ឃុំ​ពាមកោះស្នា ខេត្ត​កំពង់ចាម ខណៈ​ដែល​លោក​នាយករដ្ឋ​មន្រ្តី​ ហ៊ុន សែន​ ត្រៀម​ខ្លួន​នឹង​បន្ត​ការ​កាន់​អំណាច​អស់​រយៈ​ពេល​៣៣ឆ្នាំ​របស់​លោក​នៅ​ក្នុង​ការ​បោះ​ឆ្នោតជាតិ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី ២៩ ខែ​កក្កដានេះ រដ្ឋាភិបាល​របស់​លោក បាន​បង្រ្កាប​គូបដិបក្ខនយោបាយ និង​សំឡេង​ប្រឆាំង​នានា នៅ​ពេល​ដែល​គណបក្ស​របស់​លោក បាន​ពង្រឹង​មូលដ្ឋាន ដើម្បី​ប្រមូល​មនុស្ស​ចូលរួម​ជាមួយ​គណបក្ស។



នៅ​ក្នុង​ភូមិ​ពាមក្រៅ ដែល​ជា​ភូមិ​​កំណើត​របស់​បុរស​ខ្លាំង ហ៊ុន សែន ដែល​មាន​ផ្ទះ​ឈើ​ដ៏ប្រណិត​ៗ​ជា​ច្រើន​ស្ថិត​នៅ​តាម​ដងច្រាំង​ដី​ក្រហម​នៃ​ទន្លេ​មេគង្គ គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​មិន​ពិបាក​ក្នុង​ការ​រក​សន្លឹក​ឆ្នោត​នោះ​ទេ។ ហើយ​នៅ​ក្នុង​ខេត្ត​កំពង់ចាម​ ដែល​គ្រប់គ្រង​ដោយ​បងប្រុស​របស់​លោក​គឺ​លោក​ ហ៊ុន ណេង លោក​នាយករដ្ឋ​មន្រ្តី​មាន​ប្រជាប្រិយភាព​ខ្លាំង និង​កិត្តិស័ព្ទ​ជា​អ្នក​រួច​ជីវិត​ដែល​ព្រេង​វាសនា​បាន​ចារ​ឲ្យ​កាន់​អំណាច។

ការ​ប្រាស្រ័យ​ទាក់ទង​របស់​​នាយករដ្ឋ​មន្រ្តី​ជាមួយ​ឃុំ​កំណើត​ពាមកោះស្នា ធ្វើ​ឲ្យ​លោក​ទទួល​បាន​ការ​គាំទ្រ​រឹង​មាំ​។ គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ឆ្នោត​ជា​រៀង​រាល់​ឆ្នាំ​ ប៉ុន្តែ​គណបក្ស​សង្គ្រោះជាតិ​ដែល​ឥឡូវ​ត្រូវ​បាន​រំលាយ ទទួល​បាន​អាសនៈ​ចំនួន៣ ​ក្នុង​ចំណោម​អាសនៈ​ចំនួន​៩ នៅ​ក្នុង​ការ​បោះឆ្នោត​ឃុំសង្កាត់​ឆ្នាំ២០១៧។

អ្នក​ភូមិ​ម្នាក់​មាន​អារម្មណ៍​ដឹង​គុណចំពោះ​ក្តី​មេត្តា​ករុណា​របស់​លោក​ ហ៊ុន សែន។ អ្នក​ស្រី មិត ហាត់ អាយុ​៣៤ឆ្នាំ និយាយ​ថា៖ «ចាប់​តាំង​ពី​ខ្ញុំ​កើត​មក ខ្ញុំ​រៀន​សាលា​របស់​គាត់។ ខ្ញុំ​ធ្វើ​ដំណើរ​លើ​ផ្លូវ​របស់​គាត់ ហើយ​ម្តាយ​របស់​ខ្ញុំ​បាន​​ទទួល​ដី​ពី​គាត់»។
អ្នក​ស្រី​បន្ថែម​ថា៖ «ប្រសិន​បើ​ខ្ញុំ​បោះឆ្នោត​ឲ្យ​គេ​ផ្សេង ខ្ញុំ​ខ្លាច​ប្រទេស​នឹង​មិន​មាន​សន្តិភាព​នោះ​ទេ»។

