ភ្នំពេញ —អ្នក​ជំនាញ​ធ្វើ​ការ​លើ​គម្រោង​ទប់​ស្កាត់​អំពើ​ឃោរឃៅ​នៅ​ថ្ងៃ​ច័ន្ទ​នេះ ​បាន​អះអាង​ថា​ ការ​រឹតត្បិត​សិទ្ធិ​នយោបាយ​ក្នុង​ការ​បោះឆ្នោតនៅ​កម្ពុជា ​អាចនាំ​ទៅ​រក​ការ​កើត​មាន​ឡើង​នៃ​អំពើ​ហិង្សា​ក្នុង​ប្រទេស ​ដែល​ធ្លាប់​រង​ការ​ការ​សម្លាប់​យ៉ាង​រង្គាល​ក្នុងសម័យ​វាល​ពិឃាត​ខ្មែរ​ក្រហម។

​ថ្លែង​ក្នុង​សិក្ខា​សាលា​ស្តីពី​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ​និង​ការ​បង្ការ​អំពើ​ឃោរឃៅ​នៅ​កម្ពុជា ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង​ភ្នំពេញ​នា​ថ្ងៃ​ច័ន្ទ​នេះ​ លោក​បណ្ឌិត ​ណូអេល ម៉ូរាដា​ ​(Noel Morada) ​នាយក​មជ្ឈមណ្ឌល​អាស៊ី​ប៉ាស៊ីហ្វិក​សម្រាប់​ការ​អនុវត្តន៍​កាតព្វកិច្ច​ក្នុង​ការ​ទប់​ស្កាត់​អំពើ​ឧក្រិដ្ឋកម្ម​ឃោរឃៅ​លើ​មនុស្ស​ជាតិ​ (Asia Pacific Center for the Responsibility to Protect)​ មិន​មាន​ប្រសាសន៍​ចំៗ​ថា​ ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ដែល​ជា​បក្ស​ប្រឆាំង​សំខាន់​មួយ​របស់​កម្ពុជា​បាន​ធ្វើ​ឲ្យកម្ពុជា​ដើរ​ថយ​ក្រោយ​ក្នុង​ការ​លើក​កម្ពស់​ការ​ទប់​ស្កាត់​អំពើ​ហិង្សា​ទៅ​ថ្ងៃ​អនាគត​នោះ​ទេ តែ​ថា​ដំណើរ​ការ​អនុវត្ត​ប្រជាធិបតេយ្យ​ជា​ដំណើរ​មួយ​មាន​ការ​ប្រែប្រួល​ សូម្បី​តែ​នៅ​សហរដ្ឋ​អាមេរិក។

«ការ​បោះឆ្នោត​អាច​ជា​កត្តា​ហានិភ័យ​ផងដែរ​នៅ​ក្នុង​អំពើឃោរ​ឃៅ។​ យើង​បាន​ឃើញ​រឿង​នេះ​នៅ​ក្នុង​ប្រទេស​ជាច្រើន​ផ្សេង​ទៀត​ នៅពេល​ដែល​អ្នកដឹង​ហើយ​ថា​ ​សិទ្ធិ​បោះឆ្នោត​របស់​ពលរដ្ឋ​ ឬ​ក៏​គួរតែ​យើង​និយាយ​ថា​ ជម្រើស​របស់​ពួកគេ​ត្រូវបាន​រឹតត្បិត ​ទៅ​តាម​វិធី​នានា​ដែល​ជារឿង​សំខាន់​បំផុត​មួយ​សម្រាប់​ការ​ពិចារណា​ នៅ​ពេល​អ្នក​និយាយ​អំពី​កត្តា​ហានិភ័យ។​ ហើយ​ខ្ញុំ​ដឹង​ច្បាស់​ថា​ អ្នក​ដឹង​ពី​សារ​ដែល​ខ្ញុំ​កំពុង​លើក​ឡើង​នេះ។ ដូច​អ្នក​ដឹង​ហើយ​ថា​ ទាក់​ទិន​ការ​អនុវត្ត និង​ការ​ធ្វើ​ឲ្យ​ដំណើរការ​នៃ​ប្រជាធិបតេយ្យ​នេះ​ គឺ​គ្មាន​ប្រទេស​ណា​ សូម្បី​តែ​ប្រទេស​ទាំង​នោះ​ គឺ​ជា​ប្រទេស​មាន​របបប្រជាធិបតេយ្យ​នាំ​មុខ​ដូចជា​សហរដ្ឋ​អាមេរិក​ ជា​ឧទាហរណ៍​ក៏ដោយ​ចុះ​ ក៏​ប្រទេស​នោះ​ មាន​ចំណុច​ខ្វះខាត​ជា​ច្រើន​ផង​ដែរ»។

