នៅ​រដ្ឋធានី​ប៉ារីស៍ ល្ងាចថ្ងៃទី​១៦កក្កដានេះ ក្រុម​កីឡាករ​ជម្រើស​ជាតិ​បារាំង ត្រូវ​ទទួល​ស្វាមគន៍​ក្នុង​នាម​ជា​វីរបុរស​ជាតិ។ ក្រោយ​ពី​ចុះ​យន្តហោះដល់​ទឹក​ដី​បារាំង​ភ្លាម ​មហាជន​ទទួល​អបអរ​សាទរ​​យ៉ាង​ច្រើន​កុះក​ តាំងពី​ព្រលាន​យន្តហោះ រហូត​ដល់​កណ្តាល​ក្រុងប៉ារីស៍។ នៅ​មហាវីថី Champs Elysée ក្រុម​ជម្រើស​ជាតិ បាន​ហែ​ក្បួន ដោយ​លើ​ពាន​រង្វាន់​បាល់ទាត់​​ពិភព​លោក បង្ហាញ​ប្រជា​ជាតិ​បារាំង​​ មុន​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​វិមាន​ប្រធានាធិបតី។



ក្នុង​ឯកសណ្ឋានអាវយឺតខោខ្លី​ព័ណ៌​ខៀវនៃ​​​កីឡាករបារាំង​​ ក្រុមជម្រើស​ជាតិ​បារាំង ត្រូវ​ទទួល​ស្វាគមន៍​ដោយកម្រាល​ព្រំ​ក្រហម​ នៅ​ព្រលាន​យន្ត​ហោះ Charles de Gaulle ដោយ​មាន​វត្តមាន​រដ្ឋមន្ត្រី​ខាង​កីឡា​ទៅ​ទទួល​ដោយ​ផ្ទាល់​តែម្តង។ ក្រោយ​មក ក្រុម​ Les Bleus ​បាន​ជិះ​ឡានធំ​ទ្រវែង អមដំណើរ​​ដោយ​នគរបាល​ជា​ច្រើន​នាក់​​ ជិះ​សំដៅ​ចូល​រដ្ឋ​ធានី​ប៉ារីស​។ ឡាន​នេះ​ ​មាន​សរសេរអក្ស​រ​​ជា​ភាសា​បាំរាំងថា Champion du Monde ជើង​ឯក​ពិភព​លោក​ និង​មាន​តុបតែង​លម្អ​ព័ណ៌​ខៀវ និង​រូប​មាន់​គក​ផង។

តាម​ដង​ផ្លូវ​ មាន​ម៉ូតូ ​រថយន្ត​​យ៉ាង​ច្រើន​គ្រឿង​របស់​ពលរដ្ឋ​បារាំង​ដែល​ជា​អ្នក​គាំទ្រ​ បា​នតាមអម និង​ជិះ​ពីក្រោយ​ឡានដែល​​ដឹក​​​ក្រុម​ជ​ម្រើស​ជាតិ។​ មុន​ពេល​ទៅដល់ Champs Elysée ក្រុម​កីឡាជម្រើស​ជាតិ​ Les Bleus បានប្តូរ​មក​ជិះ​ឡាន​អត់​ដំបូល ហើយ​បាន​​ផ្លាស់ប្តូរ​សម្លៀក​បំពាក់​ មកពាក់​អាវ​យឺត​ពណ៌​ស ដោយ​មានរូប​ផ្កាយ​ពីរ ដែល​បញ្ជាក់ថា បារាំង​ឈ្នះ​បាត់​ទាត់​ពិភពលោក​ពីរ​លើក។ ​នៅ​លើ​មហាវិថី​ Champs Elysée ដែល​មាន​មនុស្ស​យ៉ាង​ណែន​ណាន់​តាន់​តាប់ ឈរ​ស្រែក​អបអរ​ដល់​ក្បួន​ឡាន​របស់​ក្រុម​ជម្រើស​ជាតិ។ សំឡេង​ស្រែក​ហោ​បន្លឺ​កាន់តែ​ខ្លាំង​ឡើង នៅពេល​ដែល​ឡាន​ដឹក​កីឡាករ​បើក​កាត់​ហ្វូង​មនុស្ស​។ ទាំង​ក្រុ​មកីឡាករ​និង​ទាំង​ក្រុម​អ្ន​កគាំទ្រ ភាគ​ច្រើន​កាន់​ទូរសព្ទ​ដៃ​ម្នាក់​មួយ ថត​រូប​គ្នា​ទៅវិញ​ទៅមក។

