ភ្នំពេញ —ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ​នៅ​ថ្ងៃ​ពុធ​នេះ​ ​បាន​ប្រកាស​សារ​ជា​ថ្មី​ថា​ ​មិន​មាន​ភ្ញៀវ​ ឬ​អ្នក​សង្កេត​ការណ៍​ផ្លូវ​ការ​ណា​ម្នាក់ពី​រដ្ឋា​ភិបាល​សហរដ្ឋ​អាមេរិក​ នឹង​ចូល​រួម​សង្កេត​ការ​បោះ​ឆ្នោត​ជាតិ​នៅ​កម្ពុជា​ក្នុង​ថ្ងៃ​អាទិត្យ​ខាង​មុខ​នេះ​ទេ។​

សេចក្តី​ថ្លែង​ការណ៍​ស្តីពី​ការ​សង្កេត​ការណ៍បោះ​ឆ្នោត​ ​ដែល​ត្រូវ​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ ​នៅ​ថ្ងៃ​ទី២៥​ ​ខែ​កក្កដា​នេះ​ ​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ក្នុង​ន័យ​ដើម​ទាំង​ជា​ភាសា​ខ្មែរ​ និង​ភាសា​អង់គ្លេស​ថា៖​

«គ្មាន​ភ្ញៀវ​ ​ឬ​អ្នក​សង្កេត​ការណ៍​ផ្លូវ​ការណា​ម្នាក់​មកពី​រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក​នឹង​ចូល​រួម​សង្កេត​ការ​បោះ​ឆ្នោត​ជាតិ​នៅ​កម្ពុជា​ ​នៅ​ថ្ងៃ​ទី២៩​ ​ខែ​កក្កដា​ ​ឆ្នាំ​២០១៨​ទេ។​ ​ការ​សម្រេច​ចិត្ត​នេះ​គឺស្រប​តាម​សេច​ក្តី​ថ្លែង​ការណ៍​របស់​សហ​រដ្ឋ​អាមេរិក​ ​តាំង​ពីខែ​វិច្ឆិកា​ ​ឆ្នាំ​២០១៧​មក​ ​ដែល​បាន​សម្ដែង​កង្វល់​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការ​វិវត្ត​ផ្នែក​នយោបាយ​នៅ​ប្រទេស​កម្ពុជា»។​

រូបឯកសារ៖ លោក​ ប៉ូ​ អេង ទីប្រឹក្សា Education USA ក្នុង​ស្ថានទូត​សហរដ្ឋ​អាមេរិក​ លោក Arend Zwartjes មន្រ្តី​ទំនាក់ទំនង​កិច្ច​ការ​សាធារណៈ​នៃ​ស្ថានទូត​សហរដ្ឋ​អាមេរិក​និង​លោក Christopher Degnan មន្រ្តី​គ្រប់គ្រង​គម្រោង​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​នៃ​ក្រសួង​ការបរទេស​អាមេរិក​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​ អំឡុង​ការ​សម្ពោធ​មជ្ឈមណ្ឌល​អាមេរិកាំង​ដែល​ស្ថិត​នៅ​ក្នុង​ស្ថានទូត​សហរដ្ឋ​អាមេរិក​ក្នុងរាជធានី​ភ្នំពេញ​ ​ប្រទេស​កម្ពុជា។ (ទុំ ម្លិះ/VOA)

លោក​ ​Arend Zwartjes​ ​អ្នក​នាំ​ពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​ការ​បង្ហោះ​សេចក្តី​ជូន​ដំណឹង​ ​និង​សេចក្តី​ថ្លែង​ការណ៍​ទាំង​នេះ​ទេ។​

យ៉ាង​ណា​ក៏​ដោយ​ ​គេ​មើល​ឃើញ​ថា​ ​ការ​ចេញ​សេចក្តី​ថ្លែង​ការណ៍​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​នេះ​ ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ ​(គ.ជ.ប.​)​ ​បិទ​បញ្ចប់​ការ​ទទួល​ពាក្យ​ស្នើ​សុំ​ធ្វើ​ជា​អ្នក​សង្កេត​ការណ៍​អន្តរ​ជាតិ​ ​នៅ​ថ្ងៃ​ទី​២៥​ ​ខែ​កក្កដា​នេះ​ ​ដោយ​មិន​មាន​ការ​ចូល​រួម​សង្កេត​ការណ៍​ពី​តំណាង​សហ​រដ្ឋ​អាមេរិក​ ​និង​សហភាព​អឺរ៉ុប​ទេ។​ ​អ្នក​សង្កេត​ការណ៍​អន្តរជាតិក្នុង​ការ​បោះ​ឆ្នោត​អាណត្តិ​នេះ​ភាគ​ច្រើន​មកពី​តំណាង​ប្រទេស​មិន​មែនកាន់​លទ្ធិ​ប្រជា​ធិបតេយ្យ ​ដែល​ក្នុង​នោះ​រួម​មាន​ប្រទេស​ចិន ​សិង្ហបុរី​ វៀតណាម​ និង​មីយ៉ាន់ម៉ា​ជា​ដើម។

