យុវជន​ចំនួន​៤​នាក់ ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​បាន​ភ្លាម​ៗ​ ខណៈ​ពួក​គេ​យក​គ្រាប់​​បែក​​ដៃ​មួយ​គ្រាប់​​ចូល​​ទៅ​​ការិយា​ល័យ​រៀប​​ចំ​ការ​​បោះឆ្នោត​​មួយ​កន្លែង​នៅ​ខេត្ត​ព្រះ​វិហារ​ កាល​ពីយប់​មិញនេះ​។ ​បើ​តាម​​សមត្ថកិច្ច​ ករណី​នេះ​បាន​កើត​ឡើង​នៅ​ការិ​យាល័យ​បោះ​ឆ្នោត​លេខ​ ០៣​១៧​ ស្ថិត​នៅក្នុង​សា​លារៀន​ចំរើន​ផល ​ឃុំឈាន​មុខ​ ស្រុក​ត្បែង​មាន​ជ័យ​ ​។​ ប៉ុន្តែ​​អ្នក​នាំពាក្យ​គណៈ​កម្មា​ធិការ​ជាតិ​​រៀប​​ចំ​ ការ​​បោះ​ឆ្នោត​​អះ​អាង​ថា​នេះ​មិន​មែន​ជាករណី​ធ្ងន់​ធ្ងរ​ប៉ះពាល់​​ដំណើរ​ការ​បោះឆ្នោត​​នោះ​ទេ​។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិ​រៀប​ចំ ការ​បោះឆ្នោត​(គ.ជ.ប) បាន​អះអាង​ថា ករណីនេះ​គឺមិន​មែន​ជា​ការ​វិធ​ង្សនា​ដែល​រារាំង​ដល់​​ដំណើរ​ការ​បោះ​ឆ្នោត​នោះ​ទេ។​ លោក​ចាត់​ទុក​ករណី​នេះថា​ គ្រាន់​​តែ​ជា​ចរិក​របស់​ក្មេង​ស្ទាវ​ដែល​និយម​លេង​សម្ភារៈ​បែប​នេះ​តែ​ប៉ុណ្ណោះ​។

​បើតា​ម​លោក​ ហង្ស ពុទ្ធា​ សមត្ថកិច្ចបានឃាត់​ខ្លួនយុវជនទាំង៤នាក់សួរនាំ និងកំពុងពិចារណាថានឹងសម្រេច​ដោះលែងវិញឬយ៉ាងណា?

យោងតាមរបាយការណ៍របស់​សមត្ថកិច្ច គឺនៅម៉ោង៧យប់ ​ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ មានយុវជន៤នាក់ បានយកគ្រាប់បែកដៃ​មួយ​គ្រាប់​ចូល​ក្នុង​ការិយាល័យ​បោះឆ្នោត​លេខ ០៣១៧ ស្ថិតនៅក្នុងសាលារៀនចំរើនផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ប៉ុន្តែ​ត្រូវបានកម្លាំងសន្តិសុខការពារនៅទីនោះ​ ធ្វើការឃាត់ខ្លួន​ រួចបញ្ជូនទៅកាន់នគរបាល​ប៉ុស្តិ៍​ធ្វើការសាកសួរ។

បើតាមអ្នកនាំពាក្យ​(គ.ជ.ប) ស្ថាប័នរៀបចំការបោះឆ្នោតមួយនេះបាន​សហការជាមួយ​ក្រសួង​មហាផ្ទៃ និង​ក្រសួងការពារជាតិ​ដើម្បី​ការពារសន្តិសុខ​ទាំងមូលក្នុង​អំឡុង​ពេល​រៀបចំការ​បោះឆ្នោត​ថ្នាក់​ជាតិនេះ ​៕ ប្រភព៖ RFI