ភ្នំពេញ —និស្សិត​សាកល​វិទ្យាល័យ​ទាំង​អស់​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ឈប់​សម្រាក​ជា​លើក​ដំបូង​ចំនួន​បី​ថ្ងៃ​ ​ដើម្បី​ទៅ​ចូល​រួម​ការ​បោះ​ឆ្នោត បន្ទាប់​ពី​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​អនុវត្ត​តាម​អនុសាសន៍​របស់​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន។​ ​នេះ​បើ​តាម​លិខិត​របស់​ក្រសួង​អប់រំ​ជូន​ទៅ​ថ្នាក់​ដឹក​នាំ​គ្រឹះ​ស្ថាន​ឧត្តម​សិក្សា​នៅ​កម្ពុជា។​

បើ​តាម​លិខិត​មួយ​ច្បាប់​ចេញ​នៅ​ថ្ងៃ​ទី​២៦​ ​ខែ​មិថុនា​ ឆ្នាំ​២០១៨​ ​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ បាន​ជម្រាប​ទៅ​សាកល​វិទ្យា​ធិការ​ ​និង​នាយក​គ្រប់​គ្រឹះ​ស្ថាន​ឧត្តម​សិក្សា​ ឲ្យ​អនុញ្ញាត​ឲ្យ​និស្សិត​ឈប់​សម្រាក​ចំនួន​បី​ថ្ងៃ​ដើម្បី​ចូល​រួម​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​នីតិកាល​ទី៦​ ​នា​ចុង​ខែ​កក្កដា​ខាង​មុខ​នេះ។​

លិខិត​ចេញ​ដោយ​លោក​ ​ពិត ចំណាន​ ​រដ្ឋលេខា​ធិការ​ក្រសួង​អប់រំ​នោះ​ ​បាន​សរសេរ​យោង​លើ​អនុសាសន៍​ណែនាំ​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ ​ហ៊ុន សែន​ ​ដែល​បាន​ថ្លែង​កាលពី​សប្តាហ៍​មុន​ ដោយ​តម្រូវ​ឲ្យ​និស្សិត​ទាំង​អស់​បាន​ឈប់​សម្រាក​ចំនួន​បី​ថ្ងៃ​ដើម្បី​ទៅ​បោះ​ឆ្នោត។​

លិខិត​នោះ​សរសេរ​ក្នុង​ន័យ​ដើម​ថា៖

«ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​និស្សិត​ក្នុង​ការ​ចូល​រួម​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​នីតិកាល​ទី៦​ នា​ថ្ងៃ​ទី២៩ ​ខែ​កក្កដា ឆ្នាំ​២០១៨​ខាង​មុខ​នេះ ​សូម​ឯកឧត្តម​ លោក​ជំទាវ ​លោក​ លោក​ស្រី​អនុញ្ញាត​ឲ្យ​និស្សិត​ដែល​កំពុង​សិក្សា​នៅ​តាម​គ្រឹះស្ថាន​ឧត្តម​សិក្សា​របស់​ឯកឧត្តម​ ​លោក​ជំទាវ​ លោក​ ​លោក​ស្រី​បាន​ឈប់​សម្រាក​ចំនួន​៣​ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​ទី៣០ ​ខែ​កក្កដា ឆ្នាំ​២០១៨»។​

លោក​នាយរដ្ឋ​មន្រ្តី​ ​ហ៊ុន សែន​ កាលពី​ថ្ងៃ​ទី២២​ ​ខែ​មិថុនា​ ​ឆ្នាំ​២០១៨​នេះ​ ​បាន​បញ្ជា​ឲ្យ​ក្រសួង​អប់រំ​ចេញ​ប្រកាស​ប្រាប់​ទៅ​តាម​សាកល​វិទ្យា​ល័យ​ទាំង​អស់​ ​អនុញ្ញាត​ឲ្យ​និស្សិត​ឈប់​សម្រាក​ចំនួន​បី​ថ្ងៃ​ដើម្បី​ចេញ​ទៅ​បោះ​ឆ្នោត។​

លោក​ថ្លែង​ថា៖​

«ខ្ញុំ ​ករុណា​ខ្ញុំ​ក៏​សុំ​យក​ឱកាស​នេះ​ជម្រាប​ទៅ​ក្រសួង​អប់រំ ​យុវជន ​និង​កីឡា ​ក៏​ដូច​ជា​សាកល​វិទ្យាល័យ​នានា​អំពី​ពេល​វេលា​បោះឆ្នោត​ដែល​ជិត​មក​ដល់​នេះ​ត្រូវ​គិត​យ៉ាង​ម៉េច​ដើម្បី​ឲ្យ​និស្សិត​របស់​យើង​ដែល​មាន​ការ​ចុះឈ្មោះ​នៅ​ទី​កន្លែង​នានា ​បាន​ទៅ​បោះឆ្នោត​ផង​ដែរ»។​

នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​និស្សិត​នៅ​តាម​គ្រឹះ​ស្ថាន​ឧត្តម​សិក្សា​ទាំង​អស់​ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ឈប់​សម្រាក​រហូត​ដល់​ទៅ​បី​ថ្ងៃ​ដើម្បី​ចូល​រួម​ការ​បោះ​ឆ្នោត។​

