ប្រទេស​​កម្ពុជា​​នៅ​​តែ​​ត្រូវ​​ចាត់​ទុក​​ថា​​ជា​ទី​​តាំង​​ដែល​​ក្រុម​​ឧក្រិដ្ឋ​ជន​ ​ចរាចរ​​គ្រឿងញៀន ​​ឆ្លង​កាត់​​​ដដែល​ ​ខណៈ​​ការ​​ផលិត​​គ្រឿងញៀន ​​មិន​ត្រូវ​​បាន​​គេ​​រក​​ឃើញ​​នៅ​​ក្នុង​​ប្រទេស​​ទេ ​​នា​​ដំណាក់​កាល​​ចុង​ក្រោយ​​នេះ​​។ ​​នៅ​​ក្នុង​​ឱកាស​​នៃ​​ទិវា​​អន្តរជាតិ​​ប្រយុទ្ធ​​ប្រឆាំង ​គ្រឿង​ញៀន​​​​នា​​ថ្ងៃ​​អង្គារ​​នេះ ​​នៅ​​មជ្ឈមណ្ឌល​​កំសាន្ត​​កោះ​ពេជ្រ ​​គ្រឿងញៀន​​គ្រប់​​ប្រភេទ​ចំនួន​​៦៤​​គីឡូក្រាម ​មាន​​តម្លៃ​​ជាង​​២​​លាន​​ដុល្លារ ​ត្រូវ​​បាន​​ដុត​​បំផ្លាញ​​ចោល​​។

លោក​ឧប​នាយក​រដ្ឋមន្ត្រី ​កែ គឹមយ៉ាន ​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​នៅ​ក្នុង​ឱកាស​នៃ​ការ​ប្រារព្ធ​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ថា ​ពួក​ឧក្រិដ្ឋជន​ជួញ​ដូរ​គ្រឿងញៀន ​តែង​តែ​លួច​លាក់​ចរាចរ​គ្រឿងញៀន​ខុស​ច្បាប់ ​ឆ្លង​កាត់​ប្រទេស​កម្ពុជា​។ ​តាម​អាជ្ញាធរ​គ្រឿងញៀន ​គ្រឿង​ញៀន​ដែល​បាន​ឆ្លង​កាត់​ប្រទេស​កម្ពុជា​ ភាគ​ច្រើន​មកពី​តំបន់​អាមេរិក​ខាង​ត្បូង ​តំបន់​អាហ្វ្រិក ​តំបន់​ត្រីកោណ​មាស ​និង​តំបន់​អឌ្ឍ​ច័ន្ទ​មាស​ជាដើម​។

ទាក់ទង​ទៅនឹង​សន្ទុះ​នៃ​ការ​ផលិត​និង​ចរាចរ​គ្រឿងញៀន ​លោក ​កែ គឹមយ៉ាន ​បាន​បញ្ជាក់​ថា​ និន្នាការ​នៃ​ការ​ផលិត ​ការ​ចរាចរ​ និង​ប្រើប្រាស់​គ្រឿង​ញៀន​ខុស​ច្បាប់ ​នៅ​ក្នុង​តំបន់​និង​នៅលើ​ពិភពលោក ​មិន​មាន​ការ​ថយចុះ​ទេ​ ដោយ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​ស្ថានភាព​គ្រឿងញៀន​ កាន់​តែ​មាន​លក្ខណៈ​ស្មុ​គ្រ​ស្មាញ​និង​រាលដាល ​ដែល​នេះ​ជា​បញ្ហា​ប្រឈម​គួរ​ឲ្យ​ព្រួយ​បារម្ភ​។

សូម​បញ្ជាក់​ថា ​នៅ​ក្នុង​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ​ក្រោម​ប្រធាន​បទ​«​ចូល​រួម​ទាំង​អស់​គ្នា ​ដើម្បី​ជីវិត ​និង​សហគមន៍​យើង​គ្មាន​គ្រឿង​ញៀន​» ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ​បាន​បង្ហាញ​ថា ​រយៈពេល​៥​ខែ ​ដើម​ឆ្នាំ​២០១៨​នេះ ​សមត្ថកិច្ច​បង្ក្រាប​បទ​ល្មើស​ដែល​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​បាន​ចំនួន​ជាង​២៨០០​ករណី ​ចាប់​បាន​ជន​សង្ស័យ​ចំនួន​ជាង​៥៧០០នាក់​ និង​រឹប​អូស​គ្រឿង​ញៀន​បាន​ជាង​៩៣​គីឡូក្រាម​។

ដោយឡែក ​សមត្ថកិច្ច​ក៏បាន​រក​ឃើញ​ផងដែរ​នូវ​អ្នក​ប្រើប្រាស់​គ្រឿង​ញៀន​ជិត​១​ម៉ឺន​នាក់ ​និង​បាន​ផ្តល់​ការ​ព្យាបាល ​និង​ស្តារ​នីតិសម្បទា​ដល់​អ្នក​ញៀន​គ្រឿងញៀន​បាន​ចំនួន ​ជាង​៧​ពាន់​នាក់​ គឺ​ស្មើ​នឹង​៧៥​ភាគរយ ​នៃ​អ្នក​ប្រើប្រាស់​និង​អ្នក​ញៀន​គ្រឿងញៀន​ទាំង​អស់​៕ ប្រភព៖ RFI