​អ្នក​គាំទ្រ​ម្នាក់​ទៀត គឺ​លោក ឌួង​ យុន អាយុ​៣៧ឆ្នាំ ដែល​រស់​នៅ​ក្បែ​រសំណង់​ស្ពាន​ទន្លេ​មេគង្គ​ដែល លោក ហ៊ុន សែន​ បាន​ចុះ​បើក​ការ​ដ្ឋាន​សាងសង់​កាល​ពី​ខែកុម្ភៈ ឆ្នាំ​២០១៨ មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​សប្បាយ​ចិត្ត​ដែល​សម្តេច​កសាង​ស្ពាន​នៅ​ទីនេះ។ ខ្ញុំ​នឹង​បោះឆ្នោត​ជូន​សម្តេច ដោយសារ​លោក​ជា​មេដឹកនាំ​ដែល​អភិវឌ្ឍ​ប្រទេស»។ លោក ឌួង យុន ដែល​ផ្ទះ​របស់​លោក​រង​ផល​ប៉ះពាល់​ដោយ​គម្រោង​សាងសង់​ស្ពាន​នោះ បាន​ស្នើ​ឲ្យរដ្ឋាភិបាល​ផ្តល់​សំណង​សមរម្យ​ដល់​រូប​លោក។ លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​សង្ឃឹម​ថា​រដ្ឋាភិបាល​នឹង​ផ្តល់​សំណង​ខ្ញុំ ប្រសិន​បើ​រដ្ឋាភិបាល​​ត្រូវ​ការ​ដី​សម្រាប់​ធ្វើ​ស្ពាន ​ដូច្នេះ​ខ្ញុំ​អាច​ទិញ​ដី​នៅ​កន្លែង​ផ្សេងនិង​សង់​ផ្ទះ​សម្រាប់​គ្រួសារ​ខ្ញុំ»។

