ភ្នំពេញ —រដ្ឋាភិបាល​កម្ពុជាបាន​ស្នើ​ឱ្យអាជ្ញាធរ​មូលដ្ឋានបង្កើន​កិច្ចខំ​ប្រឹងប្រែង​ ​ធ្វើ​ឯកសារ​បញ្ជាក់​អត្ត​សញ្ញាណ​ជូន​អ្នក​បោះឆ្នោតដែល​ខូច​ ​ឬ​បាត់​អត្តសញ្ញាណ​ប័ណ្ណ។​ ​នេះ​បើ​យោង​តាម​សេច​ក្តី​ប្រកាស​របស់​ក្រសួង​មហា​ផ្ទៃ​ ដែល​ VOA ​បាន​ទទួល។​



សេចក្តី​ប្រកាស​របស់​លោក​ ស ខេង​ រដ្ឋមន្ត្រីក្រសួង​មហា​ផ្ទៃចេញ​នៅ​ថ្ងៃ​ទី​១៨ខែ​កក្កដាឆ្នាំ​២០១៨​នេះ​ បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ឃុំ សង្កាត់បង្កើន​ការ​ចេញឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើ​ឲ្យការ​បោះឆ្នោត​ជូន​ប្រជា​ពលរដ្ឋ។​

សេចក្តី​ប្រកាស​នោះ​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​

«ត្រូវ​ណែនាំ​ដល់​អាជ្ញាធរ​ឃុំ​ សង្កាត់ឲ្យយក​ចិត្ត​ទុក​ដាក់​ និង​ពន្លឿន​ការ​ចេញ​ឯកសារ​បញ្ជាក់​អត្ត​សញ្ញាណ​បម្រើ​ឲ្យការ​បោះឆ្នោត​ ​ជូន​ដល់​ប្រជា​ពលរដ្ឋ​ដែល​បាន​ស្នើ​សុំយក​ទៅ​ប្រើប្រាស់​ក្នុង​ការ​បោះ​ឆ្នោត»។

សេចក្តី​ប្រកាស​បាន​បន្ត​ក្នុង​ន័យ​ដើម​ថា៖​

«ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ​ឲ្យបាន​ទូលំទូលាយ​ដល់​ប្រជា​ពលរដ្ឋ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួនដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ ប៉ុន្តែ​មិនទាន់​មាន​អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​ ឬ​អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​របស់ខ្លួន​ត្រូវបាន​បាត់​ ឬ​ខូច​ ដោយ​ណែនាំ​ដល់​សាម៉ី​ខ្លួនត្រូវ​រួសរាន់​ដាក់​ពាក្យ​ស្នើ​សុំ​ឯក​សារ​ ​បញ្ជាក់​អត្ត​សញ្ញាណ​បម្រើ​ឲ្យការ​បោះ​ឆ្នោត​នៅ​រដ្ឋបាល​ឃុំ​ សង្កាត់​សាម៉ី»។​

លោក​នាយ​ឧត្តម​សេនីយ៍​ ​ខៀវ សុភ័គ​ ​អ្នកនាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​ មាន​ប្រសាសន៍​ប្រាប់​ ​VOA​ ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ​សេចក្តី​អំពាវ​នាវ​ឲ្យ​អាជ្ញាធរ​បង្កើនការ​ចេញ​ឯកសារ​បញ្ជាក់​អត្ត​សញ្ញាណ​នេះ​ ដោយ​សារ​មាន​សេចក្តី​រាយ​ការណ៍​មក​ថា​ ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុមួយ​ចំនួន​បាន​យក​អត្ត​សញ្ញា​ប័ណ្ណ​ពី​ពលរដ្ឋ​ដែល​ទិញ​របស់​ប្រើប្រាស់​តាម​ការ​បង់​រំលោះ​ ឬពលរដ្ឋ​ខ្លួនឯងបញ្ជាក់អត្តសញ្ញាណ​របស់​ខ្លួន​ ដោយ​យក​អត្ត​សញ្ញាណ​ប័ណ្ណ​របស់​ខ្លួន​ទៅធ្វើ​អ្វីដើម្បី​បន្ត​ការរក​ស៊ី។​

