ភ្នំពេញ —របាយ​ការណ៍​របស់​អង្គការ​ឃ្លាំ​មើល​សិទិ្ធ​មនុស្ស​បាន​លើក​ឡើង​ថា​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន​កាន់​កាប់​កងទ័ព ​កង​កម្លាំង​ប្រដាប់​អាវុធ​និង​តុលាការ​ ដែល​ធ្វើ​ឱ្យកម្ពុជា​ក្លាយ​ជា​របប​ផ្តាច់ការ​កាន់តែ​ខ្លាំង​ឡើង​ ព្រម​ទាំង​មានការ​រំលោភ​សិទិ្ធ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​និងជា​ប្រព័ន្ធ។​

លោក​ Brad Adams ​នាយក​អង្គការ​សិទ្ធិ​មនុស្ស ​Human Rights Watch ​ប្រចាំ​តំបន់​អាស៊ី​ បាន​ប្រាប់​ VOA ​តាម​ទូរស័ព្ទ​ ដោយ​បាន​ចោទ​ប្រកាន់​ថា ​ឧត្តម​សេនីយ៍​ទាំង​នេះបាន​រំលោភ​បំពាន​សិទិ្ធ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​អស់​រយៈ​ពេល​ជាង​២០​ឆ្នាំ​ ឬ​ច្រើន​ជាង​នេះ ​បាន​រំលោភ​យក​ដី​ធ្លី​របស់​ប្រជា​ពល​រដ្ឋ​ ​បាន​ពាក់​ព័ន្ធ​នឹង​ឃាតកម្ម ​ និង​ការ​ធ្វើ​ទារុណ​កម្ម ​ការ​ចាប់​ជំរិត ​ការរំលាយ​គណបក្ស​ប្រឆាំង​ ការ​បាន​ចាប់​ខ្លួនលោក ​កឹម​ សុខា ​ការ​គំរាម​កំហែង​លោក​សម រង្ស៊ី​ ប្រសិន​បើ​លោក​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ ការ​ដាក់​កំហិត​សេរីភាព​សារ​ព័ត៌មាន​ និង​សង្គម​ស៊ីវិល​មុន​ការ​បោះ​ឆ្នោត​ខាង​មុខ​ ​បន្ថែម​ពីលើការ​រៀប​រាប់​លម្អិត​អំពី​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​កាល​ពី​អតីត​កាល ​រួម​ទាំង​អំពើ​រដ្ឋ​ប្រហារ​កាល​ពី​ខែ​កក្កដា​ឆ្នាំ​១៩៩៧​ផង។​

របាយ​ការណ៍​២១៣​ទំព័រ​នេះមាន​ចំណង​ជើង​ថា​«រឿង​ទុច្ចរិត​របស់​ឧត្តម​សេនីយ៍​ទាំង​១២​នាក់​របស់​កម្ពុជា៖​ ប្រវត្តិ​សាស្រ្ត​យូរ​អង្វែង​នៃ​ការរំលោភ​បំពាន​សិទ្ធិ​មនុស្ស​ដោយ​ឧត្តម​សេនីយ៍​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន»។​

រូបឯកសារ៖ លោក​ ប្រេដ អាដាមស៍ (Brad Adams) នាយក​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​ Human Rights Watch ប្រចាំ​តំបន់​អាស៊ី មាន​វត្តមាន​នៅ​ទីស្នាក់ការ​វីអូអេ​នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ ឆ្នាំ២០១៦។ (ទែន សុខស្រីនិត/VOA)

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ដដែល​នេះ​ក៏​បាន​អះអាង​ដែរ​ថា​ មន្ត្រី​សន្តិសុខ​ជាន់​ខ្ពស់​ចំនួន​១២​នាក់​នេះ​គឺ​ជា​ឆ្អឹង​ខ្នង​នៃ​របប​នយោបាយ ​ដែល​រំលោភ​បំពាន​និង​ផ្តាច់ ការ។​

លោក​ Brad Adams ​នាយកអង្គការ​ឃ្លាំមើល​សិទិ្ធ​មនុស្ស​អាស៊ី​ Human Rights Watch ប្រចាំ​តំបន់​អាស៊ី​បាន​មាន​ប្រសាសន៍​ថា៖​