លោក​បណ្ឌិត​ ណូអេល ម៉ូរាដា​ មានប្រសាសន៍​បន្តថា​ ថ្មីៗ​នេះ​មាន​បញ្ហា​ចម្រូង​ចម្រាស​បាន​កើត​ឡើង​នៅ​សហរដ្ឋអាមេរិក​ ជុំវិញ​ការ​ចាប់​ខ្លួន​ជន​អន្តោប្រវេសន៍​នៅ​តាម​ព្រំដែន​សហរដ្ឋ​ អាមេរិក​ភាគខាងត្បូង​ និង​ប្រទេស​ម៉ិកស៊ិក ហើយ​ជាង​នេះ​ទៅ​ទៀត​ សហរដ្ឋ​អាមេរិក​ ក៏​បាន​ប្រកាស​ដកខ្លួន​ចេញ​ពីក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​ នៅ​អង្គការ​សហប្រជាជាតិ។

លោក​ ​ពូ សុធីរៈ​ ​(កណ្តាល) នាយក​ប្រតិបត្តិ​វិទ្យាសា្ថន​ខ្មែរ​សម្រាប់​សហប្រតិបត្តិការ​ និង​សន្តិភាព​ អង្គុយ​នៅកណ្តាល​ ក្នុងសិក្ខាសាលា​ស្តីពី​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ​ និងការ​បង្ការ​អំពើឃោរឃៅ​នៅកម្ពុជា​ ​ធ្វើ​ឡើង​នៅទីក្រុង​ភ្នំពេញ​នាថ្ងៃទី​២ ខែកក្កដា​ ឆ្នាំ២០១៨។

លោក​បាន​បន្ថែមថា​ នៅ​ឯប្រទេស​ហ្វីលីពីន​ ដែល​ត្រូវ​ចាត់​ទុក​ថា​ ជាប្រទេស​ប្រជាធិប​តេយ្យ​នោះ​ ក៏ប្រធានាធិបតី​នៃ​ប្រទេស​នេះ​ គឺ​លោក​ Rodrigo Duterte ​បាន​រង​ការ​ចោទ​ប្រកាន់​ថា​ លោក​បាន​រំលោភ​សិទ្ធិមនុស្ស​ ពាក់​ព័ន្ធនឹង​ការ​សម្លាប់​ក្រៅច្បាប់​ក្នុង​បញ្ហា​គ្រឿង​ញៀន​ ហើយ​លោក​បាន​កំពុង​ព្យាយាម​ដក​ប្រទេស​ហ្វីលីពីន​ចេញ​ពី​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ។ នៅ​ប្រទេស​ថៃ​ លទ្ធិ​ប្រជាធិបតេយ្យ​ក៏​កំពុង​ប្រឈម​ភាព​ទាល់​ច្រក​មួយ​ ដោយសារ​មេដឹកនាំ​យោធា​នៃ​ប្រទេស​នោះ​ មិន​អាច​បញ្ជាក់​ឲ្យ​ពលរដ្ឋ​ខ្លួន​ដឹង​ថា​ តើ​នឹង​មាន​ការ​បោះឆ្នោត​នៅ​ពេល​ណា​នោះ​ឡើយ។​

