ចៅក្រម​សហព័ន្ធ​សហរដ្ឋអាមេរិក​បាន​ចេញ​បញ្ជា​បណ្តោះអាសន្ន​មួយ​ដើម្បី​ឲ្យ​រដ្ឋបាល​លោក Trump បញ្ឈប់​ការ​ចាប់​បញ្ជូន​ក្រុមគ្រួសារ​ជនអន្តោប្រវេសន៍​បន្ទាប់​ពី​ពួកគេ​បាន​ជួបជុំ​គ្រួសារ​ជាមួយ​គ្រួសារ​វិញ។



ចៅក្រម​សហព័ន្ធ​លោក Dana Sabraw កាល​ពី​ថ្ងៃចន្ទ​បាន​ចេញ​សេចក្តី​បង្គាប់​បន្ទាប់​ពីក្រុម​សហជីព​ស៊ីវិល​ដើម្បី​សេរីភាព​ហៅ​កាត់​ថា ACLU បាន​ប្រកាស​អំពី​ក្តីបារម្ភ​នៅ​ក្នុង​ពាក្យបណ្តឹង​ទៅ​តុលាការ​អំពី​ការ​កើនឡើង​នៃ​ពាក្យ​ចចាមអារ៉ាម​ថា​រដ្ឋាភិបាល​នឹង​ចាប់​បញ្ជូន​ពួក​ជនអន្តោប្រវេសន៍​ជា​លក្ខណៈ​ទ្រង់ទ្រាយធំ​ជា​បន្ទាន់​ក្នុងពេលឆាប់ៗ​នេះ​បន្ទាប់​ពី​ពួកគេ​ទាំងនោះ​បាន​ជួបជុំ​គ្រួសារ​វិញ។

ក្រុម ACLU បាន​តវ៉ា​ដោយ​លើក​ឡើង​ថា​ក្រុមគ្រួសារ​ទាំងនោះ​ត្រូវ​តែ​មាន​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​ស្វែង​យល់​ពី​សិទ្ធិ​ស្របច្បាប់​របស់​ពួកគេ​និង​ធ្វើ​ការ​សម្រេច​ថាតើ​ពួកគេ​ត្រូវ​បន្ត​សុំ​សិទ្ធិ​ជ្រកកោន​ឬ​យ៉ាងណា។

លោក​ចៅក្រម Sabraw បាន​ទុក​ពេល​ឲ្យ​រដ្ឋាភិបាល​រហូត​ដល់​ថ្ងៃចន្ទ​ទី២៤ ខែកក្កដា​ខាង​មុខ​នេះ​ ដើម្បី​ធ្វើ​ការ​ឆ្លើយតប​ទៅ​នឹង​សេចក្តី​បង្គាប់​នេះ។

សេចក្តី​បង្គាប់​ចុងក្រោយ​បំផុត​របស់​តុលាការ​បាន​ធ្វើឡើង​បន្ទាប់​ពី​រដ្ឋបាល​លោក Trump​ ព្យាយាម​ស្វែង​រក​ក្រុមគ្រួសារ​របស់​កុមារ​ចំនួន​ប្រមាណ២.៥៥០នាក់​ឲ្យ​បាន​ជួបជុំ​ជាមួយ​ក្រុមគ្រួសារ​វិញ​ត្រឹម​ថ្ងៃទី២៦ខែកក្កដា​ បន្ទាប់​ពី​កុមារ​ទាំងនោះ​បាន​បែក​ចេញ​ពី​ឳពុកម្តាយ​ដោយសារ​ប្រតិបត្តិការ​របស់​ពួក​ភ្នាក់ងារ​ល្បាត​តាម​ព្រំដែន​នៅ​ក្រោម​គោលនយោបាយ «គ្មាន​ការ​លើក​លែង» របស់​រដ្ឋបាល​លោក Trump ដែល​បាន​ចែង​ថា​មនុស្ស​វ័យជំទង់​ដែល​បាន​ឆ្លង​ចូល​មក​សហរដ្ឋអាមេរិក​ពី​តំបន់​អាមេរិក​កណ្តាល​នឹង​ត្រូវ​ប្រឈម​នឹង​ការ​កាត់ទោស៕ ប្រភព៖ VOA