ភ្នំពេញ អស់​រយៈពេល​ជាង​២៥ឆ្នាំមក​ហើយ​ ដែល​បស្ចិម​ប្រទេស​បាន​ជួយ​កសាង​ប្រទេស​កម្ពុជា​ឡើង​វិញ នៅ​ពេល​ដែល​ប្រទេស​នេះ​បាន​ងើប​ផុត​ពី​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម។ សហរដ្ឋ​អាមេរិក​និង​បណ្ដា​ប្រទេស​នៅ​ទ្វីប​អឺរ៉ុប បាន​ផ្ដល់​ជំនួយ​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក​ដើម្បី​ជួយ​ផ្លាស់​ប្ដូរ​ប្រទេស​កម្ពុជា​ទៅ​ជា​ប្រទេស​មួយ​ដែល​កាន់​យក​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស។ ក៏​ប៉ុន្តែ​ភាគ​ច្រើន​នៃ​កិច្ច​ប្រឹងប្រែង​នេះ​ត្រូវ​បរាជ័យ។



នា​ពេល​បច្ចុប្បន្ន​នេះ ប្រទេស​កម្ពុជា​គឺ​ជា​ប្រទេស​មួយ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​គាំទ្រ​ប្រទេស​ចិន​ដោយ​បើក​ចំហ។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ដឹកនាំ​ប្រទេស​កម្ពុជា​អស់​រយៈពេល​ជាង​៣​ទសវត្សរ៍​កន្លង​មក​បាន​កាន់​ជំហរ​ខ្លាំងក្លា​ប្រឆាំង​នឹង​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ស្ថានការណ៍​តឹងតែង​មុន​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី ២៩ ខែ​កក្កដា ​ឈាន​ចូល​មក​ដល់។
មួយ​វិញ​ទៀត ការ​កើន​ឡើង​នូវ​ឥទ្ធិពល​របស់​ប្រទេស​ចិន​ទាំង​ផ្នែក​សេដ្ឋកិច្ច​និង​ផ្នែក​នយោបាយ បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ធ្លាក់​ចុះ​នូវ​ទំនាក់ទំនង​របស់​ប្រទេស​កម្ពុជា​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​និង​សហភាព​អឺរ៉ុប​ដោយសារ​ស្ថានការណ៍​សិទ្ធិ​មនុស្ស​និង​សេរីភាព​នយោបាយ​កាន់តែ​អាក្រក់​ទៅៗ​នៅ​ក្នុង​ប្រទេស។​

លោក ​Sebastian Strangio អ្នក​និពន្ធ​សៀវភៅ «Hun Sen’s Cambodia» បាន​និយាយ​ថា៖ «ការ​វិនិយោគ​របស់​ចិន និង​ការ​គាំទ្រ​ផ្នែក​ការទូត​កាន់តែ​មាន​សារៈសំខាន់​ខ្លាំង​បំផុត​សម្រាប់​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន នៅ​ពេល​ដែល​លោក​មិន​ចង់​ធ្វើ​តាម​ការ​ទាមទារ​របស់​បស្ចិម​ប្រទេស​ដែល​ចង់​ឲ្យ​លោក​គោរព​លទ្ធិ​ប្រជាធិបតេយ្យ​នោះ។​ ហេតុ​ដូច្នេះ​ហើយ រដ្ឋាភិបាល​កម្ពុជា​មាន​មូលហេតុ ​នៅ​ក្នុង​ការ​មិន​សូវ​អើពើ​ជាមួយ​នឹង​ឥទ្ធិពល​អវិជ្ជមាន​នៃ​ការ​វិនិយោគ​របស់​ចិន ដោយ​ផ្ដោត​តែ​លើ​ឥទ្ធិពល​វិជ្ជមាន​តែ​ប៉ុណ្ណោះ»។

កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​មុន តុលាការ​កំពូល​ក្នុង​ប្រទេស​កម្ពុជា​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​ប្រឆាំង​ចម្បង​បំផុត​នៅ​ក្នុង​ប្រទេស។ លោក ហ៊ុន សែន បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​អាមេរិក​ថា​បាន​គាំទ្រ​គម្រោង​សម្ងាត់​មួយ​ដែល​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី​ផ្ដួល​រំលំ​លោក​នៅ​ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត​ឆ្នាំ​២០១៣។

