​ព្រះសីហនុ ៖ ប្រធាន​ស្នាក់ការ អង្គការ​ការពា​រធន​ធាន​ធម្មជាតិ និង​អភិរក្ស​ជីវសាស្ដ្រ​ចម្រុះ​ប្រចាំ​ខេត្ត​ព្រះសីហនុ និង​ជា​អ្នកកាសែត បម្រើ​ការងារ​ឲ្យ​សារព័ត៌មាន​ស្មារតី​៧​មករា​អមតៈ ដែល​បាន​ប្រើប្រាស់​ឯកសណ្ឋាន​បន្លំ ដូចជា កងកម្លាំងប្រដាប់អាវុធ ត្រូវបាន​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ចាប់ខ្លួន នៅ​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១៨​នេះ បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ផ្ដន្ទាទោស​តាមច្បាប់​។​



​មន្ត្រី​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ បានបញ្ជាក់​ថា ប្រធាន​ស្នាក់ការ អង្គការ​ការពា​រធន​ធាន​ធម្មជាតិ និង​អភិរក្ស​ជីវសាស្ដ្រ​ចម្រុះ​ប្រចាំ ខេត្ត​ព្រះសីហនុ​នេះ ត្រូវបាន​ចាប់ខ្លួន​នៅ​ល្ងាច​ថ្ងៃទី​២៥ ខែកក្កដា ឈ្មោះ ឈឹម សុផាត អាយុ​៥២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ ការឃាត់ខ្លួន​នេះ​ជនសង្ស័យ ពាក់ព័ន្ធ​បទ​ប្រើប្រាស់​ឯកសណ្ឋាន ជាអាទិ៍​ដែល​មាន​ភាព​ប្រ​ហាក់ ប្រហែល​គ្នា​នឹង​នគរបាល ឬ​យោធា (​មាត្រា​៦១៦) និង​បទ​ប្រើប្រាស់​អត្តសញ្ញាណ​ខុស​ពី​អត្តសញ្ញាណ​ផ្លូវការ ក្នុង​កិច្ច​សាធារណៈ (​មាត្រា​៦២១) និង​បទ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង (​មាត្រា​៦៣០)​។ ក្រោយ​ឃាត់ខ្លួន​កម្លាំង​ជំនាញ​ដកហូត​បាន រថយន្ត​ម៉ាក Lexus RX400h មួយគ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ សារព័ត៌មាន​ស្មារតី​៧​មករា​អមតៈ 2K-0667, ឯកសណ្ឋាន​ក្លែងបន្លំ​ចំនួន​១​សម្រាប់​, មួក​ក្លែងបន្លំ​ចំនួន​២, ស្លាក​ឈ្មោះ​ឧត្តមសេនីយ៍​ចំនួន​១, ប័ណ្ណ​ព័ត៌មាន​ចំនួន​៦​សន្លឹក​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