ភ្នំពេញ —ក្រុម​មន្ត្រី​ចិន​ ដែល​ជា​អតីត​មន្ត្រី​ការទូត​ និង​ជា​សមាជិក​គណបក្ស​កុម្មុយនីស្ត​ចិន​ទទួល​បន្ទុក​បរិស្ថាន ​បាន​បា្រប់​សមភាគី​កម្ពុជា​អំពី​បំណង​របស់​ពួកគេ​ ក្នុងការ​ចែក​រំលែក​បទ​ពិសោធន៍​ និង​ចំណេះ​ដឹង​ ដើម្បី​រួម​ចំណែក​ដល់​ដំណើរ​ការ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ ដែល​បាន​កសាង​ចំណង​ការទូត​ជាមួយ​ចិន​អស់​រយៈ​ពេល​៦០ឆ្នាំ​មក​នេះ។ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​ការ​បរទេស​នៃ​រដ្ឋាភិបាល​កម្ពុជា​ និង​តាម​ការ​ថ្លែង​បញ្ជាក់​របស់​មន្ត្រី​ចិន​ដែល​បាន​មក​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា​នាដើម​សប្តាហ៍​នេះ។

លិខិត​របស់​ក្រសួង​ការ​បរទេស​ និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​នៃ​រដ្ឋាភិបាល​កម្ពុជា​ ចុះថ្ងៃទី​៤ ខែ​កក្កដា​ ឆ្នាំ​២០១៨​ សរសេរ​ថា​ លោក​ Hu Zhengyue​ ​អនុប្រធាន​សមាគម​ការទូត​សាធារណៈ ​និង​ជា​អតីត​ជំនួយ​ការ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ចិន​ បាន​ប្រាប់​លោក ​បា្រក់​ សុខុន​ រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា​ ថា​ លោក​មាន​បំណង​ក្នុង​ការ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​ការ​ជាមួយ​កម្ពុជា​ ​លើការ​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​ និង​ការ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ។​

ការ​ថ្លែង​របស់​លោក​ Zhengyue ​បាន​ធ្វើ​ឡើង​ក្នុង​ជំនួប​មួយ​ជាមួយ​លោក​ប្រាក់​ សុខុន​ ​កាលពី​ថ្ងៃចន្ទ​នា​ទីក្រុង​ភ្នំពេញ។​

លោក​ Hu Zhengyue ​អនុប្រធាន​សមាគម​ការទូត​សាធារណៈ ​បាន​បញ្ជាក់​នៅ​ចំពោះ​មុខ​លោក​រដ្ឋមន្ត្រី​ការ​បរទេស​ប្រាក់​ សុខុន​ថា​ ​«រដ្ឋាភិបាល​ចិនគាំទ្រ​យ៉ាង​ពេញ​លេញ​ដល់​ដំណើរ​ការ​បោះឆ្នោត​នៅ​កម្ពុជា​ និង​បាន​សំដែង​ការ​កោត​សរសើរ​ចំពោះ​ការ​រីកចម្រើន​ ពិសេស​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច-សង្គម​ ​ដែល​រាជ​រដ្ឋាភិបាល​កម្ពុជា​សម្រេច​បាន»។​

លោក Zhengyue ​ដែល​ជា​អតីត​មន្ត្រី​ការទូត​មួយរូប​ ​ក៏​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការ​រួម​ចំណែក​យ៉ាង​សកម្ម​របស់​កម្ពុជា​ នៅ​ក្នុង​ការ​លើក​ស្ទួយ​ទំនាក់​ទំនង​អាស៊ាន-ចិន​ និង​ទំនាក់​ទំនង​រវាង​បណ្តា​ប្រទេស​មេគង្គ​ជា​មួយ​ចិន ​តាម​រយៈ​កិច្ច​សហ​ប្រតិបត្តិការ​មេ​គង្គ-ឡានឆាង។​