លោក ហ៊ុន សែន ក៏​បាន​ប្រើ​ការ​ចោទ​ប្រកាន់​ទាំង​នេះ ដើម្បី​ឈាន​ដល់​ការ​រំលាយ​គណបក្ស​ប្រឆាំង និង​ចាប់​លោក កឹម សុខា មេដឹកនាំ​គណបក្ស​នេះ​ដាក់​ពន្ធនាគារ។ លោក កឹម សុខា ត្រូវ​បាន​ឃុំ​ខ្លួនមុន​ជម្រះ​ក្ដី ​តាំង​ពី​លោក​ត្រូវ​បាន​គេ​ចាប់​ខ្លួន​កាល​ពី​ខែ​កញ្ញា ​ឆ្នាំទៅមិញ ពាក់ព័ន្ធ​នឹង​បទ​ចោទ​ប្រកាន់​ថា «ក្បត់​ជាតិ» ដោយសារ​ឃុបឃិត​ជាមួយ​នឹង​រដ្ឋាភិបាល​បរទេស​ ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល​លោក ហ៊ុន សែន។
លោក កឹម សុខា ​រួម​ទាំង​មេធាវី​របស់​លោក​និង​សហគមន៍​អន្តរជាតិ​បាន​ហៅ​ការ​ចោទ​ប្រកាន់​ទាំង​នោះ​ថា​គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ។

បន្ទាប់ពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​ រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​ឈប់​ផ្ដល់​ជំនួយ​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ដោយ​សារ​តែ​មាន​មន្ទិល​សង្ស័យ​អំពី​សុពលភាព​នៃ​ការ​បោះ​ឆ្នោត។ ក្រោយ​មក សហភាព​អឺរ៉ុប​ក៏​ឈប់​ផ្ដល់​ជំនួយ​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ផង​ដែរ។

ប្រទេស​ចិន​បាន​ចាប់​ឱកាស​នេះ ដោយ​ផ្ដល់​ជំនួយ​ចំនួន​២០​លាន​ដុល្លារ​អាមេរិក​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​កាល​ពី​ពេល​កន្លង​មក។
កាល​ពី​ថ្ងៃ​ទី​១៥ ខែ​ឧសភា​កន្លង​ទៅ គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ដែល​ហៅ​កាត់​ថា​ខុមហ្វ្រែល ដែល​ជា​អង្គការ​មួយ​ដែល​សាធារណជន​គោរព​សរសើរ​ចំពោះ​ការ​សង្កេត​ការណ៍​បោះ​ឆ្នោត បាន​ប្រកាស​ដក​ខ្លួន​ចេញ​ពី​ការ​សង្កេតការណ៍​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា​ខាង​មុខ​នេះ​ ដោយ​អះអាង​ថា​ខ្លួន​រង​សម្ពាធ​ពី​រដ្ឋាភិបាល។
កាល​ពី​ខែ​មិថុនា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​ប្រកាស​ថា ប្រទេស​ចិន មីយ៉ាន់ម៉ា និង​សិង្ហបុរី នឹង​បញ្ជូន​អ្នក​សង្កេតការណ៍​របស់​ខ្លួន​មក​សង្កេត​ការ​បោះឆ្នោត​ខាង​មុខ​នេះ។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​របស់​ខ្លួន​ថា៖ «គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​សម្រេច​ជា​ផ្លូវការ​អនុញ្ញាត​ឲ្យ​អ្នក​សង្កេតការណ៍​បោះ​ឆ្នោត​ជាតិ និង​អន្តរជាតិ​ចំនួន ៥ ម៉ឺន​នាក់ ដែល​មក​ពី​ស្ថាប័ន​ចំនួន ៨២ ដែល​ក្នុង​នោះ​មាន​ទាំង​អ្នក​សង្កេតការណ៍​អន្តរជាតិ​មក​ពី​ប្រទេស​មីយ៉ាន់ម៉ា ចិន និង​សិង្ហបុរី​ផង​ដែរ ចូល​សង្កេតការណ៍​បោះ​ឆ្នោត»។

លោក កន សាវាង្ស មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​អង្កេត​នៃ​អង្គការ​ខុមហ្វ្រែល​​បាន​ប្រាប់​ VOA​ ថា ​លោក​មាន​ចម្ងល់​ថា​តើ​អ្នក​សង្កេតការណ៍​បោះ​ឆ្នោត​ដែល​មក​ពី​ប្រទេស​មិន​មែន​ប្រជាធិបតេយ្យ​ទាំង​នេះ​អាច​ជួយ​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ​ឲ្យ​ដំណើរការ​ដោយ​សេរី​ ​និង​យុត្តិធម៌​តាម​របៀប​ណា​នោះ។

