រយៈ​ពេល​១សប្តាហ៍​ចុង​ក្រោយ​នេះ ខេត្ត​ព្រះ​សីហនុ កំពង់ស្ពឺ ប៉ៃលិន និង​ខេត្ត​បាត់​ដំបង កំពុង​រងឥទិ្ធពល ជំនន់​ទឹក​ភ្លៀង​កម្រិត​ស្រាល ដែល​ក្រសួង​ធនធាន​ទឹក​អះអាង​ថាអាច​គ្រប់​គ្រង​​ស្ថានការណ៍​បាន។ ការជន់លិច​នេះ កើត​ឡើង ដោយ​សារតែ​ឥទ្ធិពល​ប្រព័ន្ធ​​សម្ពាធ​ទាប ដែល​កំពុង​ស្ថិត​នៅ​លើ​ប្រទេស​កម្ពុជា។



លោក ចាន់ យុត្ថា អ្នក​នាំ​ពាក្យ​ក្រសួង​ធនធាន​ទឹក បាន​បញ្ជាក់​​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា ប្រទេស​កម្ពុជា​កំពុង​តែ​ទទួល​រង​ឥទ្ធិពល​របស់​ប្រព័ន្ធ​​សម្ពាធ​ទាប ដែល​បណ្តាល​ឲ្យ​ខេត្ត​ជាប់​មាត់​សមុទ្រ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង រួម​នឹង​តំបន់​ជួរភ្នំ​ក្រវ៉ាញ​ផង។ អ្នក​នាំ​ពាក្យ​ក្រសួង​ធនធាន​ទឹក​រូប​នេះ បញ្ជាក់​ថា ចាប់​ពី​ពេល​នេះ ដល់​ថ្ងៃ​ទី១៨ ខែ​កក្កដា ភ្លៀង​នឹង​បន្ត​ធ្លាក់ ជា​ពិសេស​នៅ​ក្នុង​តំបន់​មាត់​សមុទ្រ​នៃ​ប្រទេស​កម្ពុជា។

បើ​តាម​លោក ចាន់ យុត្ថា ជំនន់​ទន្លេ​មេគង្គ​វិញ ក៏​កំពុង​តែ​កើន​ឡើង​ដែរ ដោយ​សារ​មាន​ភ្លៀង​ធ្លាក់​នៅ​ក្នុង​តំបន់​ផ្ទៃ​រង​ទឹក​ភ្លៀង​របស់​​ទន្លេ​មេគង្គ​ក្នុង​ប្រទេស​ថៃ និង​ឡាវ។ លោក​អះអាង​ថា​ទឹក​ភ្លៀង នៅ​ក្នុង​ប្រទេស​ថៃ និង​ឡាវ នឹង​មក​ដល់​ខេត្ត​ស្ទឹងត្រែង​ក្នុង​អំឡុង​ពេល​២​ទៅ​៣​ថ្ងៃ​ខាង​មុខ ហើយ​ស្ថានភាព​នេះ​នឹង​ធ្វើ​ឲ្យ​ទឹក​​ទន្លេ​មេគង្គ​លើ (កំពង់ចាម​, ត្បូងឃ្មុំ, ក្រ​ចេះ​, និង​ស្ទឹងត្រែង) ហក់​ឡើង​ហូរ​ចូល​តំបន់​ទំនាប​នៅ​សង​ខាង​ទន្លេ។

អ្នក​នាំ​ពាក្យ​ក្រសួង​ធនធាន​ទឹក​បាន​អំពាវនាវ​ឲ្យ​ប្រជា​កសិករ ជា​ពិសេស​អ្នក​រស់​នៅ​តំបន់​​ទន្លេ​មេគង្គ​លើ មាន​ការប្រុង​ប្រយ័ត្ន និង​ប្រញាប់​ប្រមូល​ផល ខណៈ​ទឹក​​ទន្លេ​មេគង្គ​អាច​នឹង​ជន់លិចនា​ពេល​ខាង​មុខ។

បើ​តាម​ក្រសួង​ធនធាន​ទឹក ស្ថានភាព​កំពស់​ទឹក​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ​បាន​ស្រក​ចុះ​មួយ​កម្រិត ជា​ពិសេស​តំ​ផ្លូវ​ជាតិ​លេខ​៤ ស្ថិត​ក្នុង​ស្រុក​កំពង់សីលា ហើយ​ការ​ធ្វើ​ចរាចរ​ឆ្លង​កាត់​តាម​ភូមិ​សាស្ត្រ​ខាង​លើ ត្រូវ​បាន​បើក​ឲ្យ​ដំណើរ​ការជាប្រក្រតី​ឡើង​វិញ បន្ទាប់​ពី​មាន​ការផ្អាក កាលពី​ថ្ងៃ​ទី១៥ ខែ​កក្កដា។

ចំណែក​នៅ​ក្នុង​ខេត្ត​បាត់​ដំបង​វិញ ការ​ធ្លាក់​ភ្លៀង​បន្ថែម​ក្នុង​បរិមាណ​ជាង ៦៦មីលី​ម៉ែត្រ នៅ​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ​ក្នុង​ភូមិ​សាស្ត្រ​ស្រុក​សំឡូត បាន​ធ្វើ​ឱ្យ​ទឹក​ស្ទឹងសង្កែ ក្នុង​ខេត្ត​បាត់​ដំបង ហក់​ឡើង​ជា​ថ្មី​ម្តង​ទៀត ។ គិត​ត្រឹម​ម៉ោង ៧ ព្រឹក​ថ្ងៃ​ទី ១៦ ខែ​កក្កដា ទឹក​ស្ទឹងសង្កែ មាន​កម្ពស់ ១២,៥២​ម៉ែត្រ​គឺ​ខ្ពស់​ជាង​កម្ពស់​ទឹក ដែល​បាន​ហក់​ឡើង​អតិបរ​មានា​ពេល​ថ្មីៗ​នេះ ០,១០​ម៉ែត្រ៕ ប្រភព៖ RFI

Loading...