លោក​ ​ហង្ស ពុទ្ធា​ ​អ្នក​នាំ​ពាក្យ​គ.ជ.ប. ​ប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃ​ពុធ​នេះ​ថា ​គ.ជ.ប.បាន​ទទួល​ស្គាល់​អ្នក​ចូល​រួម​សង្កេត​ការណ៍​អន្តរជាតិ​ជា​ផ្លូវ​ការ​ចំនួន​២១៣នាក់។​ ​លោក​បន្ថែម​ថា​ ​ការ​មិន​ដាក់​អ្នក​សង្កេត​ការណ៍​របស់​សហ​រដ្ឋ​អាមេរិក​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរ​ការ​នៃ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​នោះ​ទេ។​

លោកបញ្ជាក់​ថា៖​

«ភាគី​អន្តរជាតិគឺជា​ភាគី​ពាក់​ព័ន្ធមួយ​ ​ប៉ុន្តែ​បើសិន​ភាគី​នោះ ​លោក​មិន​ចាប់​អារម្មណ៍​ ​អាហ្នឹង​ស្រេច​តែ​លើការ​សម្រេច​ចិត្ត​របស់​ខ្លួន​ឯង​ទេ។​ ​ប៉ុន្តែ​សម្រាប់​ ​គ.ជ.ប. គ.ជ.ប.​បាន​បំ​ពេញតួ​នាទី​ស្រប​តាម​ច្បាប់​ ​ហើយ​គ.ជ.ប. ​នឹង​បម្រើ​សេវា​បោះ​ឆ្នោត​ជូន​ប្រជា​ពលរដ្ឋ​នៅ​ថ្ងៃ​អាទិត្យ​ ​ទី២៩​ ​ខែ​កក្កដា​នេះ​ហើយ»។

សហ​រដ្ឋ​អាមេរិក​ដែល​ជា​ប្រទេស​តែង​តែ​គាំទ្រ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ជា​ច្រើន​អាណត្តិ​កន្លង​មក​ ​បាន​ប្រកាស​ដក​ខ្លួន​ឈប់​គាំទ្រ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ ​បន្ទាប់​ពី​តុលាការ​កំពូល​បាន​រំលាយ​គណ​បក្ស​សង្គ្រោះជាតិ ​ដែល​ជាគណ​បក្ស​មាន​អ្នក​គាំទ្រ​ជាង​៤០​ភាគរយ​នៅ​ទូទាំងប្រទេស​ ​កាលពី​ខែ​វិច្ឆិកា​ ​ឆ្នាំ​២០១៧។​ ​សហភាព​អឺរ៉ុប​ក៏​បាន​ដក​ខ្លួន​ឈប់​គាំទ្រ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ ​ព្រម​គ្នា​ជា​មួយ​សហ​រដ្ឋ​អាមេរិក​ ​ដោយ​លើក​ឡើង​ថា​ ​ការ​បោះ​ឆ្នោត​ដែល​មិន​មាន​ការ​ចូល​រួម​ពីគណ​បក្ស​សង្គ្រោះជាតិ​ ​គឺ​ជា​ការ​បោះ​ឆ្នោត​ដែល​មិន​មាន​ភាព​សេរី ​យុត្តិធម៌​ ​និង​មិន​ត្រឹម​ត្រូវ​តាម​ច្បាប់។​