លោក កន សាវាង្ស បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «បណ្តា​ប្រទេស​មួយ​ចំនួន​ដែល​ប្រទេស​របស់​ខ្លួន​មិនធ្លាប់​មាន​បទ​ពិសោធន៍ ទាក់ទង​ទៅ​នឹង​ការ​បោះឆ្នោត​ផង ហើយ​លោក​បែរ​ជា​​មក​សង្កេត​ការ​បោះ​ឆ្នោត? ហើយ​ជា​ពិសេស ធ្វើ​ការ​វាយ​តម្លៃ​លើ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត? តើ​យើង​អាច​ទទួល​យក​បាន​ប៉ុន្មាន?»

លោក អៀ សុផល សាស្ត្រាចារ្យ​ផ្នែក​ការទូត​និង​កិច្ចការ​ពិភពលោក​នៃ​សាកលវិទ្យាល័យ Occidental នៅ​ក្នុង​ទីក្រុង ​Los Angeles ​សហរដ្ឋអាមេរិក​និង​ជា​អ្នក​និពន្ធ​សៀវភៅ «The Hungry Dragon: How China’s Resouce Quest is Reshaping the World» បាន​ប្រាប់​ VOA តាម​អ៊ីមែល​ថា ប្រទេស​ចិន​មិន​មែន​ជា​អ្នក​សង្កេតការណ៍​បោះ​ឆ្នោត​ដែល​មិន​លម្អៀង​នោះ​ទេ។

លោក អៀ សុផល សរសេរ​ក្នុង​អ៊ីមែល​មកកាន់​ VOA​ ក្នុង​ន័យ​ដើម​ថា៖ «ប្រទេស​ប្រជាធិបតេយ្យ​ក្លែងក្លាយ​លើក​ទឹក​ចិត្ត​ប្រទេស​ប្រជាធិបតេយ្យ​ក្លែងក្លាយ​ដទៃ​ទៀត​គឺ​ធ្វើ​ឲ្យ​ប្រជាជន​ខាតបង់។ វា​មិន​មែន​ជា​សញ្ញា​ដ៏​ល្អ​​[សម្រាប់​លទ្ធិ​ប្រជាធិបតេយ្យ​របស់​កម្ពុជា​ ​ឬ​​សម្រាប់​គណបក្ស​កាន់​អំណាច] នោះ​ទេ។​ ​វា​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​ភ័យ​ខ្លាច​របស់​គណ​បក្ស​កាន់​អំណាច​ ​ដែល​មិន​ដែល​ប្រវ៉េប្រវ៉ា​ប្រើ​យុទ្ធសាស្ត្រ​បែប​នេះ​ពី​មុន​មក​»។

កាល​ពី​ថ្ងៃ​ទី១០ ខែ​កក្កដា​កន្លង​ទៅ ​ក្រុមហ៊ុន FireEye ដែល​ជា​ក្រុមហ៊ុន​សន្តិសុខ​អ៊ីនធឺណិត​របស់​សហរដ្ឋ​អាមេរិក​​បាន​ចេញ​របាយការណ៍​មួយ​ដោយ​បញ្ជាក់​ថា អ្នក​លួច​ចូល​ប្រព័ន្ធ​កុំព្យូទ័រ​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​នឹង​រដ្ឋាភិបាល​ចិន បាន​លួច​ចូល​ប្រព័ន្ធ​កុំព្យូទ័រ​នៃ​ស្ថាប័ន​សំខាន់ៗ​របស់​ប្រទេស​កម្ពុជា។

ទោះបី​ជា​ក្រុមហ៊ុន FireEye មិន​បាន​រក​ឃើញ​ភស្តុតាង​ដែល​បញ្ជាក់​ថា អ្នក​លួច​ចូល​ប្រព័ន្ធ​កុំព្យូទ័រ​ជនជាតិ​ចិន​ទាំង​នោះ​កំពុង​ធ្វើ​ការ​ដើម្បី​ជះ​ឥទ្ធិពល​លើ​ការ​បោះ​ឆ្នោត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ស្ទើរតែ​គ្មាន​ការ​ប្រកួតប្រជែង​នេះ​ក៏​ដោយ ក៏​ក្រុមហ៊ុន​នេះ​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «យើង​រំពឹង​ថា សកម្មភាព​ទាំង​នេះ​នឹង​ផ្ដល់​លទ្ធភាព​ឲ្យ​រដ្ឋាភិបាល​ចិន​អាច​មើល​ឃើញ​កាន់តែ​ទូលំទូលាយ​ទៅ​លើ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា និង​ដំណើរការ​ប្រតិបត្តិ​របស់​រដ្ឋាភិបាល​កម្ពុជា»។

