ភ្នំពេញ —ការ​ឃោសនារក​សំឡេង​ឆ្នោត​រយៈ​ពេល​៣​ថ្ងៃ​របស់​គណបក្ស​ចំនួន​៦​ មាន​ភាព​រលូន​ជាង​អាណត្តិ​មុន​និង​មាន​អ្នក​ចូល​រួម​ឃោសនា​ចំនួន​១​សែន ២​ម៉ឺន​នាក់​នៅ​ទូ​ទាំង​ប្រទេស។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ ហង្ស ពុទ្ធា​ អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប.)។



ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​អាណត្តិ​ទី៦​នេះ​នឹង​មាន​គណបក្ស​នយោបាយ​ចំនួន​២០​ចូល​រួម​ប្រកួត​ប្រជែង។ គណបក្ស​ចំនួន​១០​នៃ​គណបក្សចំនួន​២០ បាន​ជូន​ដំណឹង​ទៅ​ គ.ជ.ប. ពី​ការ​បើក​យុទ្ធនាការ​ឃោសនា​រក​សំឡេង​គាំទ្រ​ពី​អ្នក​បោះ​ឆ្នោត​ដោយ​បានចាប់​ផ្តើមកាលពី​ថ្ងៃ​ទី៧​ ខែ​កក្កដា​ ឆ្នាំ​២០១៨​នេះ។

​លោក​ ហង្ស ពុទ្ធា​ ប្រាប់ ​VOA​ នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ ក្នុង​រយៈ​ពេល​បី​ថ្ងៃ​នៃ​ការ​ចាប់​ផ្តើមយុទ្ធនាការ​បោះ​ឆ្នោត​មាន​គណ​បក្សចំនួន​៦ ក្នុង​ចំណោម​គណបក្សចំនួន​១០​ដែល​បាន​ជូន​ដំណឹង​ពី​យុទ្ធនាការ​របស់​ខ្លួន​ដល់​គ.ជ.ប​ បាន​ដង្ហែ​ក្បួន​ឃោសនា​រក​សំឡេង​គាំទ្រ​ដោយ​មិន​មាន​ភាព​មិន​ប្រក្រតី​ណា​មួយ​កើត​ឡើង​ឡើយ។​

លោក​បន្ថែម​ថា​ការ​ឃោសនា​បោះ​ឆ្នោត​អាណត្តិ​នេះ​មាន​របៀប​រៀបរយ​ជាង​ការ​ឃោសនា​បោះ​ឆ្នោត​អាណត្តិ​មុន​និង​ថា អ្នក​គាំទ្រ​គណ​បក្ស​នយោបាយ​ទាំង​៦​ដែល​បាន​ចូល​រួម​ឃោសនា​មាន​ចំនួន​១​សែន​២​ម៉ឺន​នាក់​ក្នុង​នោះ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ចំនួន​ប្រមាណ​៦ម៉ឺន​នាក់។

រូបឯកសារ៖ លោក​ហង្ស ពុទ្ធា អ្នក​នាំពាក្យ​គណកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត(គ.ជ.ប.)​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ភាគី​ពាក់ព័ន្ធអំពី​ការ​បោះឆ្នោត​សភា​ជាតិ​នីតិកាលទី​៤​កាលពី​ថ្ងៃទី​២៥ កុម្ភៈ ២០១៨​ នៅ​ទីស្នាក់ការកណ្តាល​របស់​គ.ជ.ប. រាជធានី​ភ្នំពេញ​ ប្រទេស​កម្ពុជា។ (ទុំ ម្លិះ/VOA)

លោក​មាន​ប្រសាសន៍​ថា៖​

«នៅ​ក្នុង​អាណត្តិ​មុន​យើង​ឃើញ​ថា តម្រាយ​ផ្លូវ​ដែល​ផ្តល់​ដោយ​អាជ្ញាធរ​និង​មាន​ការ សម្រប​សម្រួល​ដោយ​គណៈ​កម្មការ​រាជធានី​ខេត្ត​រៀបចំ​ការ​បោះ​ឆ្នោត​ហើយ ប៉ុន្តែ​អ្នក​ចូល​រួម​ដង្ហែ​នេះ​ច្រើន​តែ​ធ្វើ​អ្វី​ហួស ដែល​បណ្តាល​ឲ្យ​កើត​នូវ​រឿង​រ៉ាវ​ប្រជែង​គ្នា​ ប៉ះ​សម្តី​គ្នា។​ ប៉ុន្តែ​លើក​នេះ​យើង​ឃើញ​ថា អ្នក​ហែ អ្នក​ចូល​រួម​សុទ្ធ​តែ​មាន​ការ​ស្តាប់​មេ​ស្តាប់​កើយ​របស់​ខ្លួន ពិសេស​គឺ​អ្នក​ទទួល​ខុស​ត្រូវ​គណ​បក្ស​ហ្នឹង​ឯង​តែ​ម្តង»។

