ការ​បោះឆ្នោត​ជាតិ​ប៉ាគីស្ថាន​ បាន​ប្រព្រឹត្តិ​ទៅ​កាល​ពី​ថ្ងៃពុធ​ ទី២៥កក្កដា​ ម្សិលមិញ​នេះ​ ហើយ​លទ្ឋផល​ជា​បឋម​បង្ហាញ​ថា គណបក្ស​កាន់​អំណាច​ចាញ់​បក្ស​ប្រឆាំង​ដែល​ជា​គូប្រជែង​ធំ​របស់​ខ្លួន​។ មិន​បង្អង់​យូរ​ឡើយ​ នៅ​ថ្ងៃ​ព្រហស្បហិ៍​នេះ ​បក្ស​កាន់​អំណាច​ បានចេញមុខ​មិន​ទទួលស្គាល់​ លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ​ឡើយ​ ដោយ​ចោទ​ប្រកាន់​ថា​មាន​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​ និង​ការ​លូកដៃ​ពីសំណាក់​យោធា​ប៉ាគីស្ថាន​។

ទោះបី​ជា​ដំណើរការ​រាប់​សន្លឹកឆ្នោត​នៅ​ប៉ាគីស្ថាន​ មិន​ទាន់​ចប់​នៅ​ឡើយក្តី​ ក៏​គេ​មើល​ឃើញ​ថា​ គណបក្ស​ប្រឆាំង​កំពុង​មាន​សម្លេង​នាំ​មុខ​គេ​។ គណបក្ស​ប្រឆាំង​នេះ​ មាន​ឈ្មោះ​ថា​ “ចលនា​ដើម្បី​យុត្តិ​ធម៌” និង​ដឹក​នាំ​ដោយ​ អតីត​វីរៈបុរស​កីឡាករ​គ្រីកេត​ប៉ាគីស្ថាន​គឺ​លោក​ អ៊ីមរ៉ាន ខាន់ ដែល​ត្រូវ​បាន​គេ​ជឿថា​ ទទួល​បាន​ការ​គាំទ្រ​ពី​ក្រុម​យោធា​ដ៏​មាន​ឥទ្ឋិពល​នៅ​ក្នុង​ប្រទេស​។

ដោយ​ហេតុនេះ​ហើយ​ ទើប​ប្រមុខ​ដឹកនាំ​បក្ស​កាន់​អំណាច​ប៉ាគីស្ថាន​លោក​ Shahbaz Sharif ចេញ​មុខ​ច្រាន​ចោល​លទ្ឋផល​ដែល​ថា​ខ្លួន​ចាញ់​ឆ្នោត​។ “ការ​ឃុបឃិត​បន្លំ​សន្លឹក​ឆ្នោត​របស់​ មេ​បក្ស​ប្រឆាំង​ និង​ពួក​យោធា​ ជា​ចលនា​នាំ​ប្រទេស​ប៉ាគីស្ថាន​ឲ្យ​ដើរ​ត្រលប់​ក្រោយ ​ហើយ​យើង​មិន​ទទួល​ស្គាល់​លទ្ឋផល​នៃ​ការ​បោះឆ្នោត​នេះ​ឡើយ​”។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​ Shahbaz Sharif។​ គួរ​បញ្ជាក់​ថា​លោក​ Shahbaz Sharif ​ជា​ប្រមុខ​ដឹកនាំ​បក្ស បន្ត​តំណែង​ពី​បង​ប្រុស​ដែល​ជា​អតីត​នាយករដ្ឋ​មន្ត្រី ​ដែល​បាន​ធ្លាក់​ពី​តំណែង​ ដោយសារ​ត្រូវ​តុលាការ​ចោទ​ប្រកាន់​ ​ពី​បទ​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ​។

ចំណែក​ឯ ក្រុម​យោធា​ប៉ាគីស្ថាន​វិញ​ បាន​បដិសេធ​ថា​ខ្លួន​មិន​បាន​ចូល​ជ្រៀតជ្រៀក​ក្នុងការ​បោះឆ្នោត​ឡើយ​។ ដូចគ្នា​នេះ​ដែរ គណៈកម្មការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ប៉ាគីស្ថាន​ ក៏​បាន​អះអាង​ផងដែរ​ថា គ្មាន​ការ​កេងបន្លំ​ ឬ អំពើ​អយុត្តិធម៌​ណា​មួយ​កើត​ឡើង​ដូច​ការ​ចោទ​ប្រកាន់​របស់​បក្សកាន់​អំណាច​ បណ្តាញ​ព័ត៌មាន​ឯករាជ្យ​ប៉ាគីស្ថាន​ និង​សកម្មជន​អង្គការ​សិទ្ធិ​មនុស្ស​ឡើយ​។

ទោះ​ជាយ៉ាងណា​ក្តី អ្នកគាំ​ទ្រ​បក្ស​ប្រឆំាង​ជាច្រើន​ បាន​នាំ​គ្នា​ដើរ​ពេញ​ទីក្រុង​ធំៗ​ នៅ​ក្នុង​ប្រទេស​ដើម្បី​អបអរសាទរ​ជ័យជំនះ​ជា​បណ្តើរៗ​ហើយ​។ ប្រជាជន​ប៉ាគីស្ថាន ​ដែល​ជា​អ្នក​គាំទ្រ​គណបក្ស​ប្រឆំាង​របស់​លោក អ៊ីមរ៉ាន ខាន់ ជឿជាក់​ថា​ បក្ស​លោក អ៊ីមរ៉ាន ខាន់ នឹង​កសាង​នយោបាយ​ប្រទេស​ប៉ាគីស្ថាន​ ដោយ​លុបបំបាត់​អំពើ​ពុក​រលួយ​ និង​កសាង​សុខុមាលភាព​រដ្ឋ​អ៊ីស្លាម​មួយ​នេះ​ប្រកប​ដោយ​ស្ថិរភាព​។

គួរ​ជម្រាប​ផង​ដែរ​ថា​ ការ​ផ្ទេរ​អំណាច​ បន្ទាប់​ពី​ការ​បោះឆ្នោត​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ គឺ​កម្រ​ធ្វើ​ឡើង​ដោយ​សន្តិវិធី​នោះទេ​ នៅក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​មហាអំណាចនុ​យក្លេអ៊ែរ​មួយ​នេះ​។ ជាក់ស្តែង​ នៅ​អាណត្តិនេះ​ លទ្ធផល​បោះឆ្នោត​ផ្លូវការ​មិនទាន់​ទាំង​ចេញ​ស្រួល​បួល​ផង​ អំពើ​ហិង្សា​ ឃាតុកម្ម​ ការ​បាញ់បោះ​ ព្រមទាំង​ភេរវកម្ម​បាន​សម្លាប់​ប្រជាជន​ប៉ាគីស្ថាន​ជាច្រើន​រយនាក់​ទៅ​ហើយ​៕ ប្រភព៖ RFI