«ដំណើរ​ថយក្រោយ​តែងតែ​អាច​កើត​ឡើង​បាន​ជានិច្ច។ នៅ​ប្រទេស​ថៃ​ យើង​ដឹង​ហើយ​ថា​ អ្វីៗ​ខ្លះ​បាន​កើត​ឡើង​ តាំងពី​ឆ្នាំ​២០១៤​មក​ ពលរដ្ឋ​បាន​ស្រែក​ទាមទារ​ឲ្យ​មាន​ការ​បោះឆ្នោត ហើយ​យើង​មិន​ដឹង​ថា ​តើ​នឹង​មាន​ការ​បោះឆ្នោត​នៅ​ប្រទេស​ថៃ​ឬ​ក៏អត់​នោះ​ទេ។ ការ​មាន​និន្នាការ​នៃ​ភាព​ខុស​ប្លែកគ្នា​ចំពោះ​ពណ៌​ និង​គណបក្ស​នយោបាយ​នោះ​ ក៏​អាច​ជា​កត្តា​ហានិភ័យ​មួយ​សម្រាប់​អំពើ​ឃោរឃៅ​ ដូច្នេះ​ នៅ​ពេល​ពលរដ្ឋ​មាន​ភាព​ជ្រុល​និយម​នៃ​ជំនឿ​របស់​ពួកគេ​ វា​ក៏​ជា​កត្តា​ហានិភ័យ​ពិត​ប្រាកដ​មួយ​ផង​ដែរ»។

លោក សុខ ឥសាន​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជា​ បាន​ច្រាន​ចោល​ការ​អធិប្បាយ​របស់​អ្នក​ជំនាញ​ ពាក់​ព័ន្ធនឹង​ការ​រឹតត្បិត​សិទ្ធិ​ក្នុង​ពេល​បោះឆ្នោត។ លោក​មាន​ប្រសាសន៍​ថា​ រដ្ឋា​ភិបាល​កម្ពុជា​ នឹង​មិន​អត់​ឱន​ឲ្យ​ក្រុម​ប្រឆាំង​ណា​មួយ​ដែល​ហ៊ាន​បង្ក​ផល​វិបាក​ដល់​ស្ថិរភាព​របស់​ប្រទេស​នោះ​ឡើយ។

លោក​ថ្លែង​ថា៖

«អត់​មាន​ការ​គាប​សង្កត់​អី​ទាំង​អស់​ បច្ចុប្បន្ន​នេះ​សមត្ថកិច្ច​គ្រប់​ជាន់​ថ្នាក់​កំពុង​តែ​យក​ចិត្ត​ទុកដាក់​ ដើម្បី​គ្រប់​គ្រង​សភាពការណ៍​ មិន​ឲ្យ​ក្រុម​ យើង​ហៅ​ថា​ក្រុម​មជ្ឈដ្ឋាន​ប្រឆាំង​ងើប​ក្បាល​រួច​ទេ​ ដើម្បី​ធានា​ស្ថិរភាព​នយោបាយ​ ហើយ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ដំណើរ​ការ​បោះឆ្នោត​ប្រកបដោយ​ប្រជាធិប​តេយ្យ​ សេរី​ ត្រឹមត្រូវ​ និង​យុត្តិធម៌»។

ការ​អនុវត្តន៍​កាតព្វកិច្ច​ក្នុង​ការ​ទប់​ស្កាត់​ឬ​ហៅ​ម៉្យាង​ទៀត​ថា​ ទំនួល​ខុសត្រូវ​ក្នុង​ការ​ការ​ពារ​ ដែល​ភាសា​អង់​គ្លេស​ហៅ​ថា​ Responsibility to Protect ​គឺ​ជា​បទដ្ឋាន​ថ្មី​មួយ​ដើម្បី​ទប់​ស្កាត់​ និង​បញ្ឈប់​អំពើ​ប្រល័យ​ពូជ​សាសន៍​ ឧក្រិដ្ឋកម្ម​សង្គ្រាម​ ការ​លុប​បំបាត់​ជាតិ​សាសន៍​ និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។​ ទំនួល​ខុសត្រូវ​ក្នុង​ការ​ការពារ​មិន​មែន​ជា​ច្បាប់​ទេ​ ប៉ុន្តែ​គឺ​ជា​ការ​ប្តេជ្ញា​ចិត្ត​ផ្នែក​នយោបាយ​ ដើម្បី​ណែ​នាំ​រដ្ឋ​នានា​និង​ការ​រៀបចំ​ថ្នាក់​អនុតំបន់ ​ថ្នាក់​តំបន់​និង​ថ្នាក់​អន្តរជាតិ​ក្នុង​ការ​ការពារ​ប្រជាជន​ពី​ឧក្រិដ្ឋកម្ម​និង​ការ​រំលោភ​បំពាន​ទាំង​នេះ។