យ៉ាង​ណា​ក៏​ដោយ លិខិត​របស់​ក្រសួង​អប់រំ​នោះ​មិន​បាន​បញ្ជា​ក់​ថា​ ​តើ​គ្រឹះស្ថាន​ឧត្តម​សិក្សា​ដែល​មិន​អនុវត្ត​តាម​នឹង​ត្រូវ​រង​ចំណាត់​ការ​បែប​ណា​នោះ​ទេ។​

VOA​ ​មិន​អាច​ទាក់​ទង​សុំ​ការ​អធិប្បាយ​ពី​លោក​ ​រស់ សាលីន​ ​អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ​ យុវជន និង​កីឡា​បាន​ទេ ​រហូត​ដល់​ល្ងាច​ថ្ងៃ​អង្គារ​នេះ។​

ថ្លែង​ក្នុង​ពិធី​បើក​សន្និបាត​បូក​សរុប​ការ​ងារ​អប់រំ​ យុវជន ​និង​កីឡា ​កាលពី​ខែ​មីនា ​ឆ្នាំ​២០១៨ ​លោក ហង់ ជួនណារ៉ុន​ ​រដ្ឋ​មន្រ្តី​ក្រសួង​អប់រំ​ លើក​ឡើង​ថា ​គ្រឹះ​ស្ថាន​ឧត្តម​សិក្សា​ទាំង​រដ្ឋ ​និង​ឯកជន​មាន​ចំនួន​១២១​កន្លែង​នៅ​ទូ​ទាំង​ប្រទេស។​ ​ក្នុង​នោះ​និស្សិត​ចាប់​ពី​ថ្នាក់​បរិញ្ញា​បត្រ​រង​ដល់​បណ្ឌិត​មាន​ចំនួន​ជាង​ពីរ​លាន​នាក់។​

លោក​ ដេត សុខឧត្តម​ ​សាកល​វិទ្យា​ធិការ​នៃ​សាកលវិទ្យា​ល័យ​ ​Zaman​ ​ប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃ​អង្គារ​នេះ​ថា​ ​លោក​គាំទ្រ​ចំពោះ​ការ​អនុញ្ញាត​ឲ្យ​និស្សិត​ឈប់​សម្រាក​ចំនួន​បី​ថ្ងៃ​ដើម្បីទៅ​បោះ​ឆ្នោត​ នា​ចុង​ខែ​កក្កដា​ខាង​មុខ​នេះ។​ ​លោក​បន្ថែម​ថា ​កាល​បរិច្ឆេទ​ដែល​ក្រសួង​កំណត់​សម្រាប់​ការ​ទៅ​បោះ​ឆ្នោត​បី​ថ្ងៃ​នោះ​ គឺ​ជា​ថ្ងៃ​ចុង​សប្តាហ៍ ​ដែល​លោក​ថា ​នឹង​មិន​ប៉ះពាល់​ដល់​ការ​សិក្សា​របស់​និស្សិត​នោះ​ទេ។​

លោក​បញ្ជាក់​ថា៖​

«ជាទូ​ទៅ ​បើ​សិន​ជា​ខាត​ពេល​វេលា​នៃ​ការ​រៀន​អី​ គឺ​យើង​លើក​ទឹក​ចិត្ត​ឲ្យ​គ្រូ​ ​និង​សិស្ស​ហ្នឹង​រក​ម៉ោង​ដើម្បី​រៀន​សង​វិញ។ ​ជា​រឿង​ដែល​យើង​ធ្វើ​៥​ឆ្នាំ​ម្តង ​យើង​គិត​ថា​ ការ​បោះ​ឆ្នោត​គឺ​ជា​សិទ្ធិ​សេរីភាព ​និង​ជា​កាតព្វ​កិច្ច​របស់​ប្រជា​ពលរដ្ឋម្នាក់ៗ​ ​អីចឹង​ដើម្បី​អនុញ្ញាត​ឲ្យ​គាត់​សម្រេច​ជោគ​វាសនា​របស់​ប្រទេស​ ​យើង​អនុញ្ញាត​ឲ្យ​គាត់​ធ្វើ​អី​ចឹង​ តែ​ត្រង់​ថា​ គាត់​ទៅ​បោះ ​ឬ​មិន​ទៅ​បោះ ​អា​ហ្នឹង​ជា​សិទ្ធិ​របស់​គាត់»។​

ក្រៅ​ពី​និស្សិត​សាកល​វិទ្យា​ល័យ​ ​កម្មករ​កម្មការិនី​រោង​ចក្រទាំង​អស់​ក៏​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ឈប់​សម្រាក​ចំនួន​៣​ថ្ងៃ​ស្មើៗ​គ្នា​ ដើម្បី​ទៅ​ចូលរួម​ការ​បោះ​ឆ្នោត​ផង​ដែរ។​