លោក ​Hu Zhengyue ​បាន​ផ្តើម​ដំណើរ​បំពេញ​ទស្សនកិច្ច​ នៅ​មុន​ការ​មក​បំពេញ​ទស្សនកិច្ច​របស់​លោក​ Zhao Yingmin​ អនុ​រដ្ឋមន្ត្រី​នៃ​ក្រសួង​អេកូឡូស៊ី ​និង​បរិស្ថាន​របស់​រដ្ឋាភិបាល​ចិន ​ ដែល​កំពុង​ធ្វើ​ទស្សន​កិច្ច​នៅ​កម្ពុជា​ដើម្បី​ពង្រឹង​កិច្ច​សហ​ប្រតិបតិ្ត​ការ​ក្នុង​វិស័យ​បរិស្ថាន ​និង​ការ​ផលិត​ទឹក​ស្អាត។​

ដំណើរ​ទស្សន​កិច្ច​របស់​ក្រុម​មន្ត្រី​ចិន​ទាំងពីរ​នេះបាន​ធ្វើ​ឡើង​នៅ​មុន​ការ​បោះ​ឆ្នោត​ ដ៏​ចម្រូង​ចម្រាស​ នាចុង​ខែ​កក្កដា​នេះ​ ​ដែល​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ និង​ប្រទេស​កាន់​លទ្ធិ​ប្រជា​ធិបតេយ្យ​ធំៗ​មើល​ឃើញ​ថា ​មិន​មែន​ជា​ការ​បោះឆ្នោត​ដែល​ផ្តល់​សិទ្ធិ​ពេញ​លេញ​ឲ្យពលរដ្ឋ​កម្ពុជា​បង្ហាញ​ឆន្ទៈនយោបាយ​របស់ខ្លួន​តាម​សន្លឹក​ឆ្នោត​ទេ​ ​បន្ទាប់ពី​គណបក្ស​ប្រឆាំង​ធំ​មួយ​គឺគណបក្ស​សង្គ្រោះជាតិ​ ត្រូវ​បាន​រំលាយ​ចោល​ដោយ​អំណាច​របស់​តុលាការ​កំពូលតាម​បណ្តឹង​របស់​រដ្ឋាភិបាល​កម្ពុជា​ ដែល​បាន​ចោទ​លោក​ កឹម សុខា​ មេដឹក​នាំ​គណបក្ស​នេះ​ថា​ ​បាន​ប្រព្រឹត្ត​អំពើ​ក្បត់ជាតិ​ តាម​ការ​សម​គំនិត​ជាមួយ​រដ្ឋ​បរទេស​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ។​

ពិធី​ចុះ​ហត្ថលេខា​លើ​ឯកសារ​អនុស្សារណៈ​យោគយល់​ចំ​នួនបី​ ផ្តោត​លើកិច្ច​គាំពារ​បរិស្ថាន​ ការ​អភិរក្ស​អេកូឡូស៊ី​ និងការ​ផលិត​ទឹកស្អាត ដែល​ធ្វើឡើងនៅ​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​៤​ ខែ​កក្កដា​ ឆ្នាំ​ ២០១៨។ (ហ៊ុល រស្មី/VOA)

លោក​ ប្រាក់​ សុខុន​ រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​ បាន​បញ្ជាក់​ប្រាប់​ភាគីចិន​គឺ​លោក​លោក ​Hu Zhengyue ​អតីត​ជំនួយ​ការ​រដ្ឋមន្ត្រី​ការ​បរទេស​ចិន​ ក្នុង​ជំនួប​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ចន្ទ​ដដែល​ថា​ ​«រាជ​រដ្ឋាភិបាល​កម្ពុជាបាន​ផ្តល់​អាទិភាព​សំខាន់​លើ​ការ​រក្សា​ការពារ​សន្តិភាព​ ស្ថិរភាព​ និង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​សង្គម​ ហើយ​លោក ​ប្រាក់​ សុខុន ក៏​បាន​វាយ​តម្លៃ​ខ្ពស់​ការ​គាំទ្រ​របស់​ចិន​ ចំពោះ​ការ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​របស់​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​កម្ពុជា​ «ដែល​សំដៅ​ការពារ​ឯករាជ្យ​ និង​អធិបតេយ្យ​របស់​ប្រទេស​ជាតិ»។​