«យើង​បាន​ដឹង​ព័ត៌មាន​ហ្នឹង​ថា​ កន្លងមក​មានស្ថាប័ន​ មីក្រូ​ហិរញ្ញវត្ថុ​មួយ​ចំនួន​តូច​ទេ​ ឬក៏​ឈ្មួញ​ ដែល​ជា​អ្នក​ដាក់​បញ្ចាំ​អី​ហ្នឹង​ ​យក​អត្ត​សញ្ញាណ​ប័ណ្ណ​របស់​ពលរដ្ឋ​យើងដើម្បី​ជាថ្នូរ​នឹង​ការ​បញ្ចាំ​យក​ ជា​ប្រាក់​ក្តី​ ឬ​ក៏​ជា​សម្ភារៈ​ក្តី។​ ​ឧទាហរណ៍​ថា ​នែ៎ ​អាច​ទិញ​ទូរសព្ទ​មួយ​ ដោយ​ដាក់​អត្ត​សញ្ញាណ​ប័ណ្ណ​ទៅ​ ហើយ​បង់​រំលោះ»។​

លោក​នាយ​ឧត្តម​សេនីយ៍​ខៀវ សុភ័គ​ ថ្លែង​បន្ថែម​ថា៖

«អីចឹង​បាន​ជា​ថា ​ពេល​នេះ​យើង​បាន​ណែនាំទៅឲ្យ​អាជ្ញាធរ​មូលដ្ឋានសុំ​ឲ្យ​ជួយ​បំពេញ​ ចេញ​អត្ត​សញ្ញាណ​ប័ណ្ណជូន​គាត់​វិញ​ តាម​ផ្លូវ​ច្បាប់​ ដែល​អាច​ចេញ​បាន​នោះ​ណា៎​ ព្រោះ​ថា ​គាត់​អាច​ដាក់​ពាក្យសុំ​បាន​ដើម្បី​យក​មក​ប្រើ​ប្រាស់​ សម្រាប់​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ​ហ្នឹង»។​

អ្នក​នាំពាក្យ​ក្រសួង​មហា​ផ្ទៃ​រូប​នេះក៏​បាន​លើក​ឡើង​ផង​ដែរ​ថា​ ការ​ជំរុញ​ឲ្យពលរដ្ឋ​ទៅ​បោះ​ឆ្នោតចំនួន​ច្រើន​នេះ​ មិនមែន​ដោយ​ហេតុថា​ រដ្ឋាភិបាល​បារម្ភ​អំពី​ចំនួនអ្នក​បោះឆ្នោត​តិច​តួច​អាច​ប៉ះ​ពាល់ដល់​លទ្ធផលនៃ​ការ​បោះឆ្នោត​នោះទេ​ តែ​ជា​ការ​បង្ហាញ​នូវ​ការប្តេជ្ញា​របស់​រដ្ឋាភិបាល​ក្នុង​ការ​ជំរុញ​ឲ្យពល​រដ្ឋ​ប្រើប្រាស់​សិទ្ធិ​បោះឆ្នោត​របស់​ខ្លួន​កុំ​បី​ខាន។​

បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​តុលាការ​កំពូល​រំលាយ​ចោល​តាម​បណ្តឹង​របស់​រដ្ឋាភិបាល​លោក​ ​ហ៊ុន សែន​ ​កាលពី​ឆ្នាំមុននោះ​ ​គេ​សង្កេត​ឃើញ​ក្រុម​មន្ត្រីរដ្ឋាភិបាល​កម្ពុជា​ ​បាន​ចុះ​ពន្យល់​ និង​ណែនាំប្រជា​ពលរដ្ឋ​នៅតាម​សហគមន៍​នានា​ឲ្យ​គូស​សន្លឹក​ឆ្នោត​ជ្រើស​រើស​យក​គណបក្ស​ប្រជា​ជន​កម្ពុជា។ ​

នេះ​បើ​តាម​រូបភាព​របស់ក្រុម​មន្ត្រី​មួយ​ចំនួន​ដែល​ត្រូវ​បាន​គេ​ថត និង​ចែក​រំលែក​បន្ត​លើ​បណ្តាញ​ទំនាក់​ទំនង​សង្គម។​

ស្រប​ពេល​ជាមួយគ្នា​នោះ​ដែរ​ ​ក្រុម​មន្ត្រី​ ​និង​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ ដែល​ត្រូវ​បាន​រំលាយ​ចោល​នោះ ​ក៏​បង្កើន​យុទ្ធនាការ​ ​តាម​អ្វី​ដែល​គេ​ដឹង​ថា​ ​យុទ្ធនាការ​ម្រាម​ដៃ​ស្អាត​ ​ដើម្បី​ប្រឆាំង​នឹង​ការ​បោះឆ្នោត​ក្លែង​ក្លាយ​មួយ។​

