ក្រសួង​ព័ត៌មាន​បាន​បញ្ជា​ឲ្យ​បិទ​វេ​ប​សាយ​ផ្សព្វផ្សាយ​ព័ត៌មាន​ចំនួន១៧ រយៈពេល៤៨ម៉ោង​ចាប់ពី​ម៉ោង១២ យប់​ថ្ងៃទី២៧ រហូតដល់​ម៉ោង១២យប់​ថ្ងៃទី២៩ កក្កដា ពោលគឺ​មិន​ឲ្យ​ដំណើរការ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​ថ្ងៃ​ស និង​នៅ​ថ្ងៃ​បោះឆ្នោត។ បើតាម​ក្រសួង​ព័ត៌មាន វិធានការ​នេះ គឺ​ដើម្បី​រក្សា​ភាពស្ងប់ស្ងាត់​ទាំង​នៅ​ថ្ងៃ​ស និង​បោះឆ្នោត​ទៅ​ការអំពាវនាវ​របស់​គ.ជ.ប។



វេ​ប​សាយ​ផ្សព្វផ្សាយ​ព័ត៌មាន​ទាំង១៧នេះ រួមមាន​ជាអាទិ៍ វេ​ប​សាយ​វិទ្យុ​VOD វិទ្យុ​VOA វិទ្យុ​អាស៊ីសេរី និង​វេ​ប​សាយ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍។ ពពួក​វេ​ប​សាយ​ទាំងនេះ ត្រូវបាន​បិទ​ដំណើរការ​តាំងពី​ម៉ោង១២ យប់​ថ្ងៃទី ២៧ កក្កដា មក​ម្លេះ។ លោក​ផុស សុវណ្ណ ដែលជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន​និង សោតទស្សន៍​នៃ​ក្រសួង​ព័ត៌មាន​បាន​បកស្រាយ​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​រសៀល​ថ្ងៃ​សៅរ៍​នេះ​ថា ការបិទ​វេ​ប​សាយ​ទាំងនេះ គឺធ្វើឡើង​ទៅតាម​ការអំពាវនាវ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត(គ.ជ.ប) ដែល​ស្នើ​ឲ្យ​មាន​ភាពស្ងប់ស្ងាត់​នៅ​ថ្ងៃ​ស និង​នៅ​ថ្ងៃ​បោះឆ្នោត ពោល គឺ​មិន​ឲ្យ​ផ្សព្វផ្សាយ​ព័ត៌មាន​ណា​ដែល​ប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត។

ម្យ៉ាងវិញទៀត បើតាម​លោក​ផុស សុវណ្ណ វេ​ប​សាយ​ដែល​ក្រសួង​ព័ត៌មាន​បញ្ជា​ឲ្យ​បិទ​នេះ គឺ​មិនមាន​ម្ចាស់​ច្បាស់លាស់ និង​មិនបាន​ចុះ​ប​ញ្ចី​នៅ​ក្រសួង​ព័ត៌មាន។ ការណ៍​នេះ ធ្វើ​ឲ្យ​ក្រសួង​ព័ត៌មាន​មិនដឹងថា ត្រូវ​ផ្ញើ​សេចក្តីជូនដំណឹង​ទៅកាន់​អ្នកណា និង​នៅ​កន្លែង​ណា​នោះទេ។ លោក​ផុស សុវណ្ណ បាន​គូសបញ្ជាក់ថា ក្រសួង​ព័ត៌មាន គឺជា​អ្នកគ្រប់គ្រង និង​ទទួលខុសត្រូវ​ទៅលើ​ការចុះផ្សាយ​របស់​បណ្តា​វេ​ប​សាយ​ព័ត៌មាន​ទាំងអស់។ ដូច្នេះហើយ ចង់​ឫ​មិន​ចង់ ក្រសួង​ត្រូវតែ​ចាត់វិធានការ ដើម្បី​ឲ្យ​ស្របទៅនឹង​ច្បាប់​ស្តីពី​ការបោះឆ្នោត​របស់​គ.ជ.ប។ បើតាម​លោក​ផុស សុវណ្ណ ដដែល ការបិទ​វេ​ប​សាយ​បែបនេះ មិនមែនជា​រឿង​ចម្លែក​អ្វី​នោះទេ ដោយហេតុថា កាលពី​អាណត្តិមុនៗ ក្រសួង​ព័ត៌មាន​ក៏​ធ្លាប់​បានធ្វើ​ដូច្នេះ​ផងដែរ។

ក្រោយ​ការចាត់វិធានការ​រប​ស់​ក្រសួង​ព័ត៌មាន​នេះ មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ដែល​គ្រប់គ្រង​លើ​វិទ្យុ​VOD បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ដោយ​ការពារ​ពី​ភាពត្រឹមត្រូវ និង​ស្របច្បាប់​នៃ​វេ​ប​សាយ​ព័ត៌មាន​VOD។ ក្រៅពី​ការពារ​VOD មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ក៏បាន​ចាត់ទុក​វិធានការ​របស់​ក្រសួង​ព័ត៌មាន​នេះ​ថា ជា​រឿង​នយោបាយ និង​រារាំង​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​កំពុង​ត្រូវការ​យ៉ាងខ្លាំង​នូវ​សារព័ត៌មាន​ឯករាជ្យ។ ជាមួយគ្នានេះ មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ក៏បាន​បញ្ជាក់ដែរថា កង្វះ​សារព័ត៌មាន​ឯករាជ្យ​ក្នុងការ​ផ្តល់ព័ត៌មាន​អំពី​ការបោះឆ្នោត នោះ​ដំណើរការ​បោះឆ្នោត តម្លាភាព ភាពសេរី និង​យុត្តិធម៌​នៃ​ការបោះឆ្នោត​នឹងត្រូវ​ចោទសួរ​ជាក់​ជាមិនខាន​ឡើយ៕ ប្រភព៖ RFI