តំណាង​ប្រទេស​​ជប៉ុន ​ប្រចាំ​​អង្គការ​សហ​ប្រជា​ជាតិ ​ចាប់​ផ្តើម​​និយាយ​ទិតៀន​ដោយ​​បើក​​ចំហ​ពី​ការ​រំលាយ​គណ​បក្ស​សង្រ្គោះ​ជាតិ​ និង​បញ្ហា​សិទ្ធិ​មនុស្ស​នៅក​ម្ពុជា ​ខណៈ​ការ​បោះ​ឆ្នោត​កាន់​តែជិត​ចូល​មក​ដល់​។​ ការ​លើក​ឡើង​របស់​តំណាង​ប្រទេស​ជប៉ុន​បែប​នេះ ​គឺ​នៅ​ក្នុង​កិច្ច​ប្រជុំ​លើក​​ទី​៣៨​ របស់​ក្រុម​ប្រឹក្សា​​សិទ្ធិ​មនុស្ស​​អង្គការ​សហ​ប្រជា​ជាតិ ​នៅ​​ទី​ក្រុង​​ហ្សឺ​ណែវ​ ប្រទេស​​ស្វីស​ កាល​ពី​​ថ្ងៃ​​ទី​៥ ​ខែ​​កក្កដា​។ ​ប៉ុន្តែ​តំណាង​កម្ពុជា​នៅ​អង្គការ​ពិភព​លោក​មួយនេះ​ បាន​ចេញសេច​ក្តី​ថ្លែង​ការណ៍​ប្រតិ​កម្ម​តប​នឹង​ប្រទេស​ជប៉ុន​ជា​លើក​ដំបូង​ ហើយ​នៅតែ​ការ​ពារ​ចំណាត់​ការ​របស់​​រដ្ឋាភិបាល​ថា​ធ្វើ​ឡើង​តាម​ច្បាប់​របស់​កម្ពុជា​។​



នៅចំពោះមុខកិច្ចប្រជុំនៃក្រុម​ប្រឹក្សាសិទ្ធិមនុស្សអង្គការ​សហប្រជាជាតិ ​តំណាង​គណៈ​ប្រតិភូ​ប្រទេស​ជប៉ុន បានថ្លែងថា ការរំលាយ​គណបក្សប្រឆាំង​ធំ​ជាងគេ​នៅ​កម្ពុជា នៅ​មុន​ពេល​បោះឆ្នោត​បែបនេះ ធ្វើ​ឲ្យ​រដ្ឋាភិបាល​ប្រទេស​ជប៉ុន​ព្រួយ​បារម្ភ។ ហើយ​ប្រទេស​ជប៉ុន​នៅតែ​ជំរុញ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ងាក​មក​រក​ការចរចា​គ្នាតាមផ្លូវ​នយោបាយ​។

ការនិយាយទិទៀនដោយ​ចំហមកលើរដ្ឋាភិបាលកម្ពុជា​ពីសំណាក់​ប្រទេស​ជប៉ុនជាម្ចាស់​ជំនួយ​ដ៍សំខាន់​របស់កម្ពុជានៅពេលនេះ គឺបន្ទាប់ពីអ្នកគាំទ្រអតីត​គណបក្ស​សង្រ្គោះ​ជាតិ បានធ្វើ​បាតុកម្មជាបន្តបន្ទាប់​សុំឲ្យ​​ជប៉ុន​ផ្តាច់​ជំនួយដល់​ដំណើរ​ការ​បោះឆ្នោត​នៅ​កម្ពុជា។ ប៉ុន្តែ​តំណាង​រដ្ឋាភិបាល​ជប៉ុនបានត្រឹម​បង្ហាញជំហរចង់​ឃើញ​ការ​បោះឆ្នោត​នៅថ្ងៃទី២៩​កក្កដាខាងមុខ ធ្វើ​ឡើង​ដោយ​ឆ្លុះ​បញ្ចាំងពីឆន្ទៈពលរដ្ឋ ខណៈ​ប្រទេស​នេះ​មិនបាន​ដកជំនួយបច្ចេកទេស​ដល់ គ.ជ.ប ដូចជា សហភាពអ៊ឺរ៉ុប និងសហរដ្ឋ​អាមេរិក​ដែលជាសម្ព័ន្ធមិត្តរបស់ជប៉ុននោះទេ​។