ជាង​នេះ​ទៅ​ទៀត​ ​វោហារ​សព្ទ​នយោបាយ​ជា​ច្រើន​ត្រូវ​បានប្រើ​ប្រាស់ដោយ​ក្រុម​គណបក្ស​កាន់​អំណាច​ ដែលអំពាវនាវ​ឲ្យពលរដ្ឋ​ទៅ​បោះឆ្នោត​ ​ដើម្បី​រក្សា​ស្ថិរភាព​ និង​ដំណើរ​អភិវឌ្ឍន៍​សង្គម ​ខណៈដែលក្រុម​ជំទាស់​ប្រកែក​ថា ការ​បោះ​ឆ្នោត​ខាងមុខ​នោះជា​ការ​បោះឆ្នោត​ស្មោគគ្រោក​ និង​ជា​ការ​បង្គ្រប់​កិច្ច​សម្រាប់​គណបក្ស​កាន់​អំណាច​របស់​លោក​ហ៊ុន សែន ​ដឹក​នាំ​ប្រទេស​កម្ពុជា​បន្ត​ទៀត​តែ​ប៉ុណ្ណោះ។

ក្រុម​មន្ត្រី​យោធា​កម្ពុជា​កំពូលៗ​មួយ​ចំនួន​ ក៏ត្រូវ​គេ​ឃើញ​ចុះ​ឃោសនា​រក​សំឡេង​ឆ្នោត​ ជូនគណ​បក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ។​ ​ក្រុម​មន្ត្រី​ទ័ព​ខ្លះ​បាន​ព្យួរ​តួនាទី​ពី​កងទ័ព​ ​តែ​មន្ត្រី​ខ្លះ​ទៀត​ ចុះ​ឃោសនា​ទាំងខ្លួន​កំពុង​បំពេញ​តួនាទី​ដឹកនាំ​អង្គភាព​ទ័ព។​

ការ​បោះឆ្នោត​នៅ​អាណត្តិនេះក៏​កំពុង​ប្រឈម​នឹង​កង្វះភាព​ស្រប​ច្បាប់​ នៅ​ពេល​ដែល​គណបក្ស​សង្គ្រោះជាតិ​ ដែល​មាន​អ្នកគាំទ្រ​ជាង​៤០​ភាគរយ​នៅ​ទូទាំង​ប្រទេស​ត្រូវ​បាន​គេ​ផាត់​ចេញ​ពី​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​២៩​ ខែ​កក្កដា​ ឆ្នាំ​២០១៨។ ​នេះ​បើ​យោង​តាម​ការ​ប្រកាស​នានា​របស់​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ ​សហគមន៍​ប្រជា​ធិបតេយ្យ​ ដូចជា​សហ​ភាព​អឺរ៉ុប​ និង​អ្នក​រាយ​ការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។​

ទោះ​បី​ជា​មាន​ការ​រិះគន់​មិន​ចេះ​ចប់​មិនចេះ​ហើយ​យ៉ាង​ណាក្តី រដ្ឋាភិបាល​កម្ពុជា​នៅ​បន្ត​អះអាង​ថា​ ​ការ​រំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ​គឺ​ធ្វើ​ឡើង​ទៅ​តាម​ច្បាប់​ជាធរមានរបស់​ប្រទេសដែល​មាន​អធិប​តេយ្យ ​រីឯ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត(គ.ជ.ប.)ដែល​លែង​មាន​សមាជិក​មក​ពី​គណ​បក្ស​ប្រឆាំង​នោះ ​បាន​អះអាង​ជា​រឿយៗថា​ ​ខ្លួន​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​សម្រាប់​រៀប​ចំ​ការ​បោះ​ឆ្នោត​នេះទៅ​តាម​ច្បាប់​កំណត់។​

ទាំងគ.ជ.ប.​និង​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ ​ក៏​បាន​លើក​ឡើង​ថា ការ​បោះ​ឆ្នោត​នឹង​នៅ​តែ​ប្រព្រឹត្ត​ទៅ​តាម​ការ​គ្រោង​ទុក​ បើ​ទោះ​ជា​មិន​មាន​វត្តមាន​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ ​មិន​មាន​ការ​ចូល​រួម​សង្កេត​ការណ៍​របស់​ក្រុម​សង្គម​ស៊ីវិល ​និង​មិន​មាន​ការ​ទទួល​ស្គាល់​លទ្ធផល​ឆ្នោត​ពី​បណ្តា​ប្រទេស​កាន់​លទ្ធិ​ប្រជា​ធិបតេយ្យ​ធំៗ​មួយ​ចំនួន​ក៏​ដោយ។