ក្រសួង​ការបរទេស​ចិន​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​ទាំង​នេះ។ លោក អៀ សុផល ​បាន​ប្រាប់ VOA តាម​អ៊ីមែល​ថា៖ «ប្រទេស​ចិន​ចង់​រក​លុយ​និង​មាន​យុទ្ធសាស្ត្រ​ជះ​ឥទ្ធិពល​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ប្រទេស​ចិន​អាច​នឹង​បាត់​បង់​ឱកាស​នេះ​ ប្រសិន​បើ​គណបក្ស​ប្រជាជន​កម្ពុជា​និង​មេ​ដឹកនាំ​គណបក្ស​នេះ​មិន​ស្ថិត​ក្នុង​អំណាច»។
ពី​នយោបាយ​ទៅ​ការ​វិនិយោគ​ផ្ទាល់

នៅ​ប្រទេស​កម្ពុជា រដ្ឋាភិបាល​ចិន​មាន​មិត្តភក្ដិ​ម្នាក់​ដែល​ចាំ​ជួយ​គាំទ្រ​ការ​ទាមទារ​របស់​ខ្លួន​នូវ​ដែន​ទឹក​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។ ក្នុង​នាម​ជា​មិត្តភក្ដិ ប្រទេស​ចិន​បាន​ផ្ដល់​ជំនួយ​ដល់​ប្រទេស​កម្ពុជា​សម្រាប់​ការណ៍​ដែល​កម្ពុជា​ជួយ​គាំទ្រ​ខ្លួន​ក្នុង​បញ្ហា​នេះ។​ ជំនួយ​ទាំង​នោះ​មាន​ដូចជា​ការ​គាំទ្រ​ផ្នែក​នយោបាយ​ចំពោះ​លោក ​ហ៊ុន សែន កម្ចី​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​និង​ការ​វិនិយោគ។ ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​បន្ត​ងាក​ចេញ​ពី​បស្ចិម​ប្រទេស ឥទ្ធិពល​សេដ្ឋកិច្ច​របស់​ចិន​នៅ​ក្នុង​ប្រទេស​កម្ពុជា​កំពុង​តែ​កើន​ឡើង។

ប្រទេស​ចិន​គឺ​ជា​ប្រទេស​វិនិយោគ​ដ៏​ធំ​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​ការ​វិនិយោគ​របស់​ចិន​មាន​ចំនួន​រហូត​ទៅ​ដល់​៤៤​ភាគរយ​នៃ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​សរុប​ចំនួន​១៩,២​ពាន់​លាន​ដុល្លារ​អាមេរិក ​នៅ​រវាង​ឆ្នាំ​១៩៩៤​ និង​ឆ្នាំ២០១៤។ នេះ​បើ​យោង​តាម​ស្ថិតិ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​ និង​វិទ្យាស្ថាន​ជាតិ​ស្ថិតិ។
ប្រទេស​ចិន​ក៏​បាន​ផ្ដល់​ការ​គាំទ្រ​ដល់​ឧស្សាហកម្ម​ទេសចរណ៍​របស់​ប្រទេស​កម្ពុជា​ផង​ដែរ។ ពលរដ្ឋ​ចិន​យ៉ាងហោចណាស់​១លាន​២​សែន​នាក់ ​បាន​ទៅ​ទស្សនា​ប្រទេស​កម្ពុជា​កាល​ពី​ឆ្នាំ​មុន ដែល​តួលេខ​នេះ​ត្រូវ​គេ​រំពឹង​ថា​នឹង​កើន​ឡើង​រហូត​ដល់​ជិត​២​លាន​នាក់​នៅ​ត្រឹម​ឆ្នាំ​២០២០។

ក្រសួង​ហិរញ្ញវត្ថុ​នៃ​ប្រទេស​កម្ពុជា​បាន​បញ្ជាក់​ថា ប្រទេស​កម្ពុជា​ជំពាក់​បំណុល​ចិន​ជាង៤ពាន់​លាន​ដុល្លារ​អាមេរិក ​ឬ​ក៏​ស្មើ​នឹង​២ភាគ​៥​នៃ​បំណុល​ពុំ​ទាន់​សង​សរុប​របស់​ប្រទេស​កម្ពុជា។ បំណុល​នេះ​មាន​ចំនួន​ច្រើន​ជាង​បំណុល​សរុប​បូក​បញ្ចូល​គ្នា​ ដែល​ប្រទេស​កម្ពុជា​ជំពាក់​ស្ថាប័ន​មួយ​ចំនួន​ ដូច​ជា​ធនាគារពិភពលោកនិង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ទៅ​ទៀត។

