យោធា​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា ខ្លួន​បាន​បញ្ជូន​មឈូស​ឈើ​ចំនួន ១០០ ទៅ​កាន់​ព្រំដែន​រវាង​ប្រទេស​កូរ៉េ​ទាំង​ពីរ​ដើម្បី​ត្រៀម​ទទួល​ពី​ប្រទេស​កូរ៉េ​ខាង​ជើង​នូវ​អដ្ឋិធាតុ​របស់​ទាហាន​អាមេរិកាំង​ដែល​បាន​បាត់​ខ្លួន​តាំង​ពី​សង្គ្រាម​កូរ៉េ​ពី​ឆ្នាំ ១៩៥០ ដល់​ឆ្នាំ ១៩៥៣។

អ្នក​នាំ​ពាក្យ​របស់​បញ្ជា​ការដ្ឋាន​កងទ័ព​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង​លោក​វរសេនីយ៍ឯក Chad Carroll ក៏​បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​ផង​ដែរ​ថា មឈូស​លោហៈ​ចំនួន ១៥៨ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មូលដ្ឋាន​ទ័ព​អាកាស​របស់​សហរដ្ឋ​អាមេរិក​នៅ​ជិត​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង ដើម្បី​ដាក់​អដ្ឋិធាតុ​របស់​ទាហាន​អាមេរិកាំង​បញ្ជូន​មក​កាន់​សហរដ្ឋ​អាមេរិក​វិញ។

ប្រទេស​កូរ៉េ​ខាង​ជើង​បាន​ឯកភាព​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​កិច្ច​ប្រជុំ​រវាង​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un នឹង​ប្រធានាធិបតី​អាមេរិក​លោក Donald Trump កាល​ពី​ថ្ងៃ​ទី ១២ ខែ​មិថុនា នៅ​ក្នុង​ប្រទេស​សិង្ហបុរី​ថា នឹង​ប្រគល់​អដ្ឋិធាតុ​របស់​ទាហាន​អាមេរិកាំង​ដែល​បាន​បាត់​ខ្លួន​សម័យ​សង្គ្រាម​ដល់​សហរដ្ឋ​អាមេរិក​វិញ។

ចាប់​តាំង​ពី​ឆ្នាំ ១៩៩៦ ដល់​ឆ្នាំ ២០០៥ ក្រុម​ស្វែង​រក​របស់​ទាហាន​ចម្រុះ​របស់​សហរដ្ឋ​អាមេរិក និង​កូរ៉េ​ខាង​ជើង បាន​ធ្វើ​ប្រតិបត្តិការ​រុករក​ចំនួន ៣៣ ដង ដែល​ប្រមូល​បាន​អដ្ឋិធាតុ​ទាហាន​អាមេរិកាំង​ចំនួន ២២៩។

ប៉ុន្តែ កិច្ច​ប្រឹងប្រែង​នៅ​ក្នុង​ការ​ស្វែង​រក និង​បញ្ជូន​អដ្ឋិធាតុ​ផ្សេង​ទៀត​ត្រូវ​បាន​ជាប់​គាំង​អស់​រយៈពេល​ជាង​មួយ​ទសវត្សរ៍ ដោយសារតែ​ការ​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​កូរ៉េ​ខាង​ជើង និង​ដោយសារតែ​ការ​អះអាង​របស់​សហរដ្ឋ​អាមេរិក​ដែល​ថា សុវត្ថិភាព​របស់​ក្រុម​អ្នក​ស្វែង​រក​ដែល​រដ្ឋាភិបាល​អាមេរិក​បាន​បញ្ជូន​ទៅ​នៅ​ក្នុង​អំឡុង​ពេល​លោក George W. Bush ធ្វើ​ជា​ប្រធានាធិបតី មិន​ត្រូវ​បាន​គេ​ធានា​ឲ្យ​បាន​គ្រប់គ្រាន់​នោះ​ទេ៕ ប្រភព៖ VOA