JOHANNESBURG —បណ្តា​ប្រទេស​នៅ​ក្នុង​ប្លុក ​BRICS ​បាន​ទទួល​យក​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ជា​សមាជិក​កាល​ពី​ឆ្នាំ​២០១០ ​ដើម្បី​ធ្វើ​ឲ្យ​ប្លុក​នេះ​កាន់​តែ​មាន​ឥទ្ធិពល​ក្នុង​ពិភព​លោក​ថែម​ទៀត ​ក្នុង​ការ​ធ្វើ​ជា​តំណាង​អំណាច​សេដ្ឋកិច្ច​ដែល​មិន​មាន​លក្ខណៈ​ប្រពៃណី។

មេ​ដឹក​នាំ​នៃ​បណ្តា​ប្រទេស​ក្នុង​ប្លុក​នេះ​បាន​ថ្លែង​ថា​ គោល​បំណង​របស់​កិច្ច​ប្រជុំ​កំពូល BRICS​ កាន់​តែ​មាន​សារៈ​សំខាន់​ដោយសារ​តែមាន​កំណើន​នៃ​គោល​នយោបាយ ​និង​នយោបាយ​ពាណិជ្ជកម្ម​ដែល​ដាក់​កំហិត​ការ​នាំ​ចូល​ទំនិញ​នៅ​ជុំវិញ​ពិភព​លោក។ ​

លោក Cyril Ramaphosa ប្រធានាធិបតី​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ បាន​សម្តែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ពិធី​បើក​កិច្ច​ប្រជុំ​កំពូល​ BRICS នៅ​ឯ​ទីក្រុង ​Johannesburg កាល​ពី​ថ្ងៃ​ពុធ ទី​២៥ ខែ​កក្កដា ​ឆ្នាំ​២០១៨។​

លោក ​Ramaphosa បាន​ថ្លែង​ថា៖​

«អស់​លោក​ និង​លោកស្រី​ទាំងអស់! យើង​ប្រជុំ​នៅ​ទីនេះ ក្នុង​ខណៈ​ពេល​ដែល​ប្រព័ន្ធ​ពាណិជ្ជ​កម្ម​ពហុភាគី​កំពុង​តែ​ជួប​នឹង​បញ្ហា​ប្រឈម​ជា​ច្រើន​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។ ​យើង​បារម្ភ​ពី​ការ​កើន​ឡើង​នៃ​វិធាន​ការ​ឯកតោ​ភាគី ​ដែល​មិន​ស្រប​នឹង​គោល​ការណ៍​របស់​អង្គការ​ពាណិជ្ជ​កម្ម​ពិភព​លោក​ ហើយ​យើង​ក៏​បារម្ភ​ពី​ផល​ប៉ះពាល់​នៃ​វិធាន​ការ​ទាំង​នេះ ​ជា​ពិសេស​គោល​នយោបាយ​ទាំង​នេះ​ប៉ះពាល់​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍។ ​ព្រឹត្តិការណ៍​ទាំងនេះ​តម្រូវ​ឲ្យ​មាន​ការ​ពិភាក្សា​យ៉ាង​ល្អិតល្អន់​អំពី​តួនាទី​នៃ​ពាណិជ្ជ​កម្ម​ដើម្បី​លើក​កម្ពស់​ការ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ ជា​ពិសេស​កំណើន​ដែល​ឲ្យ​ផល​ដល់​មនុស្ស​គ្រប់គ្នា»។​

នៅ​ទី​បញ្ចប់​នៃ​សុន្ទរកថា​របស់​លោក ​លោក ​Ramaphosa ​បាន​ថ្លែង​ថា ​ចាប់​តាំង​ពី​ការ​បង្កើត​ធនាគារ​អភិវឌ្ឍន៍ ​BRICS​ កាល​ពី​ឆ្នាំ​២០១៤​មក ​ធនាគារ​នេះ​បាន​ផ្តល់​កម្ចី​ប្រមាណ​៥,១​ពាន់លាន​ដុល្លារ​លើ​គម្រោង​អភិវឌ្ឍន៍។​

មួយ​ថ្ងៃ​ មុន​កិច្ច​ប្រជុំ​កំពូល​ BRICS លោក ​Ramaphosa ​បាន​ជួប​ជា​មួយ​នឹង​លោកស៊ី ជីនពីង​ ប្រធានាធិបតីចិន។​ ប្រទេស​ចិន​ព្យាយាម​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់​ទំនង​អន្តរ​ជាតិ​របស់​ខ្លួន ​នៅ​ពេល​មាន​ការ​គំរាម​កំហែង​ដោយ​លោក ​ដូណាល់ ត្រាំ​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិកក្នុង​ការ​បង្កើន​ពន្ធលើ​ទំនិញនាំចូល​ពី​ប្រទេស​ចិន។​