«វាសនាល្អក្លាយជាសេ្តច‍»
នៅ​ក្នុង​ឃុំ​ពាម​កោះស្នា ប្រជាជន​ទាំង​ចាស់ ទាំង​ក្មេង ហាក់​សម្តែង​ក្តី​ស្រឡាញ់ និង​ការ​ដឹង​គុណ​ចំពោះ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ដែល​ពួកគេ​យល់​ថា បាន​រំដោះ​ពួកគេ និង​បងប្អូន​របស់​ពួកគេ​ចេញ​ពី​របប​ប្រល័យពូជសាសន៍​​ខ្មែរ​ក្រហម។ ប្រជាជន​វ័យ​ចំណាស់​មួយ​ចំនួន​បាន​ចង​ចាំ​ជីវិត​​រស់​នៅ​របស់​លោក ហ៊ុន សែន កាល​ពី​ក្មេង មុន​ពេល​លោក​មក​រស់​នៅ​រាជធានី​ ភ្នំពេញ និង​ក្លាយ​ជា​ទាហាន​តស៊ូ​ម្នាក់។
លោក​ស្រី ចន ណាត អាយុ​៧៨ឆ្នាំ ចង​ចាំ​លោក ហ៊ុន សែន ​កាល​ពី​ក្មេង ថានៅ​ពេល​នោះ ​លោក​​មាន​ឈ្មោះថា ហ៊ុន ប៊ុន​ណាល់។ លោក​ស្រី​មាន​ប្រសាសន៍​ថា៖ «យើង​លេង​ជាមួយ​គ្នា ពេល​ទឹក​លិច លេង​អុំទូក​ជាមួយ​គ្នា»។
លោកស្រី​រំឭក​ពេល​ដែលលោក​ ហ៊ុន សែន បាត់​ពី​ភូមិ​ក្នុង​វ័យ​ជំទង់ ដើម្បី​ចូល​រួម​កង​កម្លាំង​ខ្មែរ​ក្រហម​នៅ​ក្នុង​ព្រៃ នៅ​​អំឡុង​ដើម​ទសវត្សរ៍​​១៩៧០ ដោយសារ​តែ​អតីត​ព្រះ​បរម​រតនកោដ្ឋ ព្រះ​បាទ ​នរោត្តម សីហនុ បាន​អំពាវនាវ​ឲ្យ​យុវជន ប្រឆាំង​នឹង​រដ្ឋប្រហារ​ដោយ​លោក​សេនា​ប្រមុខ ​លន់ នល់ ដែល​ត្រូវ​បាន​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក។
រត់​គេច​ពី​ការ​បោស​សម្អាត​ផ្ទៃក្នុង​របស់​ក្រុម​ខ្មែរ​ក្រហម​នៅ​តំបន់ភាគ​ឦសាន​ក្នុង​ឆ្នាំ​១៩៧៧ លោក ហ៊ុន សែន និង​គ្នីគ្នា​មួយ​ក្រុម​តូច​​បាន​ឆ្លង​ចូល​ប្រទេស​វៀតណាម ដើម្បី​សុំ​ជំនួយ។ ពួកគេ​ត្រូវ​បាន​ទទួល​ស្វាគមន៍ ហើយលោក​ ហ៊ុន​ សែន​ ត្រូវ​បាន​បង្ហាត់ ឲ្យ​​ក្លាយជា​រដ្ឋ​មន្រ្តី​ការបរទេស​ក្នុង​វ័យ២៨ឆ្នាំ នៅ​ក្នុង​រដ្ឋាភិបាល​កុម្មុយនីស្ត​មួយ ​ដែល​វៀតណាម​បាន​បង្កើត​ក្នុង​រាជធានី ​ភ្នំពេញ បន្ទាប់​ពី​ការ​ដួល​រលំ​របប​ខ្មែរ​ក្រហម ក្នុង​ខែមករា ឆ្នាំ​១៩៧៩។

នៅ​ឆ្នាំ ​១៩៨៥ លោក​បាន​ក្លាយជា​នាយករដ្ឋ​មន្រ្តី​ដោយ​មាន​រដ្ឋាភិបាល​ក្រុង​ហាណូយ​នៅ​ពី​ក្រោយ ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក លោក​បាន​បង្រ្កាប​ដៃគូ​ប្រកួត​ប្រជែង និង​អ្នក​ប្រឆាំងនឹង​​លោក​ទាំង​អស់ ​ដោយប្រើ​កល​​ល្បិច​នយោបាយ​និង​យោធា។ គណបក្ស​ប្រឆាំង​ដ៏​ធំ គឺ​គណបក្ស​សង្គ្រោះជាតិ ត្រូវ​បាន​រំលាយ​ដោយ​តុលាការ​កំពូល កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧។ គណបក្ស​មួយ​នេះ​នឹង​មិន​មាន​វត្តមាន​សម្រាប់​ការ​បោះឆ្នោត​ខាងមុខ​នេះ​ទេ ដែល​​នឹង​អនុញ្ញាត​ឲ្យ​លោក ហ៊ុន សែន ឈ្នះ​ការ​បោះឆ្នោត​ដោយ​ងាយស្រួល។

នៅ​ក្នុង​ស្រុក​កំណើត​​ក្នុង​ឃុំ​ពាម​កោះស្នា លោក​ស្រី ចន ណាត​ បាន​និយាយ​ថា​ ការ​លេច​មុខ​មក​វិញ​របស់លោក ហ៊ុន សែន បន្ទាប់​ពី​ភាព​ចលាចល​បែប​ហិង្សា​ក្នុង​ទសវត្សរ៍​១៩៧០ បាន​ធ្វើ​ឲ្យ​អ្នក​ដែល​នៅ​រស់​ក្នុង​ភូមិ​មាន​ការភ្ញាក់​ផ្អើល។ លោក​ស្រី​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​គិត​ថា​គាត់​ស្លាប់​ទៅ​ហើយ។ វាសនា​របស់​គាត់​ល្អ។ អីចឹង​បាន​គាត់​កាន់​តំណែង​បាន»។