ជាមួយគ្នានោះ ​ចក្រភព​អង់គ្លេស នៅ​កិច្ចប្រជុំ​នោះ​ដែរ ក៏​នៅតែ​រក្សា​ជំហរ​របស់​ខ្លួនមិន​គាំទ្រ​នឹងការរំលាយគណបក្ស​សង្រ្គោះជាតិ ពិសេសសម្ដែង​ការ​ខកចិត្ត​ចំពោះ​បញ្ហា​សិទ្ធិ​មនុស្ស​ និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​បច្ចុប្បន្ន ។

ប៉ុន្តែនៅថ្ងៃជាមួយគ្នានោះ តំណាងកម្ពុជានៅអង្គការសហប្រជាជាតិ បានចេញសេចក្តី​ថ្លែងការណ៍មួយដោយ​ប្រតិកម្មចំៗទៅលើប្រទេសជប៉ុន និងគណៈ​ប្រតិភូប្រទេស​ដទៃ​ទៀត ដែល​តិះទៀន​មកលើ​រដ្ឋាភិបាលកម្ពុជា។

តំណាង​អចិន្ត្រៃយ៍​កម្ពុជា ប្រចាំ​​អង្គការ​សហ​ប្រជាតិ លោក ណី សំអុល អះអាង​ថា កម្ពុជា​នៅតែ​ប្ដេជ្ញា​លើកស្ទួយ និងគោរព​សិទ្ធិមនុស្ស ហើយបានការពារចំណាត់​ការ​របស់​កម្ពុជា​ដែល​រំលាយ​បក្សប្រឆាំងនោះថាធ្វើឡើងដោយ​តុលាការ​ផ្អែក​តាមច្បាប់​របស់​កម្ពុជា។

លោក ណី សំអុល អះអាង​ថា ការរំលាយគណបក្សប្រឆាំងមិន​ជា​បញ្ហា​អ្វី​នោះ​ទេ ព្រោះ​នៅ​​មាន​​គណបក្ស​នយោបាយ ២០ទៀតចូលរួម​​ការ​បោះឆ្នោត​ជាតិ នៅ​ថ្ងៃ​ទី២៩ ខែ​កក្កដា ខាងមុខ​នេះ។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី បានបញ្ជាក់ថា បើទោះបី​ជាជប៉ុន​ទិទៀនកម្ពុជាដោយ​បើក​ចំហនៅពេលនេះ តែទំនាក់​ទំនង​រវាង​ប្រទេស​ទាំងពីរ​លោក​អះអាងថា គ្មាន​អ្វី​ប្រែប្រួលឡើយ ខណៈជប៉ុននៅតែបន្តគាំទ្រដល់គ.ជ.ប ។

គួររំលឹកដែរថា កន្លងមកនេះ ប្រទេសប៊ុលហ្គារី តំណាងឲ្យសហភាពអ៊ឺរ៉ុប ដែលមាន​សមាជិកជិត​៣០​ប្រទេស និងគណៈប្រតិភូនៃប្រទេសប៊ែលហ្សិក ហ្វាំងទ្បង់ អៀកទ្បង់ និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនទៀត ក៏បានរិះគន់ចំពោះ​ចំណាត់ការ​របស់​រដ្ឋាភិបាលកម្ពុជា លើ​គណបក្សប្រឆាំង និង​អង្គការសង្គមស៊ីវិល ព្រមទាំង​ប្រព័ន្ធ​ផ្សាយផងដែរ៕ ប្រភព៖ RFI

Loading...