ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បញ្ជាក់​ក្នុង​សិក្ខាសាលា​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ចាប់​ពី​ឆ្នាំ ២០១៦ មក​ដល់​ពេល​នេះ មាន​រោងចក្រ​ចំនួន ២៥​ បាន​ចូល​រួម និង​សហការ ក្នុង​កម្មវិធី​ «អក្ខរកម្ម​ក្នុង​រោងចក្រ»។ «អក្ខរកម្ម​ក្នុង​រោងចក្រ» គឺ​ជា​គម្រោង​មួយ​របស់​ក្រសួង​អប់រំ ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​អង្គការ​យូណេស្គូ និង​មាន​ការ​សម្រប​សម្រួល​ពី​អង្គការ​ស៊ីប៉ា។ គម្រោង​នេះ មាន​ទិស​ដៅ​លើក​កម្ពស់​ឱកាស​រៀន​សូត្រ​ពេញ​មួយ​ជីវិត​ សម្រាប់​កម្មករ កម្មការនី ដែល​ពុំ​ចេះ​អក្សរ។

លោក ហុក សុទ្ធិ នាយក​អង្គការ SIPAR និង​ជា​ប្រធាន​នៃ​សមាគម​បណ្ណាល័យ​កម្ពុជា បាន​ឲ្យ​ដឹង​ថា កម្មវិធី អក្ខរកម្ម​ក្នុង​រោងចក្រ ជា​ការ​បើក​ឱកាស​នៃ​ពិភព​លោក​ថ្មី​មួយ និង​ផ្តល់​សិទ្ធិ​អំណាច​ដល់​កម្មករ​ និយោជិត ក្នុង​វិស័យ​វាយនភ័ណ្ឌ​នៅ​ប្រទេស​កម្ពុជា ដែល​មាន​ការ​ពាក់​ព័ន្ធ​ទៅ​នឹង​កម្រិត​ប្រាក់​បៀរវត្ស​ទាប និង​លក្ខខណ្ឌ​ការងារ​លំបាក។

តាម​លោក​ ហុក សុទ្ធិ កម្មវិធី​នេះ មាន​គោល​បំណង​លើក​កម្ពស់​ការ​អាន ការ​សរសេរ ការ​គិត​លេខ​ជា​មូលដ្ឋាន និង​ការ​គិត​ពិចារណា ឲ្យ​បាន​ស៊ី​ជម្រៅ ជា​ពិសេស​ការ​ធ្វើ​ទំនាក់​ទំនង​ការងារ​ប្រចាំ​ថ្ងៃ ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព ដើម្បី​បង្កើន​ផលិតភាព​ការងារ និង​សិទ្ធិ​អំណាច​ដល់​គ្រប់​កម្មករ និយោជិត ឲ្យ​ពួក​គេ​បាន​យល់​ដឹង​ពី​សិទ្ធិ​មូលដ្ឋាន​របស់​ពួក​គេ។

បើ​តាម​ក្រសួង​អប់រំ អង្គការ​យូណេស្គូ និង​អង្គការ​ស៊ីប៉ា កម្មវិធី​នេះ អាច​ដំណើរ​ការ​បាន​ដល់​ទៅ ២៥​រោងចក្រ ក្នុង​រយៈ​ពេល​ប្រមាណ ២​ឆ្នាំ​មក​នេះ ក៏​ដោយ​សារ​តែ​មាន​ការ​ស្នើ​សុំ​ពី​ថ្នាក់​ដឹក​នាំ​រោងចក្រ និង​និយោជិត​ផ្ទាល់។​ ហើយ​ជា​លទ្ធផល​កម្មករ កម្មការិនី ដែល​បាន​ចូល​រៀន​ក្នុង​ថ្នាក់​អក្ខរកម្ម ពួក​គេ​មាន​ការ​រីក​ចម្រើន​ក្នុង​ការ​អាន សរសេរ និង​បំនិន​គិត​លេខ។ ពួក​គាត់​អាច​យល់​ពី​ព័ត៌មាន​ ដែល​ផ្សព្វ​ផ្សាយ​ក្នុង​រោងចក្រ ហើយ​ក៏​អាច​អាន​បាន​នូវ​លក្ខខណ្ឌ​ការងារ និង​ឯកសារ​ចាំ​បាច់​នានា។

លើស​ពី​នេះ កម្មករ និយោជិត ក៏​មាន​ការ​ប្រែ​ប្រួល​ឥរិយាបថ ​​នៅ​កន្លែង​ធ្វើ​ការ ទាំង​សុជីវធម៌ និង​ពាក្យ​សម្តី​ផង​ដែរ។ ជាមួយ​គ្នា​នេះ កម្មវិធី​អក្ខរកម្ម​តាម​រោង​ចក្រ​កាត់ដេរ ​ក៏​មាន​បញ្ហា​ប្រឈម​ផង​ដែរ ដោយ​កម្មករ​ខ្លះ មាន​ការ​អៀន​ខ្មាស់ នឹង​វ័យ​ចំណាស់​របស់​ខ្លួន ខ្លះ​ទៀត​មាន​ការ​នឿយ​ហត់​នឹង​ការងារ ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​គាត់​នឿយ​ណាយ​ក្នុង​ការ​រៀន​សូត្រ ឬ​ក៏​មាន​ការ​ពិបាក​ចាំ។ នេះ​បើ​តាម​អង្គសិក្ខាសាលា។

ដោយ​សារ​គម្រោង​នេះ មាន​ដំណើរ​ការ​វិជ្ជមាន ដូច្នេះ​អង្គការ​យូណេស្គូ ដែល​ជា​អ្នក​ផ្តល់​ជំនួយ និង​ក្រសួង​អប់រំ ដែល​ជា​អ្នក​អនុវត្ដន៍ មាន​សុទិដ្ឋិនិយម​ក្នុងការ​បន្ត​កម្មវិធី​នេះ​ទៅ​មុខ​ទៀត។ កម្មវិធី​នេះ ​ក៏​នឹង​ត្រូវ​ផ្សព្វ​ផ្សាយ ឲ្យ​បាន​ដល់គ្រប់​រោងចក្រ សហគ្រាស នៅ​ទូទាំង ២៥ រាជធានី​ខេត្ត ក្នុង​ប្រទេស​កម្ពុជា។

គួរ​ជម្រាប​ជូន​ថា របាយការណ៍​របស់​ក្រសួង​ផែនការ​ស្តីពី​ស្ត្រី និង​ចំណាក​ស្រុក​ឆ្នាំ ២០១៣ បាន​បង្ហាញ​ថា មាន ៨៥​ភាគ​រយ​នៃ​កម្មករ កម្មការនី​ចំនួន ៦០៥ ០០០​នាក់ កំពុង​ធ្វើ​ការ​ក្នុង​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែក​ជើង មាន ១៤​ភាគ​រយ​ មិន​ចេះ​អក្សរ​សោះ និង ២៩​ភាគ​រយ ចេះ​អក្សរ​តិច​តួច៕ ប្រភព៖ RFI