ភ្នំពេញ —លោក​នាយក​រដ្ឋ​មន្រ្តី​កម្ពុជា​ នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​ បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ដំឡើង​ម៉ាស៊ីន​តាម​ដាន​បណ្តាញ​អ៊ីនធើណិត​និង​ប្រព័ន្ធទំនាក់​ទំនងសង្គម​ ដើម្បី​ទប់ស្កាត់​និង​ចាត់​វិធានការ​ភ្លាមៗ​ដល់​រាល់​សកម្មភាព​ដែល​លោក​ចាត់​ទុក​ថា ជា​សកម្មភាព​បំផ្លិច​បំផ្លាញ​សង្គម។

​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ស្ពាន​អាកាស​ផ្សារ​ដីហុយ​លោក​ ហ៊ុន សែន​ អះអាង​ថា លោក​ទទួល​បាន​ព័ត៌មាន​ថា​ មាន​ក្រុម​មួយ​ចំនួន​ដែល​មាន​និន្នាការ​ប្រឆាំង​ការ​បោះ​ឆ្នោត​និង​រាជ​រដ្ឋាភិបាល​របស់​លោក​ បាន​និង​កំពុង​រៀបចំ​ផែនការ​ផ្សព្វផ្សាយ​ថា អ្នក​ដែល​ជ្រលក់​ដៃ​នឹង​ទឹក​ខ្មៅ​ក្នុង​ពេល​បោះ​ឆ្នោត​នឹង​ត្រូវ​ស្លាប់​ក្រោយ​រយៈពេល​២៤​ម៉ោង។

លោក​បន្ថែម​ថា ក្រុម​ដែល​គ្រោង​នឹង​ផ្សព្វផ្សាយ​បែប​នោះ​ គឺជា​ក្រុម​តែ​មួយ​ដែល​បាន​លើក​ឡើង​កាលពី​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣​ថា​ ទឹក​ខ្មៅ​ជ្រលក់​ដៃ​លុប​ជ្រះ។​ទោះ​យ៉ាង​ណា​លោក ហ៊ុន សែន មិន​មាន​បញ្ជាក់​ឲ្យ​ចំ​ឈ្មោះ​ថា តើ​ជា​ក្រុម​ណា ឬ​នរណា​ឲ្យ​ប្រាកដ​នោះ​ទេ។​

លោក​បញ្ជាក់​ថា៖​

«យើង​មិន​ទាន់​ទូទាត់​បញ្ជី​អា​រឿង​បញ្ហា​ទឹក​ខ្មៅ​ដុស​មិន​ជ្រះ​អា​៥ឆ្នាំ​មុន​ផង ឥឡូវ​ដាក់​ចេញ​នូវ​គោល​ការណ៍​ទឹក​ខ្មៅ​មាន​២ដប ទឹក​ខ្មៅ​មួយ​ដប​ទឹក​ខ្មៅ​ធម្មតា ទឹក​ខ្មៅ​មួយ​ដប​ទៀត ជ្រ​លក់​ទៅ​២៤​ម៉ោង គឺ​មនុស្ស​ស្លាប់ យូរ​បំផុត​មនុស្ស​ស្លាប់។ អ្នក​ឯង សូម​ចាំ​ឲ្យ​បាន​ថា ឧបាយកល​របស់​អ្នក​ឯង​ធ្វើ​បែប​នេះ អ្នក​ឯង​បំផ្លាញ​ជាតិ ហើយ​ខ្ញុំ​មិន​ឲ្យ​អ្នក​ឯង​រួច​ខ្លួន​ទេ សូម​កុំ​ភាន់​ច្រឡំ។ សូម្បី​ប្រធាន​គណ​បក្សចាប់​ហ្អែង​ម៉ោង​១២យប់ ព្រោះ​ជា​ទោស​ក្បត់​ជាតិ អា​នេះ​ក៏​ជា​ប្រទេស​ទោសក្បត់​ជាតិ​ដែរ»។

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមសម្ពោធផ្លូវជាតិលេខ១ ដែលត្រូវបានសាងសង់ឡើងដោយជំនួយពីប្រទេសជប៉ុន នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨។

លោក​នាយក​រដ្ឋមន្រ្តី​បាន​បន្ថែម​ដោយ​បញ្ជា​ឲ្យ​គ្រប់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ទាំង​អស់ ដំឡើង​ម៉ាស៊ីន ​ដើម្បី​ចាប់​ទី​តាំង​អ្នក​បង្ហោះ​សារ​ពាក់ព័ន្ធនឹង​ទឹក​ខ្មៅ​នេះ និង​ថា នេះ​ជា​សកម្មភាព​ក្បត់​ជាតិ។

