ភ្នំពេញ —គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប.) អនុញ្ញាត​ឲ្យ​អ្នក​សង្កេត​ការណ៍​ជាតិ​ជិត​៨​ម៉ឺន​នាក់​ ​និង​អ្នក​សង្កេត​ការណ៍​របស់​គណ​បក្ស​នយោបាយ​ជិត​៨​ម៉ឺន​នាក់​ផ្សេង​ទៀត​ ​ចូល​រួម​សង្កេត​ការណ៍សម្រាប់​ការ​បោះ​ឆ្នោត​ជាតិ​ ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៩ ​ខែ​កក្កដា​ ​ឆ្នាំ​២០១៨​នេះ។​

សេចក្តី​ប្រកាស​ព័ត៌មាន​ចេញ​ដោយ​គ.ជ.ប.​ កាលពី​ថ្ងៃ​ទី១៨​ ​ខែ​កក្កដា​ ​ឆ្នាំ​២០១៨​ ​បង្ហាញ​ថា​ ​គិត​ដល់​ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​បិទ​ការ​ទទួល​ពាក្យ​សុំ​ចុះ​ឈ្មោះ​អ្នក​សង្កេត​ការណ៍​ជាតិ​ ​គ.ជ.ប.​បាន​សម្រេច​អនុញ្ញាត​ឲ្យ​អ្នក​សង្កេត​ការណ៍​ជាតិ​នៃ​សមាគម​ ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ប្រមាណ​ជា​ជិត​៨​ម៉ឺន​នាក់​មក​ពី​១០៧​ស្ថាប័ន​ ​ចូល​រួម​សង្កេត​ការណ៍​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​អាណត្តិ​ទី៦​នេះ។

សេចក្តី​ប្រកាស​ព័ត៌មាន​នោះ​បញ្ជា​ក់​ក្នុង​ន័យ​ដើម​ថា៖​

«អ្នក​សង្កេត​ការណ៍​ជាតិ​គឺជា​សាក្សី​នៃ​ការ​បោះ​ឆ្នោត​ដោយ​សេរី​ ​ត្រឹម​ត្រូវ​ ​និង​យុត្តិធម៌​ ​និង​ត្រូវ​ផ្តល់​របាយ​ការណ៍​ជា​លាយ​លក្ខណ៍​អក្សរ​ស្តីពី​ការ​សង្កេត​ឃើញ​ ​និង​សេចក្តី​សន្និដ្ឋាន​របស់​ខ្លួន​នៅ​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត​ ​ជូនគ.ជ.ប.​ ​បន្ទាប់ពី​ដំណើរ​ការ​បោះ​ឆ្នោត​ចប់​សព្វ​គ្រប់»។

សេចក្តី​ប្រកាស​ព័ត៌មាន​ដាច់​ដោយ​ឡែក​មួយ​ទៀត​របស់​គ.ជ.ប.​ចេញ​នៅ​ថ្ងៃ​ទី១៧​ខែ​កក្កដា​ឆ្នាំ​២០១៨​ ​បង្ហាញ​ថា​ ​ភ្នាក់​ងារ​គណ​បក្ស​នយោបាយ​ជិត​៨​ម៉ឺន​នាក់ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​រួម​សង្កេត​មើល​ការ​បោះ​ឆ្នោត​ផង​ដែរ។​ ​ក្នុង​ចំណោម​គណ​បក្ស​នយោបាយ​ចំនួន​២០​ ​ដែល​បាន​ចូល​រួម​ប្រកួត​ប្រជែងនោះ​ ​មាន​គណ​បក្ស​ចំនួន​១៤តែ​ប៉ុណ្ណោះ បាន​ដាក់​ភ្នាក់​ងារ​សង្កេត​ការណ៍​របស់​ខ្លួន ក្នុង​នោះ​គណ​បក្ស​ប្រជាជន​កម្ពុជា​បាន​ដាក់​អ្នក​សង្កេត​ការណ៍​ទាំង​ពេញ​សិទ្ធិ ​និង​បម្រុង​ជិត៤៦០០០នាក់។​