លោក​ ហង្ស ពុទ្ធា​ បាន​បន្ថែម​ដោយ​អំពាវនាវ​ឲ្យ​គ្រប់​គណបក្ស​នយោបាយ​ទាំង​អស់ ត្រូវ​សហការ​ជា​មួយ​សមត្ថកិច្ច ប្រកាន់​យក​ភាព​អហិង្សា​និង​ដោះ​ស្រាយ​បញ្ហា​ដោយ​សន្តិ​វិធី ​ដើម្បីឲ្យ​ការ​បោះ​ឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​ភាព​ត្រឹម​ត្រូវ​និង​មាន​របៀប​រៀប​រយ។

យ៉ាង​ណា​ក៏​ដោយ​ កាលពី​ថ្ងៃ​សៅរ៍​ដែល​ជា​ថ្ងៃ​ចាប់​ផ្តើមយុទ្ធនាការ​ឃោសនា​បោះឆ្នោត​ដំបូង ​គេ​ឃើញ​មាន​ការឃាត់​ខ្លួន​បុរស​ម្នាក់​ដែល​ជា​យោធា​ធ្វើ​ការ​នៅ​ក្រសួង​ការពារ​ជាតិ​ បន្ទាប់ពី​បុរស​ម្នាក់​នោះ​បាន​វាយ​បំផ្លាញ​ឧបករណ៍​ឃោសនា​របស់​គណបក្សប្រជាជន​កម្ពុជា។

VOA ​បាន​ព្យាយាម​ទាក់​ទង​សុំការ​បញ្ជាក់​ពី​លោក​ លី សុផាណា​ អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ តែ​រហូត​ដល់​ល្ងាច​ថ្ងៃ​ចន្ទ​នេះ មិន​ទាន់​មាន​ការ​ឆ្លើយតប​នៅ​ឡើយ។

យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ដ​នីតិកាល​ទី៦​មាន​រយៈ​ពេល​២១​ថ្ងៃ​គឺ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី៧​ ដល់​ថ្ងៃ​ទី២៧ ខែ​កក្កដា ​ឆ្នាំ​២០១៨​ ដោយ​គណ​បក្សនយោបាយ​នីមួយៗ​អាច​ឃោសនា​គណ​បក្ស​របស់​ខ្លួន​ក្នុង​ទ្រង់ទ្រាយ​ធំ​ចំនួន​៤ដង។

ក្នុង​ចំណោម​គណបក្សនយោបាយ​ចំនួន​៦​ ដែល​បានចាប់​ផ្តើមបើក​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​ដំបូង​គេ រួម​មាន​គណ​បក្សប្រជាជន​កម្ពុជា គណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្សខ្មែរ​រួប​រួម​ជាតិ គណ​បក្ស​សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណ​បក្ស​ឆន្ទៈ​ខ្មែរ និង​គណបក្សយុវជន​កម្ពុជា។ ក្នុង​ចំណោម​យុទ្ធនាការ​រក​សំឡេង​ឆ្នោត​របស់​គណ​បក្សនយោបាយ​ទាំង​នោះ គេ​ឃើញ​ក្បួន​ឃោសនា​របស់​គណ​បក្សប្រជាជន​កម្ពុជា​មាន​ទំហំ​ធំ​និង​អ្នក​ចូល​រួម​ច្រើន​ជាង​គេ ដោយ​មិន​អាច​មាន​ក្បួន​របស់​គណ​បក្ស​ណា​មួយ​ប្រៀប​ធៀប​បាន​ឡើយ។

បើ​ទោះ​ជា​បរិយាកាស​នៃ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្រ្តអាណត្តិ​ទី៦​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​ភាព​ស្ងប់ស្ងាត់​និង​សន្តិ​វិធី​ក្តី ប៉ុន្តែ​ការ​បោះ​ឆ្នោត​ដែល​មិន​មាន​ការ​ចូល​រួម​ពី​គណ​បក្សសង្គ្រោះជាតិ កំពុង​ធ្វើ​ឲ្យ​មាន​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​ជាតិ​ ​និង​អន្តរជាតិមួយ​ចំនួន​ថា ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​ជាការ​បោះ​ឆ្នោត​ដែល​មិន​មាន​ភាព​សេរី​និង​មិន​យុត្តិធម៌​និង​ថា​ជាការ​បោះ​ឆ្នោត​ដែល​ផ្ទុយ​នឹង​ច្បាប់។