ស្ថានទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ កាលពី​ថ្ងៃ​អង្គារ​ ​ក៏​បាន​ជូន​ដំណឹង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ ​និង​គេហ​ទំព័រ​របស់​ខ្លួន ​ដោយ​បាន​ប្រាប់ពលរដ្ឋ​អាមេរិក​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ឲ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​សុវត្ថិភាពនិង​សន្តិសុខ​របស់​ខ្លួន​ក្នុង​អំឡុង​ពេល​នៃ​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​នេះ។​ ​សេចក្តី​ជូន​ដំណឹង​នោះ​បន្ថែម​ថា​ ​ការ​បោះ​ឆ្នោត​ជាតិ​ជ្រើស​តាំង​តំណាង​រាស្ត្រ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ ​អាច​នឹង​មាន​ការ​ប្រមូល​ផ្តុំ​ផ្សេងៗ​ ​ដែល​អាច​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​ដោយ​មិន​មាន​សញ្ញា​ព្រមាន​ទុក​ជា​មុន។​

​ក្នុង​សេចក្តី​ជូន​ដំណឹង​នោះ ​ ស្ថានទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​បានណែនាំ​ពលរដ្ឋ​របស់​ខ្លួន​តាម​ន័យ​ដើម​ថា៖​

«ចៀសវាងទៅ​ក្បែរ​ការ​ប្រមូល​ផ្តុំ​ដែល​មាន​ទ្រង់ទ្រាយ​ធំ​ ​និង​ត្រូវ​ចាក​ចេញ​ពី​ទី​នោះ ប្រសិន​បើ​មាន​មនុស្ស​ប្រមូល​ផ្តុំ​កាន់​តែ​ច្រើន។ ​ចៀសវាងការ​ចូល​រួម​សកម្ម​ភាព​នានា​ពាក់​ព័ន្ធនឹង​បាតុកម្ម ​និង​ការ​បោះ​ឆ្នោត។​ ​ចៀសវាងការ​ធ្វើ​ដំណើរ​ទៅ​តាម​ខេត្ត​នានា​ដែល​មិន​ចាំបាច់ ​ដោយ​សារ​ផ្លូវ​ថ្នល់​អាច​មាន​មនុស្ស​ច្រើន។​ ​ប្រាប់​មិត្ត​ភ័ក្ដិ​ ​ឬ​ក្រុម​គ្រួសារ​ពី​គម្រោង​នៃ​ការ​ធ្វើ​ដំណើរ​របស់​អ្នក។ ​ត្រៀម​គម្រោង​នៃ​ការ​ធ្វើ​ដំណើរ​ជា​មុន​ ប្រសិន​បើ​ចាំបាច់។ ​តាម​ដាន​ព័ត៌មាន​ក្នុង​ស្រុកដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មីៗ»។​

​លោក​ ផៃ ស៊ី​ផាន​ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ ​បាន​បង្ហោះសារ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ ​ ដោយ​ប្រតិកម្ម​ទៅ​នឹង​សេចក្តី​ជូន​ដំណឹង​របស់​ស្ថានទូត​សហ​រដ្ឋ​អាមេរិក​ ដោយ​និយាយ​ថា​ ​វាជា​កិច្ច​ការ​ពារ​ជា​មុន​របស់​សហ​រដ្ឋ​អាមេរិក ​និងមិន​មែន​ជា​ការ​ឆ្លុះបញ្ចាំង​ភាព​ជាក់​ស្តែង​នោះ​ទេ។​ ​លោក​បន្ថែម​ថា​ ​ក្នុង​សង្គម​របស់​សហ​រដ្ឋ​អាមេរិក​តែង​ប្រឈម​នឹង​ភាព​ហិង្សា​ ​ការ​សម្លាប់​មនុស្ស​គ្រប់​រូប​ភាព​ជា​ប្រចាំ​ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាលអាមេរិកាំង​មាន​ការ​ប្រុង​ប្រយ័ត្ន​កម្រិត​ខ្ពស់​ ​ដើម្បី​ការពារ​ប្រជា​ពលរដ្ឋ​របស់​គេ​ពីភាព​ឃោរឃៅ​ទាំង​នោះ​ប៉ុណ្ណោះ។​

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ ដែល​មាន​សញ្ជាតិអាមេរិកាំង​រូប​នេះ ​បន្ថែម​ក្នុង​ន័យ​ដើម​ថា៖​

