នៅ​ថ្ងៃទី២០ ខែ​មិថុនា នេះ អង្គការ​តម្លាភាព​កម្ពុជា បាន​ប្រកាស​ថា ខ្លួន​នឹង​មិន​ចូល​រួម​សង្កេត​ការណ៍​ការ​បោះឆ្នោត​ថ្នាក់​ជាតិ ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២៩ ខែ​កក្កដា ខាង​មុខ​នេះ​ទេ។ រហូត​មក​ដល់​ពេល​នេះ​មាន​អង្គការ​សមាគម​ធំៗ​ចំនួន​៣ហើយ បាន​ប្រកាស​មិន​ចូល​រួម​សង្កេត​ការណ៍​ ខណៈ​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ មិន​មាន​វត្ត​មាន​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​ចូល​រួម​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​តម្លាភាព​កម្ពុជា ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី២០ ខែ​មិថុនា បាន​បញ្ជាក់​ថា បរិយា​កាស និង​លក្ខខណ្ឌ​នយោបាយ​ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ខែ​មុន​ការ​បោះ​ឆ្នោត ថ្ងៃ​ទី​២៩ ខែ​កក្កដា បាន​ធ្វើ​ឲ្យ​អង្គការ​តម្លាភាព​កម្ពុជា​ពុំ​អាច​ប្រមូល​បាន​ធនធាន​គ្រប់គ្រាន់ ដើម្បី​ធ្វើ​ការ​សង្កេត​ការណ៍​បោះ​ឆ្នោត និង​រួម​ចំណែក​នៅ​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ ប្រកប​ដោយ​អត្ថន័យ​នោះ​ឡើយ​។

ទាក់​ទង​ទៅ​នឹង​ការ​សង្កេត​ការណ៍​បោះ​ឆ្នោត​នេះ លោក ហង្ស ពុទ្ធា អ្នក​នាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត (គ.ជ.ប) បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ មាន​អ្នក​សង្កេត​ការណ៍​ជាតិ​ជិត​៣ម៉ឺន​នាក់ នឹង​ចូល​រួម​សង្កេត​ការណ៍​ការ​បោះ​ឆ្នោត ដូច្នេះ​អវត្តមាន​របស់​អង្គការ​សមាគម​ណា​មួយ នឹង​មិន​ប៉ះពាល់​ដល់​ភាព​ត្រឹម​ត្រូវ​នៃ​ការ​បោះ​ឆ្នោត​ទេ។

លោក ហង្ស ពុទ្ធា បាន​ថ្លែង​បន្ត​ថា គ.ជ.ប បាន​ទទួល​ស្គាល់​អង្គការ​សមាគម​ប្រមាណ​៦០​ស្ថាប័ន ដែល​នឹង​ចូលរួម​​សង្កេតការណ៍ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ​នេះ ហើយ គ.ជ.ប កំពុង​បន្ត​ពិនិត្យ​លើ​ពាក្យ​ស្នើ​សុំ​ចូល​រួម​សង្កេត​ការណ៍​ពី​អង្គការ សមាគម​ចំនួន​៣២​ទៀត​។ ចំណែក​អ្នក​សង្កេត​ការណ៍​អន្តរជាតិ​វិញ គ.ជ.ប បាន​ទទួល​ស្គាល់​ចំនួន​១៣​នាក់ ហើយ​នៅ​មុន​ថ្ងៃ​បោះ​ឆ្នោត​១ថ្ងៃ គ.ជ.ប នឹង​ទទួល​ស្វាគមន៍​អ្នក​សង្កេត​ការណ៍​អន្តរ​ជាតិ​ប្រមាណ​៣០​នាក់​បន្ថែម​ទៀត​។

អង្គការ​តម្លាភាព​កម្ពុជា កន្លង​មក​ធ្លាប់​បាន​ចូល​រួម​ក្នុង​ការងារ​កំណែ​ទម្រង់​ការ​បោះឆ្នោត និង​សង្កេតការណ៍​ការ​បោះឆ្នោត​ពីរ​លើក ពោល​គឺ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នៅ​ឆ្នាំ​២០១៣ និង​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សាឃុំ សង្កាត់​ឆ្នាំ​២០១៧ ក្នុង​គោល​បំណង​លើក​កម្ពស់​សុចរិត​ភាព និង​តម្លាភាព​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត​។

កាល​ពី​ខែ​ឧសភា​កន្លង​ទៅ អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​សំខាន់ៗចំនួន​ពីរ​ រួម​មាន គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ (ខុមហ្វ្រែល) និង​គណៈកម្មាធិការ​អព្យាក្រឹត្យ និង​យុត្តិធម៌ ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា (​និច​ហ្វិច)​ បានប្រកាស​មិន​ចូល​រួម​សង្កេត​ការ​បោះ​ឆ្នោត ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃទី២៩ ខែកក្កដា​ ខាង​មុខ​នេះ​ទេ។

អង្គការ​ទាំងពីរ​នេះ​ ធ្លាប់បាន​លើក​មូលហេតុ​ថា បារម្ភ​ពី​សុវត្ថិភាព​ ក្រោយ​ពី​ការ​បិទ​បន្ទប់​ស្ថានការណ៍​សម្រាប់​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត និង​ថា ការ​បោះ​ឆ្នោត​ជាតិ​នៅ​ខែ​កក្កដា​ខាង​មុខ​នេះ នឹង​ធ្វើ​ឡើង​ដោយ​មិន​មាន​ការ​ប្រកួត​ប្រជែង​គ្នា​ខ្លាំង​ក្លា​នោះ​ទេ។

សូម​បញ្ជាក់​ថា ការ​ទទួល​ចុះ​ឈ្មោះ​ក្រុម​អ្នក​សង្កេត​ការណ៍​ជាតិ​ និង​អន្តរជាតិ បាន​ចាប់​តាំង​ពី​ថ្ងៃ​ទី​២៣ ខែ​មេសា រហូត​ទៅ​ដល់​ថ្ងៃ​ទី ​២៥ ខែ​កក្កដា​ខាង​មុខ។ យ៉ាង​ណា​ក៏​ដោយ នេះ​ជា​លើក​ដំបូង​ហើយ ដែល​អង្គការ​សង្គម​ស៊ីវិល​សំខាន់ៗ​ចំនួន៣ បាន​ប្រកាសបដិសេធ​ចូល​រួម​ក្នុង​កិច្ច​ដំណើរ​ការ​សង្កេតការណ៍​បោះ​ឆ្នោត បើគិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៨​មក៕ ប្រភព៖ RFI