២៥ មិថុនា ឆ្នាំ ១៩៥០-២៥ មិថុនា ឆ្នាំ ២០១៨ ថ្ងៃ​នេះ​ជា​ខួប​គម្រប់ ៦៨ឆ្នាំ​នាំ​ការ​ផ្តើម​ផ្ទុះ​សង្រ្គាម​នៅ​ឧបទ្វីប​កូរ៉េ។ តាម​ទម្លាប់​រៀងរាល់​ឆ្នាំ របប​ក្រុង​ព្យុងយ៉ាង​បាន​ប្រារព្ធ​ព្រឹត្តិការណ៍​មួយ​នេះ​ដោយ​ពាក្យ​បរិហារ និង​ការ​តិះដៀល​លើ​សហរដ្ឋអាមេរិក។ តែ​ឆ្នាំ​នេះ និង​ក្រោយ​ពី​មាន​ជំនួបកំពូល​ជា​ប្រវត្តិសាស្រ្ត​រវាង​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន និង​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​កាល​ពី​ថ្ងៃទី១២ មិថុនា​ក្នុង​ប្រទេស​សិង្ហបុរី​មក ពាក្យពេចន៍​ជេរប្រមាថ និង​ដៀមដាម​ប្រឆាំង​អាមេរិក​បាន​អវត្តមាន​នៅ​ក្នុង​កាសែត​ផ្លូវការ​កូរ៉េខាងជើង។

ជា​រៀងរាល់​ឆ្នាំ​ក្នុង​ថ្ងៃទី២៥ មិថុនា គ្រប់​បណ្តាញ​សារព័ត៌មាន​កូរ៉េខាងជើង​បាន​ប្រើ​ពាក្យពេចន៍​ធ្ងន់ៗ​ដើម្បី​បរិហារ និង​តិះដៀល​ប្រឆាំង​អាមេរិក។ តែ​សម្រាប់​ឆ្នាំ​នេះ​ដែល​ជា​ខួប​គម្រប់ ៦៨ឆ្នាំ​នៃ​ការ​ផ្ទុះ​សង្រ្គាម​កូរ៉េ​ក្នុង​ថ្ងៃទី២៥ មិថុនា ១៩៥០ គេ​មិន​បាន​ឃើញ​ពាក្យ​ជេរប្រមាថ និង​តិះដៀល​ប្រឆាំង​អាមេរិក​ទាំង​អស់​នោះ​ទៀត​ឡើយ។ គួរ​រម្លឹក​ជូន​ថា របប​ក្រុង​ព្យុងយ៉ាង​តែង​ចោទ​អាមេរិក​ពី​បទ​បង្ក​ឲ្យ​មាន​សង្រ្គាម​កូរ៉េ ព្រម​ទាំង​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​លើ​អាមេរិក​ពី​បទ​បាន​ពុះ​ទឹកដី​កូរ៉េ​ជា​ពីរ​មក​ដល់​សព្វថ្ងៃ។ ការ​ពុះ​ចែក​ឧបទ្វីប​កូរ៉េ​ដែល​បាន​សម្រេច​ដោយ​អាមេរិក និង​សម័យ​សហភាព​សូវៀត​នៅ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នៃ​សង្រ្គាមលោកលើកទី២។

គ្មាន​ទេ​ពាក្យ​ជេរប្រមាថ និង​តិះដៀល​ប្រឆាំង​អាមេរិក​ដូច​ឆ្នាំ​មុនៗ តែ​ថ្ងៃទី២៥ មិថុនា​នៅ​តែ​ជា​ថ្ងៃ​ដែល​កូរ៉េខាងជើង​មិន​អាច​បំភ្លេច​បាន​ឡើយ។ « រៀងរាល់​ឆ្នាំ​ថ្ងៃទី២៥ មិថុនា កងទ័ព និង​ប្រជាជន​របស់​យើង​តែង​រម្លឹក​ការ​ចងចាំ​ជាមួយ​នឹង​ក្តីជំនឿ និង​ការ​ប្តេជ្ញាចិត្ត​ការពារ​ជាតិ » នេះ​ជា​ឃ្លា​នៅ​ក្នុង​កាសែត​ផ្លូវការ​កូរ៉េខាងជើង Rodong Sinmun។ កាសែត​ដដែល​បាន​បន្ថែម​ថា អ្វី​ដែល​បាន​ធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់ផ្អើល គឺ​សាមគ្គីភាព និង​ការ​ប្តេជ្ញា​របស់​ពលរដ្ឋ​កូរ៉េខាងជើង​ក្នុង​ការ​កំចាត់​សត្រូវ។ សត្រូវ​ដែល​កាសែត​មិន​បាន​ចង្អុល​ចំ​ប្រទេស​ណា​មួយ​ទេ ពោល​ខុស​ពី​ឆ្នាំ ២០១៧ ដែល​កាសែត​ចង្អុល​អាមេរិក​ជា​ចក្រពត្តិនិយម។

ក្រៅ​ពី​កាសែត​ផ្លូវការ សម្តី​តិះដៀល​ប្រឆាំង​អាមេរិក​ពី​សំណាក់​ពលរដ្ឋ​កូរ៉េខាជើង​ទូទៅ​ក៏​ហាក់​មិន​មាន​ខ្ទរខ្ទារ​ដូច​មុន​ដែរ។ មែនទែន​ទៅ គឺ​ទើប​ក្រោយ​ជំនួបកំពូល​ជា​ប្រវត្តិសាស្រ្ត​រវាង​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន និង​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​ក្នុង​ថ្ងៃទី១២ មិថុនា​នៅ​ប្រទេស​សិង្ហបុរី​ទេ​ដែល​ភាព​ប្រទូស្រ្តាយ​រវាង​ក្រុង​ព្យុងយ៉ាង និង​ក្រុង​វ៉ាស៊ីនតោន​ហាក់​បាន​ស្ងប់ស្ងាត់​ច្រើន។ ក្រុម​អ្នក​ជំនាញ​បាន​ពន្យល់​ថា ភាព​អត់ធ្មត់ និង​ការ​បន្ទន់​ឥរិយាបទ​របស់​កូរ៉េខាងជើង​ក៏​ដោយសារ​តែ​ក្រុង​ព្យុងយ៉ាង​ចង់​បន្ត​រក្សា និង​ផ្តល់​សន្ទុះ​លើ​លទ្ធផល​វិជ្ជមាន​នៃ​ជំនួបកំពូល​គីម និង​ត្រាំ៕ ប្រភព៖ RFI