នៅ​ថ្ងៃ​ពុធ ទី១៨ កក្កដា អង្គការ​សហប្រជាជាតិ​ស្តីពី​ជំងឺ​អេដស៍​ដែល​ហៅកាត់​ជា​ភាសា​បារាំង ONUSIDA បាន​ចេញ​ផ្សាយ​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ខ្លួន។ ជា​របាយការណ៍​ស្តីពី​ស្ថានភាព​នៃ​ជំងឺ​អេដស៍​នៅ​ទូទាំង​ពិភពលោក​សម្រាប់​ឆ្នាំ ២០១៧ កន្លង​ទៅ។ តាម​របាយការណ៍ អ្នក​មាន​មេរោគ​អេដស៍​ចំនួន ៦០% អាច​ទទួល​បាន​ថ្នាំពន្យារជីវិត ពោល​មាន​ជិត ៣នាក់​ក្នុង​ចំណោម ៥នាក់។ នេះ​ជា​អត្រា​មួយ​ដ៏​ខ្ពស់​មិន​ធ្លាប់​មាន​ទេ។



តែ​ទន្ទឹម​គ្នា​នេះ ONUSIDA ក៏​បាន​ទាញ​សញ្ញាអាសន្ន​ពី​កង្វះ​ថវិកា​នៅ​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​អេដស៍ និង​បាន​អំពាវនាវ​ឲ្យ​ពិភពលោក​ពួតដៃ​គ្នា​បន្ថែម​ទៀត​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​កម្មវត្ថុ​ឆ្នាំ ២០២០។

បើ​យក​ឆ្នាំ ២០១៦ ធ្វើ​ជា​ការ​ប្រៀបធៀប​គេ​សង្កេត​ឃើញ​ថា អ្នក​មាន​មេរោគ​អេដស៍​ក្នុង​ខ្លួន​មាន​ចំនួន ៣៦ ៩០០ ០០០នាក់​ក្នុង​ឆ្នាំ ២០១៧ ពោល​លើស​ឆ្នាំ ២០១៦ ដែល​មាន ៣៦ ៣០០ ០០០នាក់។ តែ​បើ​និយាយ​ពី​អ្នក​ដែល​បាន​ទទួល​ថ្នាំពន្យារជីវិត​វិញ មាន​ចំនួន ២១ ៧០០ ០០០នាក់​ក្នុង​ឆ្នាំ ២០១៧ ពោល​ច្រើន​ជាង​ឆ្នាំ ២០១៦ ដែល​មាន ១៩ ៤០០ ០០០នាក់។ ទោះ​បី​ជា​មាន​កំណើន​អ្នក​ទទួល​បាន​ថ្នាំពន្យារជីវិត​ក៏​ដោយ ក៏​ចំនួន​អ្នក​ស្លាប់​នៅ​តែ​មាន​អត្រា​ខ្ពស់​ដដែល ពោល​ស្លាប់ ៩៤០ ០០០នាក់​ក្នុង​ឆ្នាំ ២០១៧ ទល់​នឹង ៩៩០ ០០០នាក់​ក្នុង​ឆ្នាំ ២០១៦។ ចំណែក​ចំនួន​អ្នក​ឆ្លង​ថ្មី​ដោយ​មេរោគអេដស៍​ក្នុង​ឆ្នាំ ២០១៧ ហាក់​នៅ​ថេរ​បើ​ធៀប​នឹង​ឆ្នាំ ២០១៦ ពោល​ក្នុង​រង្វង់ ១ ៨០០ ០០០នាក់ ហើយ​មាន​ប្រមាណ​ជា​ ៥០ប្រទេស​ដែល​បាន​ស្គាល់​អត្រាកំណើន​ខ្លាំង​ជាង​គេ។

តែ​របាយការណ៍​របស់ ONUSIDA បាន​កត់សម្គាល់​ឃើញ​ថា អត្រា​អ្នក​ឆ្លង​ថ្មី​ដោយ​មេរោគអេដស៍​បាន​ធ្លាក់​ចុះ​ខ្លាំង​នៅ​ក្នុង​តំបន់​ដែល​បាន​រងគ្រោះ​ដោយ​មេរោគ​អេដស៍​ខ្លាំង​ជាង​គេ។ ជាក់ស្តែង​នៅ​តំបន់​អាហ្រ្វិកខាងកើត និង​អាហ្រ្វិកខាងត្បូង អត្រា​អ្នក​ឆ្លង​ថ្មី​ដោយ​មេរោគអេដស៍​បាន​ធ្លាក់​ចុះ​ចំនួន ៣០% គិត​តាំង​ពី​ឆ្នាំ ២០១០។ ចំណែក​តំបន់​ដែល​មិន​សូវ​រងគ្រោះ​ដោយ​មេរោគ​អេដស៍ ពិសេស​អឺរ៉ុប​ខាងកើត និង​អាស៊ីកណ្តាល​បែរ​ជា​ស្គាល់​អត្រា​អ្នក​ឆ្លង​ថ្មី​ប្រចាំ​ឆ្នាំ​កើន​ទ្វេដង​ទៅ​វិញ។ នៅ​តំបន់​មជ្ឈិមបូព៌ា និង​អាហ្រ្វិកខាងជើង ចំនួន​អ្នក​ឆ្លង​ថ្មី​ដោយ​មេរោគអេដស៍​បាន​កើន​ជាង ១ភាគ៤ គិត​ក្នុង​រយៈពេល ២០ឆ្នាំ​ចុង​ក្រោយ​នេះ។