កិច្ច​សហប្រតិបត្តិការ​យោធា
នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​មួយ​ទៅ​កាន់​ប្រទេស​កម្ពុជា​កាល​ពី​ខែ​មិថុនា​កន្លង​ទៅ​នេះ​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ចិន​លោក ​Wei Fenghe បាន​សន្យា​ផ្ដល់​ជំនួយ​ជិត១០០​លាន​ដុល្លារ​អាមេរិក​ដល់​វិស័យ​យោធា​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ទំនាក់ទំនង​យោធា​កាន់តែ​ជិតស្និទ្ធ​ជាង​មុន​នេះ​បាន​ផ្ដល់​ផល​ប្រយោជន៍​សម្រាប់​ប្រទេស​ទាំង​ពីរ។ ទំនាក់ទំនង​យោធា​នេះ​បាន​ធ្វើ​ឲ្យ​កង​កម្លាំង​យោធា​របស់​ប្រទេស​កម្ពុជា​មាន​លទ្ធភាព​ពង្រឹង​សន្តិសុខ​របស់​ខ្លួន និង​បាន​ធ្វើ​ឲ្យ​ប្រទេស​ចិន​មាន​ដៃគូ​ក្នុង​តំបន់​ដ៏​ខ្លាំង​មួយ​ដែល​គាំទ្រ​គំនិត​ផ្ដួចផ្ដើម​និង​គោល​ជំហរ​សំខាន់ៗ​របស់​ចិន​តាំង​ពី​បញ្ហា​កោះ​តៃវ៉ាន់​រហូត​ដល់​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង។

កាល​ពី​ដើម​ឆ្នាំ​នេះ ​ប្រទេស​ចិន​និង​ប្រទេស​កម្ពុជា​បាន​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​ដែល​ហៅ​ថា​ «សមយុទ្ធ​នាគ​មាស»។ សមយុទ្ធ​នេះ​ផ្ដោត​លើ​ការ​ប្រឆាំង​អំពើ​ភេរវកម្ម​ ​និង​ប្រតិបត្តិការ​ជួយ​សង្គ្រោះ ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​ចំណង​ទាក់ទង​ដ៏​រឹងមាំ​រវាង​ប្រទេស​ទាំង​ពីរ។

កិច្ច​សហប្រតិបត្តិការ​រវាង​ចិន​និង​កម្ពុជា​នេះ​ទំនង​ជា​បង្ហាញ​ឲ្យ​ឃើញ​ពី​ទំនាក់ទំនង​តានតឹង​រវាង​ប្រទេស​កម្ពុជា​និង​សហរដ្ឋ​អាមេរិក។

កាល​ពី​ឆ្នាំ​ទៅមិញ ​ប្រទេស​កម្ពុជា​បាន​ផ្អាក​ការ​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​ប្រចាំ​ឆ្នាំ​លើក​ទី​៨​ ​ដែល​គ្រោង​នឹង​ធ្វើ​ឡើង​ជាមួយ​នឹង​យោធា​សហរដ្ឋ​អាមេរិក​ដែល​សមយុទ្ធ​នេះ​ហៅ​ថា​«សមយុទ្ធ​ឆ្មាំ​អង្គរ»។ កម្មវិធី​ដែល​ត្រូវ​បាន​លុប​ចោល​ផង​ដែរ​នោះ​ គឺ​កម្មវិធី​របស់​ទាហាន​ជើង​ទឹក​សហរដ្ឋ​អាមេរិក​ដែល​មាន​ជា​យូរ​មក​ហើយ។ កម្មវិធី​នេះ​បាន​ផ្ដល់​ជំនួយ​មនុស្សធម៌​ដល់​ប្រទេស​កម្ពុជា។ ប្រទេស​កម្ពុជា​បាន​បញ្ជាក់​ថា ​កង​កម្លាំង​យោធា​របស់​ខ្លួន​មាន​ភារកិច្ច​មមាញឹក​ខ្លាំង​ពេក ដែល​មិន​អាច​ចូលរួម​នៅ​ក្នុង​ការ​ធ្វើ​សមយុទ្ធ​ប្រចាំ​ឆ្នាំ​នេះ​បាន។