រូបឯកសារ៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ផ្តល់សម្ភាសន៍ដល់អ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនៅទីស្តីការ គ.ជ.ប នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨។ (កាន់ វិច្ឆិកា/VOA)

លោក​ ​ហង្ស ពុទ្ធា​ ​អ្នក​នាំ​ពាក្យ​ ​គ.ជ.ប.​ ​ប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ​អ្នក​សង្កេត​ការណ៍ជាតិ​ក្នុង​អាណត្តិ​នេះ​មាន​ចំនួន​ច្រើន​ជាង​អាណត្តិ​មុន​ទ្វេ​ដង។​ លោក​ថា ​ចំនួន​អ្នក​សង្កេត​ការណ៍​សម្រាប់​ការ​បោះ​ឆ្នោត​ច្រើន​បែប​នេះ​ ​បង្ហាញ​ពី​ដំណើរ​ការ​នៃ​ការ​វិវត្ត​ទៅ​មុខនៃ​លទ្ធិ​ប្រជា​ធិប​តេយ្យ​នៅ​កម្ពុជា។​

លោក​បញ្ជាក់​ថា៖​

«នេះ​ជាការ​បង្ហាញ​នូវ​ការ​រីក​ចម្រើន​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ​ ​ដែល​ក្នុង​នោះ​ក្រៅពី​ប្រជា​ពលរដ្ឋដែល​ជា​ម្ចាស់ឆ្នោត​ ​គណ​បក្ស​នយោបាយ​ក៏​មាន​ចំនួន​កើន​ឡើង​ ​ហើយ​អ្នក​សង្កេត​ការណ៍​ក៏​មាន​ការយក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង។​ ​អីចឹងក្នុង​ស្ថាន​ភាព​បែប​ណា​ក៏​ដោយ​គឺ​គ.ជ.ប.​នឹង​រៀបចំ​ការ​បោះ​ឆ្នោត​តែ​មួយ​ថ្ងៃ​ទេ​ ​គឺ​នៅ​ថ្ងៃ​អាទិត្យ​ ​ទី​២៩​ ​ខែ​កក្កដា​ ​ឆ្នាំ​២០១៨»។​

លោក​ ​ហង្ស ពុទ្ធា​ ​បន្ថែម​ថា​ ​រហូត​មក​ដល់​ពេល​នេះ​ ​អ្នក​សង្កេត​ការណ៍​អន្តរជាតិ​មាន​ចំនួន​ជាង​២០០​នាក់។​ ​ទោះ​យ៉ាង​ណា​លោក​មិន​បាន​បញ្ជាក់​ថា​ ​តើ​អ្នក​សង្កេត​ការណ៍​អន្តរជាតិ​ទាំង​នោះ​មកពី​ប្រ​ទេស​ណា​ខ្លះ​នោះ​ទេ។

គ.ជ.ប.ក៏​បាន​ប្រកាស​បិទការ​ទទួល​ពាក្យ​សុំ​ចុះ​ឈ្មោះ​របស់​អ្នក​សារ​ព័ត៌មាន​នៅ​ត្រឹម​ថ្ងៃទី​១៩​ ​ខែ​កក្កដា​ឆ្នាំ​២០១៨នេះ​ ​ដោយ​បាន​សម្រេច​ទទួល​ស្គាល់​ ​និង​ផ្តល់​បណ្ណឲ្យ​អ្នក​សារ​ព័ត៌មាន​ចំនួន​៩២៤​នាក់​មកពី​ស្ថាប័ន​ចំនួន​៨២។

គ.ជ.ប.បាន​ប្រកាស​បិទការ​សុំ​ចុះ​ឈ្មោះ​ជា​អ្នក​សង្កេត​ការណ៍​ជាតិ​សម្រាប់​ការ​បោះ​ឆ្នោត ​នៅ​ថ្ងៃ​ទី​១៨​ ​ខែ​កក្កដា​ ​ឆ្នាំ​២០១៨​នេះ​ ​និង​ត្រៀម​បិទការ​ទទួល​ពាក្យ​សុំ​ចុះ​ឈ្មោះ​អ្នក​សង្កេត​ការណ៍​អន្តរជាតិ​នៅ​ថ្ងៃ​ទី​២៥​ ​ខែ​កក្កដា ​ឆ្នាំ​២០១៨​ខាង​មុខ។​