លោក​មាន​ប្រសាសន៍​ថា៖​

«បញ្ចេញ​នូវ​ម៉ា​ស៊ី​ន​ទាំង​អស់ ដើម្បី​ចាប់​អា​បង្ហោះ​តាម​ហ្វេសប៊ុក​ព្រោះ កម្រិត​បច្ចុប្បន្ន​សូម​ជម្រាប​ជូន លម្អៀង​ត្រឹម​តែ២​ម៉ែត្រ​កន្លះ​ប៉ុណ្ណោះ សូម​ជម្រាប​លោក​ឯង​ឲ្យ​ច្បាស់។ រវាង​ការ​បង្ហោះ​ចាប់ Location (ទី​តាំង) នៃ​ទូរស័ព្ទ​របស់​អ្នក​ឯង លម្អៀង​ត្រឹម​តែ​២​ម៉ែត្រ​កន្លះ​ប៉ុណ្ណោះ។ កម្ពុជា​មាន​មធ្យោបាយ​បែប​នេះ។ ថ្ងៃ​មុន​ខ្ញុំ​សាកល្បង ឲ្យ​ចំណុច​ភ្លាម ត្រឹម​តែ៦​នាទី​ក្រោយ​ទេ​គឺ​ឲ្យ​ខ្ញុំ​ដឹង​រួច​ស្រេច​ទៅ​ហើយ»។

ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន​ ធ្វើ​ឡើង​ បន្ទាប់​ពី​ក្រសួង​សំខាន់ៗ​ចំនួន​បី​នៅ​ដើម​ខែមិថុនា​នេះ ​បាន​ចេញ​ប្រកាស​រួម​មួយ​ដើម្បី​តាម​ដាន និង​ចាត់​វិធានការ​លើ​ខ្លឹមសារ​នៃ​ការ​ផ្សព្វផ្សាយ​នានា​តាម​បណ្តាញ​អ៊ីនធើណិត​ដែល​មាន​ចេតនា​បង្ក​ជា​ចលាចល​បណ្តាល​ឲ្យ​អន្តរាយ​ដល់​វិស័យ​ការពារ​ជាតិ និង​សណ្តាប់ធ្នាប់​សង្គម គ្រប់រូប​ភាព និង​ទម្រង់​ក្នុង​ប្រទេស​កម្ពុជា។

ប្រកាស​របស់​អន្តរ​ក្រសួង​នោះ​ក៏​តម្រូវ​ឲ្យ​ក្រុម​ហ៊ុន​អ៊ីនធើណិត​ទាំង​អស់​បំពាក់​ឧបករណ៍​គ្រប់​គ្រង​ទិន្នន័យ​ «ដើម្បី​សម្រួល​ក្នុង​ការច្រោះ​ឬ​រាំងខ្ទប់​ចំពោះ​គេហ​ទំព័រ​គណនី​ ឬ​ទំព័រ​បណ្តាញ​ទំនាក់ទំនងសង្គម​ដែល​ធ្វើ​អាជីវកម្ម និង​ឬ​ការ​ផ្សព្វផ្សាយ​ខុស​ច្បាប់»។ ក្នុង​នោះ​ ​ក្រសួង​មហា​ផ្ទៃ​មាន​សិទ្ធិ​ក្នុង​ការ​ស្រាវជ្រាវ​និង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​អ្វី​ដែល​សមត្ថកិច្ច​យល់​ថា ជា​អំពើ​ល្មើស​ច្បាប់។​

យ៉ាង​ណា​ក៏​ដោយ លោក​នាយក​រដ្ឋ​មន្រ្តី​មិន​បាន​បញ្ជាក់​លម្អិត​ថា​ តើ​សកម្មភាព​នៃ​ការ​ផ្សព្វផ្សាយ​ពី​ទឹក​ខ្មៅ​ដែល​អាច​បណ្តាល​ឲ្យ​អ្នក​ជ្រលក់​ដៃ​បាត់​បង់​ជីវិត​ដែល​លោក​បាន​ដឹង​នោះ​ធ្វើ​ឡើង​ក្រោម​រូបភាព​ណា ឬ​ពេល​ណា​ឲ្យ​ពិត​ប្រាកដ​នោះ​ទេ។​