ជា​សញ្ញា​មិន​ល្អ?
ការ​ព្រួយ​បារម្ភ​បន្ថែម​ទៀត​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​គឺ​ការ​កើន​ឡើង​នូវ​ចំនួន​ជនជាតិ​ចិន​ដែល​កំពុង​តែ​រស់នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​និង​ក្នុង​ខេត្ត​ព្រះ​សីហនុ។

ក្រុង​ព្រះ​សីហនុ​ដែល​ធ្លាប់​ជា​ក្រុង​មួយ​មិន​សូវ​អ៊ូអរ ហើយ​អ្នក​ទេសចរណ៍​ចូលចិត្ត​ទៅ​កម្សាន្ត​នោះ​ ឥឡូវ​នេះ​មាន​កម្មករ​ជនជាតិ​ចិន អ្នកវិនិយោគ​ជនជាតិ​ចិន​ និង​គម្រោង​ផ្សេងៗ​របស់​ក្រុម​ហ៊ុន​ចិន​​ច្រើន​ហួស​ហេតុ ដូចជា​កាស៊ីណូ​ដែល​ត្រៀម​ទុក​សម្រាប់​ទទួល​អ្នក​ទេសចរ​ចិន​ជា​ដើម។

ប្រជាពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​យល់​ឃើញ​ថា ការ​កើន​ឡើង​នូវ​ចំនួន​អ្នក​ទេសចរ​ចិន​នេះ​គឺ​ជា​ការ​គំរាម​កំហែង​ចំពោះ​សុវត្ថិភាព​របស់​ពួក​គេ​ដោយ​ពួកគេ​បាន​អះអាង​ថា​ សណ្ឋាគារ​ ភោជនីយដ្ឋាន ​កាស៊ីណូ​ និង​ហាង​ខារ៉ាអូខេ​ផ្សេងៗ​ដែល​គ្រប់គ្រង​ដោយ​ជនជាតិ​ចិន​មាន​ការ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​កើន​ឡើង​នូវ​ឧក្រិដ្ឋកម្ម​នៅ​ក្នុង​រយៈពេល​៥​ឆ្នាំ​កន្លង​មក​នេះ។

យ៉ាងណា​ក៏​ដោយ​លោក ហ៊ុន សែន​ បាន​ព្យាយាម​បំបាត់​ការ​ភ័យ​ខ្លាច​ដែល​កំពុង​តែ​កើន​ឡើង​ទាំង​នេះ ​ដោយ​លោក​បាន​និយាយ​ថា ការ​រិះគន់​លើ​ឥទ្ធិពល​របស់​ចិន​គឺ​ជា​ការណ៍​ដែល​មិន​យល់​អំពី​ស្ថានការណ៍​ហើយ​ភាគ​ច្រើន​នៃ​ជនជាតិ​ចិន​ដែល​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា​គឺ​ជា​អ្នក​ទេសចរ​ដែល​មិន​ស្នាក់នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ។

ប៉ុន្តែ​លោក សុខ នី ដែល​ជា​អ្នក​រត់​រម៉ក​កង់​បី​​មិន​យល់ស្រប​តាម​ការ​លើក​ឡើង​ដូច​នេះ​នោះ​ទេ។ នៅ​ពេល​កំពុង​រង់ចាំ​ដឹក​ភ្ញៀវ​នៅ​ក្បែ​កាស៊ីណូ​ណាហ្គាវើល​ (Naga World)​ ក្នុង​ទីក្រុង​ភ្នំពេញ អ្នក​រត់​រ៉ឺម៉ក​កង់​បី​វ័យ​២៧​ឆ្នាំ​រូប​នេះ​បាន​ប្រាប់​ VOA ថា​ លោក​មាន​ការ​ព្រួយ​បារម្ភ​អំពី​លំហូរ​ជនជាតិ​ចិន​ដែល​ហូរ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា។

លោក សុខ នី​ បាន​និយាយ​ថា៖ «ឥឡូវហ្នឹង​ដូច​ជា​ពិបាក​ដែរ​បង!​ ដូចជា​នៅ​កំពង់សោម​អីចឹង។ ដូច​កូរ ផ្អើល​អ្នក​កំពង់​សោម ​អីចឹង​វា​ដូច​ពិបាក​ដែរ​»។