កន្លង​មក​លោក ហង្ស ពុទ្ធា​ ​បាន​អះអាង​ថា​ ​អ្នក​សង្កេត​ការណ៍​អន្តរជាតិ​មួយ​ចំនួន​ ដែល​គ.ជ.ប.​បាន​ទទួល​ស្គាល់គឺ​មកពី​តំណាង​ស្ថានទូត​ប្រទេស​ចិន​ ​មីយ៉ាន់ម៉ា​ ​និង​សិង្ហបុរី។​ ​ចំណែក​ក្នុង​ចំណោម​អង្គការ​សមាគម​ដែល​បាន​ចុះ​ឈ្មោះ​ជា​អ្នក​សង្កេត​ការណ៍​ជាតិ​ ​សម្រាប់​ការ​បោះ​ឆ្នោត​នា​ចុង​ខែ​កក្កដា​នេះ​ ​គេ​ឃើញ​ថា​ ​ភាគ​ច្រើន​មិន​មែន​ជា​ស្ថាប័ន​ដែល​មាន​ជំនាញ​ផ្នែក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​នោះ​ទេ។​

ក្នុង​ចំណោម​អង្គការ​ ​សមាគម​ជាតិ​ទាំង​នោះ​ ​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​ ​ហៅ​កាត់​ថា ​ស.ស.យ.ក.​ដែល​គ្រប់​គ្រង​ដោយ​លោក ហ៊ុន ម៉ានី​ កូន​ប្រុស​ពៅ​របស់​លោក​នាយក​រដ្ឋ​មន្រ្តី ​ហ៊ុន សែន​ ​បាន​ចុះ​ឈ្មោះ​ដាក់​អ្នក​សង្កេត​ការណ៍​ច្រើន​ជាង​គេ ​គឺ​មាន​ចំនួន​ជាង​២​ម៉ឺន​នាក់​ នៅ​ទូទាំង​ប្រទេស។​

ខណៈ​អ្នក​សង្កេត​ការណ៍​ជាតិ​ប្រមាណ​ជា​៨​ម៉ឺន​នាក់​មកពី​អង្គការ​ ​សមាគម​ជាតិ​ជា​ច្រើន​ ​ដែល​គ្មានជំនាញ​ពាក់​ព័ន្ធនឹង​ការ​បោះ​ឆ្នោត​បាន​ចុះ​ឈ្មោះ​សង្កេត​ការណ៍​នោះ​ ​អង្គការ​ធំៗ​ពីរ​ដែល​តែង​ធ្វើ​ការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​ជា​ច្រើន​អាណត្តិ​នៅ​កម្ពុជា​គឺ​អង្គការ​ខុមហ្វ្រែល​ ​និង​និចហ្វិច​បាន​ប្រកាស​មិន​ចូល​រួម​សង្កេត​ការណ៍​ការ​បោះ​ឆ្នោត​នេះ​ ​ដោយ​អះអាង​ថា ខ្លួន​រង​សម្ពាធ​ពីរ​ដ្ឋាភិបាល​នា​ពេល​កន្លង​មក​ ពាក់​ព័ន្ធនឹង​ការ​ចោទ​ប្រកាន់​ថា​ ​អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​មួយ​ចំនួន​បាន​គាំទ្រ​ការ​ធ្វើ​បដិវត្តន៍​ពណ៌ដើម្បីផ្តួល​រំលំ​រដ្ឋា​ភិបាល។​ ​ក្រៅ​ពី​អង្គការ​ទាំង​ពីរ​ ​ក៏​មាន​អង្គការ​តម្លាភាព​កម្ពុជា​ដែល​ធ្លាប់​បាន​ចូល​រួម​ក្នុង​ការ​ងារ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​ក្នុង​គោល​បំណង​លើក​កម្ពស់សុចរិតភាព​ ​និង​តម្លាភាព​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត​ ​ក៏​បាន​ប្រកាស​មិន​ចូល​រួម​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​នេះ​ផង​ដែរ។​

