ថ្លែង​ពី​ពិធី​​បិទ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​នា​ព្រឹក​ថ្ងៃ​សុក្រ​នេះ លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានហៅ​អ្នក​ដែល​មិន​ទៅ​បោះ​ឆ្នោត​តាម​ការ​អំពាវនាវ​របស់​អតីត​បក្ស​ប្រឆាំង ថា​ជា​អ្នក​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​។ សម្រាប់​លោក​នាយករដ្ឋ​មន្ដ្រី​ចាំ​ផ្ទះ​រូប​នេះ គឺ​មាន​តែ​អ្នក​ដែល​ទៅ​បោះ​ឆ្នោត​ទេ ទើប​ជា​អ្នក​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​។



ជា​ថ្មី​ម្ដង​ទៀត លោក ហ៊ុន សែន នាយករដ្ឋ​មន្ដ្រី​ជិត​ផុត​អាណត្តិ​ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ អញ្ជើញ​ទៅ​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់​ៗ​គ្នា នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី​៦​។ ការ​បោះ​ឆ្នោត​ជាតិ​នីតិកាល​ទី​៦ ដែល​នឹង​រៀបចំ​ធ្វើ​នៅកម្ពុជា នា​​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​នេះ​។ សម្រាប់​​នាយករដ្ឋ​មន្ដ្រី​រូប​នេះ ការ​ទៅ​បោះ​ឆ្នោត គឺ​បង្ហាញ​ពី​ការ​គាំទ្រ​ចំពោះ​លទ្ធិ​ប្រជាធិបតេយ្យ។

លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានហៅ​អ្នក​ដែល​មិន​ទៅ​បោះ​ឆ្នោត​តាម​ការ​អំពាវនាវ​របស់​អតីត​បក្ស​ប្រឆាំង ថា​ជា​អ្នក​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​។ និង​ថា គឺ​មាន​តែ​អ្នក​ដែល​ទៅ​បោះ​ឆ្នោត​ទេ ទើប​ជា​អ្នក​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​។ នេះ​បើ​តាម​លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន​។

សូម​បញ្ជាក់​ថា ប្រជាពល​រដ្ឋ​ខ្មែរ​ជិត​៨​លាន៤សែន​នាក់ មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​បោះ​ឆ្នោត។ ខណៈ​គណបក្ស​កាន់​អំណាច​បន្ត​ប្រកូក​ប្រកាស​ឲ្យ​ពលរដ្ឋ​ទាំង​អស់​ទៅ​បោះ​ឆ្នោត អតីត​គណបក្ស​ប្រឆាំង​និង​អ្នក​គាំទ្រ​របស់​ពួក​គេ បាន​បង្កើត​យុទ្ធនាការ​បញ្ច្រាស​មក​វិញ ឲ្យ​ឈ្មោះ​ថា យុទ្ធនាការ​ម្រាម​ដៃ​ស្អាត​​។ យុទ្ធនាការ​នេះ មាន​បេសកកម្ម​​អំពាវនាវ​កុំ​ឲ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​។ បើ​តាម​អតីត​គណបក្ស​ប្រឆាំង ការ​មិន​ទៅ​បោះ​ឆ្នោត គឺ​ជា​ការ​ប្រើ​ប្រាស់​សិទ្ធិ​របស់​ពលរដ្ឋ​គ្រប់​គ្នា ដើម្បី​បង្ហាញ​ពី​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​បោះ​ឆ្នោត​។ ការ​បោះ​ឆ្នោត ដែល​អតីត​បក្ស​ប្រឆាំង​នេះ​ហៅ​ថា ជា​ការ​បោះ​ឆ្នោត​ក្លែង​ក្លាយ​​​។

ទាក់ទង​នឹង​ការ​ចេញ​ទៅ​បោះ​ឆ្នោត​នេះ​ គណៈកម្មាធិការជាតិ​រៀប​ចំ​ការ​បោះឆ្នោត ហៅកាត់​ថា គ.ជ.ប​ បាន​គូស​បញ្ជាក់​ច្បាស់​ហើយ​​ថា វា​ជា​​សិទ្ធិ​ស្រប​ច្បាប់​រប​ស់​ពលរដ្ឋ​ដែល​ត្រូវ​បាន​ការពារ​ដោយ​រដ្ឋ​ធម្មនុញ្ញ​។ ដោយ​ឡែក សម្រាប់​​អ្នក​ដែល​ធ្វើ​យុទ្ធនាការ​ម្រាម​ដៃ​ស្អាត អំពាវនាវ​កុំ​ឲ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោតវិញ, គ.ជ.ប សម្រេច​ផាក​ពិន័យជា​​ទឹក​​ប្រាក់ ​​ក្នុង​​ម្នាក់​​ៗ​​ចំនួន​​១០​​លាន​​រៀល ដោយ​មិន​ទាន់​គិត​ដល់​ទោស​ព្រហ្មទណ្ឌ​ដទៃ​ទៀត​ឡើយ​​​។ ការ​ផាក​ពិន័យ​នេះ ធ្វើ​ឡើង​ទៅ​លើ​សមាជិក​​អតីត​​​គណបក្ស​​សង្គ្រោះ​ជាតិ​​​​ខេត្ត​បាត់ដំបង ​​ចំនួន​​​៥​​​នាក់ ​តាម​រយៈ​ពាក្យ​បណ្ដឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​ខេត្ត​បាត់ដំបង​៕ ប្រភព៖​​ RFI