លោក​ ប្រាក់​ សុខុន​ ក៏បាន​ថ្លែង​ឲ្យ​ដឹង​អំពី​បំណង​របស់​លោក ​ដែល​ចង់​ឲ្យមាន​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​វិទ្យាស្ថាន​ជាតិ​ការទូត​ និង​ទំនាក់​ទំនង​អន្តរជាតិ​ នៃ​ក្រសួង​ការ​បរទេស​ និង​សហ​ប្រតិ​បត្តិ​ការ​អន្តរជាតិ​ ជាមួយ​វិទ្យាស្ថាន​ការ​ទូត​របស់​ចិន​ផង​ដែរ។​

នៅ​ក្រសួង​បរិស្ថាន​ នា​ព្រឹក​ថ្ងៃ​ពុធ​នេះ​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ​លោក​សាយ សំអាល់​ និង​លោក Zhao Yingmin​ អនុ​រដ្ឋមន្ត្រី​នៃ​ក្រសួង​អេកូឡូស៊ី ​និង​បរិស្ថាន​របស់​រដ្ឋាភិបាល​ចិន​ បាន​ធ្វើ​ជា​អធិបតីនៃ​ការ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ចំនួន​បី​ ដែល​ផ្តោត​លើកិច្ច​សហ​ប្រតិបត្តិ​ការ​វិស័យ​បរិស្ថាន​ ការ​អភិរក្ស​ជីវៈ​ចម្រុះ​កម្ពុជា​ ចិន​ និង​គម្រោង​ឧបត្ថម្ភ​ម៉ាស៊ីន​សម្អាតទឹក​កខ្វក់។​ មន្ត្រី​ជាន់​ខ្ពស់​របស់​ប្រទេស​ទាំង​ពីរ​ក៏បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ «ការិយាល័យ​រៀបចំ​បង្កើត​មជ្ឈ​មណ្ឌល​សហ​ប្រតិ​បត្តិការ​បរិស្ថាន​កម្ពុជា-ចិន»។​

​ក្រោយ​ពិធី​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគ​យល់​នោះ​ លោក Zhao Yingmin ​បាន​ថ្លែងថា​ ប្រទេស​ចិន​បាន​ទទួល​សមិទ្ធផល​មួយ​ចំនួន​ក្នុង​សកម្ម​ភាព​ថែ​ទាំង​ប្រព័ន្ធ​អេកូឡូស៊ី ​និង​ការ​រក​ឃើញ​បច្ចេកទេស​ល្អ​សម្រាប់​បម្រើ​ដល់​វិស័យ​បរិស្ថាន។ ​ជា​មួយ​សមិទ្ធ​ផល​ទាំង​នេះ​ ​លោក ​Yingmin ​មាន​បំណង​ចែក​រំលែក​ឲ្យ​កម្ពុជា​នូវ​បទ​ពិសោធន៍​មួយ​ចំនួន​ ​ដែល​បាន​ធ្វើ​នៅ​ប្រទេស​ចិន​ ខាង​បញ្ហា​បរិស្ថាននេះ។ ​លោក​បាន​ថ្លែង​ដោយ​មាន​អ្នក​បកប្រែ​ជា​ភាសា​ខ្មែរ​ថា៖

«នៅ​ក្នុង​កិច្ច​គាំពារ​បរិស្ថាន​ ប្រព័ន្ធ​អេកូឡូស៊ី​ ជាក់​ស្តែង​ក្នុង​ប្រទេស​ចិន​ កន្លង​មក​ ខ្ញុំ​ទទួល​បាន​នូវ​សមិទ្ធ​ផល​មួយ​ចំនួន ​ក៏​ដូច​មាន​នូវ​បទ​ពិសោធន៍​ល្អៗ​ខ្លះក៏​ដូច​ជា​បច្ចេក​ទេស​ល្អៗ​មួយ​ចំនួន​ ​ហេតុដូច្នេះ​ ខ្ញុំ​មាន​គោល​បំណង ​និង​ឆន្ទៈ​ ​ដើម្បី​ធ្វើការ​ចែក​រំលែក​នូវ​បទ​ពិសោធន៍​ ក៏​ដូច​ជា​បច្ចេកទេស​ទាំង​អស់​នេះ​ ជូន​ដល់​ប្រទេស​កម្ពុជា​ នៅ​ក្នុង​កិច្ច​សហ​ប្រ​តិបត្តិការ​ទ្វេរភាគី»។​