មាន​ការងារ​ជា​ច្រើន​ដែល​ត្រូវ​ធ្វើ​ដើម្បី​អាច​សម្រេច​បាន​កម្មវត្ថុ​ឆ្នាំ ២០២០

ទោះ​បី​ជា​ការ​វិវត្ត​ក្នុង​ផ្លូវវិជ្ជមាន​ស្តីពី​ការ​ទប់ស្កាត់​ការ​ឆ្លង​ថ្មី​ដោយ​មេរោគ​អេដស៍ និង​កំណើន​នៃ​ការ​ទទួល​បាន​ថ្នាំពន្យារជីវិត​ក៏​ដោយ ក៏​កម្មវត្ថុ​ឆ្នាំ ២០២០ ហាក់​នៅ​ឆ្ងាយ​នៅ​ឡើយ។ បើ​ធៀប​នឹង ១០ ឬ ២០ឆ្នាំ​មុន ចំនួន​មនុស្ស​ស្លាប់​ដោយ​មេរោគ​អេដស៍ និង​ចំនួន​មនុស្ស​ឆ្លង​ថ្មី​ដោយ​មេរោគ​អេដស៍​បាន​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់​សម្គាល់។ ជាក់ស្តែង​ក្នុង​ឆ្នាំ ២០០៥ ចំនួន​អ្នក​ស្លាប់​ដោយ​មេរោគ​អេដស៍​នៅ​ទូទាំង​ពិភពលោក​មាន​ដល់​ទៅ ១ ៩០០ ០០០នាក់។ ១៣ឆ្នាំ​ក្រោយ​មក ពោល​ឆ្នាំ ២០១៧ ចំនួន​អ្នក​ស្លាប់​បាន​ធ្លាក់​ចុះ​ជាង​ពាក់​កណ្តាល ពោល​មាន​៩៤០ ០០០នាក់។ តែ​កម្មវត្ថុ​របស់ ONUSIDA សម្រាប់​ឆ្នាំ ២០២០ គឺ​បញ្ចុះ​ចំនួន​អ្នក​ស្លាប់​ដោយ​មេរោគ​អេដស៍​ឲ្យ​នៅ​ក្រោម ៥០០ ០០០នាក់​ក្នុង ១ឆ្នាំ។

ក្នុង​ឆ្នាំ ២០០៥ ដដែល មាន​អ្នក​ផ្ទុក​មេរោគ​អេដស៍​ក្នុង​ខ្លួន ២លាននាក់​គត់​ក្នុង​ចំណោម ៣០លាននាក់​ដែល​ទទួល​បាន​ថ្នាំពន្យារជីវិត។ ចំណែក​ក្នុង​ឆ្នាំ ២០១៧ មាន​ដល់​ទៅ ២១ ៧០០ ០០០នាក់​ក្នុង​ចំណោម​អ្នក​មាន​មេរោគ​អេដស៍​ចំនួន​តែ ៣៦ ៩០០ ០០០នាក់​ប៉ុណ្ណោះ។ និយាយ​ពី​ចំនួន​អ្នក​ឆ្លង​ថ្មី​ដោយ​មេរោគ​អេដស៍​វិញ ទោះ​បី​ជា​ជាង ២០ឆ្នាំ​កន្លង​ទៅ គឺ​ពី​ឆ្នាំ ១៩៩៦ ដល់​ឆ្នាំ ២០១៧ មាន​ការ​ធ្លាក់​ចុះ​ជិត​ពាក់​កណ្តាល​ពី ៣ ៤០០ ០០០នាក់​មក​នៅ ១ ៨០០ ០០០នាក់​ក៏​ដោយ ក៏​កម្មវត្ថុ​របស់ ONUSIDA សម្រាប់​ឆ្នាំ ២០២០ គឺ​បញ្ចុះ​ចំនួន​អ្នក​ឆ្លង​ថ្មី​ដោយ​មេរោគ​អេដស៍​ឲ្យ​នៅ​ក្រោម ៥០០ ០០០នាក់​ក្នុង ១ឆ្នាំ។

