គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល នៅ​ថ្ងៃ​ទី​១០ កក្កដា ម្សិល​មិញ បាន​ទាត់​ចោល​ព័ត៌មាន​នានា​ដែល​ថា ខ្លួន​មាន​បំណង​អុក​ឡុក​ការ​បោះ​ឆ្នោត និង​បង្ក​ចលាចល​នៅ​ក្រោយ​ការ​បោះ​ឆ្នោត។ សម្រាប់​ខុមហ្វ្រែល បើ​ការ​ចោទ​ប្រកាន់​បែប​នេះ​នៅ​តែ​កើត​មាន ខ្លួន​នឹង​ឈប់​ធ្វើ​សកម្មភាព​ទាក់​ទង​ការ​បោះ​ឆ្នោត ដោយ​ដក​សកម្មភាព​ឃ្លាំ​មើល​របស់​ពលរដ្ឋ​ស្ម័គ្រ​ចិត្ត​នៅ​តាម ភូមិ ឃុំ។



ការ​ចោទ​ប្រកាន់​អង្គការ​ខុមហ្វ្រែល​ថា អុក​ឡុក និង​បង្ក​ចលាចល អំឡុង​ពេល​និង​ក្រោយ​ពេល​បោះ​ឆ្នោត កើត​ឡើង​ដោយ​សារ​តែ ខុមហ្វ្រែល​ដាក់​ពង្រាយ​ពលរដ្ឋ​ស្ម័គ្រ​ចិត្ត​នៅ​តាម​ភូមិ ឃុំ សង្កាត់​មួយ​ចំនួន​ ចន្លោះ​២០០​ទៅ​៣០០​នាក់។ ប៉ុន្តែ ខុមហ្វ្រែល​បាន​គូស​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​១០ កក្កដា ថា សកម្មភាព​របស់​ខ្លួន​ធ្វើ​ឡើង​ដើម្បី​ចូល​រួម​ពិនិត្យ​មើល​ការ​អនុវត្ត​សិទ្ធិ និង​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ ដើម្បី​ឲ្យ​ច្បាស់​ថា គ្មាន​ការ​គំរាម​ឲ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត ឬ​មិន​ទៅ​បោះ​ឆ្នោត​។ សម្រាប់​អង្គការ ខុមហ្វ្រែល ការ​អនុវត្ត​សិទ្ធិ​និង​ឆន្ទៈ​របស់​ពលរដ្ឋ គឺ​ជា​សិទ្ធិ​ស្រប​ទៅ​តាម​រដ្ឋ​ធម្មនុញ្ញ​រួម​នឹង​ច្បាប់​បោះ​ឆ្នោត។

បន្ថែម​ពី​លើ​ការ​ពន្យល់​នេះ អង្គការ​ខុមហ្វ្រែល​សង្ឃឹម​ថា ការ​គំរាម​កំហែង​នឹង​មិន​កើត​មាន​ឡើង​ដល់​កម្រិត​ដែល​ខុមហ្វ្រែល​សម្រេច​ចិត្ត​ដក​ខ្លួន​ចេញ​ពី​សកម្មភាព​ទាក់​ទង​ការ​បោះ​ឆ្នោត​ឡើយ។

លោក កន សាវាង្ស មន្ត្រី​ផ្នែក​ទំនាក់​ទំនង​នៃ​អង្គការ​ខុមហ្វ្រែល​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​បន្ថែម​ថា​ ប្រសិន​បើ​ខុមហ្វ្រែល​សម្រេច​បញ្ឈប់​សកម្មភាព​ដែល​ខ្លួន​កំពុង​ធ្វើ​នេះ គឺ​មាន​ន័យ​ថា​ ការ​គំរាម​កំហែង​គឺ​មាន​រូបភាព​ធ្ងន់​ធ្ងរ សម្រាប់​ការងារ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា។ ធ្ងន់​ធ្ងរ​ព្រោះ​ថា​ គ្រាន់​តែ​ការងារ​ឃ្លាំ​មើល​អំពី​សិទ្ធិ​បោះ​ឆ្នោត​ក៏​រង​ការ​ចោទ​ប្រកាន់​ថា អុក​ឡុក និង​បង្ក​ចលាចល​ដែរ។ ​នេះ​បើ​តាម​លោក កន សាវាង្ស។

ដោយ​ឡែក អ្នក​នាំ​ពាក្យ គ.ជ.ប បាន​អះអាង​ជា​ថ្មី​ថា ការ​ដក​ខ្លួន​របស់​ស្ថាប័ន​ណា​មួយ មិន​អាច​រាំង​ស្ទះ​ដំណើរ​ការ​បោះ​ឆ្នោត នៅ​ថ្ងៃ​ទី​២៩​ខែ​កក្កដា​បាន​ឡើយ។ គិត​មក​ដល់​ពេល​នេះ មាន​អង្គការ​ជាង​១០០ បាន​ចុះ​ឈ្មោះ​សង្កេតការណ៍​ដំណើរ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ដោយ​មាន​ចូល​រួម​សង្កេតការណ៍​ជាង​៦​ម៉ឺន​នាក់។ គ.ជ.ប រំពឹង​ថា ចំនួន​នេះ​នឹង​កើន​ឡើង​បន្ថែម​ទៀត។ សម្រាប់ គ.ជ.ប នេះ​ជា​សកម្មភាព​មួយ​បង្ហាញ​ពី​ពហុនិយម​នៃ​លទ្ធិប្រជាធិបតេយ្យ​សម្រាប់​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា៕ ប្រភព៖ RFI