ប្រធានាធិបតី កោះ​តៃវ៉ាន់ លោកស្រី សៃ អ៊ីង​វេង (Tsaï Ing-weng) បាន​អំពាវនាវ​នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ ​​ឲ្យ​សហគមន៍​អន្តរជាតិ ​ទប់ស្កាត់​​មហិច្ចតា​ឥតព្រំដែន​របស់​ប្រទេស​ចិន ដោយរួប​រួម​កម្លាំងជាមួយ​​គ្នា​នៅក្នុង​ការ​ការពារ​សិទ្ធ​សេរីភាព​។ ប្រធានាធិបតី​កោះ​តៃវ៉ាន់ ថែម​ទាំង​ចាត់​ទុក​​មហាយក្ខចិន ​ជិត​ខាង​ប្រទេស​ខ្លួន​​នេះ ជា​ការ​គំរាមកំហែង​មួយ​ជា​អន្តរជាតិ ​​ដល់​​លិទ្ធិ​ប្រជាធិបតេយ្យ។​



កោះ​តៃវ៉ាន់​ដែល​គ្រប់គ្រង​​ដោយ​របប​មួយ​ដែល​ជា​គូ​ប្រជែង​របស់​​ប្រទេស​ចិន​ចាប់តាំង​ពីចប់​​សង្រ្គាម​ស៊ីវីល​ចិន​នៅ​​ឆ្នាំ ១៩៤៩ មក​ ស្ថិត​នៅ​ក្រោម​សម្ពាធ​ដ៏​ធំធេង​មក​ពី​ត្រើយ​ម្ខាង ទៀត​នៃ​ច្រក​សមុទ្រ Formose(ឬ ច្រកសមុទ្រ​តៃវ៉ាន់)​-នេះ​ជាសេចក្តី​ថ្លែង​របស់​ប្រធានាធិបតី​តៃវ៉ាន់ ​លោកស្រី Tsaï Ing-weng ប្រាប់​ដល់​ទីភ្នាក់ងារព័ត៌មាន​បារាំង AFP នៅ​ក្នុង​កិច្ចសន្ទនា​មួយដាច់មុខ។​

ក្នុង​អាយុ ៦១​ឆ្នាំ លោកស្រី​ Tsaï Ing-weng​ បាន​អំពាវនាវ​សុំ​ឲ្យ​ប្រទេស​ដទៃ​ផ្សេង​ទៀត​រួប​រួម​កម្លាំង​ជាមួយ​នឹង​តៃវ៉ាន់ ដើម្បី​ការពារ​ប្រឆាំង​នឹង​បំណង​វាតទី​និយម​របស់​ទីក្រុង​ប៉េកាំង​និង​ក៏​ដើម្បី​ការពារ​តម្លៃ​រួម​នៃ​សេរីភាព​ផង​ដែរ​។​ ប្រធានាធិបតី​តៃវ៉ាន់ ​បាន​លើក​ឡើង​ទៀត​ថា “មហិច្ចតា​របស់​ចិន​” ​ពុំគ្រាន់​ជា​បញ្ហា​ប្រឈម​សម្រាប់​តែ​កោះ​តៃវ៉ាន់​មួយ​ប៉ុណ្ណោះ​នោះ​ទេ តែ​វា​ជា​បញ្ហា​ប្រឈម​សម្រាប់​តំបន់​និង​ពិភពលោក​ទាំង​មូល​ផង​ដែរ។

ពីព្រោះ​នៅថ្ងៃនេះ គឺ​ជា​បញ្ហា​​​តៃវ៉ាន់ ក៏ប៉ុន្តែ​នៅ​ថ្ងៃ​ស្អែក ប្រទេស​ណា​មួយ​ផ្សេង​ទៀត ក៏​អាច​ទទួល​រង​នូវ​ការ​ប្រឈម​នឹង​ឥទ្ធិពល​វាតទីនិយម​របស់​ប្រទេស​ចិនដែរ”​។​

ទន្ទឹមនេះ ប្រជាធិបតេយ្យ​ សេរីភាព​របស់​ពួក​គេ​​នៅ​ក្នុង​ការ​ធ្វើ​អាជីវកម្ម ​​អាច​នឹង​ត្រូវ​រងនូវការ​ប៉ះពាល់​នា​ថ្ងៃ​ណា​មួយ​ដោយសារ​ឥទ្ធិពល​វាតទី​និយម​របស់​ចិន​នេះ-នេះ ជា​ការអះអាង​បន្ថែម​របស់​ប្រធានាធិបតី​តៃវ៉ាន់​ដែល​ក៏​ជា​អតីត​សាស្ត្រាចារ្យ​ខាង​ច្បាប់ដែរ។

លោកស្រី​ប្រធានាធិបតី​តៃវ៉ាន់ បាន​រំលឹក​ទៀត ថា​​“យើង​ទាំង​អស់​គ្នា ត្រូវតែ​ធ្វើការ​រួមគ្នា ដើម្បី​បញ្ជាក់​សារ​ជា​ថ្មី​​តម្លៃ​នៃ​ប្រជាធិបតេយ្យ​និង​សេរីភាព​ ដើម្បី​ទប់ស្កាត់​ប្រទេស​ចិន​​នៅ​ក្នុង​ការ​ពង្រីក​ឥទ្ធិពល​អនុតរភាពនិយម​របស់​ខ្លួន។

ទោះបី​ជា​កោះ​តៃវ៉ាន់ ​មាន​ឯករាជ្យ​ក្តី ក៏ប៉ុន្តែ​ប៉េកាំង ​ក៏​មិន​ដែល​បោះបង់ចោល​​ជា​ផ្លូវការ​ឡើយ​នៅ​ក្នុង​ការ​ប្រើ​កម្លាំង​បាយ​ដើម្បី​វាយ​យក​កោះ​តៃវ៉ាន់​នេះ​មក​វិញ។​ ហើយ​​

ចាប់តាំងពី​លោកស្រី​ប្រធានាធិបតិ Tsai បាន​ឡើង​គ្រប់គ្រង​កោះ​តៃវ៉ាន់​ ​រយៈ​ពេល​ ២​ឆ្នាំ​កន្លង​មក​ ប្រទេស​ចិន តែងតែ​បង្ហាញ​សាច់ដុំ​របស់​ខ្លួន​កាន់តែ​ខ្លាំង​ឡើងៗ​ដែរ​​នៅ​លើ​បញ្ហាខាង​លើ​នេះ៕ ប្រភព៖ RFI