មេធាវី​របស់​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដូណាល់ ត្រាំ កាល​ពី​ថ្ងៃចន្ទ​បាន​ថ្លែង​ថា​លោក ត្រាំ ទំនង​ជា​មិន​យល់ព្រម​ឆ្លើយនឹង​សំណួរ​របស់​រដ្ឋអាជ្ញា​ពិសេស​លោក Robert Muller អំពី​ការ​ជ្រៀតជ្រែក​របស់​រុស្ស៊ី​នៅក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​កាល​ពី​ឆ្នាំ២០១៦​នោះ​ទេ​ បើទោះបី​ជា​មាន​ការ​លើកឡើង​ថា​លោក​ប្រធានាធិបតី​រារាំង​តុលាការ​ដោយ​ការ​ព្យាយាម​ច្រានចោល​ការស៊ើបអង្កេត​នេះ​យ៉ាង​ណា​ក៏ដោយ។

លោក Rudy Giuliani ដែល​ជា​មេធាវី​របស់​លោក ត្រាំ បាន​ថ្លែង​នៅ​អំឡុងពេល​ សម្ភាសន៍​ជាមួយ​សារព័ត៌មាន CNN ថា «វា​ប្រហែល​ជា​មិន​អាច​ទៅ​រួច​នោះ​ទេ​ដែលលោក​ប្រធានាធិបតី​នឹង​ចូល​ខ្លួន​ឆ្លើយ​នឹង​សំណួរ​នោះ​ ប៉ុន្តែ​ខ្ញុំ​នឹង​មិន​ភ្ញាក់ផ្អើល​នោះ​ទេ បើសិន​ជា​វា​អាច​កើតឡើង​នោះ​ ពីព្រោះ​ថា​លោក​ប្រធានាធិបតី​ចង់​ធ្វើ​ដូច្នេះ»។

លោក Giuliani បាន​ថ្លែង​បន្ត​ថា​ប្រសិន​បើ​លោក ត្រាំ យល់ព្រម​ឆ្លើយ​សំណួរ​ពិតមែន​នោះ​ លោក​នឹង​មិន​យល់ព្រម​ឆ្លើយ​ទៅ​នឹង​សំណួរ​អំពី​ថាតើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក​មាន​ការ​ឃុបឃិត​ជាមួយ​រុស្ស៊ី​ដើម្បី​ជួយ​លោក​ឲ្យ​ឈ្នះ​ការ​បោះឆ្នោត​នេះ​ ឬ​សំណួរ​ពាក់ព័ន្ធនានា​នោះ​ទេ។ ជាច្រើន​ខែ​មក​នេះ​លោក ត្រាំ បាន​និយាយ​ថា​គ្មាន​ការ​ឃុបឃិត​រវាង​ជំនួយការ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក​ជាមួយ​នឹង​រុស្ស៊ី​ទេ​ និង​ថា​លោក​មិន​បាន​ព្យាយាម​រារាំង​ការស៊ើបអង្កេត​របស់​លោក Muller ក្នុង​នាម​ជា​ប្រធានាធិបតី​នោះ​ឡើយ។

លោក ត្រាំ បាន​និយាយ​ថា​លោក​មិន​បាន​ទទួល​ស្គាល់​ការតែងតាំង​លោក Muller អតីតនាយក​ទីភ្នាក់ងារ​ស៊ើបអង្កេត​សហព័ន្ធ​ឲ្យ​បន្ត​ដឹងនាំ​ការស៊ើបអង្កេត​នេះ​ត​ទៅ​ទៀត​ទេ​ គឺ​នៅមួយ​ថ្ងៃ​មុន​លោក Muller ត្រូវ​បាន​តែងតាំង​ដោយ​លោក Rod Rosenstein ​អនុរដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​កាល​ពី​ខែឧសភា ឆ្នាំ២០១៧ ឲ្យ​កាន់​តំណែង​រដ្ឋ​អាជ្ញាពិសេស​ដឹកនាំ​ការ​ស៊ើបអង្កេត​ការ​ជ្រៀតជ្រែក​របស់​រុស្ស៊ី។

លោក ត្រាំ បាន​ហៅ​ថា​ការស៊ើបអង្កេត​របស់លោក Muller ថា​ជា​ការ ​«ធ្វើទុក្ខ​បុកម្នេញ» និង​ជា «ការ​ខុសច្បាប់» ដែល​បាន​រៀបចំ​ឡើង​ដោយ​ពួក​គណបក្ស​ប្រជាធិបតេយ្យ​ដែល​មាន​ការ​ខឹងសម្បារ​ទៅនឹង​ការ​ប្រជែង​យក​ឈ្នះ​របស់​លោក ទៅ​លើ​គូប្រជែង​គឺ​លោកស្រី Hillary Clinton កាល​ពី​ឆ្នាំ២០១៦៕ ប្រភព៖ VOA