ក្រសួង​ព័ត៌មាន​កម្ពុជា ក្រោយ​ពី​ចេញ​សេចក្តី​ប្រកាស​គ្រប់​គ្រង​ការ​ផ្សព្វ​ផ្សាយ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត បាន​បញ្ជាក់​នៅ​ថ្ងៃ​នេះ ថា​ខ្លួន​នឹង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចាប់​ពី​ថ្ងៃ​ស្អែក​ត​ទៅ ចំពោះ​អ្នក​ចែក​ចាយ​ព័ត៌មាន​មិន​ពិត​តាម​បណ្តាញ​ទំនាក់​ទំនង​សង្គម។ ជា​សេចក្តី​ប្រកាស ដែល​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​រិះគន់។

លោក ផុស សុវណ្ណ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍​នៃ​ក្រសួង​ព័ត៌មាន បាន​ថ្លែង​ក្នុង​ឱកាស​ផ្សព្វ​ផ្សាយ​សេចក្តី​ប្រកាស​របស់​អន្តរក្រសួង​ថា ចាប់​ពី​ថ្ងៃ​ទី​៥ ខែ​កក្កដា ត​ទៅ​ក្រសួង​នឹង​មាន​វិធានការ​ខ្លះៗ​ហើយ តាម​រយៈ​ការ​អនុវត្ត​ប្រកាស​របស់​អន្តរ​ក្រសួង ទៅ​លើ​អ្នក​ចែក​ចាយ​ព័ត៌មាន​មិន​ពិត និង​ប៉ះ​ពាល់​ដល់​សន្តិសុខ​ជាតិ។ បើ​តាម​លោក ផុស សុវណ្ណ ក្រសួង​ព័ត៌មាន​បាន​ប្រុង​ប្រៀប​យូរ​ណាស់​មក​ហើយ ប៉ុន្តែ​ចង់​ទុក​ឱកាស ដើម្បី​សិក្សា​ជាមួយ​ក្រសួង​ពាក់​ព័ន្ធ ថា​តើ​ព័ត៌មាន​ប្រភេទ​ណា និង​កម្រិត​ណា ដែល​ក្រសួង​គួរ​ចាត់​វិធានការ ឬ​មិន​គួរ?

លោក ផុស សុវណ្ណ បញ្ជាក់​ជា​ថ្មី​ថា សេចក្តី​ប្រកាស​របស់​អន្តរ​ក្រសួង​មិន​មាន​ចេតនា​ណា​មួយ​រឹត​បន្តឹង​ចំពោះ​អ្នក ដែល​មាន​និន្នាការ​ផ្ទុយ​ពី​រដ្ឋាភិបាល​នោះ​ទេ ព្រោះ​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ធានា​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ។

សូម​បញ្ជាក់​ថា ប្រកាស​រួម​គ្នានៃ​ក្រសួង​​៣ កាល​ពី​ចុង​ខែ​ឧសភា មាន​គោល​ដៅ ប្រឆាំង ទប់​ស្កាត់ រាល់​ការ​ផ្សព្វ​ផ្សាយ​រាល់​ខ្លឹមសារ​ព័ត៌មាន ឬ​សារ​ជា​អក្សរ សំឡេង វីដេអូ និង​ទម្រង់​ផ្សេង​ៗ​ទៀត នៅ​តាម​គេហទំព័រ​​និង​បណ្ដាញ​សង្គម​ក្នុង​ប្រទេស​កម្ពុជា ​ ដែល​មាន​ចេតនា​បង្ក​ជា​ចលាចល។ ជា​ចលាចល បណ្ដាល​ឲ្យ​អន្តរាយ​ដល់​វិស័យ​ការពារ​ជាតិ សន្តិសុខ​ជាតិ ទំនាក់​ទំនង​ជាមួយ​ប្រទេស​ដទៃ សេដ្ឋកិច្ច​ជាតិ សណ្ដាប់​ធ្នាប់​សារធារណៈ ​ការ​រើស​អើង និង​វប្បធម៌ ប្រពៃណី​ជាតិ។

បើ​តាម​ប្រកាស​អន្ដរក្រសួង​កម្រាស់​៤​ទំព័រ​ដដែល ស្ថាប័ន ​និង​អង្គភាព​ជំនាញ​នីមួយ​ៗ​ត្រូវ​បំពេញ​កាតព្វកិច្ច​តាម​ភារកិច្ច​រៀង​ៗ​ខ្លួន និង​ត្រូវ​សហការ​គ្នា ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​គោល​ដៅ​ខាង​ដើម​។ ក្នុង​នោះ ក្រសួង​ព័ត៌មាន​ត្រូវ​គ្រប់​គ្រង​ព័ត៌មាន​ដែល​ផ្សព្វ​ផ្សាយ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​, ចាត់​វិធានការ​ចំពោះ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​តាម​អេឡិចត្រូនិក​ណា ដែល​មាន​ច្បាប់​អនុញ្ញាត តែ​ផ្សព្វ​ផ្សាយ​លើ្មស​ច្បាប់, ព្រម​ទាំង​ផ្ដល់​ព័ត៌មាន​ដល់​ក្រសួង​ប្រៃសណីយ៍ ឲ្យ​ចាត់​វិធានការ​បិទ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​តាម​អេឡិច​ត្រូនិក​ដែល​បើក​អាជីវកម្ម​ដោយ​ខុស​ច្បាប់ ឬ​ផ្សាយ​ព័ត៌មាន​ដោយ​ចេតនា​ដើម្បី​បង្ក​ចលាចល​នៅ​ក្នុង​សង្គម​។ រី​ឯ​ក្រសួង​មហាផ្ទៃ​វិញ មាន​ភារកិច្ច​សិក្សា ស្រាវជ្រាវ ស្វែង​រក និង​ឈាន​ទៅ​បង្ក្រាប​​គេហទំព័រ​ និង​បណ្ដាញ​សង្គម​ណា ដែល​ផ្សព្វផ្សាយ​ល្មើស​ច្បាប់។

ជា​ការ​កត់​សម្គាល់​សេចក្តី​ប្រកាស​របស់​អន្តរ​ក្រសួង​ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ធ្វើ​ការ​រិះគន់​ថា​រដ្ឋាភិបាល​ធ្វើ​ជ្រុល ហើយ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​អប់​រំ​ប្រជាពលរដ្ឋ​​​ពី​ការ​ប្រើ​ប្រាស់​អ៊ីនធឺណិត​ឲ្យ​បាន​ត្រឹម​ត្រូវ​វិញ ​ទើប​ប្រសើរ៕ ប្រភព៖ RFI