយន្ត​ឯកសារ​រូប​នេះ​ជា​រឿយៗ​ បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ​ ហើយ​ពេល​ខ្លះ​លោក​ថា ការ​យក​ព័ត៌មាន​មិនមែន​ជា​សកម្មភាព​ចារកម្មទេ។

លោក​ Ricketson​ ត្រូវ​បាន​ចាប់​ឃុំខ្លួន​ កាល​ពី​ថ្ងៃ​ទី២ មិថុនា​ ឆ្នាំ​២០១៧ ខណៈ​អ្នក​ផលិត​កុន​ឯកសារ​ជនជាតិ​អូស្ត្រាលី​រូប​នេះ​បាន​ប្រើ​ម៉ាស៊ីនដ្រូន​ (drone)​ ថត​យក​រូបភាព​ការ​ប្រមូល​ផ្តុំ​របស់​ក្រុម​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​ហែរ​ពី​វត្ត​ចាស់​កាត់​តាម​ស្ពាន​មិត្តភាព​កម្ពុជា​ចិន​មក​ចំ​កណ្តាល​ទីក្រុង​ភ្នំពេញ។

​លោក​ សេង លាង​ ចៅក្រម​ជំនុំ​ជម្រះ​នៅព្រឹកថ្ងៃ​សុក្រ​នេះ​ បាន​សម្រេច​ពន្យារ​ពេល​ការ​កាត់​ទោស​នេះ​ទៅ​តាម​សំណូមពរ​របស់លោកJames Ricketson។​ ការ​ពន្យារ​ពេល​នេះ​ត្រូវបាន​ផ្តល់​ជូន​តាម​ការ​ស្នើ​សុំ​របស់​លោក​ Ricketson ដែល​បាន​និយាយ​ថា​ ជាង​មួយ​ឆ្នាំមក​ហើយ​ គាត់​ត្រូវ​បាន​ចាប់​ខ្លួន​ ហើយ​ក្រុម​ការពារ​ក្តី​លោក​មិន​ដែល​ត្រូវ​បាន​ផ្តល់​ឱកាស​ឲ្យ​ពិនិត្យ​ឯកសារ​ក្តី​ នៃ​ភស្តុតាង​ប្រឆាំង​នឹង​លោក​ទេ។

លោក​ សេង លាង​ បាន​ទទួល​ស្គាល់​សិទ្ធិ​ផ្លូវ​ច្បាប់​របស់​លោក​ Ricketson​ ដើម្បី​ពិនិត្យ​ឯកសារ​ក្តី​ ហើយ​ថា​កាល​បរិច្ឆេទ​នៃ​ការ​កាត់ក្តី​ថ្មី​នឹង​ត្រូវ​ធ្វើឡើង​មិន​លើស​ពី​មួយ​ខែ​ទៀត​នោះ​ទេ។

ក្នុង​សាល​សវនាការ​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​លោក​ Ricketson​ បាន​ប្រាប់​តុលាការ​ ជា​ភាសា​អង់គ្លេស​ និង​ត្រូវ​បាន​ប្រែសម្រួល​តាម​ន័យ​ដើម​ថា៖

«វាជា​សិទ្ធិ​ផ្លូវច្បាប់​របស់​ខ្ញុំ​ដែល​ស្របតាម​ច្បាប់​កម្ពុជា​ដែល​ត្រូវផ្តល់​ភស្តុតាង​នៃកំហុស​របស់​ខ្ញុំ​ ទើប​ខ្ញុំ​អាច​ការពារ​ខ្លួន​បាន។ នៅ​ក្នុង​រយៈពេល​មួយ​ឆ្នាំ​នេះ​ ខ្ញុំ​មិន​ត្រូវ​បាន​ផ្តល់​ឲ្យ​នូវ​ភស្តុតាង​អ្វី​ទាំង​អស់»។

លោក​ James​ Ricketson​ ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំ​ខ្លួន​ក្រោម​បទ​ចោទ​ថា បាន​ប្រព្រឹត្ត​អំពើ​«ចារកម្ម»​ បន្ទាប់​ពី​លោក​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​តាម​មាត់​ទន្លេ​នៃ​ទីក្រុង​ភ្នំពេញ​ មួយ​ថ្ងៃ​មុន​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ដែល​ត្រូវ​បាន​រៀប​ចំ​ឡើង​នៅ​ ថ្ងៃ​ទី​៤​ ខែ​មិថុនា​ ឆ្នាំ​ ២០១៧។