«ប៉ុន្មាន​ឆ្នាំ​មក​នេះ ​លោក ហ៊ុន សែន​បាន​បង្កើត ​និង​ពង្រីកកង​កម្លាំង​ជា​មន្ត្រី​សន្តិសុខ​ស្នូល ​ដែល​បាន​អនុវត្ត​តាម​បទ​បញ្ជា​របស់លោក​យ៉ាង​ដាច់ខាត​ និង​ប្រកប​ ដោយ​ហិង្សា។ ​សកម្មភាពសំខាន់​របស់​ឧត្តម​សេនីយ៍​របស់​កម្ពុជា​ទាំង​នេះ ​បាន​លេច​ឡើង​កាន់តែ​ច្បាស់ ​នៅមុន​ការ​បោះ​ឆ្នោត​ខែ​កក្កដា​ នៅ​ពេល​ពួក​គេចូល​រួម​ក្នុង​ការ​បង្ក្រាប​អ្នក​កាសែត​ ក្រុម​អ្នក​ប្រឆាំង​ផ្នែក​នយោបាយ​ និង​ពួក​អ្នក​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ ហើយ​ក្រុម​ឧត្តម​សេនីយ៍​ទាំង​នោះ​បាន​ធ្វើយុទ្ធនា​ការ​បោះឆ្នោត​ ដោយ​ចំហ​ជូន​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ទៀត​ផង»។

លោកបាន​បន្ថែម​សេចក្តី​ទៀត​ថា៖

«ឧត្តម​សេនីយ៍​ទាំង​នេះ​នៅ​ក្រោម​លោក​ហ៊ុន សែន ​គាំទ្រ​លោក​ហ៊ុន សែន​ ពីព្រោះ​ពួក​គេ​បាន​ក្លាយ​ជាអ្នក​មាន​ដ៏សម្បើម​ដោយ​ធ្វើជា​អ្នក​ការ​ពារ​លោក​ ​ហ៊ុន សែន»។​

ឧត្តម​សេនីយ៍​ទាំង​១២​រូប ដែល​ត្រូវ​បាន​ដាក់​បង្ហា​ញ​រូប​ថត​ ឈ្មោះ​ និង​មុខ​តំណែង​គឺ​ មាន​នាយ​ឧត្តម​សេនីយ៍​ ប៉ុល សារឿន​ អគ្គ​មេ​បញ្ជាការ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ កម្ពុជា​ដែល​ត្រូវ​គេ​ដឹង​ថា​ បាន​លា​ឈប់​ដើម្បី​ចូលរួម​ក្នុង​យុទ្ធនាការ​ប្រកួត​ប្រជែង​រក​សំឡេង​ឆ្នោត។ ​នាយ​ឧត្តម​សេនីយ៍ ​គន់ ​គីម​ អគ្គមេ​បញ្ជាការ​រង​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ និង​ជា​អគ្គសេនាធិការ​ចម្រុះ​នៃ​កង​យោធពលខេមរ​ភូមិន្ទ ​ដែល​ត្រូវ​គេ​ដឹង​ថា​ បាន​លាឈប់​ដើម្បី​ចូល​រួម​ក្នុង​យុទ្ធនាការ​ប្រកួត​ប្រជែង​រក​សំឡេង​ឆ្នោត។ ​លោក​នាយ​ឧត្តម​សេនីយ៍​ ​សៅ សុខា ​អគ្គមេ​បញ្ជាការ​កង​យោធពល​ខេមរ​ភូមិន្ទ​ស្តីទី និង​ជាអគ្គ​មេ​បញ្ជាការ​កងរាជ​អាវុធ​ហត្ថ​ផ្ទៃ​ប្រទេស។​ លោក​នាយ​ឧត្តម​សេនីយ៍​ នេត សាវឿន ​អគ្គស្នងការ​នគរបាល​ជាតិ។ ​ឧត្តម​សេនីយ៍​ឯក ​ជា ម៉ន​ មេ​បញ្ជាការ​រង​នៃ​កង​ទ័ព​ជើង​គោក​ និង​ជា​មេ​បញ្ជាការ​យោធ​ភូមិ​ភាគ​៤។ ​ឧត្តម​សេនីយ៍​ឯក ប៊ុន សេង ​មេ​បញ្ជាការ​រង​នៃ​កងទ័ព​ជើង​គោក​ និង​ជា​មេ​បញ្ជា​ការយោធ​ភូមិភាគ​៥។​ ឧត្តម​សេនីយ៍​ឯក ជឿន សុវណ្ណថា ​មេ​បញ្ជាការ​រង​នៃ​កងទ័ព​ជើង​គោក​ និង​មេ​បញ្ជាការ​តំបន់​យោធភូមិភាគ​២។​ ឧត្តម​សេនីយ៍​ឯក ចាប ភក្តី​ នាយ​រង​អគ្គសេនាធិការ​ចម្រុះ​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​និង​ជា​មេ​បញ្ជាការ​កង​ទ័ព​ឆ័ត្រ​យោង​លេខ​៩១១។​ ឧត្តម​សេនីយ៍​ឯក ​រ័ត្ន ស្រ៊ាង​ មេ​បញ្ជាការ​រង​នៃ​កង​រាជ​អាវុធ​ហត្ថ​លើផ្ទៃ​ប្រទេស​ និង​ជា​មេ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ។​ លោក​នាយ​ឧត្តម​សេនីយ៍​ សុខ ផល ​អគ្គ​នាយក​នៃ​អគ្គ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍​នៃ​ក្រសួង​មហា​ផ្ទៃ។​ លោក​នាយ​ឧត្តម​សេនីយ៍​ ម៉ក់ ជីតូ​ អគ្គ​ស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន។ នាយ​ឧត្តម​សេនីយ៍​ ជួន សុវណ្ណ​ អគ្គ​ស្នងការ​រង​នគរ​បាល​ជាតិ​ និង​ជា​ស្នង​ការ​នគរ​បាល​រាជ​ធានី​ភ្នំពេញ។​

