លោក Donald Trump ​ប្រធានាធិបតី​អាមេរិក​ដែលឈរ​នៅ​ក្បែរ​លោក Vladimir Putin ប្រធានាធិបតី​រុស្ស៊ី ​បាន​ប្រកាស​ថា​ លោក​មិន​អាច​ឃើញ​មូល​ហេតុ​ណា​មួយ​ដែល​នាំ​ឲ្យ​លោកជឿ​ថា​រដ្ឋាភិបាល​ក្រុង​មូស្គូ​បាន​ជ្រៀតជ្រែក​ក្នុង​ការ​បោះ​ឆ្នោត​ដែល​នាំ​ឱ្យ​លោក​ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក​កាលពី​ឆ្នាំ២០១៦​នោះ​ទេ។



ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​អាមេរិក​សំខាន់ៗ​ទាំងអស់​បាន​សន្និដ្ឋាន​ថា មាន​ការ​ជ្រៀត​ជ្រែក​ពី​រុស្ស៊ី​ ក្នុង​អំឡុង​ពេល​បោះឆ្នោត ហើយ​បញ្ហា​សំខាន់​ទាក់​ទង​នឹង​ការ​ផ្តោត​ការ​ស៊ើប​អង្កេត​ដ៏​សំខាន់​របស់សហព័ន្ធ មិន​គ្រាន់​តែ​ផ្តោត​លើ​ជនជាតិ​រុស្ស៊ី​ប៉ុណ្ណោះ​ទេ​តែ​ផ្តោត​លើ​បុគ្គលិក​យុទ្ធនាការ​បោះឆ្នោត​របស់លោក Trump ​ផងដែរ។ ​លោក Trump ​បាន​និយាយ​ថា ប្រធានាធិបតី​ពូទីន​បាន​បដិសេធ​ខ្លាំងក្លា​ និង​មាន​ឥទ្ធិពល​កាលពី​ថ្ងៃចន្ទ។ លោក​ពូទីន​បាន​និយាយ​ថា លោក​បាន​ប្រាប់​លោក Trump​ ក្នុង​អំឡុង​ពេល​កិច្ចចរចា​នោះ​ថា «រដ្ឋ​រុស្ស៊ី​មិន​ដែល​រំខាន និង​មិន​មាន​គម្រោង​ជ្រៀតជ្រែក​ក្នុង​ដំណើរការ​បោះឆ្នោត​ផ្ទៃ​ក្នុង​របស់​អាមេរិក​ទេ» ។

លោក Trump បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​ឯ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​វិមាន​ប្រធានាធិបតី​របស់​ប្រទេស​ហ្វាំងឡង់​ថា លោក​បាន​ចំណាយ​ពេល​យ៉ាងច្រើន​និយាយ​អំពី​បញ្ហា​នេះ។​

លោក​ប្រធានាធិបតី​អាមេរិក​បាន​និយាយ​ថា មិន​បាន​រិះគន់​ដោយ​ផ្ទាល់​ទៅ​លើ​សមភាគី​រុស្ស៊ី​របស់​លោក​អំពី​បញ្ហា​នោះ​ ឬ​ក៏​អ្វី​ផ្សេង​ទៀត​ដែល​រដ្ឋាភិបាល​វ៉ាស៊ីនតោន​និងរដ្ឋាភិបាល​ក្រុង​មូស្គូ​មាន​ការ​ខ្វែង​គំនិត​គ្នា​យ៉ាង​ខ្លាំង​នោះ​ទេ។ អ្នក​នយោបាយ​អាមេរិក​នៃ​គណបក្ស​ទាំងពីរ​និង​អតីត​មន្ត្រី​ចារកម្ម​អាមេរិក​និង​អ្នក​ការទូត​បាន​ចាប់ផ្តើម​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​សុន្ទរកថា​របស់​លោក Trump តាំងពី​មុន​ពេល​លោក​ប្រធានាធិបតី​ឡើង​ជិះ​យន្តហោះ Air Force One ​ត្រឡប់​មក​ស.រ.អា.​វិញ៕ ប្រភព៖ VOA