ពេល​ឡាន​ក្បួន​ដំណើរ​ បើកផុត​ហ្វូង​មនុស្ស ក្រុម​​កីឡាករ​បាន​ផ្លាស់​ប្តូរ​សម្លៀក​បំពាក់​ជាថ្មីម្តងទៀត។ ពួក​គេ​ពាក់​អាវ​សឺមឺពណ៌​ស និង​អាវ​ធំ ដើម្បី​បន្ត​ដំណើរ​ទៅ​កាន់​វិមាន​ប្រធានាធិបតីបារាំង។ លោក អេម៉ាណុយអែល ម៉ាក្រុង និង​ជំទាវ​ទី១ បាន​ទទួល​ស្វាគមន៍​ក្រុម​កីឡា​យ៉ាង​សប្បាយ​រីករាយ។ លោក ម៉ាក្រុង បាន​ចាប់​ដៃ​ ទះស្មា ថើប​ថ្ពាល់​ កីឡាករ​​ ​​ម្នាក់​ម្តងៗ​រហូត​ដល់​អស់​គ្រប់​គ្នា។ រួច​មក ប្រមុខរដ្ឋ​បារាំង បាន​ថត​និង​​ច្រៀង​ចម្រៀង​ជាតិ​បារាំងជុំ​គ្នាជាមួយ​នឹង​កីឡាករ។

នៅ​​វិមាន​ប្រធានាធិបតី​ គឺ​មាន​មនុស្ស​ប្រមាណ​​៣ពាន់​នាក់ ​ដែល​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូល​ក្នុងបរិវេណ​​សួន​ច្បារ​។ ក្នុង​នោះ​មាន​ក្រុមគ្រួសារ​កីឡាករ ហើយ​ពិសេស​គឺ​ក្មេង​ៗ​កីឡាករ​តូចៗ​ជាង​១ពាន់​នាក់​។ ប្រធានា​ធិបតី​​បារាំងវ័យ​ក្មេង​ បាន​ថ្លែង​សុន្ទរកថា​យ៉ាង​ខ្លី​បំផុត។ ទី​១មួយ លោកនិយាយ​យ៉ាង​ខ្លី អរគុណ​​ជាថ្មី​ម្តងទៀត ចំពោះ​ក្រុម​កីឡា​ករ​បារាំង ហើយ​ទី២ លោក​សុំ​កុំ​ឲ្យ​ពួក​គេ​ផ្លាស់ប្តូរ​ឲ្យ​សោះ។ លោក ម៉ាក្រុង ថា បារាំង​ស្រស់​ស្អាត និង​ខ្លាំង គឺដោយសារ​តែ​បារាំងចេះ​​រួប​រួម​គ្នាតែមួយ​។

គួរ​បញ្ជាក់ដែរ ដើម្បី​ជា​មោទនភាព​ជាតិ​រួម​គ្នា​របស់​បារាំង អាជ្ញាធរ​ក្រុង​ប៉ារីស​​ បា​នផ្លាស់​ប្តូរ​ឈ្មោះ​ស្ថានីយ​រថភ្លើង​ក្រោម​ដី​ចំនួន​៦កន្លែង​ មក​ដាក់​ឈ្មោះ​របស់​​គ្រូ​បង្វឹកលោក Didier Deschamps ​ឈ្មោះ​កីឡាករមួយ​ចំនួន​ និងឈ្មោះ​របស់​​អ្នក​ចាំទី​​​ ផង​ដែរ​៕​ ប្រភព៖ RFI