វ៉ាស៊ីនតោន —អ្នក​ផលិត​ខ្សែ​ភាពយន្ត​ជនជាតិ​អូស្ត្រាលី​លោក ​James Ricketson ​ដែល​កំពុង​ជាប់​ពន្ធនាគារ​ បាន​សុំទោស​ចំពោះ​ការ​ធ្វើ​អត្ថាធិប្បាយ​ដែល​មិន​គោរព​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ដែល​កាន់​អំណាច​យ៉ាងយូរ​នៅ​ប្រទេស​កម្ពុជា។​ ការ​សុំទោស​នេះ​ធ្វើ​ មុន​ការ​កាត់ក្តី​ដែល​លោក​បាន​ជាប់ចោទ​ពីបទ​ចារកម្ម​និង​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​រយៈ​ពេល​១០​ឆ្នាំ ​ប្រសិន​បើ​ត្រូវ​បាន​ផ្តន្ទាទោស។​

លោក​ James Ricketson ​អាយុ​៦៩​ឆ្នាំ ​ត្រូវ​បានចាប់​ខ្លួន​កាលពី​ខែ​មិថុនា​ឆ្នាំ​មុន​ បន្ទាប់​ពី​លោក​បាន​បង្ហោះ ​drone ​ថត​ក្បួន​ដង្ហែ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បច្ចុប្បន្ន​ត្រូវ​បាន​រំលាយ។​ ក្នុង​លិខិត​ផ្ញើទៅ​លោក​ហ៊ុន សែន ​ដែល​ត្រូវ​បាន​បោះ​ពុម្ព​ផ្សាយ​ដោយ​កាសែត​ក្នុង​ស្រុក​កាលពី​ថ្ងៃ​ពុធ​ លោក Ricketson​ បាន​«សុំ​អភ័យ​ទោស​ដោយ​ស្មោះអស់​ពីដួង​ចិត្ត»​ចំពោះ​សេចក្តី​ថ្លែង​ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ដែល​លោក​និយាយ​«ធ្វើឱ្យ​មាន​ការ​រំខាន​ និង​ដោយមិនដឹង​ព័ត៌មាន​ច្បាស់​លាស់»។​

លោក​ Ricketson ​បាន​សរសេរ​ថា៖​ «សេចក្តី​ថ្លែង​ទាំងនេះ​ធ្វើឡើង​ដោយ​អារម្មណ៍​កញ្ជ្រោល​របស់ជន​បរទេស​ដែល​មិន​ដឹង​អំពី​ភាព​ស្មុគស្មាញ​និង​ការ​លំបាក​ក្នុង​ការ​គ្រប់​គ្រង​ប្រទេស​កម្ពុជា»។​ លោក​បន្ត​ថា៖​ «ខ្ញុំ​សូម​សម្តែង​ការ​សោកស្តាយ​ដោយ​ស្មោះអស់​ពីដួង​ចិត្ត​ដែល​បាន​ធ្វើ​អត្ថាធិប្បាយ​មិន​មាន​ការ​គោរព ​ហើយ​ទាក់ទង​នឹង​រឿង​នេះ​ ខ្ញុំ​សុំទោសលោក​នាយក​រដ្ឋមន្ត្រី​ផ្ទាល់​និងរដ្ឋាភិបាល​របស់​លោក»។​

លោក ​Ricketson ​បាន​សរសេរ​ថា​ ឥឡូវ​នេះលោក​យល់ដឹង​អំពី​ស្ថិរភាព​ដែល​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្រ្តី​បាន​បង្កើត​ឡើង។ ​លោកស្រី​ពឹង យក់ហៀប​ មេ​ធាវី​ការពារក្តី​ឲ្យ​លោក ​Ricketson​ បាន​បញ្ជាក់​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters​ ថា លោក​ Ricketson ​ពិត​ជាបាន​សរសេរ​លិខិត​នេះ​ ហើយ​ថា ​លិខិត​នេះ​ត្រូវ​ដាក់​ជូន​តុលាការ​នៅថ្ងៃ​ពុធ​នេះ ​មុន​ការ​កាត់​ក្តី​ដែល​គ្រោង​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​ ១៦​ខែ​កក្កដា។ ​ការ​ចាប់​ខ្លួនលោក​ Ricketson​ ឡើងចំ​ពេល​រដ្ឋាភិបាល​លោក​ហ៊ុន សែន​ ដែល​បាន​គ្រប់គ្រង​ប្រទេស​ជាង​៣០​ឆ្នាំ ​បាន​ធ្វើការ​បង្ក្រាប​យ៉ាង​ចាស់​ដៃទៅ​លើ​សេរីភាព​បញ្ចេញ​មតិ។​ ក្រសួង​កិច្ចការ​បរទេស​និង​ពាណិជ្ជ​កម្ម​អូស្ត្រាលី​បាន​និយាយ​ថា ​ខ្លួន​កំពុង​ផ្តល់​ជំនួយ​ខាង​កុងស៊ុល​ដល់​លោក​ Ricketson។​

គណបក្សសង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​កាលពី​ឆ្នាំ​មុន​តាម​បណ្តឹង​របស់​រដ្ឋាភិបាល​លោក​ហ៊ុន សែន​ បន្ទាប់ពី​ការ​ចាប់​ខ្លួន​លោក​កឹម សុខា​ មេដឹក​នាំ​គណបក្ស​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​ប៉ុនប៉ង​ដណ្តើម​អំណាច ​ដោយ​មាន​ជំនួយ​អាមេរិក។​ ទាំង​លោក​កឹម សុខា​ និង​ស.រ.អា.​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ៕ ប្រភព៖ VOA