ភ្នំពេញ —នៅ​ក្នុង​ថ្ងៃ​បិទ​ឃោសនា​រក​សំឡេង​ឆ្នោត​ចុងក្រោយ​សម្រាប់​ការ​បោះឆ្នោត​ជ្រើស តាំង​តំណាងរាស្ត្រ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៃ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រកាស​ឲ្យ​ដឹង​ជា​សាធារណៈ​នៅ​ចំពោះ​ក្រុម​អ្នកគាំទ្រ​រាប់​ម៉ឺន​នាក់​អំពី​ក្ដី​រំពឹង​ថា​លោក​នឹង​ទទួល​បាន​ជ័យជម្នះ​ក្នុង​ការ​បោះឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨ ដែល​គ្មាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​រំលាយ​នោះ​ចូលរួម។

«ខ្ញុំ​សូម​ប្រកាស​ថា​ជូន​ចំពោះ​សមាជិក​សមាជិកា​គណបក្ស​ទាំងអស់​ថា ខ្ញុំ​មិន​នាំ​គណបក្ស​ទៅ​កាន់​បរាជ័យ​នោះ​ទេ ហើយ​ខ្ញុំ​ក៏​មិននាំ​រាជរដ្ឋាភិបាល ឬ​នាំ​ប្រទេស​ទៅ​កាន់​ស្ថានភាព​នៃ​ថ្លុក​ឈាម​ដូច​ពី​អតីតកាល​នោះ​ដែរ»។

នៅ​ចំពោះ​មុខ​ក្រុម​អ្នកគាំទ្រ​លោក​នៅឯ​សួន​កម្សាន្ត​កោះ​ពេជ្រ ក្នុង​រាជធានី​ភ្នំពេញ លោក ហ៊ុន សែន បាន​ប្ដេជ្ញា​បញ្ចៀស​សង្គ្រាម ទប់ស្កាត់​អំពើ​ប្រល័យពូជសាសន៍ ការពារ​សន្តិភាព ដែល​ទើប​មាន​អាយុ​កាល​២០​ឆ្នាំ ហើយ​នឹង​បន្ត​អភិវឌ្ឍ​ប្រទេស​និង​ធ្វើ​កំណែ​ទម្រង់​ជា​អាទិភាព​ជាច្រើន។

លោក​បាន​មានប្រសាសន៍​តាម​ខ្លឹមសារ​ដើម​ថា៖

«មាន​សន្តិភាព​ទើប​មាន​ការ​អភិវឌ្ឍ មាន​ការ​អភិវឌ្ឍ​ទើប​អាច​រក្សា​បាន​នូវ​សន្តិភាព»។

ពលរដ្ឋ​ជាច្រើន​ម៉ឺន​នាក់ ក្នុង​ចំណោម​២​សែន​៥ម៉ឺន​នាក់​ ដែល​គណបក្ស​ប្រជាជន គ្រោង​ដង្ហែ​ក្បួន​ឃោសនា​ក្នុង​រាជធានី​ភ្នំពេញ ដូច​គណបក្ស​នយោបាយ​ផ្សេង​ទៀត បាន​ស្លៀកពាក់​អាវ និង​មួក​គណបក្ស និង​កាន់​ទង់​ជាតិ ទង់​បក្ស​បិទ ផ្លាក​សញ្ញា​លើ​យានជំនិះ​របស់​ពួកគេ ដើម្បី​អបអរសាទរ​ចំពោះ​ការ​ដង្ហែ​ក្បួន​នៅ​ថ្ងៃ​ចុង​ក្រោយ​នេះ។

ថ្លែង​ប្រាប់ ​VOA ​នៅ​ក្នុង​ពេល​ដង្ហែ​ក្បួន​ប្អូន​ប្រុស ឌី ណា អាយុ​២៨​ឆ្នាំ រស់​នៅ​ខណ្ឌ ៧​មករា ដែល​ធ្លាប់​ចូលរួម​បោះឆ្នោត​ពីរ​លើក​នោះ បាន​ថ្លែង​ថា​មាន​ការ​អភិវឌ្ឍ​ច្រើន ដូចជា​ផ្លូវ​ស្ពាន​ថ្នល់​និង​សាលារៀន។

