ក្រសួង​សន្តិសុខ​មាតុភូមិ​បាន​លើក​សំណើ​កាល​ពី​ថ្ងៃទី១៧​ខែ​កក្កដា​ ឲ្យ​តម្លើង​ថ្លៃ​ទិដ្ឋាការ​សម្រាប់​និសិ្សត​បរទេស​ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក​ និង​ទិដ្ឋាការ​តាម​រយៈ​កម្មវិធី​និស្សិត​និង​ការ​ផ្លាស់​ប្តូរ​និស្សិត​ហៅ​កាត់​ថា ​SEVP ​និង​តាម​កម្មវិធី​ប្រព័ន្ធ​ព័ត៌មាន​និស្សិត​និង​ការ​ផ្លាស់​ប្តូរ​និសិ្សត​ហៅ​កាត់​ថា SEVIS។

តម្លៃដាក់​ពាក្យ​សុំ​ទិដ្ឋាការ​តាមរយៈ​សំណុំ​បែបបទ​ I-910 SEVIS សម្រាប់​សុំ​ទិដ្ឋាការ​ប្រភេទ F M និងJ នឹង​ឡើង​ថ្លៃ​ពី​២០០​ដុល្លារ​ដល់​៣៥០​ដុល្លារ​សម្រាប់​ទិដ្ឋាការ​ប្រភេទ​ F និងM។ តម្លៃ​សម្រាប់​ទិដ្ឋាការ​ប្រភេទ J ​នឹង​ឡើង​ថ្លៃ​ពី​១៨០​ដុល្លារ​ដល់​២២០​ដុល្លារ។ សម្រាប់​តម្លៃ​ទិដ្ឋាការ​ប្រភេទ​ J​ ដែល​មាន​សុពលភាព​រយៈ​ពេល​៤​ខែ​នៅ​រក្សា​តម្លៃ​ដដែល​គឺ​៣៥​ដុល្លារ​សម្រាប់​ពាក្យ​សុំ​ទិដ្ឋាការ​មួយ។

សាលា​ណា​ដែល​សុំ​ការ​បញ្ជាក់​សារ​ជា​ថ្មី​តាម​រយៈ​កម្មវិធី ​SEVP​ និង​សាលា​ណា​ដែល​ផ្លាស់ប្តូរ​អស័យដ្ឋាន​របស់​ខ្លួន​ នឹង​ត្រូវ​បង់​ថ្លៃ​តាម​តម្លៃ​ថ្មី​ដែល​នឹង​ត្រូវ​ឡើង​ថ្លៃ​ដូចគ្នា​នេះ​ផងដែរ។ ដើម្បី​ក្លាយ​ជា​សាលា​ដែល​មាន​ក្នុង​កម្មវិធី SEVP សាលា​នឹង​ត្រូវ​បង់​ថ្លៃ​បន្ថែម​ចំនួន​១.៣០០​ដុល្លារ។

ក្រសួង​សន្តិសុខ​មាតុភូមិ​បាន​ប្រកាស​ថា​ ការ​តម្លើង​ថ្លៃ​នេះ​ធ្វើ​ឡើង​តាម​ការ​ចាំ​បាច់​នៃ​កង្វះ​ខាត​ថវិកា​ប្រចាំ​ឆ្នាំ។ តាម​រយៈ​ព្រឹត្តិបត្រ​មួយ​របស់​ក្រសួង​សន្តិសុខ​មាតុភូមិ​បាន​សរសេរ​ថា៖ «ប្រសិន​បើ​កម្មវិធី​នៅ​បន្ត​ប្រតិបត្តិ​ដោយ​យក​តម្លៃ​ដូច​នា​ពេល​បច្ចុប្បន្ន​នេះ​ កម្មវិធី SEVPនឹង​ប្រឈម​នឹង​កង្វះ​ខាត​ថវិកា​ប្រចាំ​ឆ្នាំ​ចំនួន​៦៨​លាន​៩សែន​ដុល្លារ​ចាប់ផ្តើម​ពី​ឆ្នាំ​២០១៩​ទៅ។ សំណើ​តម្លើង​ថ្លៃ​នេះ​នឹង​ជួយ​លុប​បំបាត់​កង្វះ​ខាត​ថវិកា និង​អនុញ្ញាត​ឲ្យ​កម្មវិធី ​SEVP​ អាច​បន្ត​សម្រេច​គោលដៅ​អទិភាព​របស់​ខ្លួន​ក្នុង​ការ​ពង្រឹង​សន្តិសុខជាតិ​ និង​រារាំង​អន្តោប្រវេសន៍​ខុស​ច្បាប់​ចូល​ក្នុង​សហរដ្ឋ​អាមេរិក»។

