​តាកែវ ៖ ភាពមិនប្រក្រតី​នេះ​បានកើត ឡើង​នៅ​ថ្ងៃទី ១៩ ខែកក្កដា ២០១៨ នៅ​សាលាឃុំ​កំណប់ ស្រុក​គីរីវង់ ខេត្ត​តាកែវ​ក្នុង​ពេល​ដែល​ឃុំ​រួមជាមួយ​និង​មន្ត្រី​បច្ចេកទេស​នៃ​ទីចាត់ការ​ផែនការ​វិនិយោគ​ថ្នាក់​ខេត្ត បាន​បើក​អោយ​មាន​ការដាក់​ដេញថ្លៃ​ធ្វើ​ផ្លូវលំ​ចំនួន ៤​ខ្សែ ដែល​មាន​ប្រវែង​សរុប​ជិត​១​គីឡូម៉ែត្រ នៅ​ក្នុង​ការដេញថ្លៃ​នោះ​ដែរ​គេ​ឃើញថា អ្នកទទួលការ​មួយចំនួន​ដែល​ចូលមក​ធ្វើ​ការ ដេញថ្លៃ​ហាក់បីដូចជា​មាន​ការ​ត្រូវរ៉ូវ​គ្នា និង​ដឹង​ពី​តម្លៃ​របស់​ភាគី​ទាំងសងខាង រួច​ធ្វើ​ការដាក់​ដេញថ្លៃ មួយ​ក្នុង​តម្លៃ​ចុះមក​ក្រោម​ទៀប​បំផុត ដែល​នេះ​ជា​ចំណុច​មួយ​ដែល ផ្ទុយ​ពី​លក្ខខណ្ឌ​ក្នុងកា​ដាក់​អោយ​ដេញថ្លៃ និង​ធ្វើអោយ​មាន​ការខាតបង់​ធ្ងន់ធ្ងរ នូវ​ថវិការ​របស់​រា​ជ​រដ្ឋាភិបាល ដែល​ខំ​ចំណាយ​លុយ​ក្នុង​មួយ​ឆ្នាំ​រាប់សិប​លាន ដើម្បី​យក​មក​ធ្វើ​ការអភិវឌ្ឍ​ន៏​គម្រោង​របស់​ឃុំ​សង្កាត់​ដែល​បាន​ស្នើ​ទៅ​ថ្នាក់លើ ។​



ជាមួយគ្នា​នេះ​ដែល​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ឃុំ​កំណប់ បានចាត់ទុក​ការដេញថ្លៃ​នេះ ជា​ការដេញថ្លៃ ស៊ុំគ្រលំ​គ្នា ដោយ​មាន​ការឃុបឃិត គេញ​ប្រវេ​ញ​ប្រាក់​ចំណេញ​ពី​រាជរដ្ឋាភិបាល ។​

លោក ជុំ វរៈ មេឃុំ​កំណប់​បាន​និយាយប្រាប់​ក្រុម​អ្នក​សា​រ​ពត័មាន​អោយដឹងថា ឃុំ មាន​គម្រោង​ធ្វើ​ការអភិវឌ្ឍ​ន៏​ផ្លូវលំ​ចំនួន ៤​ខ្សែ​ដែល​មាន​ប្រវែង​សរុប ចំនួន ៩៨៨​ម៉ែត្រ មាន​ទទឹង​ខ្នង ៣​ម៉ែត្រ ៣​ម៉ែត្រ​កន្លះ និង ៤​ម៉ែត្រ និង​មាន​ជើងទេ ១​ម៉ែត្រ​កន្លះ ថែមទាំង​មាន​ដាក់​លូ​មូល​ទោល ចំនួន ២​កន្លែង ថែម​ទៀត ដោយ​បាន​ដាក់​តម្លៃ​នៃ​ការប៉ាន់ស្មាន​សរុប​ចំនួន ៥៩,៦៤៩,៤០៤​រៀល (​ហាសិប​ប្រាំបួន​លាន ប្រាំមួយរយ​សែសិប​ប្រាំបួន​ពាន់​បួន​រយ​បួន​រៀល​គត់​) ។ លោក​បាន​បន្តថា ជាក់ស្តែង​នៅ​ក្នុង​ថ្ងៃនេះ គឺ​មាន​ក្រុមហ៊ុន​ចំនួន ៣ បាន​ធ្វើ​ការដាក់​ដេញថ្លៃ​គ្នា ក្នុងនោះ​រួមមាន​ទី ០១ ក្រុមហ៊ុន ហ៊​ន គាន់​ត្រៃ ធ្វើការ​ដាក់​ដេញថ្លៃ​ជា​ថវិការ​ចំនួន ៥៩​លាន​គត់ ថយ​ចុះ​នៃ​តម្លៃ​ប៉ាន់ស្មាន​ចំនួន -1,08% ទិ​០២ ក្រុមហ៊ុន សេង វុទ្ធី ធ្វើការ​ដាក់​ដេញថ្លៃ​ជា​ថវិការ​ចំនួន ៥៧​លាន​គត់ ថយ​ចុះ​នៃ​តម្លៃ​ប៉ាន់ស្មាន​ចំនួន -4,44% និង​ទី​០៣ ក្រុមហ៊ុន គឹម វ៉េង​ហៀ​ង ធ្វើការ​ដាក់​ដេញថ្លៃ ជា​ថវិការ​ចំនួន ៥៨​លាន​គត់ ថយ​ចុះ​នៃ​តម្លៃ​ប៉ាន់ស្មាន​ចំនួន -2,76% ។

