បញ្ជាការដ្ឋាន​កង​អង្គរក្ស​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី ២៣ មិថុនា បាន ចល័ត​កងកម្លាំង និង​យោធបរិក្ខា ចេញពី​ទីបញ្ជាការដ្ឋាន​អង្គរក្ស​ស្ថិត​ក្រុង​តាខ្មៅ ទៅកាន់​ខេត្តបាត់ដំបង ដើម្បី​ទៅ​ចូលរួម​ក្នុង​ពិធី​ព្យុហយាត្រា ខួប​អនុស្សាវរីយ៍​លើក​ទី៣០នៃ​ថ្ងៃ​បង្កើត​យោធភូមិភាគ​ទី៥។ ព្យុហយាត្រា ដែលមាន​ការចូលរួម​ពី​រដ្ឋមន្ត្រី​ការពារជាតិ​កម្ពុជា​លោក ទៀ បាញ់ គ្រោង​នឹងធ្វើ​នៅ​ថ្ងៃទី ២៨ ខែមិថុនា ចុង​សប្តាហ៍​នេះ។ អ្នកនាំពាក្យ​ក្រសួងការពារជាតិ បាន​លើកឡើងថា ការ​ចល័ត​កងកម្លាំង​នេះ មិន​មែន​ជា​ការគំរាមកំហែង​មុន​ការបោះឆ្នោត​នោះទេ។



នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួងការពារជាតិ បាន​ចេញមក​ការពារ​ចំពោះ​ការ​ចល័ត​កងទ័ព និង​យោធបរិក្ខា របស់​ទីបញ្ជាការដ្ឋាន​អង្គរក្ស​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី ២៣ មិថុនា​ថា មិនមែនជា​ការគំរាមកំហែង​មុន​ការបោះឆ្នោត​នោះទេ។ បើតាម​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ការ​ចល័ត​កងកម្លាំង​នេះ គឺ​ដើម្បី​ចូលរួម​ខួប​អនុស្សាវរីយ៍​លើក​ទី៣០ នៃ​ថ្ងៃកំណើត​យោធភូមិភាគ​ទី៥ នៅ​ថ្ងៃទី២៨ ខែមិថុនា ចុង​សប្តាហ៍​នេះ។

គួរ​ជំរាបជូន​ថា កាលពី​ថ្ងៃទី ២៣ មិថុនា បញ្ជាការដ្ឋាន​អង្គរក្ស បាន​ជូនដំណឹង​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ស្ថិតនៅក្នុង​ខេត្តកណ្តាល រាជធានី​ភ្នំពេញ និង​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ៥ កុំ​ឲ្យ​មានការ​ភ្ញាក់ផ្អើល ចំពោះ​ការ​ចល័ត​កងកម្លាំង និង​យោធបរិក្ខារ​ចេញពី​ទីបញ្ជាការដ្ឋាន​អង្គរក្ស។ ការប្រកាស​នេះ តាម​ខ្លឹមសារ​នៃ​សេចក្តីជូនដំណឹង គឺជា​ការបង្កា​ក្រែង​មាន​ជន​អគតិ​មួយចំនួន​យកទៅ​ឃោសនា​បំភាន់ ខុសពី​ការពិត។ សេចក្តីជូនដំណឹង​ចុះ​ថ្ងៃទី ២១ មិថុនា នោះ មិនបាន​បង្ហាញ​ពី​ចំនួន​កងកម្លាំង​ឬ​សំភារៈ​យោធា ដែល​ត្រូវ​ចល័ត​ចេញ​នោះទេ ប៉ុន្តែ​បាន​បញ្ជាក់ថា គឺ​ដើម្បី​ចូលរួម​ក្នុង​ពិធី​ព្យុហយាត្រា នៅ​ថ្ងៃទី ២៨ ខែ មិថុនា ចុង​សប្តាហ៍​នេះ។

ពិធី​ព្យុហយាត្រា នឹងធ្វើ​ឡើង​នៅ​ទីបញ្ជាការ​យោធភូមិភាគ​ទី៥ ស្ថិតនៅក្នុង​ទី​រួម​ខេត្ត​បាត់ដំបង ដោយមាន​ការចូលរួម​ពី​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា​លោក ទៀ បាញ់។ បើ​​សេចក្តីជូនដំណឹង​ដដែល ក្រោយពី​បញ្ចប់​កម្មវិធី​រួចហើយ កងកម្លាំង និង​យោធបរិក្ខារ​ទាំងនោះ នឹងត្រូវ​ដឹកបញ្ជូន​ត្រលប់​មកកាន់​ទី​បញ្ជារ​ការដ្ឋាន​អង្គរក្ស​វិញ ដែល​ស្ថិតនៅ​ក្រុង​តាខ្មៅ ខេត្តកណ្តាល។

ជុំវិញ​ការរិះគន់​ចំពោះ​ការ​ចល័ត​កងទ័ព និង​សំភារៈ​យោធា​នេះ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួងការពារជាតិ បាន​លើកឡើងថា ការ​ចល័ត​កងកម្លាំង​នេះ មិនមែនជា​ការគំរាមកំហែង​មុន​ការបោះឆ្នោត​នោះទេ តែ​គឺ​ដើម្បី​បង្ហាញ​ពី​កំលាំង​របស់​យោធា​​កម្ពុជា នៅក្នុង​បុព្វហេតុ​នៃ​ការ​ការពារជាតិ នៅ​ក្រវ៉ាត់​ព្រំដែន​កម្ពុជា​ពី​ខេត្ត​កោះកុង រហូតដល់​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​យោធ​ភូមិ​ភាគ​ទី៥៕ ប្រភព៖ RFI