លោក សុខ នី ដែល​ធ្លាប់​ធ្វើ​ជា​អ្នក​បើក​រថយន្ត​ក្រុង​ដឹក​ភ្ញៀវ​ទេសចរ​ចិន​ជាង​៤ឆ្នាំ​ផង​នោះ​ បាន​បន្ថែម​ថា​ លោក​មិន​ពេញ​ចិត្ត​នោះ​ទេ​ នៅ​ពេល​ដែល​ជនជាតិ​ចិន​ខ្លះ​ផឹក​ស្រា​លើ​រថយន្ត​ក្រុង ​ឬ​ក៏ «នាំ​ស្រី​មក​សប្បាយក្នុង» ឡាន​ជា​ដើម។
លោក សុខ នី បាន​យក​ប្រាក់​ដែល​លោក​សន្សំ​ទុក​ដើម្បី​ទិញ​រ៉ឺម៉ក​កង់បី​ដឹក​ភ្ញៀវ​ទេសចរ​ទូទៅ​វិញ ​ប៉ុន្តែ​លោក​បែរ​ជា​នៅតែ​ជួប​នឹង​ភ្ញៀវ​ទេសចរ​ចិន​ដែល​ធ្វើ​ឲ្យ​លោក​មិន​ពេញ​ចិត្ត​ដដែល។

លោក​បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «ដល់​ពេល​ដឹក​ចិន​ម្តងៗ​អីចឹង ខ្ញុំ​ចេះ​តែ​លួច​មើល​ពួក​គេ​តាម​កញ្ចក់​ក្រោយ​។ ខ្ញុំ​ចេះ​តែ​ខ្លាច​ដែរ​បង»។

ក៏​ប៉ុន្តែ ការ​ព្រួយ​បារម្ភ​ខ្លាំង​បំផុត​របស់​លោក​គឺ​មិន​មែន​ភ្ញៀវ​ទេសចរ​ចិន​ដែល​លោក​ដឹក​នោះ​ទេ។ លោក​មិន​ពេញចិត្ត​ចំពោះ​ការណ៍​ដែល​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​សម្បទាន​ដី​ចំនួន​៤​ម៉ឺន​ហិកតា ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន​នៅ​ក្នុង​ខេត្ត​កោះកុង។
លោក សុខ នី និយាយ​យ៉ាង​ដូច្នេះ​ថា៖ «និយាយ​ឲ្យ​ចំ​ទៅ ខ្ញុំ​បារម្ភ​ខ្លះ​ដែរ​ដល់​ពេល​មាន​ចិន​ជា​ច្រើន​អីចឹង​ពេក​ទៅ​ដូច​ជា​ពិបាក​ដែរ​ ហើយ​ដូច​ជា​នៅ​តំបន់​ កោះ​ស្ដេច​កោះ​អីហ្នឹង​ គឺ​សុទ្ធតែ​តំបន់​របស់​ចិន​តែ​ទាំងអស់។​ ដល់​ពេល​អីចឹង​ទៅ​ខ្ញុំ​បារម្ភ​ថា ​ដី​របស់​ខ្មែរ​ តែ​ចិន​កាត់​តំបន់​ហ្នឹង​យក​ទាំង​អស់​តែ​ម្តង»។

ការ​លើក​ឡើង​របស់​លោក ​សុខ នី គឺ​សំដៅ​ទៅ​លើ​ការ​ផ្ដល់​ដី​សម្បទាន​របស់​រដ្ឋាភិបាល​កម្ពុជា​កាល​ពី​ឆ្នាំ​២០០៨ ទៅ​ឲ្យ​ក្រុមហ៊ុន Union Development Group​ របស់​ចិន។ គម្រោង​អភិវឌ្ឍន៍​ដែល​មាន​តម្លៃ​ជា​ទឹក​ប្រាក់​៤ពាន់​លាន​ដុល្លារ​អាមេរិក​ដែល​ធ្លាប់​ចុះ​កុងត្រា​ចំនួន​៩៩​ឆ្នាំ លើ​ផ្ទៃ​ដី​ដ៏​ធំ​ល្វឹងល្វើយ​មួយ​កន្លែង​នៅ​ក្នុង​តំបន់​ដែល​ពី​មុន​ធ្លាប់​ជា​តំបន់​អភិរក្ស​ឧទ្យាន​ជាតិ​បទុមសាគរ​នេះ ​គឺ​ជា​គម្រោង​មួយ​ដែល​មាន​ការ​សាង​សង់​ដូចជា​សណ្ឋាគារ ​កាស៊ីណូ​ ទីលាន​វាយ​កូនហ្គោល និង​កំពង់ផែ​សមុទ្រ​នៅ​លើ​ដី​មាត់​សមុទ្រ​ដែល​ស្ថិត​នៅ​ក្នុង​ទ្រង់ទ្រាយ​ដើម។ នេះ​បើ​យោង​តាម​គម្រោង​សាងសង់​នេះ។ ប្រជាពលរដ្ឋ​រាប់​ពាន់​នាក់​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​ផ្ទះ​សម្បែង​របស់​ពួកគេ​ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​សំណង​បន្តិច​បន្តួច​តែ​ប៉ុណ្ណោះ។