គណបក្សសង្គ្រោះជាតិ​ត្រូវ​បាន​តុលា​ការ​កំពូល​រំលាយ​កាលពី​ពាក់​កណ្តាល​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ទៅ​តាម​បណ្តឹង​របស់​ក្រសួង​មហា​ផ្ទៃ​ដោយ​ចោទ​ថា​ គណ​បក្សនេះ​បាន​ឃុបឃិត​ជាមួយ​បរទេស រៀបចំ​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក​ ហ៊ុន សែន។​

មន្រ្តី​ជាន់​ខ្ពស់​គណបក្សនេះ​ចំនួន​១១៨រូប​ ត្រូវ​បាន​ព្យួរ​សិទ្ធិ​ធ្វើ​នយោបាយ​ម្នាក់ៗ​រយៈ​ពេល​៥ឆ្នាំ ខណៈ​ដែល​ប្រធាន​គណបក្សនេះ​គឺ​លោក កឹម សុខា​ ត្រូវ​បាន​ចាប់​ខ្លួនយក​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ ស្រប​ពេល​អតីត​ប្រធាន​គណ​បក្សនេះ គឺ​លោក សម រង្ស៊ី និរទេស​ខ្លួន​ទៅ​រស់​នៅ​ឯ​បរទេស ទាំង​កំពុង​រងការ​ចោទ​ប្រកាន់​និង​កាត់​ទោសជា​ច្រើន​ករណី ដែល​ប្តឹង​ដោយ​លោក​ ហ៊ុន សែន។

ក្រោយ​ហេតុ​ការណ៍​ទាំង​នេះ​កើត​ឡើង​ សហរដ្ឋ​អាមេរិក​និង​សហភាព​អឺរ៉ុប​បាន​ប្រកាស​ដក​ខ្លួន ឈប់​គាំទ្រ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ដោយ​ថា​ ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ​ជាការ​បោះ​ឆ្នោត​ដែល​មិន​មាន​ភាពស្រប​ច្បាប់។

Photo Gallery: កម្រង​រូបភាព៖ «ទិដ្ឋ​ភាព​ខ្លះ​នៃ​ការ​ហែក្បួន​ឃោសនា​គណបក្ស​នយោបាយ​ថ្ងៃ​ដំបូង»

ក្រុម​សភា​សហភាព​អឺរ៉ុប​កាលពី​ពាក់​កណ្តាល​ខែ​ធ្នូ​ ឆ្នាំ​២០១៧​ បាន​បោះ​ឆ្នោត​ទទួល​យក​ការ​ពិចារណា​លើការព្យួរ​កម្មវិធី​អនុ​គ្រោះ​ពន្ធ ដែល​មាន​ឈ្មោះ​ថា​ Everything but Arms​ មាន​ន័យថា​«អនុ​គ្រោះ​ពន្ធលើ​ទំនិញ​ទាំង​អស់​លើក​លែងតែ​អាវុធ» ហៅ​កាត់​ថា EBA ដោយ​ថា ​ដើម្បីឆ្លើយតប​ទៅ​នឹង​«ការ​ប្រព្រឹត្ត​អាក្រក់​ឡើង​វិញ​នៃ​របប​ផ្តាច់​ការ​នៅ​កម្ពុជា»។

ក្នុង​ការអនុម័ត​សេចក្តី​សម្រេច​ចិត្ត​នេះ សភា​សហភាព​អឺរ៉ុប​បាន​លើក​ឡើង​ពីក្តី​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ព្រឹត្តិការណ៍​នយោបាយ​ដែល​បាន​កើត​ឡើង​ក្នុង​ប្រទេស​កម្ពុជា។ សភា​សហភាព​អឺរ៉ុប​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​ដែល​កំពុង​រង​ឥទ្ធិពល​ពី​ប្រទេស​ចិន​នេះ កែ​លម្អ​ជា​បន្ទាន់នូវ​ស្ថានការណ៍​អាក្រក់ៗ​កន្លង​មក ឲ្យ​ដូច​ដើម​វិញ ​ដើម្បី​ទទួល​បាន​អត្ថ​ប្រយោជន៍​ពាណិជ្ជកម្ម​បន្ត​ទៀត។

យ៉ាង​ណា​ក៏​ដោយ លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន និង​មន្រ្តី​របស់​លោក​តែង​អះអាង​ថា ការ​រំលាយ​គណ​បក្សសង្គ្រោះជាតិ​និង​ការបង្រ្កាប​ផ្សេងៗ​ទៀត​គឺ​ធ្វើ​ឡើង​ទៅ​តាម​ច្បាប់​រី​ឯ​គ.ជ.ប ដែល​លែង​មាន​សមាជិក​មកពី​គណ​បក្សប្រឆាំង បាន​អះអាង​ថា ខ្លួន​រៀបចំ​ការ​បោះ​ឆ្នោត​ទៅ​តាម​ច្បាប់​កម្ពុជា ដែល​មាន​ចែង​ជា​ធរ​មាន៕ ប្រភព៖ RFI

Loading...