ទូរទស្សន៍​Al Jazeeraកាលពី​ថ្ងៃទី១២កក្កដា​កន្លងទៅ បានចេញ​ផ្សាយ​បទ​ស៊ើបអង្កេត​មួយ​ក្រោម​ចំណងជើង​ថា ការបង្ក្រាប​ការបោះឆ្នោត​នៅក្នុង​ប្រទេស​កម្ពុជា។ ក្នុង​វីដេអូ​ស៊ើបអង្កេត​នោះ Al Jazeeraបានលើកឡើង​ពី​ការបង្កើត​ក្រុមហ៊ុន​នៅ​អូស្ត្រាលី​តម្លៃ​រាប់លាន​ដុល្លារ​របស់លោក​គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ។ ប៉ុន្តែ​លោក​គង់ វិបុល​បាន​ច្រានចោល។ ចំពោះ​រឿងនេះ​អ្នកនាំពាក្យ​បក្ស​កាន់អំណាច​បាន​ជំរុញ​ឲ្យ​ទូរទស្សន៍​Al Jazeera ដាក់​ភស្តុតាង​ដែល​ខ្លួន​មាន​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដើម្បី​ចាត់ការ។

ថ្លែងប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ លោក​សុខ ឥសាន ដែលជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​អះអាងថា ប្រសិនបើ​ទូរទស្សន៍ Al Jazeera មាន​ភស្តុតាង និង​ឯកសារ​ត្រឹមត្រូវ​និង​គ្រប់គ្រាន់​ដែល​បង្ហាញថា លោក​គង់ វិបុល​កំពុងដំណើរកា​រ​ក្រុមហ៊ុន​នៅក្នុង​ប្រទេស​អូស្ត្រាលី​នោះ សូម​យក​ភស្តុតាង​ទាំងនេះ​ដាក់​ទៅកាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ។ បើតាម​លោក​សុខ ឥសាន អង្គភាព​ប្រឆាំង​អំពើពុករលួយ​នឹង​ចាត់ការ​លើ​រឿងនេះ បើសិន​ជាមាន​ភស្តុតាង​គ្រប់គ្រាន់​នោះ។ លោក​សុខ ឥសាន បាន​អះអាង​ទៀតថា រដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នឹងមិន​កាន់ជើង​មន្ត្រី​ដែល​ប្រព្រឹត្ត​ខុសច្បាប់​ឡើយ។

សូមបញ្ជាក់ថា នៅក្នុង​វីដេអូ​ស៊ើបអង្កេត​មួយ​ដែល​ចេញផ្សាយ​ការ​ពី​ថ្ងៃទី១២ ខែកក្កដា ទូរទស្សន៍ Al Jazeera របស់​កាតា​ដែល​បាន​អះអាងថា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​កម្ពុជា​រូបនេះ​កំពុងដំណើរការ​ក្រុមហ៊ុន​ដែលមាន​តម្លៃ​រាប់លាន​ដុល្លារ​នៅក្នុង​ប្រទេស​អូស្ត្រាលី។ ក៏ប៉ុន្តែ​លោក​គង់ វិបុល បាន​គូសបញ្ជាក់​នៅក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍ Al Jazeera ថា លោក​មិន​ជាប់ទាក់ទង​នឹង​ក្រុមហ៊ុន​នោះ​ទៀត​ទេ។ លោក​ថា លោក​បាន​ផ្ទេរ​ក្រុមហ៊ុន​នោះ​ទៅ​ឲ្យ​អ្នកផ្សេង​ហើយ។

ក៏ប៉ុន្តែ​អ្នកជំនាញ​ខាង​ការប្រឆាំង​ការលាង​លុយកខ្វក់​ម្នាក់​នៅក្នុង​ប្រទេស​អូស្ត្រាលី​បាន​អះអាង​ប្រាប់​ទូរទស្សន៍ Al Jazeera ថា លោក​គង់ វិបុល គឺជា​អគ្គនាយក​ក្រុមហ៊ុន​នោះ ហើយ​ថា កំពុង​ស៊ើបអង្កេត​បន្ថែម​លើ​រឿងនេះ​ផងដែរ។ ប៉ុន្តែ​លោក​គង់ វិបុល បាន​ប្រាប់​ទូរទស្សន៍ Al Jazeera វិញ​ថា កាលដែល​នៅជាប់​ឈ្មោះ​លោក​ទាក់ទង​នឹង​ក្រុមហ៊ុន គឺ​ដោយសារតែ​នាយកដ្ឋាន​ចុះបញ្ជី​ក្រុមហ៊ុន​របស់​ប្រទេស​អូស្ត្រាលី​មិនបាន​ធ្វើការ​កែសម្រួល​ថ្មី​នៃ​ឈ្មោះ​អគ្គនាយក​ក្រុមហ៊ុន​នោះ។

លោក​គង់ វិបុល ដែលជា​ទីប្រឹក្សា​ផ្ទាល់​របស់លោក​នាយករ​ដ្ឋ​មន្ត្រី​ហ៊ុន សែន ត្រូវបានតែងតាំង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កាលពី​ឆ្នាំ២០១២កន្លងទៅ។ ទូរទស្សន៍ Al Jazeera បាន​លើកឡើងថា លោក​គង់ វិបុល មាន​ប្រាក់ខែ​មិន​ដល់១ពាន់​ដុល្លារ​ក្នុង​មួយខែ​ផង តែ​បែរ​ជាមាន​លុយ​រាប់លាន​ដុល្លារ​ទៅ​បើក​ក្រុមហ៊ុន​នៅក្នុង​ប្រទេស​អូស្ត្រាលី។ យ៉ាងណាក៏ដោយ មកដល់ពេលនេះ លោក​គង់ វិបុល មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​បន្ថែម​បានទេ​ចំពោះ​ការចោទប្រកាន់​ទាំងអស់នេះ៕ ប្រភព៖ RFI