ធនាគារ​ពិភពលោក ​និង​រដ្ឋាភិបាល​កម្ពុជា ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​គ្នា ​ផ្តោត​ទៅ​លើ​គម្រោង​វិនិយោគ​ធំ​ៗ​ចំនួន​ពីរ ​គឺ​ទីមួយ​ មាន​គោលដៅ​បង្កើន​គុណភាព​ប្រព័ន្ធ​អប់រំ​សម្រាប់​ការ​អភិវឌ្ឍ​ឧស្សាហកម្ម ​និង​ទី​២ ​ផ្តោត​ទៅលើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​គមនាគមន៍​ពី​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​ក្នុង​រាជធានី​ភ្នំពេញ ​ទៅ​កាន់​កំពង់ផែ​ទឹក​ជ្រៅ​សមុទ្រ ​ស្ថិត​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​។ ​គម្រោង​ទាំងពីរ​នេះ​ មាន​ទឹក​ប្រាក់​ហិរញ្ញប្បទាន​សរុប​ចំនួន​ ២០០​លាន​ដុល្លារ​។

គម្រោង​កែ​លម្អ​ការ​អប់រំ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា ​(HEICP)​ និង​ គម្រោង​គ្រប់គ្រង​សម្បត្តិ​ផ្លូវ​ថ្នល់​ ជំហាន​២ ​(RAMP II) ​បាន​ទទួល​ការ​អនុម័ត​ដោយ​ក្រុម​ប្រឹក្សា​នាយក​ប្រតិបត្តិ​របស់​ធនាគារ​ពិភពលោក ​តាម​លំដាប់​លំដោយ ​កាល​ពី​ថ្ងៃ​ទី​២៨ ​ខែ​មេសា ​ឆ្នាំ​២០១៨ ​និង​ថ្ងៃ​ទី​២១ ​ខែ​មិថុនា ឆ្នាំ​២០១៨​។ ​នេះ​បើតាម​សេចក្តី​ប្រកាស​របស់​ធនា​គារ​ពិភពលោក ​នៅ​ថ្ងៃ​នេះ​។

តាម​រយៈ​គម្រោង​កែ​លម្អ​ការ​អប់រំ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា ​HEICP ​ដែល​មាន​តម្លៃ​ទឹក​ប្រាក់ ​៩០​លាន​ដុល្លារ ​ធនាគារ​ពិភពលោក ​នឹង​ជួយ​ដល់​ការ​ខិតខំ ​របស់​ប្រទេស​កម្ពុជា ​ក្នុង​ការ​បង្កើន​គុណភាព​ប្រព័ន្ធ​អប់រំ​ឧ​ត្ត​ម​សិ​ក្សា ​និង​ការ​ស្រាវជ្រាវ ​ដើម្បី​ពង្រីក​ឱ្យ​កាន់​តែ​ទូលាយ​ថែម​ទៀត​នូវ​លទ្ធភាព​ទទួល​បាន​ការ​អប់រំ​ឧ​ត្ត​ម​សិ​ក្សា​សម្រាប់​សិស្ស​ក្រីក្រ​។ ​គម្រោង​នេះ​មាន​រយៈពេល​៦​ឆ្នាំ ​ដែល​នឹង​ផ្តោតទៅលើ​ការ​កែ​លម្អ​មុខ​វិជ្ជា​វិទ្យាសាស្ត្រ ​បច្ចេកវិទ្យា ​វិស្វកម្ម ​គណិតសាស្ត្រ ​ព្រមទាំង​កម្មវិធី​សិក្សា​ផ្នែក​កសិកម្ម​ផង​ដែរ​។

សកម្មភាព​ធំ​ៗ​ទាំង​ប្រាំ​របស់​គម្រោង​នេះ​រួមមាន​៖ ​ការ​ផ្តល់​មូលនិធិ​សម្រាប់​ការ​ស្រាវជ្រាវ​នៅតាម​ផ្នែក​មុខ​វិជ្ជា​អាទិភាព ​ការ​បង្កើន​ចំនួន​ថ្នាក់​រៀន​ និង​មន្ទីរ​ពិសោធន៍ ​ការ​សង់​និវេសនដ្ឋាន​សម្រាប់​និស្សិត​ក្រីក្រ​ស្នាក់​នៅ ​និស្សិត​មកពី​តំបន់​ដាច់​ស្រយាល ​រួមទាំង​និស្សិត​ស្ត្រី​ផង​ដែរ ​ការ​ពង្រឹង​ប្រព័ន្ធ​ធានា​គុណភាព​ ​ប្រព័ន្ធ​ព័ត៌មាន ​​ការ​សហការ​ជាមួយ​ដៃ​គូ​អន្តរជាតិ ​ដើម្បី​កែលម្អ​កម្មវិធី​ និង​វិធីសាស្ត្រ​បង្រៀន​លើ​មុខ​វិជ្ជា​អាទិភាព​។

ដោយ​ឡែក ​ទឹក​ប្រាក់​ចំនួន ​១១០​លាន​ដុល្លារ ​ដែល​ជា​ហិរញ្ញប្បទាន​បន្ថែម​ សម្រាប់​គម្រោង ​គ្រប់គ្រង​សម្បត្តិ​ផ្លូវ​ថ្នល់ ​ជំហាន​២ ​RAMP II ​មាន​គោលដៅ​កែ​លម្អ​លក្ខខណ្ឌ ​សុវត្ថិភាព ​និង​ភាព​ធន់​អាកាសធាតុ​របស់​ផ្លូវ​ជាតិ​លេខ​៤ ​ដែល​កំពុង​រង​សម្ពាធ​ចរាចរណ៍​យ៉ាង​មមាញឹក ឆ្លងកាត់​តំបន់​សេដ្ឋកិច្ច ​និង​តំបន់​កសិកម្ម​សម្បូរ​បែប​ជា​ច្រើន​កន្លែង​។ ​ជំនួយ​ហិរញ្ញប្បទាន​បន្ថែម​នេះ​ នឹង​ត្រូវ​បាន​ប្រើប្រាស់ ​សម្រាប់​បង្កើន​គុណភាព​បណ្តោយ​ផ្លូវ​ចម្ងាយ​ជាង​២០០​គីឡូម៉ែត្រ ​ឱ្យ​ល្អ​ជាង​មុន ​និង​ការ​រៀបចំ​កែលម្អ​ចិញ្ចើម​សងខាង​ផ្លូវ ​ដាក់​លូ​បង្ហូរ​ទឹក ​និង​ធ្វើ​ស្ពាន តាម​រចនាបទ​បែប​នវានុវត្តន៍ ​និង​មាន​ភាព​ធន់​ទៅ​នឹង​អាកាសធាតុ​។

គម្រោង​នេះ ​ក៏​នឹង​ផ្តោត​ផង​ដែរ​ទៅលើ​ការ​បង្កើន​គុណភាព​ស្ថានីយ​ថ្លឹង​ទម្ងន់​រថយន្ត​ធំ​ដែលមាន​ស្រាប់ ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ដឹក​លើស​ទម្ងន់ ​ដំឡើង​សញ្ញា​តំបន់​ល្បឿន​មាន​កម្រិត សញ្ញា​នាំ​ផ្លូវ​ ប្រព័ន្ធ​ភ្លើង​បំភ្លឺ​ប្រើ​ថាមពល​ពន្លឺ​ព្រះអាទិត្យ ​និង​កា​ម៉េ​រ៉ា​ចាប់​ល្បឿន​បើកបរ​៕ ប្រភព៖ RFI