នៅ​អាមេរិក, ថ្ងៃសុក្រទី​១៣កក្កដា​នេះ​ រដ្ឋអាជ្ញាពិសេសដែលទទួលបន្ទុកស៊ើបអង្កេត រឿងការចូលលូកដៃរបស់រុស្ស៊ី ក្នុងការបោះឆ្នោតនៅអាមេរិក បានចោទប្រកាន់ ជាផ្លូវការ លើមន្ត្រីចារកិច្ចរុស្ស៊ី ចំនួន១២នាក់ ពីបទបានចូលទៅលួចទិនន្ន័យ ក្នុងប្រព័ន្ធកុំព្យូរទ័រ របស់គណបក្សប្រជាធិតេយ្យ។ ចំពោះរុស្ស៊ី ការ​ចោទប្រកាន់​នេះ គឺគ្រាន់តែ​ដើម្បី​បំពុល​បរិយាកាស​នៃ​ជំនួប​របស់​លោក ពូទីន និង​លោក ត្រាំ ដែល​ត្រូវ​ជួប​គ្នា​នាពេល​ដ៏​ខ្លី​ខាង​មុខ​តែប៉ុណ្ណោះ។​



រដ្ឋអាជ្ញាពិសេសរបស់​​អាមេរិក បាន​បញ្ជាក់​ថា​ មនុស្ស​ទាំង​១២នាក់​នោះ គឺសុទ្ធតែ​ជា​ចារកិច្ច​របស់​រុស្ស៊ី និង​មិនពាក់​ព័ន្ធនឹង​ជន​ជាតិ​អាមេរិក​ឡើយ។ ពួក​គេ​ទាំងនោះ បានប្រើ​បច្ចេកវិជ្ជា​ទំនើប​ចូលលួច​ទិន្នន័យ​ក្នុង​កុំព្យូទ័រ​ របស់​បក្ស​ប្រជាធិបតេយ្យ និង​ក្នុង​អ៊ីម៉ែល​របស់​លោកស្រី ហ៊ីឡារី​ ឃ្លីន​តុន ដើម្បី​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​លទ្ធផល​បោះឆ្នោត​អាមេរិក ឆ្នាំ​២០១៦។ លោករដ្ឋអាជ្ញាពិសេសរបស់​​អាមេរិក បានសង្កត់​ធ្ងន់ទៀត​​ថា ពួកចារកិច្ចនោះ​ ក៏បានលួចទិន្នន័យរបស់​អ្នកបោះឆ្នោតមួយលាននាក់ពីគេហទំព័ររបស់ក្រុមប្រឹក្សាបោះឆ្នោតជាតិអាមេរិក​ទៀត​។

ពី​ថ្ងៃសុក្រទី​១៣កក្កដា​ដែរ លោក​ត្រាំ បាន​ថ្លែង​ប្រតិកម្ម​ពី​ប្រទេស​អង់គ្លេស​ ថា ការ​ចោទ​ប្រកាន់​របស់​រដ្ឋអាជ្ញាអាមេរិក​នេះ គឺជា​រឿង​ដែល​ឆ្កួត​លីលា​បំផុត ហើយ​លោក​ ត្រាំ​ ក៏ធ្លាប់ចាត់ទុក​​ក្រុម​អ្ន​កចង់ជីក​កកាយ​រឿង​បោះឆ្នោត​នេះដែរ​ថា ជា​ពួក​មេធ្មប់​។ ហើយ​នាពេល​កន្លងទៅ លោកត្រាំ​ថែម​ទាំង​បាន​ដកតំណែង​មេប៉ូលីស​ FBI ថែម​ទៀត​ផង។​

ចំណែក​ភាគី​រុស្ស៊ី គឺតែងតែ​បដិសេធ​ច្រាន​ចោល​តែ​រហូត​មក ហើយ​ម្សិលមិញ ក៏នៅ​តែ​ថា​គ្មាន​ពាក់​ព័ន្ធ​រឿង​លូក​ដៃ​លូក​ជើង​ក្នុង​ការ​បោះឆ្នោត​អាមេរិក​អ្វី​នោះទេ។ តំណាង​រដ្ឋាភិបាល​ក្រេម​ឡាំង បា​នចាត់ទុក​ការ​ចោទ​ប្រកាន់​របស់​រដ្ឋអាជ្ញាពិសេសរបស់​​អាមេរិកថា​ គឺគ្រាន់តែ​ដើម្បី​បំពុល​បរិយាកាស​ដែល​លោកត្រាំ​និង​លោក​ពូទីន ត្រូវ​ជួប​គ្នា​ដោយ​កក់ក្តៅតែប៉ុណ្ណោះ​។

ជាការ​កត់​សម្គាល់ ការ​សម្រេច​ចោទ​ប្រកាន់​របស់​រដ្ឋអាជ្ញាពិសេសរបស់​​អាមេរិក​នេះ គឺ​ធ្វើ​ឡើង​តែបីថ្ងៃប៉ុណ្ណោះ មុន​ជំនួប​ផ្លូវ​ការ​របស់​លោក​ប្រធានាធីបតី​អាមេរិក​និង​ប្រធានាធិបតី​រុស្ស៊ី ឈាន​ចូល​មក​ដល់​។​​ តាម​គម្រោង លោក​ដូណាល់ ត្រាំ និង​លោក​វ៉្លាឌីមៀរ ពូទីន នឹង​ជួបគ្នា នៅថ្ងៃ​ទី១៦​កក្កដា​ខាងមុខ នៅ​ក្នុង​ទីក្រុង​ហែលសិនគី ប្រទេស​ហ្វាំងឡង់។ ជា​ជំនួបកំពូល​មួយ​ទល់នឹងមួយ​ជាលើក​ដំបូង ចាប់តាំង​ពី​លោក ​ដូណាល់ ត្រាំ បាន​ជាប់ឆ្នោត​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិកមក​។

ក៏ប៉ុន្តែ អ្នក​ប្រឆាំង​លោក​ត្រាំ នៅ​អាមេរិក បាន​ស្នើ​ឲ្យ​លោក ត្រាំ លុប​ចោល​ជំនួប​ជាមួយ​លោក​ពូទីន​។ សូម្បីតែ​លោក ចន ម៉ាក់​ឃេន សមាជិក​ព្រឹទ្ធសភាមក​ពី​បក្ស​សាធារណរដ្ឋ​​ ដូច​​លោកត្រាំ ក៏​ចង់​ឲ្យ​ប្រធានាធបិតី​អាមេរិក លុប​ចោល​ជំនួប​នេះដែរ៕​ ប្រភព៖ RFI