សម្រាប់​អ្នក​សង្កេត​ការណ៍​អន្តរ​ជាតិ​វិញ​ ​ក្នុង​អាណត្តិ​នេះ​មិន​មាន​អ្នក​សង្កេត​ការណ៍​មកពី​តំណាង​សហ​រដ្ឋ​អាមេរិក​ ​និង​សហភាព​អឺរ៉ុប​ដែល​ជា​ប្រទេសកាន់លទ្ធិ​ប្រជា​ធិបតេយ្យ​ធំៗ​លើ​ពិភព​លោកនោះ​ទេ។​

រូបឯកសារ៖ លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកឃ្លាំមើលការបោះឆ្នោតនៃអង្គការ​ខុមហ្វ្រែល​ចូល​រួម​ជា​វាគ្មិន​ពិភាក្សា​អំពី​ប្រធានបទ​ «ដំណើរការបោះឆ្នោតព្រឹទ្ធសភានិងភាពជឿទុកចិត្តបាន‍» ជាមួយ​អ្នក​សម្របសម្រួល​លោក សុខ ខេមរា កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៨។

លោក​ ​កន សាវាង្ស​ ​មន្រ្តី​សម្រប​សម្រួល​ផ្នែក​អង្កេត​នៃ​អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា​ ខុមហ្វ្រែល​ ​(COMFREL)​ ​លើក​ឡើង​ថា ​ចំនួន​អ្នក​សង្កេត​ការណ៍​ច្រើន​មិន​មែន​ជា​កត្តា​កំណត់​ថា ​ការ​បោះ​ឆ្នោត​នោះ​ប្រព្រឹត្ត​ទៅ​ដោយ​សេរី​ ​ត្រឹម​ត្រូវ ​និង​យុត្តិធម៌​នោះ​ទេ។​ ​លោក​បន្ថែម​ថា​ ​ភាព​អព្យា​ក្រឹត្យ​របស់​អ្នក​សង្កេត​ការណ៍​ ​និង​ស្ថាប័ន​របស់​ពួក​គេ​គឺជា​កត្តា​សំខាន់​ក្នុង​ការ​កំណត់​ពី​ដំណើរ​ការ​នៃ​ការ​អង្កេត។

លោក​មាន​ប្រសាសន៍​ថា៖

«ត្រូវ​មើល​លើ​ឯករាជ្យ​ភាព​នៃ​ស្ថាប័ន​ហ្នឹង​ទៀត​ ​ថា​តើ​អង្គការ​ហ្នឹង​លោក​មាន​និន្នាការ​ទេ? ​លោក​អញ្ជើញ​មកពី​ណា?​ ​ហើយ​សមាស​ភាព​របៀប​ម៉េច?​ ​អា​នេះ​ជា​រឿង​ដែល​សំខាន់​ ​ដែល​យើង​ឲ្យ​តម្លៃ​លើ​អ្នក​សង្កេត​ការណ៍​ ​គឺ​យើង​មើល​ពី​ចំណុច​ហ្នឹង​ទៀត​ ​ព្រោះ​ចង់​មិន​ចង់​ ​ការ​វាយ​តម្លៃ​អាស្រ័យ​លើ​សមាស​ភាព​ហ្នឹង​ទៀត។​ ​វា​មិន​មែន​មាន​ន័យ​ថា​ ឲ្យ​តែ​អ្នក​ចូល​រួម​ច្រើន​ ​ការ​វាយ​តម្លៃ​ហ្នឹង​មក​ល្អ​ទាំង​អស់​ទេ។​ ​វា​មិន​មែន​អីចឹង​ទេ។​ ​អាហ្នឹងជា​រឿង​មួយ​ដែល​ត្រូវ​តាម​ដាន»។​