«និយាយ​ទៅ​នេះ​ជា​ការ​គាំទ្រ​តាំង​ពី​ដើម​មក​តាំង​ពី​ជំនាន់​ម៉ាក់ប៉ា ហើយ​និយាយ​ទៅ​ចេះ​តែ​បាន​ជោគជ័យ ហើយ​អ្វីៗ​សម័យ​យើង​ឥឡូវ​វា​អភិវឌ្ឍ​ច្រើន ត​ទៅ​មុខ​ស្អាត ហើយ​ខ្ញុំ​ចង់​ឃើញ​អញ្ចឹងៗ​តទៅមុខ​ទៀត »។

បន្ថែម​ពី​លើ​នេះ​ទៀត ​លោក ចង់​ឃើញ​ទៅ​មុខ​ទៀត​ថា​ពលរដ្ឋ​កម្ពុជា មាន​ការងារធ្វើ​ច្រើន​ថែម​ទៀត។

អង្គុយ​លើ​ម៉ូតូ​រង់ចាំ​មើល​ការ​ហែ​ក្បួន​ឈប់​កក​ស្ទះ លោក ធា ម៉ាច អាយុ​៦៦​ឆ្នាំ រស់​នៅ​ខណ្ឌ​មានជ័យ បាន​ថ្លែង​ថា​លោក​ចូលចិត្ត​គោល​នយោបាយ​អភិវឌ្ឍន៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក តែ​លោក​គោរព​សិទ្ធិ​នយោបាយ​របស់​ក្រុម​គ្រួសារ​លោក។

«កូន​ចៅ​ខ្ញុំ​ ខ្ញុំ​ប្រាប់​ឲ្យ​ទៅ​បោះ​ឆ្នោត ទោះ​បី​គេ​ស្រឡាញ់​បក្ស​ណា បក្ស​ណា​វា​ជា​រឿង​របស់​គេ។ ខ្ញុំ​មិន​អាច​ថា ហ្អេ បោះ​ឲ្យ​បក្ស​នេះ ឬ​បក្ស​នោះ​ទេ តែ​សំខាន់ ស្រេច​លើ​ចិត្ត​របស់​គេ»។

លោក បាន​បន្ត​ថា​លោក​បាន​សង្កេត​ឃើញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​បាន​កើន​ឡើង​៣ ឬ​៤ឆ្នាំ​ចុងក្រោយ។

ក្រោក​តាំង​ពី​ម៉ោង ៣ភ្លឺ ដើម្បី​ត្រៀម​ចូលរួម​ហែ​គណបក្ស​នៅ​ថ្ងៃ​នេះ អ្នកស្រី គឹម សុខា អាយុ ៤៧ ឆ្នាំ រស់នៅ​សង្កាត់​ទន្លេបាសាក់ បាន​អះអាង​ថា​អ្នកស្រី​ចូលរួម​ជាមួយ​តែ​គណបក្ស​ប្រជាជន​រហូត​មក​ ហើយ​គណបក្ស​ប្រជាជន​ជួយ​អភិវឌ្ឍ​ប្រទេស និង​ទប់ស្កាត់ មិន​ឲ្យ​មាន​សង្គ្រាម។

«ដោយសារ​ខ្ញុំ​ស្រឡាញ់​សម្ដេច​ ហ៊ុន សែន ជាង​គេ​ព្រោះ​គាត់​ដឹក​នាំ​ប្រទេស​បាន​ល្អ ដូច​ថា​យើង​រស់នៅ​ក្នុង​សង្កាត់​យើង​ត្រូវការ​គោរព​សង្កាត់​ហើយ​ទី១ ខ្ញុំ​ចង់​ជួយ​ប្រទេស​ជាតិ​ឲ្យ​ស្រុក​បាន​អភិវឌ្ឍ ដោយសារ​បាន​សម្ដេច»។

តំណាង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​វិញ បាន​គាំទ្រ​គណបក្ស​របស់​ពួកគេ ដែរ ដោយ​បាន​និយាយ​ថា មាន​តែ​គណបក្ស​សម្ព័ន្ធ​ទេ ដែល​អាច​ជួយ​កែប្រែ​សង្គម​បាន។