ទន្ទឹម​គ្នា​នេះ ក្តីកង្វល់ និង​ក្តីបារម្ភ​របស់ ONUSIDA គឺ​ទាក់ទង​នឹង​ភាព​រើសអើង​នៅ​ក្នុង​សង្គម​ក៏​ដូច​ជា​ភាព​រើសអើង​ក្នុង​ការ​ទទួល​បាន​ថ្នាំពន្យារជីវិត ពិសេស​នៅ​តំបន់​អាហ្រ្វិក​រវាង​អ្នក​មាន​មេរោគ​អេដស៍​ជា​កូនក្មេង និង​អ្នក​មាន​មេរោគ​អេដស៍​ជា​មនុស្សធំ។ ជា​រួម អត្រា​អ្នក​ផ្ទុក​​មេរោគ​អេដស៍​ជា​មនុស្សធំ​បាន​ទទួល​ថ្នាំពន្យារជីវិត ២ដង​ច្រើន​ជាង​អ្នក​ផ្ទុក​មេរោគ​អេដស៍​ជា​កូនក្មេង។ បន្ទាប់​មក ការ​រើសអើង​ក្នុង​សង្គម​ដែល​អ្នក​ផ្ទុក​មេរោគ​អេដស៍​ត្រូវ​បាន​សង្គម​មើលងាយ មិន​យក​ចិត្ត​ទុក មិន​រាប់រក និង​ពេល​ខ្លះ​ក៏​បាន​បង្ខំ​ខ្លួន​ឯង​ឲ្យ​នៅ​ដាច់​ឆ្ងាយ​ពី​គេ​ឯង​ទៀត​ផង។

ONUSIDA ខ្វះ​លុយ ៧ ០០០លានដុល្លារ

របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​អង្គការ​សហប្រជាជាតិ​ស្តីពី​ជំងឺ​អេដស៍​បាន​ទាញ​សញ្ញា​អាសន្ន​ពី​ស្ថានភាព​ផុយស្រួយ​នៃ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​អេដស៍។ អ្វី​ដែល​ជា​ការ​ទាមទារ​ដោយ​ទទូច​របស់ ONUSIDA គឺ​លុយ និង​ការ​រួម​ចំណែក​ឲ្យ​បាន​សកម្មជាង​នេះ​របស់​ប្រទេស​នីមួយៗ។ ចូរ​កុំ​ភ្លេច​ថា បញ្ហា​ជំងឺ​អេដស៍​ជា​បញ្ហា​សុខភាព​របស់​ពិភពលោក​ទាំង​មូល ពោល​មិនមែន​ជា​បញ្ហា​ផ្តាច់មុខ​របស់​ប្រទេស​ណា​មួយ​ឡើយ។ ដើម្បី​អាច​សម្រេច​កម្មវត្ថុ​ឆ្នាំ ២០២០ បាន ចំណាត់ការ​របស់ ONUSIDA តែ​មួយ​គឺ​មិន​គ្រប់គ្រាន់​ទេ ពោល​ត្រូវ​ការ​ឲ្យ​មាន​ការ​រួមសហការណ៍​ពី​គ្រប់​ប្រទេស​ទាំង​អស់​ក្នុង​លោក រួម​ទាំង​វិធានការ​ផ្ទៃក្នុង​របស់​ប្រទេស​នីមួយៗ​ផង។

ONUSIDA បាន​បញ្ជាក់​ពី​កង្វះ​ថវិកា​ចំនួន ៧ ០០០លានដុល្លារ​ដើម្បី​អាច​សម្រេច​បាន​នូវ​កម្មវត្ថុ​ឆ្នាំ ២០២០ ឲ្យ​បាន ១០០%។ តាម​របាយការណ៍ ទឹកប្រាក់​ដែល​ ONUSIDA ទទួល​បាន​ក្នុង​ឆ្នាំ ២០១៧ មាន​ប្រមាណ ២០ ៦០០លានដុល្លារ ពោល​កើន​ប្រមាណ​ជា ៨% បើ​ធៀប​នឹង​ឆ្នាំ ២០១៦។ ក៏​ប៉ុន្តែ ទឹកប្រាក់​នេះ​តំណាង​ឲ្យ​តែ ៨០% ប៉ុណ្ណោះ​នៃ​កម្មវត្ថុ​ដែល​កំណត់​ដោយ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​សម្រាប់​ឆ្នាំ ២០២០។ អ្វី​ដែល​ជា​ក្តីបារម្ភ​របស់ ONUSIDA គឺ​ការ​កាត់បន្ថយ​ថវិកា​ពី​ក្រុមប្រទេស​ផ្តល់ជំនួយ​ដែល​នាំ​ឲ្យ​មាន​ការ​កាត់បន្ថយ​ការ​ជួយ​ទំនុកបម្រុង​ដល់​ក្រុមប្រទេស​ដែល​កំពុង​រងគ្រោះ​ខ្លាំង​ដោយ​មេរោគ​អេដស៍។ បច្ចុប្បន្ន​នេះ មាន​យ៉ាង​តិច ៤៤ប្រទេស​បាន​ពឹង​ផ្អែក​លើ​ជំនួយ​អន្តរជាតិ​ដល់​ទៅ ៧៥% សម្រាប់​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​អេដស៍៕ ប្រភព៖ RFI