អតីត​អ្នក​ជិតខាង​ផ្សេង​ទៀត​ អ្នក​ស្រី ឯក តេង អាយុ​៦៩​ឆ្នាំ ក៏​មាន​ទស្សនៈ​បែប​នេះដែរ ដែល​ជា​រឿង​ធម្មតា​សម្រាប់​ប្រទេស​មាន​អបិយជំនឿ​​មួយ​នេះ​។ អ្នក​ស្រី​មាន​ប្រសាសន៍​ថា៖ «គាត់​មាន​វាសនា​ល្អ​ក្លាយ​ជា​ស្តេច»។

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន លើក​កម្ពស់​ជំនឿ​បែប​ប្រពៃណី​ ដែល​ជឿ​ជំនឿ​ពី​ព្រេង​នាយ​ឲ្យ​លោក​កាន់​អំណាច​ជា​ស្តេច​ក្នុង​ប្រទេស​កម្ពុជា។ លោក​បាន​ប្រៀប​ធៀប​ខ្លួន​លោក​ទៅ​នឹង​សេ្តចកន​ក្នុង​សតវត្សរ៍ទី​១៦ ដែល​បាន​កើត​មក​ជា​មនុស្ស​ធម្មតា​នៅ​ភាគឦសាន​ក្នុង​ប្រទេស​កម្ពុជា។ កាលពី​ពេលថ្មីៗ​នេះ អាជ្ញាធរ​បាន​ចាប់​ផ្តើម​សរសើរ​លើក​តម្កើងស្តេច​កន ដោយ​បាន​សង់​រូបសំណាក​ស្រដៀង​នឹង​លោក​នាយករដ្ឋ​មន្រ្តី។

រស់នៅដោយសារគុណបុណ្យសម្តេច

រស់​នៅ​ក្នុង​ឃុំ​ពាម​កោះ​ស្នា លោក ឌី ប៊ិត បងប្អូន​ជីដូន​មួយ​របស់​លោក​​ ហ៊ុន សែន ដែល​ជា​កសិករ​និង​ជាឈ្មួញ​ទិញ​លក់​ដី​តូចតាច​ម្នាក់ បាន​និយាយ​ថា ​លោក​បាន​ចូល​រួម​ជាមួយ​ខ្មែរក្រហម ដូច​លោក ហ៊ុន សែន ដែរ។ ប៉ុន្តែ​បន្ទាប់​មក​បាន​ចុះ​ចូល​ទាហាន​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ដែល​គាំទ្រ​ដោយ​វៀតណាម ដើម្បី​ប្រយុទ្ធ​តទល់​ជាមួយ​ ប៉ុល ពត។

លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​ជា​ទាហាន​ដូច​គាត់​ ប៉ុន្តែ​គាត់​មាន​វាសនា​ល្អ។ ខ្ញុំ​ក៏​ជួយ​រំដោះ​ប្រទេស ប៉ុន្តែ​ខ្ញុំ​មិន​មាន​តំណែង​រដ្ឋាភិបាល​នោះ​ទេ»។ លោក​បាន​ថ្លែង​បែប​នេះ​នៅ​ពេល​អង្គុយ​ក្រោម​ផ្ទះ​ឈើ​របស់​លោក។