ទោះជាយ៉ាងណា​ក៏​ដោយ​ រដ្ឋមន្ត្រី​ការពារ​ជាតិ​ និង​ឧត្តម​សេនីយ៍​កម្ពុជា​មួយ​ចំនួន ដែល​ VOA ​ទាក់ទង​បាន ​ហើយ​ដែល​មាន​ឈ្មោះ​ក្នុង​ចំណោម១២​នាក់​នោះ​ បាន​វាយ​បក​ប្រឆាំង​នឹង​របាយ​ការណ៍​របស់​អង្គការ​ Human Rights Watch ​នេះ។​

រូបឯកសារ៖ លោក​ទា បាញ់ រដ្ឋមន្រ្តី​ក្រសួងការពារជាតិ​ក្នុង​វេទិកា​ថ្នាក់ជាតិ​លើកទីមួយ​ស្ដី​អំពី​«​ការការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​»​ នៅ​វិមា​ន​សន្តិភាព នៅ​ថ្ងៃ​ច័ន្ទ ទី​២២​ ខែ​សីហា ឆ្នាំ​២០១៦ នា​រាជធានីភ្នំពេញ។​ (VOA)

លោក​ឧប​នាយក​រដ្ឋមន្ត្រី​ ទៀ បាញ់​ រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​ បាន​បដិសេធ​ របាយ​ការណ៍​នេះ​ ហើយ​បាន​ប្រាប់ ​ VOA ​ផ្នែក​ខេមរ​ភាសា​ថា​ របាយ​ការណ៍​របស់​អង្គការ​ឃ្លាំ​មើល​សិទិ្ធ​មនុស្ស ​Human Rights Watch​ មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ការណ៍​ពិត​នៃ​ប្រទេស​កម្ពុជា​ទេ។​

«មហិច្ឆតា​របស់វា​ចង់នាំ​ប្រទេស​ជាតិច្របូកច្របល់ផ្តល់​នូវ​ការ ​ហិនហោច​នៅកម្ពុជា​ទៀតបានវា…. វា​មិន​ដែល​សម្រេច​បាន​នោះ ​វា​ចេះតែ​វាយប្រហារ​និង​លើក​ឡើង​បញ្ហាជា​បន្ត​បន្ទាប់»។​

លោក​បាន​បន្ថែម​ទៀត​ថា៖​

«បាទ ​អាហ្នឹង​វាមិន​មាន​គំនិត​ណាមួយដែលទទួល​ស្គាល់​ការណ៍​ពិត​ គ្មាន​គំនិត​ស្ថាបនា​ទេ។​ អាហ្នឹងគេមាន​តែការ​វាយ​ប្រហារដើម្បី​បម្រើ​មហិច្ឆតា​របស់​ពួក​ជន​ទុច្ចរិត​ ​ឬក៏​មហិច្ឆតា​របស់​មនុស្ស​អគតិ​មួយ​ចំនួន​បង្វក់​ប្រទេស​ជាតិតែ​ប៉ុណ្ណោះ»។​

លោក​នាយ​ឧត្តម​សេនីយ៍ ​សៅ សុខា ​អគ្គ​មេ​បញ្ជាការ​កងយោធ​ពល​ខេមរ​ភូមិន្ទ​ស្តីទី​ និង​ជា​មេ​បញ្ជា​ការ​កងរាជ​អាវុធ​ហត្ថ​លើផ្ទៃ​ប្រទេស​ដែល​មាន​ឈ្មោះ​ក្នុង​ចំណោម​ឧត្តម​សេនីយ៍​ទាំង​១២​នាក់​ បាន​ឲ្យ​ VOA​ នាំ​សំណួរ​របស់​លោក​ទៅសួរ​អង្គការ​សិទ្ធិ​មនុស្ស ​Human Rights Watch ​ពីព្រោះ​លោក​ថា ​អង្គការ​នេះ​បាន​ចេញ​ផ្សាយ​របាយ​ការណ៍​មិន​ពិត។​

