ស្រប​តាម​កំណែទម្រង់​រដ្ឋធម្មនុញ្ញ​កាលពី​ឆ្នាំ​ទៅ ព្រះ​មហាក្សត្រ​ថៃ ព្រះ​មហាវិជ្ជរ៉ា​ ឡុងកន​ ត្រូវ​មាន​​សិទ្ធិ​គ្រប់គ្រងយ៉ាង​ពេញ​លេញ លើ​ទ្រព្យ​សម្បត្តិ​រាជរាំង​​​ទាំង​អស់​ហើយ ចាប់​ពេល​នេះ​ទៅហើយ​។ នេះ​បើ​តាម​កំណត់​ហេតុ​ដ៏​កម្រ​មួយ​របស់​ស្ថាប័ន​ហិរញ្ញវត្ថុ​នៃ​រាជវាំង ដ៏​មាន​អំណាច តែ​​មិន​សូវ​ចេញ​មុខមាត់។



ព្រះមហាវិជ្ជរ៉ា ឡុងកន ជា​ព្រះ​មហាក្សត្រ​ដែលបាន​ឡើង​សោយរាជ បន្ត​ពី​បិតា នៅ​ឆ្នាំ​២០១៦ ក្នុងរាជវង្ស​​ដ៏មាន​ជាង​គេ​បំផុត​មួយ​នៅ​លើ​ពិភពលោក។ ទ្រព្យ​សម្បត្តិរាជ​វាំង មិន​ត្រូវ​បាន​ប្រកាស​ឱ្យ​ដឹង​ជា​សាធារណៈ​ទេ និង​ត្រូវ​បានការពារ​ដោយ​ច្បាប់​យ៉ាង​តឹង​តែង​បំផុត។ ប៉ុន្តែ​បើ​តាន​ការប៉ាន់ស្មានរបស់​​​អ្នក​វិភាគ រាជវង្ស​ចក្រី​នេះ​ មាន​ទ្រព្យ​សម្បតិ្ត​ប្រមាណ​ពី ៣០​ទៅ​៦០​ពាន់​លាន​ដុល្លារ​អាមេរិក។

ក្នុង​រជ្ជកាល​ព្រះ​ចៅ​ភូមិបុល​ ជា​​បិតា ទ្រព្យ​សម្បត្តិ​របស់​រាជវាំងមួយ​ភាគ​ធំ ដូច​ជា​អចលនទ្រព្យ ការវិនិយោគ​ … ត្រូវ​គ្រប់គ្រង​ដោយ​ស្ថាប័ន​​ Crown Property Bureau (CPB) ឬ​ហៅ​ថា​ការិយាល័យ​គ្រប់គ្រង​ទ្រព្យ​សម្បត្តិ​រាជវាំង ដែលមានគណៈកម្មការ​ត្រួតពិនិត្យ​ជ្រើស​តាំង​ដោយ​ព្រះ​មហាក្សត្រ ក្នុង​នោះ​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ជា​សមាជិកក្រុម​ប្រឹក្សា​ម្នាក់​ផង។ ​

ប៉ុន្តែកាលពី​ខែ​កក្កដា​ ២០១៧ ក្រោយ​ការ​ធ្វើ​កំណទម្រង់​រដ្ឋធម្មនុញ្ញ រដ្ឋាភិបាល​សឹក​ថៃ បាន​ធ្វើ​វិសោធនកម្ម​​ច្បាប់​ស្តី​អំពី​ទ្រព្យ​សម្បត្តិ​រាជវាំង ជា​លើក​ទីមួយ គិត​ចាប់​តាំង​ពី​៦៩​ឆ្នាំ​មក ផ្តល់​អំណាច​ត្រួតពិនិត្យ​CPBទាំង​ស្រុងថ្វាយ​ព្រះមហាក្សត្រ​វិជ្ជរ៉ា ឡុងកន។

មានន័យ​ថា ទ្រព្យ​សម្បត្តិ​របស់​រាជវាំង​ទាំង​អម្បាលម៉ាន ត្រូវ​ផ្ទេរ​ទៅ​ជា​ទ្រព្យ​សម្បត្តិ​របស់​ព្រះ​មហាក្សត្រ​តែមួយ​អង្គឯង ដើម្បី​ឱ្យ​ព្រះ​អង្គ​មាន​សិទ្ធិ​ចាត់​ចែង ត្រួត​ពិនិត្យ​ និង​សម្រេច​ចិត្ត។​ នេះ​បើ​តាម​កំណត់​ហេតុ​គ្មាន​​​បញ្ជាក់​កាលបរិច្ឆេទ ចុះ​ផ្សាយ​​​ក្នុង​ទំព័រ​វិបសៃត៍របស់​ការិយាល័យ​គ្រប់​គ្រង​​ទ្រព្យ​សម្បត្តិ​រាជវាំង CPB ដែល​បាន​បញ្ជាក់​ទៀត​ថា រាល់​គ្រប់​ការ​ចូល​រួម​​របស់ CPB ត្រូវធ្វើ​ក្នុង​នាម​​ព្រះ​មហាក្សត្រវិញ។ ​ប៉ុន្តែ​ថ្វី​បើ​មាន​ភាគហ៊ុន​​​វិនិយោគ​ នៅ​ក្នុង​ក្រុមហ៊ុន​ធំៗ​ជា​ច្រើន​របស់​ថៃ ដូច​ជា​ Siam Commercial Bank, Siam Cement Company តែCPB មាន​មិន​ត្រូវ​ជាប់​កាតព្វកិច្ច​បង់​ពន្ធ​ទេ។ នេះ​ជា​ព្រះ​រាជ​បំណង​របស់​ព្រះ​មហាក្សត្រ។

វិសោធកម្ម​នេះ ជា​វិធានការ​មួយ​ក្នុង​ចំណោម​ចំណាត់ការ​ជា​ច្រើននៃ​ការ​ពង្រឹង​អំណាច​លើ​បុគ្គលិក​ក្នុង​រាជវាំង​ផង និង​ទ្រព្យ​សម្បត្តិ​ផង។ ពេល​នេះ ព្រះមហាវិជ្ជរ៉ា ឡុងកន ជា​ស្តេច​គ្រប់គ្រង​ប្រទេស​ថៃ​ (រាជាណាចក្រអាស្រ័យ​រដ្ឋធម្មនុញ្ញ​តាំ​ងពី​ឆ្នាំ​១៩៣៦)​មក​ផង និង​ជា​ស្តេច​គ្រប់គ្រង​ទ្រព្យ​ធន​ដ៏​មហាសាលផង៕ ប្រភព៖ RFI