ជំនួបកំពូល​អឺរ៉ុប និង​ប្រទេស​ចិន​លើកទី២០ រយៈពេល ២ថ្ងៃ​បាន​បើក​ធ្វើ​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃ​ចន្ទ ទី១៦ កក្កដា។ ជំនួបកំពូល​អឺរ៉ុប ចិន​ពេល​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​បាន​ប្រកាស​សង្រ្គាមពាណិជ្ជកម្ម​ជាមួយ​ចិន និង​អឺរ៉ុប​តាម​រយៈ​ការ​ដំឡើង​ពន្ធ​លើ​ទំនិញ​នាំ​ចូល​អាមេរិក។ នៅ​ក្នុង​ជំនួប​ជាមួយ​លោក​នាយករដ្ឋមន្រ្តី​ចិន​លី ខឺជាំង លោក​ប្រធាន​ក្រុមប្រឹក្សាអឺរ៉ុប​ដូណាល់ ទូស្ក​បាន​អំពាវនាវ​ចិន រុស្ស៊ី និង​អាមេរិក​ឲ្យ​ចៀសវាង​ភាព​វឹកវរ​នៃ​សង្រ្គាមពាណិជ្ជកម្ម។



ទន្ទឹម​នឹង​អំពាវនាវ​ចិន រុស្ស៊ី និង​អាមេរិក​ឲ្យ​ចៀសវាង​ភាព​វឹកវរ​នៃ​សង្រ្គាមពាណិជ្ជកម្ម​រវាង​គ្នា លោក​ដូណាល់ ទូស្ក​ក៏បាន​ថ្លែង​ដោយ​ទទួល​ស្គាល់​ថា ហេដ្ឋារចនាសម្ព័ន្ធ​ពិភពលោក​កំពុង​មាន​ការ​ផ្លាស់ប្តូរ និង​មិន​ភ្លេច​រម្លឹក​ឡើង​វិញទេ​ថា ពិភពលោក​ដែល​ទាំង​អស់​បាន​កសាង​ឡើង​អស់​រយៈពេល​ជា​ច្រើន​ទសវត្ស​បាន​ផ្តល់​ឲ្យ​អឺរ៉ុប​នូវ​សន្តិភាព ការ​អភិវឌ្ឍ​នៅ​ក្នុង​ប្រទេស​ចិន និង​ការ​បិទបញ្ចប់​សង្រ្គាមត្រជាក់។ ដូច្នេះ វា​ជា​កាតព្វកិច្ច​រួម​គ្នា​របស់​ចិន និង​អឺរ៉ុប រួម​ទាំង​អាមេរិក និង​រុស្ស៊ី​ដែល​គួរ​នាំ​គ្នា​រៀបចំ​សណ្តាប់ធ្នាប់​ពិភពលោក​ឡើង​វិញ​ជា​ជាង​នាំ​គ្នា​បំផ្លាញ និង​គួរ​ចៀសវាង​សង្រ្គាមពាណិជ្ជកម្ម​ដែល​នាំ​ឲ្យ​មាន​ជម្លោះ​ប្រឈម​មុខ​ដាក់​គ្នា​ជា​ចំហ នេះ​ជា​ការ​យល់​ឃើញ​របស់​លោក​ដូណាល់ ទូស្ក។

បន្ទាប់​មក លោក​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​ដូណាល់ ទូស្ក និង​លោក​នាយករដ្ឋមន្រ្តី​ចិន​លី ខឺជាំង​ក៏​បាន​ឯកភាព​គ្នា​ចង់​ឲ្យ​មាន​កំណែទម្រង់​លើ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ដែល​កំពុង​ទទួល​រង​ការ​ជាន់​ឈ្លី​ពី​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ។ អ្វី​ដែល​ចិន និង​អឺរ៉ុប​ចង់​បាន​នៅ​ក្នុង​កំណែទម្រង់​នេះ គឺ​ពង្រឹង​អំណាច​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ក្នុង​នាម​ជា​ស្ថាប័ន និង​ដើម្បី​ធានា​លក្ខខណ្ឌ​នៃ​ការ​ប្រកួតប្រជែង​ស្មើ​ភាព។ តាម​លោក​ដូណាល់ ទូស្ក ពិភពលោក​ត្រូវ​ការ​បទបញ្ជា​ថ្មី​ស្តីពី​នយោបាយ​ឧបត្ថម្ភធន​ក្នុង​វិស័យ​ឧស្សាហកម្ម កម្មសិទ្ធិបញ្ញា ការ​ផ្ទេរ​បច្ចេកវិទ្យា​ដោយ​បង្ខំ ការ​កាត់បន្ថយ​តម្លៃ​នៃ​ការ​ដោះដូរ​ពាណិជ្ជកម្ម និង​បទបញ្ជា​ផ្សេងៗ​ទៀត។

ក្រៅ​ពី​ពួតដៃ​គ្នា​ដើម្បី​ប្រឆាំង​នឹង​អាមេរិក​ដែល​បាន​ប្រកាស​សង្រ្គាមពាណិជ្ជកម្ម​ដោយ​ដំឡើង​ពន្ធ​លើ​ទំនិញ​នាំ​ចូល​អាមេរិក អឺរ៉ុប និង​ចិន​ក៏​ត្រូវ​លើក​យក​ចំណុច​ខ្វែង​គ្នា​ក្នុង​រឿង​ពាណិជ្ជកម្ម​ទៅ​ជជែក​រវាង​គ្នា​ដែរ។ បន្ទាប់​ពី​ប្រទេស​ចិន លោក​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​ដូណាល់ ទូស្ក​ដែល​អមដំណើរ​ដោយ​លោក​ប្រធាន​គណៈកម្មការ​អឺរ៉ុប Jean-Claude Juncker នឹង​បន្ត​ដំណើរ​ទៅ​កាន់​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន​ទៀត។ គោលដៅ គឺ​ដើម្បី​ចុះ​កិច្ចព្រមព្រៀង​ដោះដូរ​សេរី​ជាមួយ​ជប៉ុន៕ ប្រភព៖ RFI