លោក ហេង សុគន្ធ មក​ពី​ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែង​ថា​លោក​ចូលរួម​ជាមួយ​គណបក្ស​របស់​លោក​គឺ​ដើម្បី​កែប្រែ​សង្គម​ដើម្បី​កុំ​ឲ្យ​មាន​អំណាច​ប្រមូល​ផ្ដុំ។

«អញ្ចឹង​បាន​ជា​ខ្ញុំ​ឃើញ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​នេះ ទី១ ឥរិយាបថ​របស់​គាត់​សមស្រប​ក្នុង​ការ​ធ្វើ ទី​២​ទៀត យើង​មើលឃើញ​ថា​អ្នក​ចូលរួម​អត់​មាន​អី​គ្រោះថ្នាក់​ផង ក្នុង​កាលៈទេសៈ​នេះ។ យើង​មើល​ទៅ​ឃើញ​សមស្រប​ជា​បក្ស​ប្រឆាំង ហើយ​ប្រឆាំង​ពិតៗ​ទៀងត្រង់ ឥត​ចង់​បាន​ប្រយោជន៍​អី​ផ្ទាល់ខ្លួន​ទេ គឺ​កើត​ពី​ផលប្រយោជន៍​រួម​ទាំង​អស់​គ្នា»។

លោក ខាត់ ផាន អាយុ​៥៥​ឆ្នាំ​មក​ពី​ខេត្ត​កំពង់ស្ពឺ​ បាន​ថ្លែង​កោត​សរសើរ​ពី​ការ ដឹកនាំ​របស់​គណបក្ស​សម្ព័ន្ធ​របស់​លោក ខឹម វាសនា ដោយ​ប្រៀបធៀប​ប្រទេស​ទៅ​នឹង ឡាន​ខូច ហើយ​មិន​ដែល​ដូរ​អ្នក​បើកបរ ដែល​លោក​ចង់​សំដៅ​ទៅ​លើ​អ្នក​ដឹកនាំ​ប្រទេស​។

«ខ្ញុំ​ឃើញ​ថា​គាត់​នេះ គាត់​រៀប​ចំ​ប្រព័ន្ធ។ រៀប​ចំ​ប្រព័ន្ធ ឧបមា​ថា​ឡាន​វា​ខូច​ប្រាំង ចង្កូត វា​ផ្អៀង ហើយ​អត់​ធ្វើ​ឡាន​ទេ ដូរ​តែ​មនុស្ស ហើយ​កាលណា​យើង​បើក​វា ក្រឡាប់។ តែ​ដល់ ខឹម វាសនា គាត់​ធ្វើ​ឡាន។ អញ្ចឹង​ប្រព័ន្ធ​នេះ វា​សំខាន់​ណាស់»។

នៅ​ឯ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការបោះឆ្នោត(គ.ជ.ប) ​វិញ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គ.ជ.ប បាន​ថ្លែង​ថា ការ​ឃោសនា​រក​សំឡេង​ឆ្នោត​ មាន​លក្ខណៈ​ចាស់ទុំ ផ្នែក​នយោបាយ ទោះ​ជា​មាន​បញ្ហា​តិចតួច​កើត​ឡើង​ក្ដី។

«នេះ​ក៏​ដោយសារ​មាន​កិច្ច​សហ​ប្រតិបត្តិការ​ល្អ​រវាង​គណបក្ស​នយោបាយ​ជាមួយ​នឹង​អាជ្ញាធរ និង​មន្ត្រី​រៀប​ចំ​ការបោះឆ្នោត​គ្រប់​លំដាប់​ថ្នាក់​ជា​ពិសេស ពលរដ្ឋ​មាន​ភាព​យោគ​យល់ ទោះ​ជា​មាន​ការ​កក​ស្ទះ​ចរាចរ ប៉ុន្តែ​លោក​ទទួល​យក​ការ​ពិតមួយ​ហើយ​បង្ក​ឲ្យ​ការឃោសនា​ប្រព្រឹត្តិ​ទៅ​ដោយ​រលូន»។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ប្រទេស​លោក​ខាង​លិច​មួយ​ចំនួន​រួម​ទាំង​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប ​ប្រកាស​មិន​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ​ទេ ដោយ សារ​ថា​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ ហើយ​មេដឹកនាំ​នៃ​គណបក្ស​នេះ​គឺ​លោក កឹម សុខា ត្រូវ​ជាប់​គុក ខណៈ​លោក​សម រង្ស៉ី កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស ហើយ​សមាជិក​ជាន់ខ្ពស់​នៃ​គណបក្ស​ជំទាស់​នេះ ចំនួន​១១៨​នាក់ ត្រូវ​បាន​បំបិទ​សិទ្ធិ​ធ្វើ​នយោបាយ។ ចំណែក​ឯ អង្គការសង្គម​ស៊ីវិល​និង​សេរីភាព​សារព័ត៌មាន មាន​ការ​រឹតត្បិត ដែល​បង្ក​ឲ្យ​មាន​ការរិះគន់​ថា​នេះ ជា​ការ​បោះឆ្នោត​មិន​ពិតប្រាកដ។