ប្រទេស​កម្ពុជា​នៅ​តែ​ប្រឈម​មុខ​នឹង​សញ្ញា​ ដែ​ល​អាច​ក្លាយ​ជា​កត្តា​ហានិភ័យ​នាំ​ទៅ​រក​ការ​កើត​មាន​អំពើ​ហិង្សា​សារ​ជាថ្មី​ ខណៈ​ដែល​ប្រជាជន​រស់នៅ​ក្នុង​ប្រទេស​ ដែល​នៅ​ពឹង​ផ្អែក​លើ​ជំនួយ​បរទេស​នេះ​ កំពុង​ប្រឈម​នឹង​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ ការ​វាយ​ប្រហារ​នានា​ទៅ​លើ​ក្រុម​ជំទាស់​ និង​អំពើ​អយុត្តិធម៌​សង្គម​ផ្សេងៗ​ទៀត។

នេះ​បើ​យោង​ទៅ​តាម​ឯកសារ​បង្ហាញ​ពី​កត្តា​ហានិភ័យ​ដែល​នាំ​ទៅ​រក​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​ឈាន​ដល់​ការ​កាប់​សម្លាប់​យ៉ាង​រង្គាល។​ ឯកសារ​នេះ​ជា​ផ្នែក​មួយ​នៃ​បទដ្ឋាន​ទំនួល​ខុសត្រូវ​ក្នុង​ការ​ការ​ពារ​ ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​ដោយ​អង្គការ​សហ​ប្រជាជាតិ​កាលពី​ឆ្នាំ​២០១៤​កន្លង​ទៅ។

ឯកសារ​ដដែល​នេះ បាន​ឲ្យ​ដឹង​ពី​កត្តា​ហានិភ័យ​ចំនួន​១៤​ រួម​មាន​កង្វះ​ខាត​ប្រព័ន្ធ​តុលាការ​ឯករាជ្យ​ ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​មាន​កម្រិត​ខ្ពស់​ អភិបាល​កិច្ច​ទន់​ខ្សោយ​ ការ​រំលោភ​សិទ្ធិ​មនុស្ស​ និង​ភាព​គ្មាន​ទោស​ពៃរ៍​ គឺ​ជា​ដើម​ចម​នៃ​លទ្ធភាព​ ដែល​អាច​នាំ​ទៅ​រក​ការ​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋកម្ម​ដ៏​ឃោរឃៅ។

ឯកសារ​នោះ​បន្ត​ទៀត​ថា​ ការ​កើន​ឡើង​វោហារ​សាស្ត្រ​មាន​លក្ខណៈ​អុជអាល​ និង​យុទ្ធនាការ​ឃោសនា​ ឬ​ក៏​ពាក្យ​សម្តី​មាន​លក្ខណៈ​ស្អប់​ខ្ពើម​ សំដៅ​ទៅ​កាន់​ក្រុម​ដែល​ទទួល​បាន​ការ​ការពារ​ប្រជាជន​ ឬ​បុគ្គល​ក៏​ជា​កត្តា​ហានិភ័យ​ ដែល​អាច​នាំ​ទៅ​ដល់​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា​និង​ការ​កាប់​សម្លាប់។

រូបឯកសារ៖ ផ្លាកសញ្ញា​គណបក្ស​សង្គ្រោះជាតិ​ដែល​មាន​ជាប់​ធូលី​ផង ​ត្រូវ​គេ​តម្រៀប​នៅប៉ុស្តិ៍​នគរបាល​ឃុំចន្ត្រី ក្រោយ​ពី​ផ្លាក​នេះ​ត្រូវ​បាន​គេ​ទម្លាក់​បន្ទាប់​ពី​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​រំលាយ​ចោល​កាល​ពី​ខែ​វិច្ឆិកាឆ្នាំ​មុន។ (ស៊ុន ណារិន/VOA)