១០​ឆ្នាំ​ក្រោយ​មក ការ​តវ៉ា​ប្រឆាំង​នឹង​គម្រោង​នេះ​នៅតែ​បន្ត​ធ្វើ​ដដែល។ កាល​ពី​ខែ​មករា​ដើម​ឆ្នាំ​នេះ ​លោក​ យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ បាន​ផ្ញើ​របាយការណ៍​មួយ​ជូន​ក្រសួង​មហាផ្ទៃ​ដែល​នៅ​ក្នុង​របាយការណ៍​នោះ​មាន​បង្ហាញ​អំពី​លំហូរ​ជនជាតិ​ចិន​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​និង​ការ​កើន​ឡើង​នូវ​ឧក្រិដ្ឋកម្ម។

នៅ​ក្នុង​របាយការណ៍​នោះ​លោក យន្ត មីន បាន​បញ្ជាក់​ថា ក្នុង​ចំណោម​ជនបរទេស ៦៣៤៥នាក់ ដែល​ស្នើ​សុំ​ប័ណ្ណ​ការងារ​នៅ​និង​ស្នាក់នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ​កាល​ពី​ឆ្នាំ​២០១៧ ក្នុង​ចំណោម​នោះ​មាន​ជនជាតិ​ចិន​ចំនួន​៤៤៩៨​នាក់​រួច​ទៅ​ហើយ។​
របាយការណ៍​របស់​លោក យន្ត មីន ដែល​ត្រូវ​បាន​ចែកចាយ​ទៅ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ប្រទេស​កម្ពុជា បាន​លើក​ឡើង​ថា ​អ្នក​ចូល​លេង​ល្បែង​នៅ​កាស៊ីណូ​ជជែក​គ្នា​ឡូឡា ​ក្លឹប​កម្សាន្ត​កង​រំពង និង​អ្នក​បើក​រថយន្ត​ជនជាតិ​ចិន​គ្មាន​ប័ណ្ណ​បើក​បរ​នានា ​គឺ​ជា​ដើម​ចម​នៃ​ការ​ព្រួយ​បារម្ភ។

លោក យន្ត មីន បាន​បញ្ជាក់​បន្ថែម​នៅ​ក្នុង​របាយការណ៍​នោះ​ថា​ អាជីវករ​ក្នុង​ខេត្ត​ព្រះសីហនុ​មិន​សប្បាយ​ចិត្ត ដោយសារតែ​អាជីវកម្ម​របស់​ចិន​បាន​ជ្រៀតជ្រែក​ដណ្ដើម​ឆ្នាំង​បាយ​របស់​ពួកគេ។ សរុប​មក​លោក​បាន​លើក​ឡើង​ពី​ចំណុច «អវិជ្ជមាន» ចំនួន​ជាង​១០ចំណុច ដែល​ពាក់ព័ន្ធ​នឹង​ជនជាតិ​ចិន ដែល​ក្នុង​នោះ​មាន​ទាំង​ការ​កើន​ឡើង​នូវ​សកម្មភាព​ឧក្រិដ្ឋកម្ម​របស់​ក្រុម​បង​ធំ​បង​តូច​ផង​ដែរ។

ចំណែក​ឯ​លោក Strangio វិញ បាន​ប្រាប់ VOA ​ថា ការ​រីក​ចម្រើន​ដ៏​ឆាប់​រហ័ស​នៅ​ក្នុង​ក្រុង​ព្រះសីហនុ​គឺ​ជា«និមិត្តរូប​នៃ​ទំនាក់ទំនង​ដ៏​ជិតស្និទ្ធ​រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​ចិន»។
ក៏​ប៉ុន្តែ​លោក​បាន​បន្ថែម​ថា៖ «ជាក់ស្តែង ប្រទេស​កម្ពុជា​ទំនងជា​កំពុង​តែ​ឈាន​ទៅ​រក​ការ​ពឹងផ្អែក​ទាំង​ផ្នែក​សេដ្ឋកិច្ច និង​ផ្នែក​នយោបាយ​លើ​រដ្ឋាភិបាល​ចិន​ ដល់​កម្រិត​មិន​ល្អ​មួយ»៕ ប្រភព៖ VOA