កម្ពុជា​នឹង​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​អាណត្តិ​ទី៦​ ​នៅ​ថ្ងៃ​ទី២៩​ ​ខែ​កក្កដា​ឆ្នាំ​២០១៨នេះ​ ​ដោយ​មិន​មាន​វត្ត​មាន​របស់​គណ​បក្ស​សង្គ្រោះជាតិ​ ​ស្រប​ពេល​ដែល​ស្ថាប័ន​អន្តរជាតិ​ធំៗ​មួយ​ចំនួន​បង្ហាញ​ក្តី​បារម្ភថា ​ការ​បោះ​ឆ្នោត​ដែល​មិន​មាន​ការ​ចូល​រួម​ពីគណ​បក្ស​ប្រឆាំង​នេះ​ នឹង​ក្លាយ​ជាការ​បោះ​ឆ្នោត​ដែល​មិន​មាន​យុត្តិធម៌ ​និង​មិន​អាច​ទទួល​យក​បាន។

សហភាព​អឺរ៉ុប​ ​និង​សហ​រដ្ឋ​អាមេរិក ​កាលពី​ខែធ្នូ​ ​ឆ្នាំ​២០១៧​ ​បាន​ប្រកាស​ដក​ខ្លួន​ឈប់​គាំទ្រ​ដំណើរ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ​ក្រោម​ហេតុ​ផលថា ​តុលាការ​កំពូល​បាន​សម្រេច​រំលាយ​គណ​បក្ស​សង្គ្រោះជាតិ​ ដែល​សហភាព​អឺរ៉ុប​ ​និង​សហ​រដ្ឋ​អាមេរិក​ចាត់ទុក​ថា​ ជា​ដំណើរ​ការ​មួយ​ធ្វើ​ឲ្យ​ការ​បោះ​ឆ្នោត​មិន​មាន​ភាព​ស្រប​ច្បាប់។ ​ក្រៅ​ពីការ​ប្រកាស​ដក​ខ្លួន​ឈប់​គាំទ្រ​ការ​បោះ​ឆ្នោត​ ក្រុម​ប្រឹក្សា​សហភាព​អឺរ៉ុប ​និង​សហ​រដ្ឋ​អាមេរិក​បាន​ជំរុញ​ឲ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ ​និង​ផ្ដាច់​ជំនួយ​អភិវឌ្ឍន៍​ជា​ច្រើន​មក​កម្ពុជា​ផង​ដែរ។​

យ៉ាង​ណា​ក៏​ដោយ​ ​មន្រ្តី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា​អះអាង​ថា​ ​ការ​រំលាយ​គណ​បក្ស​សង្គ្រោះជាតិ​គឺ​ធ្វើ​ឡើង​ទៅ​តាម​ច្បាប់​ ​រីឯ​គ.ជ.ប.​ ​ដែល​លែង​មាន​សមាជិក​មកពី​គណ​បក្ស​ប្រឆាំង​ ​បាន​អះអាង​ថា ​ខ្លួន​រៀបចំ​ការ​បោះ​ឆ្នោត​ទៅ​តាម​ច្បាប់​កម្ពុជា​ដែល​មាន​ចែងជាធរ​មាន។​

ទាំង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ​និង​រដ្ឋាភិបាល​របស់​លោក​ ​ហ៊ុន សែន​ ​តែង​ប្រកាស​ថា​ ​ការ​បោះ​ឆ្នោត​នឹង​នៅ​តែ​ប្រព្រឹត្ត​ទៅ​តាម​ការ​គ្រោង​ទុក​ ​បើ​ទោះ​ជា​គ្មាន​ការ​ចូល​រួម​ពីគណ​បក្ស​ប្រឆាំង​ ​គ្មាន​ការ​ចូល​រួម​ពី​អ្នក​សង្កេត​ការណ៍​ ​និង​គ្មាន​ការ​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត​ដោយ​បណ្តា​ប្រទេស​កាន់​លទ្ធិ​ប្រជាធិបតេយ្យ​ធំៗ​មួយ​ចំនួន​ក៏​ដោយ៕ ប្រភព៖ VOA