លោក ឌី ប៊ិត​ អាយុ​៦៦​ឆ្នាំ មាន​ប្រសាសន៍​ថា លោក ហ៊ុន សែន​ គឺ​ជា«អ្នកស្នេហាជាតិ»​ ហើយ​​ «ពូកែ​ខាង​ទ្រឹស្តី ពូកែ​និយាយ​និង​មាន​ចំណេះ​ដឹង»។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា លោក​បាន​ប្រើ​តែ​ទំនាក់ទំនង​គ្រួសារ​ប៉ុណ្ណោះ ក្នុង​ពេល​ដែល​ត្រូវ​ការ​គាំទ្រ ដោយ​លោក​ធ្លាប់​​បាន​សរសេរ​សំណើ​មួយ​ច្បាប់​ផ្ញើ​ទៅ​លោក ហ៊ុន សែន នៅ​ពេល​ដែល​​អ្នក​ភូមិ​ជាង​២០០​គ្រួសារ​បាត់បង់​ដី ដោយសារ​ការ​បាក់​ច្រាំង​ទន្លេ​ក្នុង​ឆ្នាំ​២០១២។
លោក ហ៊ុន​​ សែន បានសម្រេច​​ផ្តល់​ដី​ចម្ការ​ចំនួន​​ពីរហិកតា និង​ដី​ភូមិ​​សម្រាប់​សង់​ផ្ទះនៅ​ក្នុង​ខេត្ត​កំពង់ធំ ដែល​នៅ​ជាប់​នោះ ​សម្រាប់​គ្រួសារ​នីមួយៗ​​។ លោក ហ៊ុន សែន ក៏​បាន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​​សាងសង់​វត្តអារាម និង​ផ្លូវ​​ដែល​ភ្ជាប់​​តំបន់​នេះ​ទៅ​ស្រុក​ស្ទឹងត្រង់​​ផង​ដែរ ដើម្បី​ឲ្យ​អ្នក​ភូមិ​​មាន​ភាព​ងាយស្រួល​ក្នុង​ការ​លក់​ដំណាំ​របស់​ពួកគេ ​ដូចជា​សណ្តែក​ ល្ង និងថ្នាំជក់​ជា​ដើម​។

លោក​ស្រី ចន​ ណាត ដែល​ជា​អ្នកជិត​ខាង​របស់លោក ​ហ៊ុន សែន កាលពី​វ័យ​កុមារ​ ក៏​បាន​ទទួល​ដី​នោះ​ពី​​លោក​នាយករដ្ឋមន្រ្តី​ផង​ដែរ។
លោកស្រី​មាន​ប្រសាសន៍​ថា៖ «ច្រាំង​ទន្លេ​ចេះ​តែ​បាក់​ទៅៗ ដូច្នេះ​គាត់​ផ្តល់​ដី​ឲ្យ​យើង»។ ប៉ុន្តែ​អ្នក​ស្រី​បាន​បាន​លក់​ដីនោះ ក្នុង​តម្លៃ​៣.០០០​ដុល្លារ ដោយសារ​តែ​លោកស្រី​មិន​អាច​ប្រើប្រាស់​វា​បាន។

យុទ្ធសាស្ត្រ​នយោបាយ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ការ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​នៅក្នុង​សហគមន៍​មួយ​ចំនួន ដែល​ជួប​ប្រទះ​ការ​លំបាក និង​ដែល​សម្តែង​ចេញ​ក្នុងរូបភាព​បង្ហាញថាលោកជាមនុស្ស​សប្បុរសនោះ ​គឺជា​ប្រព័ន្ធ​ដ៏​មាន​ឥទ្ធិពលមួយ ក្នុង​ការហុច​ប្រយោជន៍មកឲ្យ​លោក​វិញ។ ហើយ​ប្រព័ន្ធ​នេះគឺជា​ផ្នែក​មួយ​នៃ​វប្បធម៌នយោបាយ​នៅ​កម្ពុជា។ ​

ក៏ប៉ុន្តែ លោក​បែរជា​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​លើ​កំណែទម្រង់​ដែល​ដោះស្រាយ​ឬស​គល់​នៃ​បញ្ហា នៅក្នុង​សហគមន៍ ដូច​ជាអំពើពុករលួយជាប្រព័ន្ធរបស់មន្ត្រីរដ្ឋាភិបាល ការកើន​ឡើង​នៃ​ការ​រំលោភ​យក​ដីធ្លី និងការកាប់​ព្រៃឈើ​ដោយ​ខុសច្បាប់​ដោយក្រុមហ៊ុនដ៏​មាន​ឥទ្ធិពល​នានា នៅ​ទូទាំង​ប្រទេស។

ជា​មេដឹកនាំ ឬអាទិទេព?