លោក​ ពូ សុធីរៈ នាយក​ប្រតិបត្តិ​វិទ្យាសា្ថន​ខ្មែរ​សម្រាប់​សហ​ប្រតិបត្តិការ​ និង​សន្តិភាព​មាន​ប្រសាសន៍​ប្រាប់​ VOA ​ក្នុង​ម៉ោង​សម្រាក​អាហារ​ថ្ងៃត្រង់​នៃ​សិក្ខា​សាលា​ស្តីពី​ច្បាប់​សិទ្ធិមនុស្ស​អន្តរ​ជាតិ​ដដែល​នោះ​ថា​ ការ​រំលាយ​គណបក្ស​ប្រឆាំង​ គឺ​ផ្តើម​ចេញ​ពី​ភាព​មិន​ទុកចិត្ត​គ្នា​នៃ​ក្រុម​អ្នក​នយោបាយ​គណបក្ស​ធំៗ​ពីរ​ដែល​មាន​អាសនៈ​នៅ​សភា។ លោក​ថា​ ដើម្បី​បញ្ជៀស​បាន​សកម្មភាព​មិន​ប្រក្រតី​ ដែល​នឹង​អាច​កើត​ឡើង​នាពេល​ខាងមុខនោះ​ គឺ​តែ​មាន​ការ​សន្ទនា​គ្នា​រក​ដំណោះ​ស្រាយ​ប៉ុណ្ណោះ។

«ការ​រំលាយ​របស់​គណបក្ស​ប្រឆាំង​កើត​ចេញ​ពី​ទង្វើ​របស់​គណបក្ស​ប្រឆាំង​ ដោយ​ឡែក​មួយ​ចំណែក​ដែរ​ មិនមែន​តែ​ដោយសារ​រដ្ឋាភិបាល​សុទ្ធសាធ​នោះ​ទេ​ ដូច្នេះ​ត្រូវ​មើល​ឲ្យ​ឃើញ​ទាំងសងខាង​ មិនមែន​តែម្ខាង​ទេ។ នេះ​ជា​រឿង​មួយ​ដែល​ ជា​បញ្ហា​មួយ​ដែល​ ប្រទេស​កំពុង​តែ​ខំ​ប្រឹង​ដោះស្រាយ​ត​ទៅ​មុខ​ទៀត»។

លោក​មាន​ប្រសាសន៍​បន្ថែម​ថា៖​

«​ចំពោះ​មតិ​ខ្ញុំ​ ខ្ញុំ​យល់​ឃើញ​ថា​ ទាំង​សង​ខាង​ត្រូវតែ​មាន​ មាន​អំណត់​ ការ​អត់​ធន់​ ហើយ​និង​មាន​ឥរិយាបថ​ទន់​ស្រាល​មួយ​ ត្រូវ​ឲ្យ​មាន​ការ​ជជែក​គ្នា​ ត្រូវ​ការ​ឲ្យ​មាន​ការ​សន្ទនា​គ្នា​ ជជែក​គ្នា​ រក​ឲ្យ​ឃើញ​ចំណុច​ស្រប​ ចំពោះ​ចំណុច​ទាំង​ឡាយ​ណា​ដែល​កើត​ចេញ​ពីទាំង​សង​ខាង​នេះ​ ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​ប៉ះពាល់​ដល់​ប្រទេស​ជាតិ​យើង»។

ដោយ​ឡែក​លោក​ ឡៅ ម៉ុងហៃ​ អ្នកវិភាគ​ឯករាជ្យ​មាន​ប្រសាសន៍​ដោយ​មិន​ភ្ជាប់​ពី​ស្ថាន​ភាព​នយោបាយ​ក្នុង​ប្រទេស​ថា​ ការ​បញ្ជ្រាប​ចំណេះ​ដឹង​អំពី​ការ​អនុវត្តន៍​កាតព្វកិច្ច​ក្នុង​ការ​ទប់​ស្កាត់​ ឬ​ហៅ​ម៉្យាង​ទៀត​ថា​ ទំនួល​ខុសត្រូវ​ក្នុង​ការ​ការពារ​នោះ​អាច​នឹង​ធ្វើ​ទៅ​បាន​ដោយ​ជោគជ័យ​ ដោយ​ផ្អែក​លើ​បទពិសោធន៍​នៃការ​សម្លាប់​រង្គាល​ ដែល​កម្ពុជា​ធ្លាប់​មាន​ពី​មុន​មក​នោះ។