លោក​ សាយ សំអាល់​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ បាន​ថ្លែង​ថា​ ឯកសារ​អនុស្សរណៈ​យោគយល់​ដែល​ភាគី​កម្ពុជា​ ​និង​ចិន​បាន​ព្រមព្រៀង​នោះ​ បាន​ឆ្លើយ​តប​ទៅ​នឹង​ឆន្ទៈ​របស់​ក្រសួង​បរិស្ថាន​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នៃ​កិច្ច​គាំពារ​បរិស្ថាន​នៅ​ក្នុង​ប្រទេស។​

លោក​មាន​ប្រសាសន៍​ថា​ ការិយាល័យ​រៀបចំ​បង្កើត​មជ្ឈ​មណ្ឌល​សហ​ប្រតិ​បត្តិ​ការ​បរិស្ថានកម្ពុជា-ចិន ​ដែល​ទើប​ត្រូវ​បាន​ដាក់​ឲ្យ​សម្ពោធ​ថ្មីៗ​នេះ ​នឹង​ក្លាយ​ជា​ «ច្រក​ចេញ​ចូល​តែមួយ»​ សម្រាប់​ការ​ប្រាស្រ័យ​ទាក់​ទង​រវាង​ភាគី​ចិន​ ​និង​កម្ពុជា​ ដើម្បី​សហការ​ និង​ធ្វើការ​ជា​មួយ​គ្នា​លើ​វិស័យ​បរិស្ថាន​នេះ។​

«ច្រក​ចេញចូលតែមួយ​នេះ​បាន​សេចក្តី​ថា​ យើង​ខ្ញុំនៅ​មាន​លទ្ធភាព​ជម្រាប​ជូន​ទៅ​ប្រទេស​ចិន​ ក៏ដូច​ជា​ខាង​ភាគី​ចិន​ អាច​ជម្រាប​ជូន​មក​យើង​ខ្ញុំ​ ហើយ​យើង​រក​អ្វី​មួយ​ ដែល​ជា​ចំណុច​កណ្តាល​សម្រាប់​យើង​ទាំង​ពីរ​ធ្វើការ»។​

លោក​មាស នី​ អ្នក​សិក្សា​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម​ថ្លែង​ថា ​ ឥទ្ធិពល​ចិន​ទាំង​ក្នុង​វិស័យ​សេដ្ឋកិច្ច​ និង​យោធា​ កាន់តែ​រីកធំ​ឡើង​នៅ​កម្ពុជា ​ខណៈដែល​ប្រទេស​នេះក៏​កំពុង​ងាក​ទៅ​ពឹងផ្អែក​ខ្លាំង​មក​លើ​ការ​ជួយ​ទំនុក​បម្រុង​របស់​ចិន​ក្នុង​វិស័យ​ហិរញ្ញ​វត្ថុ​ និង​វិនិយោគចិន​ ហើយ​បាន​ឃ្លាត​ឆ្ងាយ​ពី​ប្រទេស​ប្រជា​ធិបតេយ្យ​ធំៗ​ ក្នុង​នោះ​មាន​សហ​រដ្ឋ​អាមេរិក។​ លោក​បន្ត​ថា​ ការ​ពឹង​ផ្អែក​លើ​ប្រភព​ជំនួយ​លុយ​កាក់​ចិន​ខ្លាំង​បែប​នេះ​ មិន​មែន​ជា​ជម្រើស​ល្អ​នោះ​ឡើយ។​