នៅ​ពេល​ដែល​កំពុង​ធ្វើ​នយោបាយ​នៅ​តាម​សហគមន៍​ជនបទ​ លោក ហ៊ុន សែន ជា​ធម្មតា​ ធ្វើ​ឲ្យ​មាន​ភាព​ស្រពេចស្រពិល​រវាង​រដ្ឋ​អំណាច និង​គណបក្ស​ប្រជាជន​កម្ពុជា និង​រូប​លោក​ផ្ទាល់។

ផ្លូវ​ សាលា​រៀន និង​ស្ពាន នៅ​​ទូទាំង​ប្រទេស ត្រូវ​បាន​ដាក់ឈ្មោះ​របស់​លោក​ ហ៊ុន​ សែន ទោះ​បី​ជា​សំណង់​នោះ​ត្រូវ​បាន​ឧបត្ថម្ភ​ដោយ​បរទេស​ក៏​ដោយ។ នៅ​ពេលសម្ពោធ​​គម្រោង​ណា​មួយ​​ក៏​ដោយ លោក ហ៊ុន សែន តែង​តែ​ថ្លែង​ថា បើ​សិន​ជា​លោក​មិន​កាន់​អំណាច សង្គ្រាម​ស៊ីវិល​និង​ការ​បែក​បាក់​នឹង​កើត​មាន។

កាលពី​ខែ​កុម្ភៈ នៅ​ក្នុង​ពិធី​បើក​ការ​ដ្ឋាន​សាងសង់​ស្ពាន​ដែល​ឆ្លង​កាត់​ទន្លេ​មេគង្គ​ក្នុង​ស្រុក​ស្ទឹងត្រង់ លោក ហ៊ុន សែន​ បាន​ប្រាប់​ទៅ​ប្រជាពលរដ្ឋ​ថា​ លោក​​ធានា​ឲ្យ​មាន​ការ​សាងសង់​ស្ពាន​នេះ។

លោក​បាន​ថ្លែង​ថា៖ «ខ្ញុំ​នឹង​មក​សម្ពោធ​ស្ពាន​នេះ​ក្នុង​ឆ្នាំ​២០២១ ពី​ព្រោះ​ខ្ញុំ​នឹង​ធ្វើ​ជា​នាយករដ្ឋមន្រ្តី​យ៉ាង​តិច​១០​ឆ្នាំ​ទៀត»។ គម្រោង​នេះ​ធ្វើ​ដោយ​ប្រាក់​កម្ចី​ចំនួន​៥៧លាន​ដុល្លារ​អាមេរិក ពី​រដ្ឋាភិបាល​ចិន ​ដែលបាន​ក្លាយ​ជា​អ្នក​គាំទ្រ​ចម្បង​របស់​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ពេល​ថ្មីៗនេះ។
ក្នុង​ពេល​នោះ លោក ហ៊ុន សែន ក៏​បាន​ថ្លែង​ថា លោក​មិន​មាន​បំណង​ធ្វើ​ជា​មេដឹកនាំ​ប្រទេស​នោះ​ទេ គឺ​ត្រឹមតែ​គ្រូ​បង្រៀន​ម្នាក់​តែ​ប៉ុណ្ណោះ។ លោក​មាន​ប្រសាសន៍​ថា៖ «វាសនា​មនុស្ស​ពិត​ជា​មើល​មិន​ឃើញ​មែន។ ខ្ញុំ​គ្មាន​បំណង​ក្លាយ​ជា​មេដឹកនាំ​នោះ​ទេ។ ខ្ញុំ​គ្រាន់​តែ​ចង់​ក្លាយ​ជា​គ្រូ​បង្រៀន​សាមញ្ញ​ម្នាក់។ ប៉ុន្តែ​វាសនា​មនុស្ស គឺ​មើល​មិន​ឃើញ»៕ projects.voanews.com

Loading...