អ្នក​ប្រើ​ប្រាស់ ​Twitter​ ឈ្មោះ ​Michael Dixonបាន​បញ្ចេញ​មតិ​ទៅ​លើ​ច្បាប់​ផ្នែក​អប់រំ​ក្នុង​ប្រទេស​ថា៖ «ក្នុង​នាម​ជា​អ្នក​ធ្វើការ​នៅក្នុង​ផ្នែក​សិក្សា​អន្តរជាតិ​យើង​ចង់​ដឹង​ពី​មូលហេតុ​នៃ​ការ​តម្លើង​ថ្លៃ​នេះ​បន្ថែម​ពី​លើ​មូល​ហេតុ​ខ្វះ​ថវិកា​ចំនួន​៨៦​លាន​៩សែន​ដុល្លារ​ចាប់​ផ្តើម​ពី​ឆ្នាំ​២០១៩​ខាង​មុខ​នេះ។ តើ​អ្វី​ដែល​ជា​មូល​ហេតុ​នៃ​ការ​តម្លើង​ថ្លៃ​នេះ? តើ​ដោយសារ​តែ​គេ​ជួល​បុគ្គលិក​បន្ថែម?»។

ដំណើរការ​សុំ​ទិដ្ឋការ​សម្រាប់​ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក​មាន​លក្ខណៈ​ស្មុគ​ស្មាញ។ កម្មវិធី ​SEVP​គឺ​ជា​ផ្នែក​មួយ​នៃ​នាយកដ្ឋាន​ស៊ើប​អង្កេត​សន្តិសុខជាតិ និង​ធ្វើ​ការងារ​ក្នុង​នាម​ឲ្យ​អង្គការ​របស់​រដ្ឋាភិបាល​ដែល​ត្រួត​ពិនិត្យ​លើ​ព័ត៌មាន​របស់​ជន​មិន​មែន​អន្តោប្រវេសន៍​ដែល​ស្នើ​សុំ​ទិដ្ឋាការ​មក​សិក្សា​ក្នុង​សហរដ្ឋ​អាមេរិក។ នេះ​បើ​យោង​តាម​គេហទំព័រ​របស់​រដ្ឋាភិបាល​សហព័ន្ធ​សហរដ្ឋ​អាមេរិក។

កម្មវិធី SEVP ​ជា​អ្នក​រៀប​ចំ​សាលា​រៀន​ និង​ជា​អ្នក​កំណត់​ប្រភេទ​ទិដ្ឋាការ​ប្រភេទ F និង ប្រភេទ M ចំពោះ​សិស្ស​ដែល​មិន​មែន​អន្តោប្រវេសន៍​ដើម្បី​បញ្ជូន​ទៅ​ឲ្យ​ក្រសួង​សន្តិសុខ​មាតុភូមិ។ នេះ​បើ​យោង​គេហទំព័រ​នេះ​បាន​ប្រកាស​ឲ្យ​ដឹង។ ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​ជា​អ្នក​រៀបចំ​កម្មវិធី​និស្សិត​និង​ការ​ផ្លាស់ប្តូរ​និស្សិត​ និង​ជាអ្នក​កំណត់​ទិដ្ឋាការ​ប្រភេទ J ​សម្រាប់​ជន​មិនមែន​អន្តោប្រវេសន៍​ និង​សមាជិក​គ្រួសារ​នៅ​ក្នុង​បន្ទុក។