«ជួន​កាល​ការ​ជួយ​វិស័យ​សេដ្ឋកិច្ច​ ប៉ុន្តែ​មិន​បាន​គិតគូរអំពី​ផល​ប៉ះពាល់​ទៅ​លើ​សង្គម​ផ្សេងៗ​ ក៏​វា​អាច​ធ្វើ​ឲ្យ​ទំនាក់​ទំនង​បាន​ក្លាយ​ជា​រឿង​មួយ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិបត្តិ​សង្គម​នៅ​ក្នុង​ប្រទេស​ខ្មែរ​យើង​ផង​ដែរ​ បាទ។ ​យើង​ឃើញ​ស្រាប់​ហើយ​ថា​ ពីមុន​មក​ តាម​រយៈការ​វិនិ​យោគទុន​របស់​ចិន​នៅ​ក្នុង​តំបន់​ខ្លះ​ គឺ​មិន​បាន​ធ្វើ​ការ​ពិភាក្សា​ឲ្យ​បាន​ល្អិតល្អន់​ជាមួយ​ពល​រដ្ឋ​មូល​ដ្ឋាន​ទេ​ អីចឹងវា​ធ្វើ​ឲ្យ​ពលរដ្ឋ​មូលដ្ឋាន​ខ្លះចាប់​ផ្តើម​មិន​សប្បាយ​ចិត្ត​ជាមួយ​នឹង​ការ​វិនិ​យោគ​ទុន​របស់​ចិន​ ហើយ​ផល​ប៉ះពាល់​ផ្នែក​ប្រជា​ប្រិយភាព​ត្រូវ​ធ្លាក់​ទៅ​រដ្ឋាភិបាល​ ដែល​យើង​ឃើញ​ស្រាប់​ នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​ហើយ​ បាទ»។​

លោក​ មាស នី ​បាន​លើក​ឡើង​បន្តថា​ ចិន​មិន​ត្រឹមតែ​បាន​ពង្រីក​ឥទ្ធិពល​ខ្លួន​នៅ​កម្ពុជា​នោះ​ទេ​ តែ​ប្រទេស​នេះ​ក៏​ថែម​ទាំង​កំពុង​ធើ្វការ​វាតទី​ ដោយ​ការ​ពង្រីក​ឥទ្ធិពលខាង​សេដ្ឋ​កិច្ច​ខ្លួន​នៅ​ប្រទេស​ផ្សេង​ទៀត​ផង​ដែរ​ ដែល​បាន​ធ្វើ​ឲ្យ​ប្រទេស​ខ្លះ​ផ្ទុះ​ការ​តវ៉ា​ ដូចជា​វៀតណាម​ជា​ដើម។​

«សូម្បី​តែ​វៀត​ណាម​ ក្នុង​រយៈ​ពេល​ប៉ុន្មាន​អាទិត្យ​មុន​នេះ​ ក៏​យើង​ឃើញ​មាន​ការ​បះបោរ​តវ៉ា​របស់​ពលរដ្ឋ​វៀតណាមប្រឆាំង​ជាមួយ​នឹង​ការ​វិនិយោគទុន​របស់​ចិន​នៅ​ក្នុង​ប្រទេសវៀត​ណាម​ដែរ​ បាទ។ អីចឹង​វា​ជា​ចរន្ត​ពិភព​លោក​មួយ​ដែល​ចិន​បាន​បន្ត​វាតទី​នូវ​ឥទ្ធិពល​របស់​ខ្លួន​ហ្នឹង​ទៅ​លើ​ស្ទើរ​តែ​ប្រទេស​សំខាន់ៗ​ក្នុង​ពិភព​លោក​ហ្នឹង​ រួមទាំង​ប្រទេស​អ្នក​មាន​ផង​ សូម្បី​តែ​អូស្ត្រាលី​ក៏មាន​ពលរដ្ឋ​ចិន​ហ្នឹងបាន​ទៅ​ដាក់​ទុន​រក​ស៊ី​អី​នៅ​ខាង​នោះ​ច្រើន​ដែរ​ បាទ»។​

