ការ​កាប់​បំផ្លាញ​ព្រៃ​ឡង់​ក្នុង​រយៈ​ពេល​៦​ខែ​ឆ្នាំ​២០១៨​នេះ មាន​ការ​កើន​ឡើង​ស្រប​ពេល​ដែល​កម្ពុជា​មាន​បញ្ហា​នយោបាយ និង​ការ​បោះ​ឆ្នោត​ជាតិ​កាន់​តែ​ខិត​ជិត​មក​ដល់។ នេះ​​បើ​តាម​អ្នក​សម្រប​សម្រួល​បណ្តាញ​កសាង​សន្តិភាព​សហគមន៍ ដែល​ធ្វើ​ការ​ជាមួយ​សហគមន៍​ព្រៃ​ឈើ​ទូទាំង​ប្រទេស​កម្ពុជា។ ចំណែក​ក្រសួង​បរិស្ថាន​បដិសេធ​ចំពោះ​ការ​អះអាង​នេះ។



លោក សេង សុខហេង អ្នក​សម្រប​សម្រួល​បណ្តាញ​កសាង​សន្តិភាព​សហគមន៍​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា​ថា ការ​កាប់​បំផ្លាញ​ព្រៃ​ឡង់​ក្នុង​ឆមាស​ទី​១​នៃ​ឆ្នាំ​២០១៨ មាន​ការ​កើន​ឡើង​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០១៧​កន្លង​ទៅ។ លោក​បញ្ជាក់​ថា ការ​ធ្វើ​ចរាចរណ៍​ឈើ​នៅ​តែ​បន្ត​កើត​មាន​ឡើង​ទាំង​យប់​ទាំង​ថ្ងៃ ទោះ​បី​ជា​មាន​ប៉ុស្តិ៍​យាម​ចាំ​ត្រួត​ពិនិត្យ​ក៏​ដោយ។

បើ​តាម​លោក សេង សុខហេង ក្រៅ​ពី​រូបភាព​កាប់​ឈើ​ធំៗ ក៏​មាន​សកម្មភាព​នៃ​ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ​ពី​អ្នក​ចំណូល​ថ្មី​នៅ​ជុំវិញ​តំបន់​ព្រៃ​ឡង់​ដែរ ហើយ​លោក​ក៏​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ចំពោះ​សកម្មភាព​នៃ​ការ​កាប់​ទន្ទ្រាន​នេះ ដែល​មាន​ការ​កើន​ឡើង​ពី​មួយ​ខែ ទៅ​មួយ​ខែ។ លោក​មើល​ឃើញ​ថា ទោះ​បី​ជា​រដ្ឋាភិបាល​បាន​ខិត​ខំ​ក្នុង​ការ​ការពារ​មែន ប៉ុន្តែ​ហាក់​មិន​មាន​ប្រសិទ្ធភាព​នោះ​ទេ។

លោក ជា សំអាង អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន បាន​ថ្លែង​ថា​រូបភាព​តូចៗ​នៃ​ការ​កាប់​ឈើ​ក្នុង​តំបន់​ព្រៃ​ឡង់ តែង​តែ​កើត​មាន ប៉ុន្តែ​មិន​មាន​ការ​កើន​ឡើង​នោះ​ទេ ហើយ​បច្ចុប្បន្ន​ក្រសួង​បរិស្ថាន​ក៏​បាន​ចាត់​វិធានការ​ជា​បន្ត​បន្ទាប់​ដែរ។

លោក សុខហេង អះអាង​ថា​ការ​ចុះ​ល្បាត​ព្រៃ​ឡង់​ត្រូវ​បាន​ធ្វើ​ឡើង​ជា​រៀង​រាល់​ខែ ហើយ​ក្នុង​មួយ​លើកៗ​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​បាន​រក​ឃើញ​បទ​ល្មើស​មិន​ក្រោម​១៥ ទៅ​២០​ករណី។ លោក​ថា ក្នុង​រយៈពេល​៦​ខែ​មក​នេះ សហគមន៍​ការពារ​ព្រៃ​ឡង់​បាន​បង្រ្កាប​បទ​ល្មើស​បាន​មិន​ក្រោម​១០០​ករណី​នោះ​ទេ។

ឯកសារ​ស្រាវជ្រាវ ដែល​បាន​ធ្វើ​បទ​បង្ហាញ​ទៅ​កាន់​អង្គការ​សហប្រជាជាតិ កាល​ពី​ចុង​ខែ​មិថុនា ឲ្យ​ដឹង​ថា ព្រៃឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នឹង​បាត់​បង់​នៅ​ក្នុង​ឆ្នាំ​២០៤០ ប្រសិន​បើ​ការ​កាប់​បំផ្លាញ​នៅ​តែ​បន្ត​កើត​មាន។

សូម​ជម្រាប​ជូន​ថា​តំបន់​ព្រៃ​ឡង់ ដែល​ស្ថិត​ក្នុង​ភូមិសាស្រ្ត​ខេត្ត​ចំនួន​៤​គឺ កំពង់ធំ ស្ទឹងត្រែង ព្រះវិហារ និង​ក្រចេះ មាន​ផ្ទៃ​ដី​សរុប ​៤​សែន​ហិកតា ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ចេញ​អនុក្រឹត្យ​បង្កើត​ជា​ដែន​ជម្រក​សត្វ​ព្រៃ “ព្រៃ​ឡង់” កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៦។ នៅ​ខែ​មិនា ឆ្នាំ​២០១៨ ក្រសួង​បរិស្ថាន សង្គម​ស៊ីវិល និង​វិស័យ​ឯកជន​បាន​ចុះ​ហត្ថលេខា​ត្រី​ភាគី លើ​កិច្ច​ព្រម​ព្រៀង​មួយ ក្នុង​គម្រោង​ការ​អភិរក្ស ព្រៃ​ឈើ​តំបន់​ព្រៃ​ឡង់ ក្នុង​គោល​បំណង រួម​គ្នា​ការពារ និង​អភិរក្ស​ព្រៃ​នេះ៕ ប្រភព៖ RFI

Loading...