ក្នុង​អាណត្តិ​ទី​ប្រាំមួយ​នេះ​ទៀត​សោត​ ​គ.ជ.ប.​ក៏​ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា​ បាន​ប្រឹងប្រែង​ទ្វេរ​ដង​ដើម្បី​បញ្ជ្រាប​ចំណេះ​ដឹង​ដល់​ពលរដ្ឋ​ជា​ម្ចាស់​សន្លឹក​ឆ្នោត ​ឲ្យយល់​ពី​ដំណើរ​ការ​បោះ​ឆ្នោត។​ ​ស្ថាប័ន​នេះ​បាន​ងាក​ទៅ​ប្រព័ន្ធ​ពហុ​បច្ចេក​វិទ្យាក្នុង​ការ​ផ្តល់​ព័ត៌មាន​ថ្មីៗ​ដល់​ម្ចាស់​សន្លឹក​ឆ្នោត​ទៀត​ផង។​

លោក ​មាស នី​ ​អ្នក​សិក្សា​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម លើក​ឡើង​ថា​ លទ្ធផល​នៃ​ការ​បោះឆ្នោតខាង​មុខ​នេះនឹង​មិន​អាច​ធ្វើ​ឲ្យមាន​ការ​រាំងស្ទះ​ដល់​ការ​បង្កើត​រដ្ឋាភិបាល​នោះ​ទេ​ ​ព្រោះ​ចំនួន​អ្នក​ចេញ​ទៅ​បោះឆ្នោតតិចឬច្រើន​នោះមិនមែន​ជា​សួចនាករ​ខាង​ច្បាប់​សម្រាប់​បញ្ជាក់​ថា​ ការ​បោះឆ្នោត​នោះ​ត្រឹម​ត្រូវ​ ឬក៏អត់​នោះ​ឡើយ។​ ​លោក​ថា​ វាជា​រឿង​អាម៉ាស់​របស់​រដ្ឋាភិបាល ​បើ​អ្នក​បោះឆ្នោត​មិន​មាន​ចំនួន​ច្រើន​ ហើយ​បើការ​បោះឆ្នោត​នោះមិន​ត្រូវ​បាន​ផ្តល់​ឲ្យ​រាល់​គ្រប់​និន្នាការ​នយោបាយ​បាន​ចូលរួម​ តួយ៉ាងគណបក្ស​សង្គ្រោះ​ជាតិ ​ដែល​បាន​បាត់សិទ្ធិ​ក្នុង​ការ​ឈរ​ឈ្មោះ​នោះ។​

លោក​ជឿជាក់​ថា​ សហគមន៍​អន្តរជាតិ​ក៏​កំពុង​តាមដាន​យ៉ាងដិត​ដល់​ក្នុង​ដំណើរ​បោះឆ្នោត​ដ៏​ចម្រូង​ចម្រាស​នេះ​ដែរ​ ហើយ​ប្រសិន​បើ​សហគមន៍​អន្តរជាតិ​កាន់​លទ្ធិ​ប្រជា​ធិបតេយ្យ​មិន​ពេញ​ចិត្ត​នឹង​ការ​រៀប​ចំបោះឆ្នោត​ខាងមុខ​ទេ​នោះ ​ នោះ​កម្ពុជា​នឹង​ងាក​ទៅ​ដើរ​លើវិថី​លំបាក​លំបិន​មួយ។

«កាលណា​មិនមាន​ការ​គាំទ្រ​ទេ​នោះ​ ខ្ញុំគិត​ថា​ កម្ពុជា​នឹង​ធ្វើ​ដំណើរ​នៅលើ​ផ្លូវដ៏​លំបាក និង​វែង​ឆ្ងាយ​ទៀត​ បាទ»។​

