យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ នីតិកាល​ទី ៦ រយៈពេល ២១​ថ្ងៃ បាន​បញ្ចប់​ហើយ​ នៅ​ថ្ងៃ​ទី ២៧​កក្កដា ឆ្នាំ ២០១៨​នេះ​! គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​វាយ​តំលៃ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ស្នាក់​ការ​របស់​ខ្លួន​​ នា​ល្ងាច​ថ្ងៃ​នេះ​ថា​ យុទ្ធនាការ​ឃោសនា​បោះឆ្នោត របស់​គណបក្ស​នយោបាយ​ទាំង ២០ បាន​ដំណើរ​ការ​ដោយ​ភាព​រលូន ពោល​គឺ​មិន​មាន​អំពើហិង្សា ឬ ភាព​ចម្រូង​ចម្រាស់​ខ្លាំង​នោះ​ទេ​។



មានបណ្តឹង​តិចតួច បាន​កើតឡើង​ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត ប៉ុន្តែបើតាមគ.ជ.ប ទាំងនេះ មិន​មែនជាបញ្ហាធំដុំនោះទេ ដូច្នេះជាសរុប​ដំណើរការ​ឃោសនា​រកសំឡេង​ឆ្នោត របស់​គណបក្ស​នយោបាយនីមួយៗ បានបញ្ចប់​ដោយ​ភាពវិជ្ជមាន។ ក្រៅពី​ភាព​វិជ្ជមាន​នេះ អគ្គ​លេខាធិការ​គ.ជ.ប លោក​ទេព នីថា ក៏បាន​បង្ហាញពី​សុទិដ្ឋិនិយម ​ ចំពោះ​ដំណើរការនៅថ្ងៃបោះឆ្នោត ថ្ងៃទី ២៩​កក្កដា ផងដែរ។

លោ​ក​ទេព នីថា បានបញ្ជាក់ថា ​គ.ជ.ប បាន​ត្រៀម​ខ្លួន​រួចហើយ ហើយ​ក៏មិនមានក្តីបារម្ភពីបញ្ហាទឹកជំនន់នោះដែរ។ តាម​​គ.ជ.ប ប្រសិនបើ​មាន​ទឹក​ជំនន់ ប៉ះពាល់​ដល់​ការិយាល័យ​ដែលគេគ្រោង​រៀបចំការបោះឆ្នោត នោះអាជ្ញាធរ និង​គ.ជ.ប នឹង​ចាត់​វិធានការ​ភ្លាមៗ ប្តូរទីតាំងការិយាល័យបោះឆ្នោតទៅរក​ទីទួលមាន​សុវត្ថិភាព។ ​ក្នុងនោះ ​គ.ជ.ប ក៏បាន​បញ្ជាក់ថា មាន​មធ្យោបាយ​គ្រប់គ្រាន់ ទាំង​មធ្យោបាយ​ផ្តល់​ព័ត៌មាន និង​មធ្យោបាយ​ដឹកជញ្ជូន​ពលរដ្ឋ ទៅកាន់ទីតាំងការិយាល័យ​បោះឆ្នោត ប្រសិនបើ​មាន​គ្រោះ​ធម្មជាតិណាមួយកើតឡើង។

យ៉ាងណាមិញ បើតាម​គ.ជ.ប គិតត្រឹ​ម​ថ្ងៃទី ២៧កក្កដា ខេត្ត​ដែល​រងគ្រោះ​ដោយ​ទឹក​ជំនន់ ដូចជាខេត្ត​ស្ទឹងត្រែងជាដើម គឺ​មាន​ផល​ប៉ះពាល់​ដល់​ការិយាល័យ​រៀបចំការបោះឆ្នោត តែប្រមាណ ៧ប៉ុណ្ណោះ ខណៈខេត្ត​ត្បូងឃ្មុំ មាន​ផល​ប៉ះពាល់​ ៦ការិយាល័យ។ ប៉ុន្តែ​គ.ជ.ប សង្ឃឹម​ថា ទឹក​នឹង​អាច​ស្រក​វិញ ត្រឹម​ថ្ងៃបោះឆ្នោត។

គួរជម្រាបជូនថា ការ​បោះឆ្នោត​ជាតិជ្រើសតាំងតំណាងរាស្ត្រ​ អណ្តត្តិទី ៦ នឹង​ធ្វើឡើងចាប់វេលាម៉ោង ៧ព្រឹក ដល់​ម៉ោង ៣រសៀល ក្នុង​ថ្ងៃអាទិត្យ​ ទី ២៩កក្កដា​ចុងសប្តាហ៍នេះ។ ហើយ​លទ្ធផល​នៃការ​បោះឆ្នោតបឋម នឹងត្រូវ​ផ្សព្វផ្សាយ​នៅវេលាម៉ោង ៦ល្ងាចថ្ងៃដដែល ខណៈដែល​លទ្ធផល​ផ្លូវការពីចំនួន​អាសនៈ នឹង​ត្រូវផ្សព្វផ្សាយ នៅថ្ងៃទី ១៥ខែសីហា ប្រសិន​បើ​មិន​មាន​ការប្តឹងផ្តល់ណាមួយ ប៉ុន្តែបើមាន​បណ្តឹងតវ៉ា នោះលទ្ធផល​ផ្លូវការ នឹង​ពន្យាការប្រកាស​ជាចុងក្រោយ រហូតដល់​ថ្ងៃទី ១០ខែកញ្ញា ឆ្នាំ ២០១៨៕​ ប្រភព៖​​ RFI