លោក ពេជ្រ វិជ្ជាធរ​ ចៅក្រម​ស៊ើបសួរនៃ​សាលាដំបូង​រាជធានីភ្នំពេញ​ ដែល​បាន​អង្កេត​លើ​រឿង​ក្តី​លោក​ Ricketson​ និង​បាន​បញ្ចប់​កិច្ច​ស៊ើប​អង្កេត​កាល​ពី​ខែ​មុន​ បដិសេធ​មិន​ផ្តល់​ការ​អធិប្បាយ​ទៅ​លើ​សំណួរ​ទាក់​ទិន​ភស្តុតាង​ដើម្បី​ដាក់​បន្ទុក​លើ​លោក​ Ricketson​ ដោយ​បាន​បង្វែរ​សំណួរ​ទៅ​មន្ត្រី​នាំ​ពាក្យ​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ។

«ចៅក្រម​គាត់​បកស្រាយ​តាម​រយៈ​សាលក្រម​ មែន​បកស្រាយ​តាម​រយៈ​ទូរស័ព្ទ​ទេ​ណ៎ា។ បើ​លោក​ចង់​សួរ​ព័ត៌មាន​អី​ សួរ​ទៅ​អ្នក​នាំ​ពាក្យ​ទៅ។ ខ្ញុំ​ជូន​ព័ត៌មាន​បាន​តែ​ប៉ុណ្ណឹង»។

លោក លី សុផាណា​ អ្នកនាំពាក្យ​របស់​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ បដិសេធ​មិន​ផ្តល់​ការ​អធិប្បាយ ដោយ​លោក​ជាប់​រវល់​ក្នុង​កិច្ចប្រជុំ។

លោក​ Ricketson​ វ័យ​ ៦៩ឆ្នាំ​ បាន​រស់នៅក្នុង​បន្ទប់​ឃុំឃាំង​ ដែលមាន​ការ​ចែក​រំលែក​គ្នា​ជា​មួយ​អ្នក​ជាប់​ក្នុង​ពន្ធនាគារចំនួន​ជាង​១២០​នាក់​ផ្សេង​ទៀត ទម្រាំ​លោក​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កន្លែង​សម្រាក​ព្យាបាល​ជំងឺ។

លោក​ Ricketson​ ត្រូវ​បាន​ចោទប្រកាន់​តាម​ ខ​ ដែល​មាន​ចែង​ក្នុង​ក្រមព្រហ្មទណ្ឌ​កម្ពុជា​ ដែល​ហាម​ឃាត់​ការ​ប្រមូល​យក​ព័ត៌មាន​ទៅ​ឲ្យ​រដ្ឋ​បរទេស ដែល​មាន​សក្ដានុពល​ធ្វើ​ឲ្យ​ខូច​ប្រយោជន៍​ប្រទេស​ [កម្ពុជា] ហើយ​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​៥ ទៅ​ ១០​ឆ្នាំ។

មិន​ទាន់​មាន​ភស្តុតាង​ជា​ដុំ​កំភួន​សម្រាប់​ការ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​លោក​ Ricketson ​ដែល​មិន​ត្រឹម​តែ​ជា​បុគ្គល​មួយ​រូប​ត្រូវ​បាន​គេ​កោត​សរសើរ​ចំពោះ​ការ​គាំទ្រ​របស់​លោក​ខាង​មនុស្ស​ធម៌​ទៅ​លើ​គ្រួសារ​ក្រីក្រ​នោះ​ទេ​ តែ​លោក​ថែម​ទាំង​បាន​ប្រមូល​ផ្តុំ​សត្រូវ​ជាច្រើន​ តាម​ការណ៍​ដែល​លោក​បាន​ធ្វើ​យុទ្ធនាការ​ប្រឆាំង​ក្រុម​អង្គការ​សង្គមស៊ីវិល​ ដែល​លោក​ចោទ​ថា​ បាន​ធ្វើ​ការ​កេង​ប្រវ័ញ្ច​លើ​ជន​ក្រ​ខ្សត់។

​នៅ​មុន​ការ​បោះឆ្នោត​ជាតិ ​ខែ​កក្កដា​ ឆ្នាំ​ ២០១៨​ រដ្ឋាភិបាល​កម្ពុជា​ត្រូវ​គេ​សង្កេត​ឃើញ​ថា​ បាន​បើក​ការ​បង្រ្កាប​មិន​រួញរា​ដៃ​ទៅ​លើ​អង្គការ​សង្គមស៊ីវិល​ ក្រុម​អ្នក​នយោបាយ​គណបក្ស​ប្រឆាំង​ និង​សារ​ព័ត៌មាន​ឯករាជ្យ​ ក៏​ដូច​ជា​អង្គភាព​ព័ត៌មាន​ដែល​ទទួល​បាន​ការ​ឧបត្ថម្ភ​ថវិកា​ពី​រដ្ឋាភិ​បាល​សហរដ្ឋ​អាមេរិក៕ ប្រភព៖ VOA