«ខ្ញុំ​អត់មាន​ទៅខ្វល់​អីផង​ ពួក​អស់​នេះ ​ហើយ​គាត់អ្នកសរសេ​រអី​អីចឹង។ ​បើ​ពី​ណាជឿគាត់​ ធ្វើតាម​គាត់​ ធ្វើៗ​ទៅ!​ ​ពិភព​លោកឆ្កួត​តាម​វា​ទៅ!​ ​ចំពោះ​ខ្ញុំ​ ​ខ្ញុំ​ដឹង​ខ្លួន​ខ្ញុំ​ផ្ទាល់ ​ព្រោះ​ខ្ញុំ​អត់ដឹង​អីផង»។​

រូបឯកសារ៖ លោកនេត សាវឿន(ខាងឆ្វេង) អគ្គ​ស្នងការ​នគរបាលជាតិ​និង​លោក​សៅ​ សុខា ​សៅ (ខាងស្ដាំ)មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នៅក្នុង​ប្រជុំផ្សព្វផ្សាយ អន្តរស្ថាប័ន ស្តីពីកិច្ចការពារការចុះឈ្មោះ បានៅ​ថ្ងៃ​ព្រហស្បតិ​ ទី​២៥​ សីហា ឆ្នាំ​២០១៦ នៅ​រាជធានីភ្នំពេញ។ (VOA)

មាន​ឈ្មោះ​ក្នុង​របាយ​ការណ៍​នោះ​ដែរ​គឺ​លោក​នាយ​ឧត្តម​សេនីយ៍​ ម៉ក់ ជីតូ អគ្គ​ស្នង​ការ​រង​ប៉ូលិស​ជាតិ ​និង​ជា​អគ្គ​លេខាធិការ​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ ញៀន។​ លោក​បាន​ប្រាប់​ VOA ​ថា​ របាយ​ការណ៍នេះ​និយាយ​បំផ្លើស។​

«តែ​យើង​មិន​ដឹង​សិទ្ធិ​មនុស្ស​ម៉េច​ទៅ? ​យើង​មិន​ដែល​ទៅ​ប៉ះពាល់​ទេ ​មាន​តែ​ចាប់​ចោរ ​ចាប់ពួក​ឧក្រិដ្ឋ​ជន​គ្រឿង​ញៀន​ ពួក​អា​ចាប់​ជម្រិត​អី​ចាប់។ ​ក្រែង​លោ​ចាប់​ ប៉ះ​ពាល់​គ្នា​គាត់ ​អា​ពួក​ហ្នឹង​បាន​គាត់​ខឹង»។

លោក​បាន​បន្ថែម​ថា៖​

«បើ​នៅស្រុក​ខ្មែរ​ទៅ ​យើង​ប្តឹង​ផ្តល់​គាត់ ​ឲ្យ​គាត់​ទទួល​ខុស​ត្រូវ​ទៅ​តាម​ច្បាប់​ទៅ​ណា៎។ ​បើគាត់​នៅ​ក្រៅ​ប្រទេស ​ហើយ​គាត់​ចេះតែ​ថា​ទៅ​ ហើយ​អង្គការ​អន្តរជាតិ​ មួយ​ទាំង​មូល​នឹក​ឃើញ​ថាៗ ​ហ្នឹង ​ងាប់​ហើយ​ ​ឆ្គួត​គេ​អស់​ហើយ‍!»​

លោក​នាយ​ឧត្តម​សេនីយ៍​ សុខ ផល ​អគ្គ​នាយក​អន្តោ​ប្រវេសន៍​ដែល​មាន​ឈ្មោះ​ នៅក្នុង​របាយ​ការណ៍​នេះ​ដែរ​ ក៏​បាន​ប្រាប់​ VOA​ ថា​ អង្គការ​ឃ្លាំ​មើល​សិទិ្ធ​មនុស្ស​ មិន​បាន​ទាំង​ស្គាល់​លោក​ផង​ទេ ​ដោយ​បាន​ដាក់​តួនាទី​លោក​ខុស។​

