សភា​អាមេរិក​នៅ​សប្តាហ៍​នេះ ត្រូវ​ធ្វើការ​ជជែគ​ពិភាក្សា​គ្នា​​នៅ​ជុំវិញ​អត្ថបទ​ច្បាប់​ចំនួន ២​ដែល​ពាក់ព័ន្ធ​នឹង​នយោបាយ​អន្តោប្រវេស្តន៍។ នយោបាយ​អន្តោប្រវេស្តន៍​អាមរិក​ដែល​បំផុស​ឲ្យ​មាន​ភាព​ដ៏​ចម្រូង​ចម្រាស់​ខ្លាំង​នៅ​ក្នុង​ប្រទេស។ ជាពិសេស លោកស្រី​ Melania Trump ដែល​ជា​ភរិយា​របស់​ប្រធានាធិបតី​អាមេរិក​ដែល​​ធ្លា​ប់តែ​នៅ​ស្ងាត់​ស្ងៀម​មិន​សូវ​ចេញ​វាចា ក៏​បាន​ចេញ​មុខ​រិះគន់​ផងដែរ​​​នឹង​នៅ​លើ​បញ្ហា​ដែល​អាជ្ញាធរ​អាមេរិក បាន​ចាប់​បំបែក​កូន​ចៅ​ពី​ឪពុកម្តាយ​ដែល​ជា​ជន​អន្តោប្រវេស្តន៍ខុសច្បាប់​។​

អន្តរាគមន៍​ជ្រៀត​ជ្រែក​ពី​សំណាក់​លោក​ជំទាវ​ទី ១ Melania Trump នៅ​ក្នុង​បញ្ហា​ជន​អន្តោប្រវេស្តន៍​នេះ បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង។ ពីព្រោះ​រហូត​មក​ទល់​ពេលនេះ លោកស្រី Melania Trump ពុំ​ដែល​មាន​ការ​ជំទាស់​អ្វី​ឡើយ​នឹង​​នយោបាយ​ប្រកបដោយ​អំនួត​របស់​ស្វាមី​លោកស្រី​ទេ។ ​ក៏ប៉ុន្តែ​ប្រតិកម្ម​ជាលើក​ទី​មួយ​របស់​​លោកស្រី Melania Trump នៅ​លើ​បញ្ហា​ជន​អន្តោប្រវេសន្តិ៍​ ក៏​ប្រហែល​ជា​​លោកស្រី​ ចង់​បញ្ជាក់​អោយ​ដឹង​ដែរ​ពី​ជំហរ​ពុំ​យល់ស្រប​របស់​លោកស្រី​ជាមួយ​នឹង​នយោបាយ​របស់លោកដូណាល់ត្រំ​ស្វាមី​របស់​គាត់​ ជាពិសេស​​នៅ​លើ​ការ​ចាប់​បំបែក​កូនៗ​ពី​ឪពុក​ម្តាយ​របស់​ពួក​គេ​ដែល​ជា​ជន​អន្តោប្រវេស្តន៍​ខុស​ច្បាប់។​

គួរបញ្ជាក់ដែរថា រដ្ឋបាល​អាមេរិក ទើប​បង្ហើប​ប្រាប់​កាល​ពី​ថ្ងៃ​សុក្រ​មុន​ថា ​ដោយសារ​នយោបាយ​ថ្មី​របស់​អាមេរិក​​ពុំ​មាន​ការ​អនុគ្រោះ​ទាល់តែសោះ ចំពោះ​ជន​អន្តោប្រវេស្តន៍​នៅ​តាម​ព្រំដែន​ជាប់​​ប្រទេស​មិចស៊ីក​នោះ ចាប់តាំង​ពី​ពាក់​កណ្តាល​ខែ​មេសា​មក អាជ្ញាធរ អាមេរិក បាន​ចាប់​បំបែក​កូន​ក្មេង​ចំនួន ២០០០​នាក់ហើយ​​ពី​ឪពុក​ម្តាយ​របស់​ពួក​គេ។ បើ​យោង​តាម​លោកស្រី Stephanie Grisham​នាយិការ​ខាង​ទំនាក់​ទំនង​របស់​​លោក​ជំទាវ Trump ប្រាប់​ដល់​បណ្តាញ​ទូទស្សន៍​អាមេរិក CNN ថា “លោកស្រី​ Melania Trump ស្អប់​និង​មិន​ចង់​ឃើញ​សោះឡើ​យ​​ពី​ការ​ដែល​អាជ្ញាធរ​អាមេរិក ​ចាប់​បំបែក​កូនៗ​ពី​ក្រុម​គ្រួសារ​របស់​ពួក​គេ តែ​លោក​ជំទាវ ​​​ក៏​​រំពឹង​ទុក​ថា ក្រុម​អ្នកតំណាងរាស្ត្រ​​ទាំង​ពីរ​គណបក្ស​នៅ​ក្នុង​សភា​​នឹង​ត្រូវរូវ​គ្នា​នៅ​ទីបំផុត​ដើម្បី​​ធ្វើ​ឲ្យ​បាន​សម្រេច​ដោយ​ជោគ​ជ័យ​​នៅ​លើ​ការ​ធ្វើ​កំណែ​​​​ទម្រង់​មួយ​ពាក់ព័ន្ធ​នឹង​បញ្ហា​អន្តោប្រវេស្តន៍។​​​

នៅ​ក្នុង​ជំហរ​បែប​ស្រពិចស្រពិល ​លោកស្រី Kelyanne Conway ​ដែល​ជា​ទីប្រឹក្សា​ជំនិត​របស់​លោក​ប្រធានាធិបតី​អាមេរិក Donal Trump វិញ នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ តាម​រយៈ​បណ្តាញ​ទូទស្សន៍ NBC ​ក៏​បាន​ថ្លែង​បញ្ជាក់​​ដែរ​ថា “ពុំ​មាន​នរណា​ម្នាក់ ចង់​ឃើញ​គេ​ចាប់​ប្រឡេះ​ទារក​ពី​ដៃ​របស់​មាតា​ៗ​របស់​ពួក​គេ​នោះ​ទេ ។​លោកស្រី Conway បាន​បន្ត​ទៀត​ថា ” ​ក្នុង​នាម​ជា​គាត់​ជា​ម្តាយ ​ជា​អ្នក​កាន់​សាសនាគ្រឹស្ត​និង​ក្នុង​នាម​ជា​បុគ្គល​ម្នាក់​ប្រកប​ដោយ​មនសិការ​ ​គាត់​អាច​និយាយ​បាន​ដែរ​ថា ពុំ​មាន​​នណា​ម្នាក់​ពេញ​ចិត្ត​នឹង​នយោបាយ​អន្តោប្រវេស្តន៍​នេះ​ឡើយ។ នយោបាយ​អន្តោប្រវេស្តន៍អាមេរិក ​ដែល​ក្រុម​អ្នក​តំណាងរាស្ត្រ​បក្ស​ប្រជាធិបតេយ្យ ​ខឹង​ក្រេវក្រោធ​​​និង​​បង្ក​អោយ​មាន​ភាព​ដ៏​ចម្រូង​ចម្រាស់​​ រហូត​ដល់​ជំរុញ​អោយ​មាន​ប្រតិកម្ម​ពី​សំណាក់​ពី​លោកស្រី​ជំទាវ​ទី​​មួយ​ Melania Trump ដែរ៕​​​​ ប្រភព៖ RFI