ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​កម្ពុជា​ឲ្យ​គោរព​និង​ធានា​សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញមតិ ដោយ​សម្តែង​កង្វល់​អំពី​ការបង្ក្រាប​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅមុន​ការបោះឆ្នោតជាតិ​នៅ​ថ្ងៃទី២៩ ខែកក្កដា។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​មួយ​នៅ​ថ្ងៃទី១៤ មិថុនា​ម្សិលមិញ​នេះ។ ការបង្ហាញ​ពី​ក្តីកង្វល់​របស់​ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​នាពេលនេះ ធ្វើឡើង​ក្រោយពី​អង្គការ​ការពារ​អ្នកកាសែត​មួយ​នៅ​ហុងកុង​ក៏បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ខ្មែរ​បើកទូលាយ​នូវ​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា នៅមុន​ការបោះឆ្នោត​ផងដែរ។



ពី​ទីក្រុង​ហ្សឺ​ណែវ​ប្រទេស​ស្វី​ស ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​បាន​កត់សម្គាល់ថា កាលពី​ខែ​មុន គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត(គ.ជ.ប)បានចេញ​ក្រមសីលធម៌​ប្រព័ន្ធ​ផ្សព្វផ្សាយ​សម្រាប់​ការបោះឆ្នោត​ដោយ​ហាមប្រាម​មិន​ឲ្យ​ចុះផ្សាយ​ព័ត៌មាន​ដែល​អាច​នាំ​ឲ្យ​មានការ​ភាន់ច្រឡំ ឬ​បាត់បង់​ទំនុកចិត្ត​ក្នុងការ​បោះឆ្នោត​ដោយ​ធ្វើ​ការផ្សាយ​ព័ត៌មាន​ដែល​រារាំង​ប្រជាពលរដ្ឋ​មិន​ឲ្យ​បោះឆ្នោត និង​បញ្ចេញមតិ​ផ្ទាល់ខ្លួន​ឬ​បុរេវិនិច្ឆ័យ។

សម្រាប់​ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស ការហាម​ប្រាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ក្រមសីលធម៌​នេះ បាន​នាំ​ឲ្យ​មាន​កង្វល់​ជាខ្លាំង​អំពី​សេរីភាព​សារព័ត៌មាន ហើយ​ថា ការហាមឃាត់​ទាំងនេះ​គឺ​ប្រើប្រាស់​ពាក្យពេចន៍​ក្នុងន័យ​ទូលាយ និង​មិន​ច្បាស់លាស់​ដែល​អាច​នាំ​ឲ្យ​មានការ​រឹតត្បិត​មាន​លក្ខណៈ​ទូលំទូលាយ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ។ ការណ៍​នេះ ធ្វើ​ឲ្យ​ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​ចង្អុល​ប្រាប់ថា វា​មិន​ស្របទៅនឹង​បទដ្ឋាន​អន្តរជាតិ។ ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ ក៏បាន​កត់សម្គាល់​ដែរ​ថា ការហាម​ប្រាម​របស់ គ.ជ.ប នេះ មាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅនឹង​ការហាម​ប្រាម​ដែល​បានធ្វើ​នៅមុន​ការបោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ២០១។

កាលពីដើម​ខែមិថុនា​នេះ គណៈកម្មាធិការ​ការពា​រ​អ្នកកាសែត(CPJ)ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ហុងកុង​ក៏បាន​ប្រតិកម្ម​ទៅនឹង​វិធានការ​រឹតបណ្តឹង​ការផ្សព្វផ្សាយ​ព័ត៌មាន​នៅក្នុង​អំឡុងពេល​នៃ​ការបោះឆ្នោតជាតិ​ខាងមុខ​ពី​សំណាក់ គ.ជ.ប នេះ ផងដែរ។ គណៈកម្មាធិការ​ការពា​រ​អ្នកកាសែត(CPJ)បាន​ស្តីបន្ទោស​អាជ្ញាធរ​កម្ពុជា​ចំពោះ​រឿងនេះ។ ប៉ុន្តែ​ជាមួយគ្នានេះ គណៈកម្មាធិការ​ការពា​រ​អ្នកកាសែត​នេះ​ក៏បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា​បើកទូលាយ​ឡើងវិញ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​កម្ពុជា។

ចំណែក​ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​វិញ បាន​អំពាវនាវ​ដល់​អាជ្ញាធរ​កម្ពុជា​ឲ្យ​គោរព​និង​ធានា​សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញ​មតិយោបល់​ដោយ​អះអាងថា អ្នកសារព័ត៌មាន​មាន​ទំនួល​ខុសត្រូវ ក្នុង​ការធ្វើ​សេចក្តីរាយការណ៍​អំពី​បញ្ហា​ទាំងឡាយ​ដែល​កើត​មាននៅ​មុនពេល​បោះឆ្នោត ជាពិសេស​បញ្ហា​ចម្រូងចម្រាស​នានា។ សម្រាប់​ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ ការរាយការណ៍​បែបនេះ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការរាយការណ៍​ព័ត៌មាន​ដែលមាន​តម្លាភាព និង​មាន​ទំនួល​ខុសត្រូវ​នៅក្នុង​អំឡុងពេល​បោះឆ្នោត។ ម្យ៉ាងទៀត ការរាយការណ៍​នេះ​ក៏​ជួយ​ដល់​អ្នកបោះឆ្នោត​ឲ្យ​ធ្វើការ​ជ្រើសរើស​ដោយបាន​ទទួល​ព័ត៌មាន​គ្រប់គ្រាន់​ផងដែរ៕ ប្រភព៖ RFI