«គេ​អត់​ស្គាល់​ខ្ញុំ​ផង។​ គាត់​ទៅនិយាយ​អំពី​មនុស្ស​ម្នាក់​ ​មាន​ន័យ​ ថា​ ស្អី​ក៏​គាត់និយាយ​ខុសដែរ អត់​ត្រូវទេ»។​

បន្ថែម​លើ​ក្រុម​មន្ត្រី​កំពូលៗ​ជា​ច្រើន​ដែល​បាន​បដិសេធ​របាយ​ការណ៍​អង្គការ​សិទ្ធិ​មនុស្ស ​Human Rights ​Watch​ នេះ ​ VOA ​បាន​ព្យាយាម​ទាក់ទង់​ឧត្តម​សេនីយ៍​ជាច្រើន​ផ្សេង​ទៀត​ដើម្បីសុំ​ការ​អត្ថាធិប្បាយ​បំភ្លឺ​ ​ តែ​មិន​អាចទាក់​ទងបានទេ។ ​របាយ​ការណ៍​នេះបាន​កត់សម្គាល់​ថា​ ឧត្តម​សេនីយ៍​ជាន់ខ្ពស់​មួយ​ចំនួន​បាន​ឈរ​ឈ្មោះ​សម្រាប់​កា​របោះ​ឆ្នោត​ជាតិ​នៅថ្ងៃ​ទី​២៩ ​ខែ​កក្កដា​ ឆ្នាំ​២០១៨​ ដែលលោក ​Brad ​Adams ​បាន​និយាយ​ថា​ កងទ័ព​និង​ប៉ូលិស​គួរ​ស្ថិត​នៅ​ជា​អព្យាក្រឹត្យ។​

របាយ​ការណ៍​សិទ្ធិ​មនុស្ស​ដដែល​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ ជា​នាយក​រដ្ឋមន្ត្រី​កម្ពុជា​តាំង​ពី​ឆ្នាំ​១៩៨៥។​ ​ចាប់តាំង​ពី​ឆ្នាំ​២០១៥​មក​ លោក​បាន​ក្លាយ​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​គ្រប់​គ្រង​ប្រទេស ​ដែល​បន្ត​កាន់​អំណាច​តាំង​ពី​ឆ្នាំ​១៩៧៩​មក។​

ដោយ​ប្រដូច​លោក​ ហ៊ុន សែននឹងលោក ​Robert Mugabe ​របស់​ប្រទេស​ហ្ស៊ីមបាវេ ​ ​របាយ​ការណ៍​នេះ​បាន​បន្ត​ថា ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ឥឡូវ​នេះ​បាន​ស្ថិត​ក្នុង​ចំណោម​មេ​ដឹក​នាំ​នយោបាយនៅ​រស់​ដែល​កាន់​អំណាច​យូរ​ជាង​គេ​បំផុត​៥នាក់នៅ​លើ​ពិភព​លោក។​ ​

នៅ​សប្តាហ៍​ថ្មីៗ​នេះ​ដែរ​ សហ​រដ្ឋ​អាមេរិក​បាន​ដាក់​ទណ្ឌ​កម្ម​បង្កក​ទ្រព្យ​សម្បត្តិ​ លើ​ប្រធាន​អង្គរក្ស​នាយក​រដ្ឋមន្ត្រី​គឺ​លោក​នាយ​ឧត្តមសេនីយ៍ ​ហ៊ីង​ ប៊ុនហៀង​ ដែល​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ពីបទ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស ​និង​លទ្ធិ​ប្រជា​ធិបតេយ្យ​តាម​ច្បាប់ Magnitsky Act ​របស់​អាមេរិក។​

គណបក្ស​ប្រឆាំង​ដ៏​សំខាន់​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បាន​រំលាយ ​ ហើយមេ​ដឹក​នាំ​គណបក្ស​នេះ​គឺ​លោក ​កឹម សុខា ​ត្រូវគេ​ចាប់​ដាក់​ពន្ធនាគារ ​ក្រោម​បទ​ចោទ​ប្រកាន់​ពីបទ​ក្បត់ជាតិ ​រីឯ​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ត្រូវ​បាន​រឹតបន្តឹង​សិទ្ធិ​សេរីភាព ​ដែល​រឿង​នេះ​បណ្តាល​ឱ្យ​បណ្តា​ប្រទេស​លោក​ខាងលិច​ជា​ច្រើន​ រួម​ទាំង​សហ​រដ្ឋ​អាមេរិក​ផង​ និយាយ​ថា​ ការ​បោះឆ្នោត​ជាតិ​នៅពេល​ខាង​មុខ​នេះ​ជា​ការ​បោះឆ្នោត​មិន​ពិត​ប្រាកដ៕ ប្រភព៖ VOA