ទាំង​កម្មវិធី ​SEVP​ និង​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​ប្រើប្រាស់​កម្មវិធី ​SEVIS ​ដើម្បី​តាមដាន​ និង​ត្រួត​ពិនិត្យ​លើ​សាលា​ កម្មវិធី​ផ្លាស់​ប្តូរ​ការសិក្សា​ និង​ជនអន្តោប្រវេសន៍​ដែល​កាន់​ទិដ្ឋាការ​ប្រភេទ F, M និងJ ​ខណៈ​ពួកគេ​ស្នាក់​នៅក្នុង​សហរដ្ឋ​អាមេរិក​ និង​ខណៈ​ពួកគេ​ចូលរួម​កម្មវិធី​សិក្សា​ក្នុង​សហរដ្ឋ​អាមេរិក។ កម្មវីធី ​SEVIS​ គឺ​ជា​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​ដែល​មាន​ផ្ទុកព័ត៌មាន​របស់​និស្សិត​អន្តរជាតិ​ដែល​ទទួល​បាន​ការ​ឧបត្ថម្ភ​ឲ្យ​មក​សិក្សា​នៅ​សហរដ្ឋ​អាមេរិក​តាមរយៈ​នាយកដា្ឋន​អន្តោប្រវេសន៍​និង​គយ​សហរដ្ឋអាមេរិក។

សំណើ​ច្បាប់​នេះ​ត្រូវ​បាន​ស្នើ​ឡើង​កាល​ពី​ថ្ងៃពុធ​ ខណៈ​មាន​ការ​កើនឡើង​ក្តី​បារម្ភ​អំពី​គោល​នយោបាយ​អន្តោប្រវេសន៍​សហរដ្ឋអាមេរិក។

កាល​ពី​មួយ​ខែ​មុន​រដ្ឋបាល​លោក ត្រាំ​ បាន​កំណត់​រយៈ​ពេល​ទិដ្ឋាការ​ដល់​និស្សិត​ចិន​ដែល​មក​រៀន​ផ្នែក​បច្ចេកវិទ្យា​ឲ្យ​មាន​សុពលភាព​ត្រឹមតែ​មួយ​ឆ្នាំ​ប៉ុណ្ណោះ។ ហើយ​តុលាការ​កំពូល​សហរដ្ឋអាមេរិក​នា​ពេល​ថ្មីៗ​នេះ​បាន​តម្កល់​ទុក​បម្រាម​ធ្វើ​ដំណើរ​និង​កំណត់​ចំនួន​អ្នក​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ដែល​មាន​អ្នក​កាន់​សាសនា​ឥស្លាម​ច្រើន​លើស​លុប។

សាធារណជន​អាច​ផ្ញើ​មតិ​យោបល់​ចំពោះ​សំណើ​ច្បាប់​នេះ​រហូត​ដល់​ថ្ងៃទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៨។ បន្ទាប់​ពី​ថ្ងៃ​ដែល​អាច​បញ្ចេញ​យោបល់​នេះ​បញ្ចប់​ សំណើ​ច្បាប់​នេះ​នឹង​បញ្ជូន​បន្ត​ដើម្បី​ធ្វើ​ការ​ត្រួត​ពិនិត្យ​មុន​នឹង​ត្រូវ​គេ​អនុម័ត​ឬ​មិន​អនុម័ត។ ដំណើរការ​នេះ​អាច​ត្រូវ​ការ​រយៈ​ពេល​ជាច្រើន​ខែ​ដើម្បី​អាច​សម្រេច​បាន៕ ប្រភព៖ VOA