«ការ​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ពុំ​មាន​ឥទ្ធិពល​ ឬ​ឧបសគ្គ​ណា​មួយប្រឆាំង ​ឬ​បំផ្លាញ​ដំណើរ​ការ​បោះ​ឆ្នោត​សកល​របស់​កម្ពុជា​ដែល​ធ្វើ​ឡើង​មួយ​ថ្ងៃ​គត់​គឺ​ថ្ងៃ​ទី២៩​ ខែ​កក្កដា ​ឆ្នាំ​២០១៨​ ​ខាង​មុខ​យ៉ាង​ខ្លី ​ហើយ​ការ​បោះ​ឆ្នោត​សកល​នេះ ​ជាការ​សម្រេច​ចិត្ត​ខ្ពស់​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ ​ក្នុង​កិច្ច​ថែ​រក្សា​ដំណើរ​ការ​លទ្ធិ​ប្រជា​ធិបតេយ្យ​សេរី​ ពហុបក្ស ​និង​ការ​ទទួល​ខុស​ត្រូវ​ជោគ​វាសនា​ដោយ​ខ្លួន​ឯង​ដែល​គ្មាន​បរទេស​ណា​ជ្រៀតជ្រែក​បាន​ឡើយ»។​

ចំណែក​នាយ​ឧត្តមសេនីយ៍​ ​ខៀវ សុភ័គ​ ​អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​ប្រាប់​ ​VOA​ ​ថា​ សេចក្តី​ជូន​ដំណឹង​របស់​ស្ថានទូត​អាមេរិក​គឺជា​ការ​បញ្ចេញ​មតិ​ដោយ​មាន​ការភ័យ​បារម្ភ​របស់​ពួក​គេ​ប៉ុណ្ណោះ។​ ​លោក​បន្ថែម​ថា​ ​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ​ នឹង​មិន​មាន​ភាព​មិន​ប្រក្រតី​ណា​មួយ​អាច​កើត​ឡើង​នោះ​ទេ។​

លោកបញ្ជា​ក់​ថា៖​

​«ដំណើរ​ការ​ចាត់​ចែង​ការ​បោះ​ឆ្នោត​ ​បើ​គិត​ពី​សន្តិសុខ​ទៅ​គឺ​ថា​ល្អ ល្អ​មែន​ទែន​ស្ទើតែ​ល្អ​១០០% ​ចាប់​តាំង​ពី​ថ្ងៃ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ​អីៗ ​បញ្ជី​ឈ្មោះ​ ​រហូត​ដល់​ថ្ងៃ​ឃោសនា​នេះ​ ​រហូត​ដល់​ថ្ងៃ​នេះ។​ ប្រមាណ​ជា​ពីរ​បី​សប្តាហ៍​ហើយ​ ​ពុំ​ទាន់​មាន​អំពើ​ហិង្សា​ទេ ហើយ​គ្មាន​នរណា​រង​របួស ​ហូរឈាម​ដោយ​សារតែ​ការ​បោះ​ឆ្នោត​ហ្នឹង​ទេ។​ ​ហើយ​យើង​សង្ឃឹម​ថា​ សភាព​ការណ៍​នេះ​នឹង​បន្ត​រហូត​ថ្ងៃ​រាប់​សន្លឹក​ឆ្នោត​ ​និង​ថ្ងៃ​បង្កើតរដ្ឋាភិបាល​ថ្មី»។​

ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​អាណត្តិ​ទី៦​ ​ដោយ​មិន​មាន​វត្ត​មាន​គណ​បក្ស​សង្គ្រោះជាតិ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ ​នឹង​មានការ​ពង្រាយ​កង​កម្លាំង​យោធពល​ខេមរ​ភូមិន្ទ​ ​និង​កម្លាំង​កងរាជ​អាវុធ​ហត្ថ​សរុប​ប្រមាណ​ជា​៨​ម៉ឺន​នាក់​ ​រួម​ទាំង​កម្លាំង​ប្រជា​ការ​ពារ​ប្រមាណ​ជា​២​ម៉ឺន​នាក់​បន្ថែម​ទៀត​ ​ដើម្បី​ការពារ​សន្ដិសុខ​ ​និង​សណ្ដាប់​ធ្នាប់។​ ​ការ​បោះ​ឆ្នោត​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​នឹង​មិន​មាន​គណ​បក្ស​នយោបាយ​ណា​មួយ​អាច​ប្រកួត​ប្រជែង​ជា​មួយ​គណ​បក្ស​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ ​ហ៊ុន សែន​ ​ដូច​អាណត្តិ​មុនៗ​បាន​នោះ​ទេ៕ ប្រភព៖ VOA