តែ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន វិញ​ បាន​ចាត់​ទុក​ថា នេះ​ជា​ការ​ប្រើ​កណ្ដាប់ ដៃ​ដែក​ដើម្បី​បង្ក្រាប​អ្នក​ដែល​ប៉ុនប៉ង​រំលំ​រដ្ឋាភិបាល​របស់​លោក និង​ការ​បង្ក្រាបពួក​ជន​ក្បត់​ជាតិ​ ដើម្បី​បញ្ចៀស​សង្គ្រាម បើ​ពុំ​ដូច្នោះ​ទេ លោក​បញ្ជាក់​ថា​កម្ពុជា​ទំនង​ជា​ស្ថិត​នៅ​ក្នុង​សង្គ្រាម​ពេល​នេះ។

លោក ហ៊ុន​ សែន បញ្ជាក់​ថា៖

«យើង​បាន​ផ្ដន្ទាទោស​អ្នក​ប្រព្រឹត្ត​អំពើ​បំផ្លាញ​សន្តិភាព»។

ការ​ថ្លែង​ដូច្នេះ ត្រូវ​គេ​គិត​ថា​សំដៅ​ទៅ​លើ​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ។

លោក ហ៊ុន សែន ក៏​បាន​អះអាង​ផង​ដែរ​ថា​ការ​បោះឆ្នោត​៥​ឆ្នាំ​ម្ដង គឺ​ជា​ថ្ងៃ​បុណ្យ​លទ្ធិប្រជាធិបតេយ្យ។

«ត្រូវ​ចងចាំ​ថា​មានតែ​អ្នកចូលរួម​ការបោះឆ្នោត​តែប៉ុណ្ណោះ​ដែល​ជា​អ្នក​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ (ស្នូរ​ទះ​ដៃ)។ អ្នក​ប្រឆាំង​ការបោះឆ្នោត​គឺជា​អ្នក​បំផ្លាញ​ជាតិ​និង បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​ដែល​មិន​ត្រូវ​អត់ឱន​នោះ​ទេ»។

លោក​នាយករដ្ឋមន្ត្រី ក៏​បាន​ថ្លែង​ថា​លោក​នឹង​ធ្វើ​កំណែទម្រង់​រដ្ឋ​ដើម្បី​ការ​អភិវឌ្ឍ ផ្សេង​ជា​ច្រើន រួម​ទាំង​វិស័យ​ការងារ​ធ្វើ ដំឡើង​ប្រាក់​ខែ បញ្ចុះ​ថ្លៃ​ប្រេង ​ភ្លើង​អគ្គិសនី ទឹក និង​រក​ទីផ្សារ​កសិកម្ម​ជា​ដើម​នៅ​មុន​ពីរ​ថ្ងៃ​នៃ​ការបោះឆ្នោត​ថ្ងៃ​ទៅ​២៩ ខែ​កក្កដា ឆ្នាំ ២០១៨ ក្រៅ​ពី​អំពាវនាវ​ដល់​ពលរដ្ឋ​ឲ្យ​បោះឆ្នោត​ជួន​គណបក្ស​របស់​លោក​ដែល​ប្រកួតប្រជែង​ជាមួយ​គណបក្ស​នយោបាយ​ចំនួន​១៩​ផ្សេង​ទៀត៕ ប្រភព៖​​ VOA