អ្នក​សិក្សា​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម​រូប​នេះ​បាន​ព្រមាន​ថា​ ប្រទេស​មួយ​មិន​អាច​ពឹង​ផ្អែក​ខ្លាំង​ហួស​ហេតុ​ទៅលើ​ប្រទេស​មួយ​ផ្សេង​ទៀត​នោះ​ទេ​ ពោល​គឺ​បើ​កម្ពុជា​ពឹង​ចិន​ខ្លាំង​ ហើយ​នៅពេលចិន​ប្រឈម​នឹង​វិបត្តិ​ហិរញ្ញ​វត្ថុ​ជាយថាហេតុ​ណា​មួយ​នោះ​ គឺ​កម្ពុជា​នឹង​រង​ផលវិបាក​មុន​គេ។ ​លោក​ថ្លែង​បន្ថែម​ថា​ សង្គ្រាម​ពាណិជ្ជ​កម្ម​រវាង​អាមេរិក​ ​និង​ចិនជា​ការ​ព្រួយបារម្ភ​មួយ​ដល់​ប្រទេស​ដែល​ពឹង​ផ្អែក​លើ​ចិន​ ព្រោះ​ថា​ មាន​សេចក្តី​រាយ​ការណ៍​មក​ថា​ ចិន​បាន​ចាប់​ផ្តើម​បង្អង់​ល្បឿន​ការ​វិនិយោគ​ធំៗ​របស់​ខ្លួន ​ដោយ​ប្រទេស​កុម្មុយនីស្ត​នេះ​មាន​ការ​បារម្ភ​ពីបញ្ហា​ហិរញ្ញ​វត្ថុ​ផ្សេងៗ​ ដោយសារ​ជម្លោះ​ពាណិជ្ជ​កម្មជាមួយ​អាមេរិក​នោះ។​

នៅមុន​ដំណើរ​ទស្សនកិច្ចរបស់​ក្រុមមន្ត្រី​ទទូល​បន្ទុក​ការទូត​ និង​បរិស្ថាន​របស់​ចិន​នេះ ​លោក​ Wei Fenghe ​រដ្ឋមន្ត្រី​ការពារ​ជាតិ​របស់​ប្រទេស​ចិន​ក៏​បាន​មកបំពេញ​ទស្សន​កិច្ច​ផ្លូវ​រដ្ឋ​នៅ​កម្ពុជា​កាលពី​ខែ​មិថុនា​កន្លង​ទៅ​នេះ។ ​លោក​ Fengheបា​ន​សន្យា​ផ្តល់​ថវិកា​ប្រមាណ​ជាង​១០០​លាន​ដុល្លារ​អាមេរិក​ ដើម្បី​ប្រើ​ប្រាស់​ក្នុង​វិស័យ​យោធា​របស់​កម្ពុជា ​និង​បាន​បញ្ជាក់​ពីការ​បន្ត​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិការយោធា​រវាង​កម្ពុជា​ និង​ចិន​ផង​ដែរ។​

ប្រទេស​កម្ពុជាគ្រោង​នឹង​រៀប​ចំការបោះ​ឆ្នោត​សភា​សម្រាប់​អាណត្តិ​ទីប្រាំ​មួយ​នៅ​ថ្ងៃ​២៩ ​ខែ​កក្កដា ឆ្នាំ២០១៨។​ ​ប្រទេស​ដែល​ដើរ​តាម​គោល​ការណ៍​ប្រជា​ធិបតេយ្យ មាន​ដូច​ជា​សហ​រដ្ឋ​អាមេរិក​ និង​សហភាព​អឺរ៉ុប​បាន​ប្រកាស​ដក​ការ​គាំទ្រ​របស់​ពួក​គេពី​ដំណើរ​ការ​រៀបចំ​បោះ​ឆ្នោត​នេះ ក្រោយ​ការ​ចាប់​ខ្លួន​មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ការ​រំលាយ​គណបក្ស​ប្រឆាំង​នេះ​ ​កាល​ពី​ឆ្នាំ​មុន។​ មក​ដល់​ពេល​នេះ​ មាន​ប្រទេស​ប្រជា​ធិបតេយ្យ​អាស៊ី​មួយ​គឺ​ជប៉ុននៅបន្តការ​គាំទ្រ​ដល់គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប.)។ ​ចំ​ណែក​ប្រទេស​ចិន តែង​តែ​បង្ហាញ​ការ​គាំទ្រ​ជា​និច្ច​ដល់​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញចំពោះ​ចំណាត់​ការ​របស់​រដ្ឋា​ភិបាល​នេះ​ក្នុងការ​ថែ​រក្សា​សន្តិភាព ​សន្តិសុខ​ និង​ភាព​រីក​ចម្រើន​នៅ​កម្ពុជា៕ ប្រភព៖ VOA