VOA មិន​អាច​ទាក់​ទង​លោក​ គៀត ច័ន្ទថារិទ្ធ អ្នក​នាំ​ពាក្យ​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​បាន​ទេ ខណៈ​លោក​ ខៀវ សុភ័គ​ អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ដោយ​បញ្ជាក់​ថា លោក​ទើប​ត្រឡប់​មកពី​បរទេស។

ចំណែក​លោក ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​(គ.ជ.ប) លើក​ឡើង​ថា លោក​បាន​ឮ​ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​នា​ព្រឹក​នេះ ប៉ុន្តែ​លោក​ថា លោក​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​ណា​មួយ​ពាក់​ព័ន្ធនឹង​ការ​ផ្សព្វផ្សាយ​ថា​ មាន​ទឹក​ថ្នាំ​ខ្មៅ​ជ្រលក់​ដៃ​ដែល​អាច​បណ្តាល​ឲ្យ​ស្លាប់​ក្រោយ​រយៈ​ពេល​២៤​ម៉ោង​នោះ​ទេ។

យ៉ាង​ណា​ក៏​ដោយ លោក ហង្ស ពុទ្ធា បាន​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការលើក​ឡើង​ណា​មួយ​ដែល​មិន​មែន​ជា​ការ​ផ្សព្វផ្សាយ​របស់ គ.ជ.ប និង​ថា គ.ជ.ប នឹង​អនុវត្ត​ទៅ​តាម​ច្បាប់​ ប្រសិន​បើ​មាន​ករណី​ផ្សព្វផ្សាយ​ថា​ ទឹក​ខ្មៅ​ជ្រលក់​ដៃ​ពេល​បោះ​ឆ្នោត​អាច​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ពិត​មែន។

លោក​បញ្ជាក់​ថា៖​

«រាល់​ព័ត៌មាន​ទាំង​ឡាយ​ដែល​មិន​ចេញ​ពី​គ.ជ.ប​ នោះ​មិន​មែន​ជា​រឿង​ពិត​ទេ​ ហើយ​គ.ជ.ប​ក៏​ជា​ស្ថាប័ន​មួយ​ដែល​ស្រលាញ់ និង​គោរព​ប្រជា​ពលរដ្ឋ​ ស្រលាញ់​ជាតិ​សាសនា ព្រះ​មហាក្សត្រ។ អីចឹង គ.ជ.ប បំពេញ​តួនាទី​បាន​ត្រឹម​ត្រូវ មិន​អនុញ្ញាត​ឲ្យ​មាន​ទឹក​ខ្មៅ​ណា​ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជា​ពលរដ្ឋ​ រហូត​បណ្តាល​ឲ្យ​ស្លាប់​អី ដូចជា​ការ​ផ្សព្វផ្សាយ​នោះ​ទេ»។

នៅ​មុន​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​អាណត្តិ​ទី៥ ក្នុង​ឆ្នាំ​២០១៣ អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​រួម​មាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ និង​អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​ហៅ​កាត់​ថា​ខុមហ្វ្រែល​ជា​ដើម បាន​បង្ហាញ​របក​គំហើញ​របស់​ខ្លួន​ថា ទឹក​ថ្នាំ​ខ្មៅ​របស់ គ.ជ.ប. អាច​លាង​ជ្រះ​វិញ​បាន​ដោយ​ងាយ​ក្នុង​រយៈ​ខ្លី។ ពួក​គេ​នា​ពេល​នោះ​បាន​បញ្ជាក់​ថា បញ្ហា​នេះ​នាំ​ឲ្យ​មាន​ការ​បារម្ភ​អំពី​លទ្ធភាព​លួច​បន្លំ​សន្លឹក​ឆ្នោត​ពី​អ្នក​ដែល​មាន​ឈ្មោះ​ស្ទួន​មួយ​ចំនួន​តាម​រយៈ​ការ​បោះ​ឆ្នោត​ច្រើន​ដង។

