​Forest Record បាន​បញ្ចេញ​ឃ្លី​ប​ថ្មី​មួយទៀត ពី​ក្នុង​បន្ទប់​រូងភ្នំ Tham Luang ដើម្បី​បង្ហាញ​ពី​ស្ថានភាព​បច្ចុប្បន្ន​របស់​ក្មេងៗ និង​គ្រូបង្វឹក​បាល់ទាត់​របស់​ពួកគេ​ទាំង​១៣​នាក់ ដែល​កំពុង​បន្ត​ជាប់គាំង​នៅក្នុង​នោះ ។ ខណៈ​ពេលនោះ​ផងដែរ គ្រូពេទ្យ​ម្នាក់​បាន​យក​ថ្នាំ លាប​ទៅលើ​ផ្នែក​មួយចំនួន​នៃ​ខ្លួនប្រាណ​របស់​ពួកគេ​ម្នាក់ៗ ដែល​ទទួល​រងរបួស​បន្តិចបន្តួច ដោយសារ​ប៉ះទង្គិច​នឹង​ផ្ទាំង​ថ្ម ។​

​ទាំង​គ្រូបង្វឹក និង​កូនៗ​សិស្ស​ទាំងអស់គ្នា គឺ​ពួកគេ​ម្នាក់ៗ​សុទ្ធតែ​បង្ហាញ​នូវ​រូបរាង​ស្គមស្គាំង ប៉ុន្តែ ពួកគេ​នៅតែ​បង្ហាញ​ស្នា​ញញឹម បន្ទាប់ពី​ទទួលបាន​ការជួយ​សង្គ្រោះ​ដ៏​កក់ក្តៅ​នេះ ។ ហើយ​ខណៈ​ពេលនេះ ទាំង​អាហារ និង​ភួយ ក៏ត្រូវ​បានផ្តល់​ជូន​ដល់​ពួកគេ​បាន​គ្រប់ៗ​គ្នា​ផងដែរ ។​

​ឪពុកម្តាយ​ដែល​បាន​មើលឃើញ​ឃ្លី​ប​នេះ ពួកគាត់​ពិតជា​មានកា​រ​សប្បាយចិត្ត​យ៉ាងខ្លាំង ដែល​បានឃើញ​កូនៗ​របស់​ពួកគាត់​មាន​សុវត្ថិភាព ។​

​សម្រាប់​បរិយាកាស​នៅ​ឧទ្យាន Tham Khun Nam នៅ​ថ្ងៃទី​៤ នេះ មន្ត្រី​មកពី​គ្រប់ផ្នែក បាន​បន្តធ្វើ​ការងារ​ស​ង្គ្រោះ​យ៉ាង​សស្រាក់សស្រាំ ដើម្បី​នាំយក​ក្រុម​ក្មេងៗ​រងគ្រោះ​ទាំង​១៣​នាក់ ដែល​កំពុងតែបន្ត​ជាប់គាំង​នោះ​ក្នុង​រូងភ្នំ​នេះ ។ មន្ត្រី​ឧទ្យាន​បានរៀបចំ​បណ្តា​សម្ភារៈ​ផ្គត់ផ្គង់ ចេញទៅ​កាន់​ប្រហោង​នានា ដើម្បី​ស្វែងរក​វិធី​ចូល​ខាងក្នុង ក៏ដូចជា «​ជីក​ខួង​» ពី​កំពូលភ្នំ​តែម្តង បន្ទាប់ពី​ពុំមាន​ដំណោះស្រាយ​រំដោះ​ក្មេងៗ​ទាំង​១៣​នាក់ ចេញ​តាម​ច្រក​មុខ​របស់​រូង​នេះ ។​

​ទោះយ៉ាងណា នៅថ្ងៃនេះ ការរំដោះ​ទឹក​ចេញពី​ក្នុង​រូង ក៏​នៅតែ​បន្ត ទៅតាម​លទ្ធភាព​ដែល​អាចធ្វើ​ទៅបាន ដើម្បី​នាំយក​ពួកគេ​ចេញ​ក្រៅ​វិញ​ងាយស្រួល ។ ចំណែក​អាកាសធាតុ​នៅថ្ងៃនេះ​វិញ គឺ​មេឃ​មាន​សភាព​អាប់អួរ ប៉ុន្តែ ពុំមាន​ភ្លៀង​នោះទេ ៕