កាល​ពី​ថ្ងៃចន្ទ​សហរដ្ឋអាមេរិក​បាន​ថ្កោលទោស​អំពើហិង្សា​នៅក្នុង​ប្រទេស​នីការ៉ាហ្គាដោយ​បាន​ប្រកាស​ឲ្យ​លោកប្រធានាធិបតី Daniel Ortega ទទួលខុស​ត្រូវ​ចំពោះ​អំពើ​ហិង្សា​ដែល​បង្ក​ឲ្យ​មនុស្ស​ជាង៤០០នាក់​បាត់បង់​ជីវិត​ក្នុងរយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ។ អ្នក​នាំ​ពាក្យ​សេតវិមាន​បាន​អាន​សេចក្តីថ្លែងការ​របស់​សេតវិមាន​ដែល​បាន​ចេញ​កាល​ពី​ថ្ងៃចន្ទ​ថា​ «ប្រធានាធិបតី Ortega​ និងអនុប្រធានាធិបតី Murillo ត្រូវ​ទទួល​ខុសត្រូវ​ទាំងស្រុង​ចំពោះ​អំពើ​ឃោរឃៅ​ដែល​បាន​ធ្វើ​ឡើង​ដោយ​ពួក​ប៉ូលិស​ប៉ារ៉ា​ដែល​គាំទ្រ​រដ្ឋាភិបាល​ទៅលើ​ប្រជាពលរដ្ឋ​ខ្លួន​ឯង‍»។

សេចក្តី​ថ្លែងការ​នោះ​ក៏​បាន​បញ្ជាក់​ផងដែរ​ថា «សហរដ្ឋអាមេរិក​គាំទ្រ​ប្រជាពលរដ្ឋ​នីការ៉ាហ្គា​ រួមទាំង​សមាជិក​របស់​គណបក្ស Sandinista ដែល​កំពុង​អំពាវនាវ​ឲ្យ​មាន​ការ​ធ្វើ​កំណែទម្រង់​ប្រជាធិបតេយ្យ​ និង​បញ្ចប់​អំពើ​ហិង្សា​ក្នុង​ប្រទេស​នីការ៉ាហ្គា។ មាន​តែ​ការ​បោះឆ្នោត​ដោយ​សេរី​ យុត្តិធម៌ ​និង​តម្លាភាពតែ​ប៉ុណ្ណោះ​ ដែល​អាច​ជួយស្តារ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេសនីការ៉ាហ្គា​បាន‍»។​

សេចក្តី​ថ្លែងការ​ដដែល​នោះ​ក៏​បាន​ប្រកាស​ផងដែរ​ថា​សហរដ្ឋអាមេរិក​នឹង​ដកហូត​ទិដ្ឋាការ​របស់​មន្ត្រី​ទាំងឡាយ​ណា​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អំពើហិង្សា​ប្រឆាំង​នឹង​បាតុករ​ក្នុងប្រទេស​នីការ៉ាហ្គា។

អំពើហិង្សា​ក្នុង​ប្រទេស​នីការ៉ាហ្គា​បាន​បង្ក​ឲ្យ​មនុស្ស​ជាង៤០០នាក់​បាត់បង់​ជីវិត​ក្នុងរយៈពេល​បីខែ​ចុង​ក្រោយ​នេះ​ បន្ទាប់​ពី​មាន​សំណើ​ផ្លាស់ប្តូរ​ប្រាក់​សោធននិវត្តន៍​របស់​លោក Ortega​ ដែល​បាន​បង្ក​ឲ្យ​មាន​បាតុកម្ម​ប្រឆាំង​នឹង​សំណើ​នេះ។ បើទោះបី​ជា​សំណើ​នេះ​ត្រូវ​បាន​លុបចោល​វិញ​ក៏​ដោយ​ ក៏​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​នៅ​តែ​បន្ត​កើតឡើង​ដោយ​អំពាវនាវ​ឲ្យ​ធ្វើ​កំណែទម្រង់​ប្រជាធិបតេយ្យ​បន្ទាប់​ពី​មាន​ការ​បោះឆ្នោត​ដោយ​ក្លែងបន្លំ​អស់​ជាច្រើន​ឆ្នាំ​ និង​ការ​បង្ក្រាប​ទៅលើ​គណបក្ស​ប្រឆាំង​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​មក។ នេះ​បើ​យោង​តាម​សេចក្តីថ្លែងការ​របស់​សេតវិមាន៕ ប្រភព៖ VOA