ប៉ុន្តែនៅ​ក្នុង​កិច្ច​ប្រជុំ​តម្រង់​ទិស​ពាណិជ្ជកម្ម​ ដែល​បាន​ធ្វើ​ឡើង​មុន​កិច្ច​ប្រជុំ​កំពូល​ BRICS ​ ​លោក ​Rob Davies​ រដ្ឋមន្ត្រី​ពាណិជ្ជ​កម្ម​ និង​ឧស្សាហ​កម្ម​របស់​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ​បាន​ចង្អុល​បង្ហាញថា ពាណិជ្ជ​កម្ម​មិន​ទាន់​មាន​តុល្យភាព​នៅ​ឡើយ​ទេ ​សូម្បីក្នុង​ចំណោម​សមាជិក​ BRICS​ ក៏​ដោយ។ ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​គឺ​ជា​សមាជិក​ចុង​ក្រោយ ​និង​មាន​សេដ្ឋកិច្ច​តូច​បំផុត​ក្នុង​ចំណោម​សមាជិក​ទាំង​ប្រាំ​របស់​ BRICS ​ ប៉ុន្តែ​ប្រទេស​នេះ​វិនិយោគ​ច្រើន​ជាង​អ្វី​ដែល​ប្រទេស​នេះ​ទទួល​បាន​ពី​ប្លុក​សេដ្ឋ​កិច្ច​មួយ​នេះ។​

លោក​ Davies​ និយាយ​ថា៖​

«ប្រសិន​បើ​យើង​មើល​លើ​ទំនាក់​ទំនង​នៃ​ការ​វិនិយោគ​ ខ្ញុំ​គិត​ថា ​យើង​អាច​មើល​ឃើញ​ថា​ មាន​ការ​ជឿនលឿន​តិចតួច​ជាង​មុន។ ​តួលេខ ​ដែល​យើង​បាន​កត់ត្រា​ បាន​បង្ហាញ​ថា ​វិនិយោគ​របស់ ​BRICS ​នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ចន្លោះ​ឆ្នាំ​២០០៣ ​និង​ ២០១៧ ​មាន​ជិត១៨​ពាន់លាន​ដុល្លារគឺ​១៧​ពាន់​៨រយ​លាន​ដុល្លា​អាមេរិក​ប៉ុណ្ណោះ ​ប៉ុន្តែ​ប្រទេស​អាហ្វ្រិក​ខាងត្បូង​បាន​វិនិយោគ​ប្រមាណ​៦ម៉ឺន​៨​ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ក្នុង​បណ្តា​ប្រទេស​ផ្សេងៗ​ក្នុង​ប្លុក​ BRICS​ ពី​ចន្លោះ​ឆ្នាំ​២០០១ ​និង​២០១៦»។​

លោកស្រី ​Luanda Mpungose ​ អ្នក​វិភាគ​សេដ្ឋកិច្ច​បាន​ថ្លែង​ថា​ ​ដោយសារ​មាន​ការ​គំរាម​កំហែង​ដ៏​ធំ​ពី​ខាង​ក្រៅ ​ស្ថាន​ភាព​សេដ្ឋកិច្ច​ប្លុក ​BRICS ​កំពុង​តែ​ផ្លាស់ប្តូរ។​ លោក​ស្រី​បាន​និយាយ​ថា​ វា​ជា​រឿង​ដែល​គួរ​ឲ្យ​កត់​សម្គាល់​ដែល​នៅ​ក្នុង​ឆ្នាំ​នេះ ​ប្លុក​ BRICS ​បាន​ឈោង​ដៃ​រក​សមាជិកភាព​ផ្សេង​ទៀត​ ក្រៅ​ពី​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង។​

លោកស្រី ​Mpungose៖​

«ករណី​ដែល​ប្លែក​សម្រាប់​ប្លុក​ BRICS​ នៅ​ឆ្នាំ​នេះ ​ជា​ពិសេស​ខណៈ​ដែល​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នោះ​ ​គឺ​ថា ​គំនិត​ផ្តួចផ្តើម​នេះ​មិន​ផ្តោត​លើ​តែ​សមាជិក​របស់​ប្លុក​ BRICS ដែកមាន​៥​ប្រទេស​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​យើង​ពិត​ជា​បាន​មើល​ឃើញ​ថា​ បណ្តា​ប្រទេស​ជិតខាង​មួយ​ចំនួន​ក៏​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​នេះ​ដែរ។​ ដូច្នេះ​របៀបវរៈ​នៃ​ការ​អភិវឌ្ឍន៍​ក្នុង​ទ្វីប​អាហ្វ្រិក​ក៏​ត្រូវ​ដាក់​បញ្ចូល​ក្នុង​របៀបវារៈ​របស់​កិច្ច​ប្រជុំ​កំពូល​ BRICS​ នេះ​ដែរគឺ​មាន​ន័យ​ថា ​បណ្តា​ប្រទេស​ផ្សេងៗ​ដូច​ជា​ប្រទេសរវ៉ាន់ដា (Rawanda) ប្រទេស​សេណេហ្គាល់ (Senegal) ​និង​ប្រទេស​តូហ្គោ​ (Togo)​ ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​នេះ​ផង​ដែរ»។​

កិច្ច​ប្រជុំ​កំពូល​ BRICS ​បាន​បញ្ចប់​កាល​ពី​ថ្ងៃ​សុក្រ​ ​ទី​២៧​ ខែ​កក្កដា​ឆ្នាំ​២០១៨​នេះ៕​ ប្រភព៖ VOA