លោក ​កន សាវាង្ស​ អ្នក​សម្រប​សម្រួល​អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​ហៅ​កាត់​ថា​ខុមហ្វ្រែល បាន​ប្រាប់ VOA នារសៀល​ថ្ងៃ​ច័ន្ទ​នេះ​ថា រហូត​មក​ដល់​ពេល​នេះ​លោក​មិន​ធ្លាប់​បាន​ទទួល​ព័ត៌មាន​ពាក់​ព័ន្ធ​នឹង​ទឹក​ថ្នាំ​ជ្រ​លក់​ដៃ​ ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​នោះ​ទេ។​ លោក​ក៏​បាន​អះអាង​ថា​ ខុមហ្វ្រែល​ ក៏​មិន​មាន​ពាក់​ព័ន្ធ​ណា​មួយ​ពាក់​ព័ន្ធនឹង​ការ​ថ្លែង​ថា​ កម្ពុជា​មាន​ទឹក​ថ្នាំ​ខ្មៅ​ជ្រ​លក់​ដៃ​ក្នុង​ពេល​បោះ​ឆ្នោត​ដែល​បណ្តាល​ឲ្យ​ស្លាប់​នោះ​ដែរ។

លោក​ កន សាវាង្ស​ បន្ថែម​ថា​ លោក​គាំទ្រ​ចំពោះ​ការ​ចាត់​វិធាន​ការ​លើ​អ្នក​ដែល​ផ្សព្វផ្សាយ​ពី​ព័ត៌មាន​នេះ​ ប៉ុន្តែ​លោក​ថា រដ្ឋាភិបាល​ត្រូវ​ធានា​ពី​វិធានការ​ដែល​មាន​តម្លាភាព​ ​និង​ភាព​ត្រឹម​ត្រូវ​តាម​ច្បាប់។

លោក​មាន​ប្រសាសន៍​ថា៖​

«កុំ​ឲ្យ​ការ​បក​ស្រាយ​ណា​មួយ​ដែល​មាន​លក្ខណៈ​ជា​ការ​លាប​ពណ៌​ ការ​បក​ស្រាយ​ណា​មួយ​ដែល​មាន​បំណង​គំរាម​កំហែង​អ្នក​ស្មោះ​ត្រង់ អាហ្នឹង​ជា​ក្លាយ​ជា​ការ​ប៉ះពាល់​ដល់​សេរីភាព​អ្នក​សារ​ព័ត៌មាន ដែល​បាន​ធានា​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ហើយ។​ បើ​សិន​ជា​មិន​ច្បាស់​លាស់ ហើយ​យើង​ធ្វើ​មាន​ការ​គាប​សង្កត់​ហ្នឹង»។

ខណៈ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​អាណត្តិ​ទី៦ ​នឹង​ត្រូវ​ធ្វើ​ឡើង​នា​ថ្ងៃ​ទី២៩ ខែ​កក្កដា ឆ្នាំ​២០១៨​នេះ គេ​ឃើញ​ថ្នាក់​ដឹក​នាំ គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧​ បាន​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋធ្វើ​ពហិការ​កុំ​ទៅ​ចូល​រួម​ការ​បោះ​ឆ្នោត។

ការ​អំពាវនាវ​របស់​គណ​បក្សប្រឆាំង​មាន​ភាព​ផ្ទុយ​គ្នា​ទៅ​នឹង​គណបក្ស​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន​ ដែល​បាន​ដឹក​នាំ​ប្រទេស​ជាង​៤០ឆ្នាំ​មក​ហើយ។​ លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន​ បាន​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋទៅ​បោះ​ឆ្នោត​ ​ដោយ​ភ្ជាប់​នឹង​ការ​ព្រមាន​ជា​បន្ត​បន្ទាប់​ថា ប្រសិន​បើ​អ្នក​មិន​ទៅ​បោះ​ឆ្នោត​ហើយ​បែរ​យក​ទឹក​ខ្មៅ​ ឬ​ថ្នាំ​លាប​សក់​មក​លាប​លើ​ម្រាម​ដៃ​បន្លំ​ថា បាន​ទៅ​បោះ​ឆ្នោត នឹង​ត្រូវ​ប្រឈម​នឹង​ការ​មាន​ទោស។

ក្រសួង​មហា​ផ្ទៃ​ក៏​បាន​ប្រកាស​ថា អ្នក​ដែល​បង្ហោះ​សារ​ថា ខ្លួន​នឹង​មិន​ទៅ​បោះ​ឆ្នោត ឬ​ម្រាម​ដៃ​ស្អាត​ដោយ​មិន​មាន​ប្រឡាក់​ទឹក​ខ្មៅ​ក្នុង​ថ្ងៃ​បោះ​ឆ្នោត​ជា​ដើម​នោះ ក៏​នឹង​ត្រូវ​ប្រឈម​នឹង​ការ​ចាត់​វិធានការ​ផង​ដែរ៕ ប្រភព៖ VOA