ការ​សម្រេច​ឲ្យ​និស្សិត​តាម​គ្រឹះស្ថាន​ឧត្តម​សិក្សា ​និង​កម្មករ​និយោជិត​ឈប់​សម្រាក​ចំនួន​៣​ថ្ងៃ ដើម្បី​ទៅ​បោះ​ឆ្នោត​នេះធ្វើ​ឡើង​ បន្ទាប់​ពី​គណ​បក្ស​សង្គ្រោះជាតិ​ដែល​មាន​អ្នក​បោះ​ឆ្នោត​គាំទ្រ​ជាង​៤០​ភាគរយ​នៅ​ទូទាំង​ប្រទេស​ កាលពី​ឆ្នាំ​២០១៧​ ​ត្រូវ​បាន​តុលា​ការ​កំពូល​រំលាយទៅ​តាម​បណ្តឹង​របស់​ក្រសួង​មហា​ផ្ទៃ​ ដោយ​ចោទ​ថា ​គណ​បក្ស​នេះ​បាន​ឃុបឃិត​ជា​មួយ​បរទេស​ ​រៀប​ចំ​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល​ដែលដឹក​នាំដោយ​លោក​ ហ៊ុន សែន។​

ក្រុម​មន្ត្រី​គណ​បក្ស​ជំទាស់​ ដែល​និរទេស​ខ្លួន​ឯ​បរទេស កំពុង​ធ្វើ​យុទ្ធនាការ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ធ្វើ​ពហិការ​កុំ​ទៅ​ចូល​រួម​បោះ​ឆ្នោត​ ​ខណៈ​គណ​បក្ស​កាន់​អំណាច​ដែល​ដឹក​នាំ​ប្រទេស​ជាង​៤០​ឆ្នាំ​មក​ហើយ​នោះ​ ​កំពុង​ព្យាយាម​កៀរគរ​ឲ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​ឲ្យ​បាន​ច្រើន។​

លោក​ ​ហ៊ុន សែន​ ​ប្រធាន​គណ​បក្ស​ប្រជាជន​កម្ពុជា​ ​និង​ជា​នាយក​រដ្ឋ​មន្រ្តី​ដែល​កាន់​អំណាច​ជាង​៣​ទសវត្សរ៍​មក​ហើយ​នោះ​ ​តែង​ចុះ​ចែក​សញ្ញាបត្រ​ដល់​និស្សិត​ ​ចុះ​ជួប​សំណេះ​សំណាល​ជាមួយ​កម្មករ​កម្មការិនី​ ​និង​ប្រជា​ពលរដ្ឋ​ ​ស្ទើរ​រៀង​រាល់​សប្តាហ៍។​ ​ក្នុង​អំឡុង​នៃ​ការ​ចុះ​ចែក​សញ្ញាបត្រ​ ​និង​សំណេះ​សំណាល​ទាំង​នោះ​ ​លោក​ ​ហ៊ុន សែន​ ​ក៏​មិន​ភ្លេច​អំពាវនាវ​ឲ្យ​អ្នក​ចូល​រួម​ទាំង​អស់​បោះ​ឆ្នោត​ឲ្យ​គណបក្ស​របស់​លោក​ ព្រម​ទាំង​មាន​ភ្ជាប់​នឹង​ការ​ចែក​ថវិកា​មួយ​ចំនួន​ផង​ដែរ។

កម្ពុជា​នឹង​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​នៅ​ថ្ងៃ​ទី​២៩​ ខែ​កក្កដា​ ឆ្នាំ​២០១៨​ ដោយ​មិន​មាន​វត្តមាន​របស់​គណបក្ស​សង្គ្រោះជាតិ​ ​ស្រប​ពេល​ដែល​ស្ថាប័ន​អន្តរជាតិ​ធំៗ​មួយ​ចំនួន​បង្ហាញ​ក្តី​បារម្ភ​ថា ​ការ​បោះ​ឆ្នោត​ដែល​មិន​មាន​ការ​ចូល​រួម​ពី​គណបក្ស​ប្រឆាំង​នេះ​នឹង​ក្លាយ​ជា​ការ​បោះ​ឆ្នោត​ដែល​មិន​មាន​យុត្តិធម៌ ​និង​មិន​អាច​ទទួល​យក​បាន។​

យ៉ាង​ណា​ក៏​ដោយ ​ទាំង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ​និង​រដ្ឋាភិបាល​របស់​លោក​ ​ហ៊ុន សែន​ ​តែង​ប្រកាស​ថា​ ​ការ​បោះ​ឆ្នោត​នឹង​នៅ​តែ​ប្រព្រឹត្ត​ទៅ​តាម​ការ​គ្រោង​ទុក ​បើ​ទោះ​ជា​គ្មាន​ការ​ចូល​រួម​ពី​គណ​បក្ស​ប្រឆាំង​ ​គ្មាន​ការ​ចូល​រួម​ពី​អ្នក​សង្កេត​ការណ៍ ​និង​គ្មាន​ការ​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត​ដោយ​បណ្តា​ប្រទេស​កាន់​លទ្ធិ​ប្រជា​ធិបតេយ្យ​ធំៗ​មួយ​ចំនួន​ក៏​ដោយ៕ ប្រភព៖ VOA