លោក​មេឃុំ ក៏​បាន​អោយដឹង​ដែរ ថា ចំពោះ​តម្លៃ​ក្នុង​ការដាក់​ដេញថ្លៃ​នេះ គឺ​ហាក់បីដូចជា​អ្នកទទួលការ​ទាំងនោះ ដូចជា​ត្រូវ​រូ​វ​គ្នា​ពី​ខាងក្រៅ​ទៅហើយ ជាមួយ​និង​ការចរចារ​គ្នា​លើ​រឿង​កណត់​តម្លៃ​ដេញថ្លៃ​ធ្វើ​ផ្លូវ​នេះ ពីព្រោះ​ថា​នៅ​ពេល​ព្រឹក​ឃើញ​មាន​អ្នកទទួលការ​ជិះឡាន និង​បម្រុង​ចូល​មក​ដេញថ្លៃ​ជាច្រើន​នាក់ តែ​មិន​ដឹង​ជា​យ៉ាងម៉េច ស្រាប់តែ​នៅ​សល់​តែ​អ្នកទទួលការ​ចំនួន ៣​នាក់ ធ្វើ​ការដេញថ្លៃ​ទៅវិញ ។​

បើ​តាម​ការ​អោយ​ដឹង​ពី​លោក ហេង វុធី ប្រធាន​ផែនការ​វិនិយោគ​ខេត្ត​កែវ បានអោយដឹងថា ចំពោះ​អ្នកដេញថ្លៃ​ទាំងអស់​ដែល​មក​ចូលរួម​ធ្វើ​ការដេញថ្លៃ​នោះ ត្រូវ​ចូលរួម​ធ្វើ​ការដេញថ្លៃ​ប្រកបដោយ​ការប្រកួតប្រជែង​ដោយ​គ្មាន​ឃុបឃិត ការ​ក្លែងបន្លំ ការ​ប​បង្ខិតបង្ខំ ឬ​ការប្រព្រឹត្ត​អំពើពុករលួយ​ឡើយ ប្រសិនបើ​ត្រូវ​រក​ឃើញ​ថា អ្នកដេញថ្លៃ​មាន​ការពាក់ព័ន្ធ និង​ការឃុបឃិត ការ​ក្លែងបន្លំ ឬ​ការប្រព្រឹត្ត​អំពើពុករលួយ អ្នកដេញថ្លៃ​ទាំងនោះ និង​ត្រូវបាន​ដាក់​ក្នុង​បញ្ជីខ្មៅ​ជា​រៀងរហូត និង​មិន​ត្រូវបាន​អនុញ្ញាត ដាក់​សំណើរ​ដេញថ្លៃ​កិច្ចសន្យា​ឃុំ សង្កាត់ ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​ប្រាក់​កក​ដេញថ្លៃ​របស​អ្នកដេញថ្លៃ​ទាំងនោះ និង​ត្រូវបាន​រឹបអូស​ផ្ទេរ​បង្វែ​របង់​ចូល​ថវិការ​រដ្ឋ​តែ​ម្តង ៕