នៅ​ថ្ងៃ​អង្គារ ទី១៧ កក្កដា សហភាពអឺរ៉ុប និង​ប្រទេស​ជប៉ុន​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជា​ប្រវត្តិសាស្រ្ត។ ពិធី​ចុះ​ហត្ថលេខា​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន​នា​ឱកាស​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធាន​ក្រុមប្រឹក្សាអឺរ៉ុប​ដូណាល់ ទូស្ក និង​ប្រធាន​គណៈកម្មការ​អឺរ៉ុប​លោក Jean-Claude Juncker។ លោក​ដូណាល់ ទូស្ក​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទកាសែត​ថា កិច្ចព្រមព្រៀង​ដោះដូរ​សេរី​អឺរ៉ុប ជប៉ុន​ពេល​នេះ​ជា​សារ​មួយ​ដែល​បញ្ជាក់​ពី​ការ​រួមកម្លាំង​គ្នា​ប្រឆាំង​នឹង​នយោបាយ​អាត្មានិយម​របស់​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ។



កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដោះដូរ​សេរី​រវាង​សហភាពអឺរ៉ុប និង​ប្រទេស​ជប៉ុន​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា Jefta (Japan-UE free trade agreement) និង​ដែល​បាន​គ្រប​ដណ្តប់​ជិត ១ភាគ៣ នៃ​ផលិផលសរុប​ក្នុង​ពិភពលោក​ជាមួយ​នឹង​ពលរដ្ឋ​ប្រមាណ​ជា ៦០០លាននាក់។ នៅ​ខាង​អឺរ៉ុប វិស័យកសិចំណីអាហារ​ជា​អ្នក​ដែល​បាន​ទទួល​ប្រយោជន៍​ច្រើន​ជាង​គេ​ពី Jefta ព្រោះ​មាន​ផលិផល​កសិចំណីអាហារ​អឺរ៉ុប​ចំនួន ៨៥% អាច​នាំ​ចូល​ជប៉ុន​ដោយ​រួច​ពន្ធ។ ក្រៅ​ពី​នោះ ការ​នាំ​សាច់គោ​អឺរ៉ុប​ចូល​ជប៉ុន​នឹង​ទទួល​បាន​ការ​បន្ធូរបន្ថយ​ពន្ធ​បន្តិច​ម្តងៗ តែ​អង្ករ​ដែល​ជា​ផលិផល​និមិត្តរូប​សម្រាប់​ប្រជារាស្រ្ត​ជប៉ុន​មិន​បាន​ស្ថិត​ក្នុង Jefta ទេ។

ជា​ថ្នូរ​ដែល​ជប៉ុន​ទទួល​បាន​ពី Jefta វិញ គឺ​ការ​ទទួល​បាន​ទីផ្សារ​អឺរ៉ុប​ដោយ​សេរី​សម្រាប់​ឧស្សាហកម្ម​រថយន្ត។ កិច្ចព្រមព្រៀង​មួយ​នេះ​ត្រូវ​បាន​ថ្នាក់ដឹកនាំ​អឺរ៉ុប និង​ជប៉ុន​ចាត់​ទុក​ជា​កិច្ចព្រមព្រៀង​ប្រវត្តិសាស្រ្ត ព្រោះ​វា​បាន​បង្កប់​ដោយ​មហិច្ឆតា​ធំសម្បើម​រវាង​សេដ្ឋកិច្ច​ដ៏​ធំ​ទាំង​ពីរ​ក្នុង​លោក។ នៅ​ក្នុង​សន្និសីទកាសែត​រួម​គ្នា​នា​ក្រោយ​ពិធី​ចុះ​ហត្ថលេខា លោក​ប្រមុខ​រដ្ឋាភិបាល​ជប៉ុន​ស្ហ៊ីនហ្សូ អាបេ លោក​ប្រធាន​ក្រុមប្រឹក្សាអឺរ៉ុប​ដូណាល់ ទូស្ក និង​ប្រធាន​គណៈកម្មការ​អឺរ៉ុប​លោក Jean-Claude Juncker បាន​បញ្ជាក់​ពី​តួនាទី​កាន់​ទង់​ពាណិជ្ជកម្ម​រួម​គ្នា​ក្នុង​ពេល​ដែល​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​បាន​បញ្ឆេះ​សង្រ្គាមពាណិជ្ជកម្ម។

តាម​លោក​អាបេ កិច្ចព្រមព្រៀង​ដោះដូរ​សេរី​មួយ​នេះ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​ឆន្ទៈ​ឥត​ងាករេ​រវាង​អឺរ៉ុប និង​ជប៉ុន​ក្នុង​ការ​តាំង​ខ្លួន​ជា​ជើងឯក​នៃ​ការ​ដោះដូរ​សេរី និង​ចង្អុល​ពិភពលោក​ក្នុង​ទិសដៅ​មួយ​នេះ។ ចំណែក​លោក​ដូណាល់ ទូស្ក​បាន​ឆ្លៀត​ដាក់​ផ្លែផ្កា​ឲ្យ​លោក​ដូណាល់ ត្រាំ​ថា កិច្ចព្រមព្រៀង​ដែល​អឺរ៉ុប និង​ជប៉ុន​ចុះ​ហត្ថលេខា​ពេល​នេះ​ជា​សារ​មួយ​ដែល​បញ្ជាក់​ពី​រួម​កម្លាំង​គ្នា​ប្រឆាំង​នឹង​នយោបាយ​អាត្មានិយម។ ប្រតិកម្ម​ស្រដៀង​គ្នា​នេះ​ក៏​មាន​ពី​លោក Jean-Claude Juncker ដែល​ថា មាន​តែ​ការ​ធ្វើការ​រួម​គ្នា​ទើប​យើង​ខ្លាំង៕ ប្រភព៖ RFI