«យើង​ឆ្លងកាត់​ហើយ រឿង​កាប់​សម្លាប់​រង្គាល​ហ្នឹង​អ៊ីចេះ។ អា​នេះ​ គេ​សំដៅ​ទៅ​រក​ការ​ការ​ពារ​កុំ​ឲ្យ​មាន​ការ​កាប់​សម្លាប់​រង្គាល ឬ​ក៏​ស្អប់​គ្នា​អី​ វា​ប្រឆាំង​គ្នា​ វា​ធំ​ណាស់​រវាង​ ដូច​អ្នក​កាន់​សាសនា​ខុស​គ្នា​ចឹង​ ឬក៏​អ្នក​ដែល​ពូជសាសន៍​ ហើយខុសគ្នា​ចឹង​វា​ អាច​ឈាន​ទៅ​ដល់​ការ​កាប់​សម្លាប់​គ្នា​រង្គាល»។​

លោក​ ពូ សុធីរៈ​ នាយក​ប្រតិបត្តិ​វិទ្យាសា្ថន​ខ្មែរ​សម្រាប់​សហ​ប្រតិបត្តិការ​ និង​សន្តិភាពនិងជា​បុគ្គល​បង្គោល​ថ្នាក់​ជាតិ​សម្រាប់​ការ​អនុវត្តន៍​កាតព្វកិច្ច​ក្នុង​ការ​ទប់​ស្កាត់​អំពើ​ឃោរឃៅ​នេះ​ ថ្លែង​ថា​ ក្រុម​ការងារ​លោក​កំពុង​រៀបចំ​ឲ្យ​ការ​ធ្វើ​សិក្ខា​សាលា​មួយ​នៅ​ខេត្ត​ប៉ៃលិន​ ដែល​ជា​ផ្នែក​មួយ​នៃការ​បញ្ជា្រប​ការ​អនុវត្តន៍​កាតព្វកិច្ច​ក្នុង​ការ​ទប់​ស្កាត់ ​ឬ​ Responsibility to Protect ​នេះ។

កាលពី​ខែ​កញ្ញា​ ឆ្នាំ​២០១៧​ ក្រុម​បណ្តាញ​មួយ​ដែល​គេ​ស្គាល់​ថា​ ជា​មិត្ត​នៃ​ RtoP​ នេះ​ បាន​ធ្វើ​ទស្សនកិច្ច​នៅ​តំបន់​អន្លង់វែង​ ដែល​ជា​ទីជម្រក​ចុង​ក្រោយ​របស់​ក្រុម​មេដឹកនាំ​ និង​ទាហាន​ខ្មែរ​ក្រហម​ផង​ដែរ។ ដំណើរ​ទស្សនកិច្ច​នោះ​ ក៏​ជា​ផ្នែក​មួយ​នៃ​ការ​លើក​កម្ពស់​ការ​អនុវត្តន៍​កាតព្វកិច្ច​ក្នុង​ការ​ទប់​ស្កាត់​នេះ​ដែរ។

ក្នុង​សិក្ខា​សាលា​ស្តីពី​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ​ និង​ការ​បង្ការ​អំពើ​ឃោរឃៅ​នៅ​កម្ពុជា​នេះ​ ក្រុម​អ្នក​ជំនាញ​ទប់​ស្កាត់​ការ​សម្លាប់​រង្គាល​ក៏​បាន​លើកឡើង​ពី​បញ្ហា​សម្លាប់​រង្គាល​អម្បូរ​ជាតិ​សាសន៍​មូស្លីម​នៅ​រដ្ឋ​ Rakhine ​នៃ​ប្រទេស​ភូមា​ផង​ដែរ៕ ប្រភព៖ VOA