លោក​ ​កន សាវាង្ស​ ​អ្នក​សម្រប​សម្រួល​ផ្នែក​អង្កេត​នៃ​អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​ហៅ​កាត់​ថា ​ខុមហ្វ្រែល​ ​យល់​ថា​ ​រហូត​ម​ក​ដល់​ពេល​នេះ​ ​បញ្ហា​ចម្រូង​ចម្រាស​មួយ​ចំនួន​នៅតែ​បាន​យាយី​ដល់​ការ​បោះឆ្នោត​នាចុង​ខែ​កក្កដា​នេះ ​ទាក់​ទិន​បរិយាកាស​នយោបាយ​ដែលមាន​សំឡេង​ពីរ​ប្រឆាំង​គ្នា​គឺ​ ក្រុម​មន្រ្តី​រដ្ឋាភិបាល​បាន​ខិតខំ​អំពាវ​នាវ​ឲ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​ ពេល​ដែលក្រុម​មន្ត្រី​គណបក្ស​ប្រឆាំង​បាន​ខិតខំ​បញ្ចុះ​បញ្ចូល​ឲ្យពលរដ្ឋ​កុំទៅ​បោះឆ្នោត។​ ​ចំណែកសហគមន៍​អន្តរជាតិ​នៅ​បន្ត​ស្នើ​ឲ្យ​មាន​ការ​បោះឆ្នោត​សេរី​ ​ត្រឹមត្រូវ ​និង​យុត្តិ​ធម៌។​

«សម្រាប់​ស្ថានភាព​នៅ​បរទេស​ សហគមន៍​អន្តរជាតិ​ គឺ​នៅតែ​ដដែល​គឺ​ថា​ ទទូច​ឲ្យ​មាន​ការ​ស្នើ​សុំ​ថា​ ​ឲ្យមាន​ការ​បោះ​ឆ្នោត​មួយ​ដោយ​សេរី​ និង​យុត្តិធម៌។​ នេះ​គឺ​ជា​អ្វី​ដែល​យើង​មើល​ឃើញ​ អំពី​បញ្ហា​ទាក់ទិន​នឹង​រឿង​ស្ថាន​ភាព​នៃ​នយោបាយ​ទាក់​ទង​ការ​បោះ​ឆ្នោត»។​

ដោយ​ឡែក​ ការ​បោះឆ្នោត​ខាង​មុខ​នេះ ក៏​នឹង​មាន​ឥទ្ធិពល​មិន​ល្អ​ផង​ដែរ​ទៅលើ​សេដ្ឋ​កិច្ច​កម្ពុជា​ ដែល​នៅ​ពឹង​ផ្អែក​ខ្លាំង​លើ​ឧស្សាហ​កម្ម​កាត់ដេរ។ ​បើ​ងាក​ទៅ​មើល​ការ​ឃ្លាំ​មើល​របស់​សហភាព​អឺរ៉ុប ​ដែល​មន្ត្រី​ពាណិជ្ជ​កម្មរបស់​សហភាព​អឺរ៉ុប​ទើបតែ​បាន​បញ្ចប់បេសក​កម្ម​ស្វែង​រក​ការណ៍​ពិត​អំពី​ការ​គោរព​សិទ្ធិ​មនុស្ស​ និង​សិទ្ធិ​ការ​ងារ​របស់​កម្ពុជា​ថ្មីៗនេះ។​

ក្រុម​តំណាង​រាស្ត្រ​១៨​រូប​របស់​សភា​សហភាព​អឺរ៉ុប​បាន​បញ្ជាក់​ច្បាស់ៗ​ផង​ដែរ​ក្នុង​សេចក្តី​ប្រកាស​មួយ​ថា​ ការ​បោះឆ្នោត​ដែលមិន​មាន​គណបក្ស​ប្រឆាំង​សំខាន់​ចូលរួមមិន​មែន​ជា​ការ​បោះឆ្នោត​ស្រប​ច្បាប់​នោះ​ឡើយ។ ​ហើយ​ក្រុម​មន្ត្រី​ពាណិជ្ជ​កម្ម​សភាព​អឺរ៉ុប​ដែល​បាន​បញ្ចប់​បេសក​កម្ម​ស្វែង​រកការណ៍​ពិត​នៅ​កម្ពុជា​ នឹង​ពិចារណា​ឡើងវិញ​ផងដែរ​អំពីគម្រោង​អនុគ្រោះ​ពន្ធ​ដល់​ទំនិញ​កាត់​ដេរ​កម្ពុជា​តាម​កម្មវិធី«អនុគ្រោះ​ពន្ធ​សម្រាប់​ទំនិញទាំង​អស់​វៀរ​លែង​តែ​អាវុធ»​ ប្រសិន​បើ​ស្ថាន​ការណ៍​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​មិន​បានល្អ​ប្រសើរ​ឡើង​វិញ​នោះ៕ ប្រភព៖ VOA

Loading...